គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ បានចេញសេចក្តីសម្រេចវិសាមញ្ញរបស់ខ្លួន ដោយបានដាក់ចេញគោលនយោបាយមួយចំនួនក្នុងការត្រៀមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខនេះ ក្នុងនោះ វិស័យកសិកម្មក៏ជាគោលនយោបាយមួយដែលត្រូវបានលើកឡើង ដោយនឹងដាក់ពង្រាយមន្រ្តីជំនាញនៅគ្រប់ឃុំទូទាំងប្រទេស។
នេះជាកិច្ចសម្ភាសន៍រវាងលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសិក្ខាកាម Newsroom Cambodia ៖
Q : ជម្រាបសួរ លោក!
A : បាទ ជម្រាបសួរ!
Q: ដើម្បីអាចឱ្យគោលនយោបាយនៃការកែប្រែវិស័យកសិកម្មគ្រួសារ ទៅជាកសិពាណិជ្ជកម្មទទួលបានជោគជ័យជំហានដំបូងចាប់ផ្តើមពីចំណុចណា?
A: ទីមួយគឺ រៀបចំឱ្យមានអ្នកសម្របសម្រួលកសិកម្មតាមឃុំ ការងារដ៏សំខាន់មួយចំពោះអ្នកសម្របសម្រួលក្នុងឃុំគឺជ្រើសរើសកសិករដែលចង់អភិវឌ្ឍខ្លួន មានន័យថា កសិករដែលគាត់ចង់ផ្តោតទៅលើការផលិតដើម្បីលក់មកកាន់ទីផ្សារដែលយើងហៅថាកសិករអាជីព កសិករក៏ត្រូវបានបែងចែកជាបីក្រុម គឺកសិករផលិតសម្រាប់ហូបដែលគាត់អាចពឹងពាក់ចំណូលពីមុខរបរផ្សេង។ ទីពីរ កសិករផលិតសម្រាប់ហូបដែរប៉ុន្តែគាត់លក់ ប្រសិនបើនៅសល់គឺគាត់លក់រកចំណូលថែម ប៉ុន្តែគាត់នៅពឹងពាក់ចំណូលពីខាងក្រៅដែរ ហើយមួយក្រុមទៀតគឺផ្តោតលើការផលិតដើម្បីលក់តែម្តង ជាចំណូលសម្រាប់មុខរបរប្រចាំថ្ងៃដោយមិនពឹងពាក់ទៅធ្វើការនៅខាងក្រៅ។
Q :ការដាក់ពង្រាយអ្នកជំនាញតាមឃុំក្នុងប្រទេស ចាប់ផ្តើមពីក្នុងខេត្តណា ស្រុកណា ហើយមានប៉ុន្មានឃុំ?
A: ឥឡូវឃុំដែលយើងចាប់ផ្តើមដំបូងគេគឺនៅខេត្តកំពង់ចាម ស្រុកជើងព្រៃ ដែលមានចំនួន១០ឃុំ បន្ទាប់មកយើងនឹងពង្រីកទៀតទៅតាមបទពិសោធន៍ក្នុងឃុំទាំង១០ហ្នឹងនៅថ្ងៃខាងមុខទៀត។
Q :តើក្នុងមួយឃុំដាក់មន្រ្តីជំនាញប៉ុន្មាននាក់ ហើយបណ្តុះបណ្តាលផ្តោតលើការដាំដុះដំណាំអ្វីជាចាំបាច់?
A : យើងនឹងស្រង់ឈ្មោះកសិករដែលនឹងផលិតអាជីព យើងជួយគាំទ្រគាត់ទៅលើការងារបច្ចេកទេស ដាំដុះ ចិញ្ចឹម ទៅលើការងារចងក្រងគ្នាជាក្រុម លើទីផ្សារ ដែលមានកិច្ចសន្យាទីផ្សារជាសមាគម ហើយនឹងទៅលើការសម្របសម្រួលដើម្បីលក់ផលិតផល ដូចកសិករផលិតស្រូវអញ្ចឹង យើងនឹងមានកិច្ចសន្យាជាមួយរោងម៉ាស៊ីន។
Q :ទាក់ទងនឹងវត្ថុធាតុដើមសម្រាប់ការផលិត ដូចជាគ្រាប់ពូជ ជី តើមានការកំណត់តម្លៃដើម្បីធានាស្ថិរភាពសម្រាប់កសិករដែរ ឬទេ?
A: ទាក់ទងនឹងវត្ថុធាតុដើមយើងលើកស្ទួយការផលិតជីធម្មជាតិនៅក្នុងមូលដ្ឋានដែលជាផ្នែកមួយជាការងាររបស់យើងដែរគឺការផលិតពូជ ជាពិសេសពូជស្រូវនឹងរៀបចំឱ្យមានក្រុមសហគមន៍ផលិតពូជផងដែរ។
Q : តើសម្រាប់ប្រព័ន្ធធារាសាស្រ្តក្រសួងនឹងរៀបចំសម្រាប់កសិករគ្រប់តំបន់ដែរ ឬទេ?
A :នៅក្នុងឃុំដែលយើងធ្វើការហ្នឹង មានឃុំណាមានសក្តានុពលសម្រាប់ធ្វើប្រព័ន្ធធារាសាស្រ្ត ឬក៏មានប្រព័ន្ធធារាសាស្រ្តស្រាប់ យើងក៏នឹងផ្តោតដែរសម្រាប់ការអភិវឌ្ឍ ជួសជុល ថែទាំ តែក៏អាស្រ័យលើស្ថានភាពជាក់ស្តែង។
Q : តើត្រូវចំណាយរយៈពេលប៉ុន្មានឆ្នាំទើបឃុំទាំង១០នោះអាចទទួលបានជោគជ័យ?
A : ជារួមសម្រាប់ការងារហ្នឹង ដើម្បីបានដល់ប្រជាពលរដ្ឋគ្រប់ឃុំគ្រប់គ្រួសារ ត្រូវការពេលខ្លះដែរ គឺអាចបី ទៅប្រាំឆ្នាំ ប៉ុន្តែរយៈមួយឆ្នាំដំបូងយើងដឹងហើយថាទទួលផលប្រយោជន៍យ៉ាងម៉េច ដល់កសិករ ដល់សហគមន៍ទាំងមូលហ្នឹងហើយយើងនឹងធ្វើការវាយតម្លៃ។
Q : ហេតុអ្វីលោកជ្រើសរើសយកស្រុកជើងព្រៃក្នុងខេត្តកំពង់ចាម ដើម្បីដាក់ធ្វើជាឃុំគំរូដំបូងមុនខេត្តផ្សេងទៀត?
A : ការជ្រើសរើសយកស្រុកជើងព្រៃជាការសម្រេចចិត្តរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ណាមួយស្រុកហ្នឹងមានតែ១០ឃុំផង ដូច្នេះយល់ថាយកស្រុកមួយមិនមែនយកត្រឹមឃុំតែយើងយកស្រុកមួយជាគំរូតែម្តង។
Q : អរគុណលោក យ៉ង់ សាំងកុមារ!
A : អរគុណ!