គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ ​ឆ្នាំ​ ២០២៣ បាន​ចេញ​សេចក្តី​សម្រេច​វិសាមញ្ញ​របស់​ខ្លួន​ ​ដោយ​បាន​ដាក់​ចេញ​​គោល​នយោបាយ​មួយ​ចំនួន​ក្នុង​ការ​ត្រៀម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​​ជ្រើស​រើស​តំណាង​រាស្រ្ត​នា​ពេល​ខាង​មុខ​នេះ​ ក្នុង​នោះ​​​ ​វិស័យ​កសិកម្ម​ក៏​ជា​គោល​នយោបាយ​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង ​ដោយ​​នឹង​ដាក់​ពង្រាយ​មន្រ្តី​ជំនាញ​នៅ​គ្រប់​ឃុំ​ទូទាំង​ប្រទេស។

នេះ​ជាកិច្ច​សម្ភាសន៍​រវាង​​​​លោក​ យ៉ង ​សាំងកុមារ​ រដ្ឋលេខាធិកា​រ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​ជា​មួយ​សិក្ខាកាម​ ​​Newsroom ​Cambodia​ ៖

Q : ជម្រាប​សួ​រ​ លោក​!

A : ​បាទ ​ជម្រាប​សួរ!

Q: ដើម្បី​អាច​ឱ្យ​គោល​នយោបាយ​នៃ​ការ​​កែ​​ប្រែ​​វិស័យ​កសិកម្ម​​គ្រួសារ​ ទៅ​ជា​កសិ​ពាណិជ្ជកម្ម​ទទួល​បាន​ជោគជ័យ​ជំហាន​ដំបូង​ចាប់ផ្តើម​ពី​ចំណុច​ណា​?

A: ទី​មួយ​គឺ រៀប​ចំ​ឱ្យ​មា​ន​អ្នក​សម្រប​សម្រួល​កសិកម្ម​តាម​ឃុំ​ ការងារ​ដ៏​សំខាន់​មួយ​ចំពោះ​អ្នក​សម្រប​សម្រួល​ក្នុង​ឃុំ​គឺ​ជ្រើស​រើស​កសិករ​ដែល​ចង់​អភិវឌ្ឍ​ខ្លួន មាន​ន័យ​ថា​ កសិករ​ដែល​គាត់​ចង់​ផ្តោត​ទៅ​លើ​ការ​ផលិត​ដើម្បី​លក់​មក​កាន់​ទីផ្សា​រដែល​យើង​ហៅ​ថាកសិករ​អាជីព ​កសិករ​ក៏​ត្រូវ​បាន​បែង​ចែក​ជាបី​ក្រុម ​​គឺ​កសិករ​ផលិត​សម្រាប់​ហូប​ដែល​គាត់​អាច​ពឹងពាក់​ចំណូល​ពី​មុខរបរ​ផ្សេង។​​ ទី​ពីរ​ ​កសិករ​ផលិត​សម្រាប់ហូប​ដែរ​ប៉ុន្តែ​គាត់​លក់​ ប្រសិន​បើ​នៅ​សល់​គឺ​គាត់​លក់​រក​ចំណូល​ថែម​​ ប៉ុន្តែ​គាត់​នៅ​ពឹង​ពាក់​ចំ​ណូល​ពី​ខាង​ក្រៅ​ដែរ ​​ហើយ​មួយ​ក្រុម​ទៀត​គឺ​ផ្តោត​លើ​ការ​ផលិត​ដើម្បី​លក់​តែម្តង​ ជា​ចំណូល​សម្រាប់​មុខរប​រប្រចាំ​ថ្ងៃ​ដោយ​មិន​ពឹងពាក់​ទៅ​ធ្វើកា​រ​នៅ​ខាង​ក្រៅ​។

Q :ការ​ដាក់​ពង្រាយ​អ្នក​ជំនាញ​តាម​ឃុំ​ក្នុង​ប្រទេស​ ចាប់​ផ្តើម​ពី​ក្នុង​ខេត្ត​ណា​ ស្រុ​កណា ​ហើយ​មាន​ប៉ុន្មាន​ឃុំ​?

A: ឥឡូវ​ឃុំ​ដែល​យើង​ចាប់​ផ្តើម​ដំបូង​គេ​គឺ​នៅ​ខេត្ត​កំពង់ចាម​ ស្រុក​ជើងព្រៃ​ ដែល​មាន​ចំនួន​១០​ឃុំ ​បន្ទាប់​មក​យើង​នឹង​ពង្រីក​ទៀត​ទៅ​តា​ម​បទ​ពិសោធន៍​ក្នុង​ឃុំ​ទាំ​ង១០ហ្នឹ​ង​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។​

Q :តើ​ក្នុង​មួយ​ឃុំ​ដាក់​មន្រ្តី​ជំនាញ​ប៉ុន្មាន​នាក់​ ហើយ​បណ្តុះ​បណ្តាល​ផ្តោត​លើ​ការ​ដាំ​ដុះ​ដំណាំ​អ្វី​ជា​ចាំ​បាច់​?

A : យើង​នឹង​ស្រង់​ឈ្មោះ​កសិករ​ដែល​នឹង​ផលិត​អាជីព​ យើង​ជួយ​គាំទ្រ​គាត់​ទៅ​លើ​ការងារ​បច្ចេកទេស​ ដាំ​ដុះ ចិញ្ចឹ​ម ទៅ​លើកា​រងារ​ចង​ក្រងគ្នា​ជាក្រុម​ លើ​ទីផ្សារ​ ដែល​មាន​កិច្ច​សន្យា​ទីផ្សារ​​​ជា​សមាគម​ ហើយ​នឹង​ទៅ​លើការ​សម្រប​សម្រួល​ដើម្បី​លក់​ផលិតផល ​ដូច​កសិករ​ផលិត​ស្រូវ​អញ្ចឹង​ យើងនឹង​មានកិច្ចសន្យា​ជាមួយ​រោង​ម៉ាស៊ីន​។

Q :ទាក់​ទងនឹង​វត្ថុធាតុ​ដើម​សម្រាប់​ការផលិត ដូចជាគ្រាប់ពូជ ជី តើមាន​ការកំណត់​តម្លៃ​ដើម្បី​ធានា​ស្ថិ​រភាព​សម្រាប់​កសិករដែរ ឬទេ?

A: ទាក់​ទង​នឹង​វត្ថុ​ធាតុ​ដើម​យើង​លើកស្ទួយ​ការផលិត​ជី​ធម្មជាតិ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ជា​ផ្នែក​មួយ​ជា​ការងារ​របស់​យើង​ដែរ​គឺ​ការផលិត​ពូជ ​ជា​ពិសេស​ពូជ​ស្រូវ​នឹ​ងរៀបចំ​ឱ្យ​មាន​ក្រុម​សហគមន៍​​ផលិត​ពូជ​ផងដែរ។

Q : តើ​សម្រាប់​ប្រព័ន្ធ​ធារា​សាស្រ្ត​ក្រសួង​នឹង​រៀ​បចំ​សម្រាប់​កសិក​រគ្រប់​តំបន់ដែរ ​ឬទេ​?

A :​នៅ​ក្នុង​ឃុំ​ដែល​យើងធ្វើការ​ហ្នឹង​ មាន​ឃុំ​ណា​មាន​សក្តានុពល​សម្រាប់​ធ្វើ​ប្រព័ន្ធ​ធារាសាស្រ្ត​ ឬ​ក៏​មានប្រព័ន្ធ​ធារាសាស្រ្ត​ស្រាប់ យើងក៏នឹង​ផ្តោត​ដែរ​សម្រាប់​ការ​អភិវឌ្ឍ ជួសជុល​ ថែទាំ ​ ​តែ​ក៏​អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្តែង​។

Q : តើ​ត្រូវចំណាយ​រយៈពេល​ប៉ុន្មាន​ឆ្នាំទើប​ឃុំ​ទាំង១០នោះអាចទទួល​បាន​ជោគជ័យ​?

A : ជា​រួ​មសម្រាប់​ការងារ​ហ្នឹ​ង ដើម្បី​បានដល់​ប្រជា​ពលរដ្ឋ​គ្រប់​ឃុំ​គ្រប់គ្រួសារ ​ត្រូវ​ការ​ពេល​ខ្លះ​ដែរ​ គឺ​អាច​បី ​ទៅ​ប្រាំ​ឆ្នាំ​​ ប៉ុន្តែរយៈមួយ​ឆ្នាំ​ដំបូង​​យើង​ដឹង​ហើយ​ថាទទួល​ផល​ប្រយោជន៍យ៉ាង​ម៉េច​ ​ដល់​កសិក​រ ដល់​សហគមន៍​ទាំង​មូល​ហ្នឹង​ហើយ​យើង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​។

Q : ហេតុអ្វី​លោក​ជ្រើស​រើស​យក​ស្រុក​ជើង​ព្រៃ​ក្នុង​ខេត្ត​កំពង់ចាម​  ដើម្បី​ដាក់​ធ្វើ​ជា​ឃុំ​គំរូ​ដំបូង​មុន​ខេត្ត​ផ្សេ​ងទៀត​?

A : ការជ្រើសរើ​សយក​ស្រុក​ជើង​ព្រៃ​ជាការ​សម្រេ​ច​ចិត្ត​របស់​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ណា​មួយ​ស្រុក​ហ្នឹង​មា​នតែ​១០​ឃុំ​ផ​ង ដូច្នេះ​យល់​ថា​យ​កស្រុក​មួយ​មិន​មែន​យក​ត្រឹម​ឃុំ​តែ​យើង​យក​ស្រុក​មួយ​ជាគំរូ​តែម្តង។

Q : អរគុណ​លោក យ៉ង់ សាំងកុមារ!

A : អរគុណ!