លោក រ៉ុង ឈុន គឺជាប្រធានសហភាពសហជីពកម្មករកម្ពុជា និង​ជាទីប្រឹក្សា​​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ ដែល​បាន​ចូលរួ​ម​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក​ក្នុង​ការតស៊ូ​ទាមទារ​ការតម្លើង​ប្រាក់ខែ​ជូន​គ្រូ​បង្រៀន មន្ត្រីរាជការ ព្រមទាំង​សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និង​ការតម្លើង​ប្រាក់​ខែ​ជូនកម្មករ កម្មការិនីនៅទូទាំងប្រទេស។ កាលពី​ថ្ងៃទី១ ខែកុម្ភៈ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​ធម្មយាត្រា​ពី​រាជធានី​ ទៅកាន់​ខេត្តពោធិ៍សាត់​ ដើម្បីលើកកម្ពស់សីលធម៌សង្គម។

ខាងក្រោមនេះគឺជាការផ្តល់បទសម្ភាសរបស់លោក រ៉ុង ឈុន ជាមួយ លោក ខាត់ ណាក់ និង លោក ហ៊ែល កំសាន មកពី Newsroom Cambodia៖

Q. សូមជម្រាបសួរលោក រ៉ុង ឈុន ។

A. បាទ!សូមជម្រាបសួរ ។

Q. តើក្បួនធម្មយាត្រាដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែពីរូបសំណាកលោកយាយ​ពេញ​ ទៅខេត្តពោធិ៍សាត់ដើម្បីលើកកម្ពស់សីលធម៌សង្គម ប្រើរយៈពេលប៉ុន្មានថ្ងៃដែរលោក ?

A. បាទ! ក្បួនធម្មយាត្រារបស់យើងប្រើរយ:ពេល៧ថ្ងៃ គិតពីថ្ងៃទី១ ខែកុម្ភៈ និង​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​​១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

Q. ក្នុង​រយៈពេល​៧ថ្ងៃ​នៃ​ការហែក្បួនធម្មយាត្រា​នេះ ​តើ​ក្បួន​ជួប​នូវ​បញ្ហាអ្វី​ខ្លះ​ពាក់ព័ន្ធ​ទៅ​នឹង​ការហូប​ចុកក៏ដូចជាកន្លែងសម្រាក ?

A. យើងដើររយ:ពេល៧ថ្ងៃនេះឃើញថាថ្ងៃទី១យើងមានបញ្ហាកន្លែងស្នាក់នៅបន្តិច តែវា​មិន​ជា​បញ្ហា​អី​ធំដុំទេ គ្រាន់តែអាជ្ញាធរស្រុកពញាឮ ឃុំវិហារហ្លួង គាត់​បាន​បញ្ជា​ប្រជា​ការពារ​ម​​ក​រាំង​ក្បួន​ដែលយើងបានសុំព្រះសង្ឃដើម្បីសម្រាក ព្រះចៅ​អធិការ​លោក​អនុញ្ញាត ប៉ុន្តែ​លោក​សុំ​ឱ្យ​មាន​ការយល់ព្រម​ពីសាលាឃុំ ឯឃុំ​រុញ​ទៅ​ស្រុក​ដោយ​ឃើញ​ថា ព្រលប់​ទៅ​ហើយ​យើង​ក៏បាន​ទៅ​ស្នាក់​នៅឯ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​យល់​ព្រម​ឱ្យ​ស្នាក់​នៅ​មាន​ចម្ងាយ​ប្រហែល​៥គីឡូ​ពី​ទីនោះ។

Q. តើការធ្វើធម្មយាត្រានេះមានសមាសភាពចូលរួមពីខាងណាខ្លះ ហើយ​មាន​ចំនួន​ប្រហែល​ប៉ុន្មាន​នាក់ ?

A. សមាសភាពចូលរួមក្បួនធម្មយាត្រានេះមានគ្រូបង្រៀន សមាជិកសមាគមគ្រូបង្រៀនឯករាជ្យ មានមេសហជីព មានក្រុមយុវជនរួមជាមួយប្រជាពលរដ្ឋមួយចំនួន ហើយ​ថ្ងៃ​ដំបូង​មាន​ចំនួន​ជាង​៥០​នាក់។

Q. ក្នុងការធ្វើធម្មយាត្រានេះតើប្រជាពលរដ្ឋនៅតាមដងផ្លូវលោកមានឆ្ងល់ទេ ហើយ​មាន​ទទួល​ស្វាគមន៍ ផ្តល់ជាទឹកសុទ្ធ អាហារឬកន្លែងសម្រាកអីដែរទេលោក?

A. ប្រជាពលរដ្ឋចេញមកស្វាគមន៍ច្រើន ពួកគាត់បានជូនជាភេសជ្ជៈ ជូនជាទឹកសុទ្ធ ជូនជាបច័្ចយ ជាហូរហែ​នៅតាមដងផ្លូវ។

Q. តាំងពីចាប់ផ្តើមចេញដំណើរ រហូតដល់ឆ្លងកាត់ព្រំប្រទល់ខេត្តនីមួយៗ តើ​មាន​ការយាយី​រំខាន​ពី​សំណាក់​អាជ្ញាធរ​ដែរ​ឬ​ទេ ឬមានការសហការល្អនៅតាមតំបន់នីមួយៗ?

A. យើងមានការរំខានខ្លះកាលពីថ្ងៃទី១ដំបូងគេ ដោយអាជ្ញាធរស្រុកពញាឮ មានការរាំង សួរនាំ និង​រុញ​ដា​ក់គ្នាពីការសម្រាក ឬស្នាក់នៅនេះ។ បន្ទាប់ពី​នោះ​មក​ចូល​ដល់​ខេត្ត​កំព​ង់​ស្ពឺ​ក៏​អត់​មាន​អី​ទេ ការហែទៅបានរលូនរហូតទៅដល់កំពង់ឆ្នាំងត្រូវបានអាជ្ញាធរសហការបានល្អ ជួយ​ធ្វើ​ចរាចរណ៍ និង​បាន​ដាក់​កម្លាំង​នគរបាល​ឱ្យ​មក​គេង​ជាមួយ​បងប្អូន​ដែល​ចូលរួម​ហែក្បួន​រហូត​ដល់​ទឹ​ក​ដី​ពោធិ៍សាត់​ក៏​មិន​មាន​អី​ដែរ ប៉ុន្តែ​យើង​សោកស្តាយ​នៅ​ថ្ងៃបញ្ចប់​ដោយសារ​តែ​ប្រជាពលរដ្ឋ​លោក​មក​ចូលរួម​ច្រើន​ក្នុង​ការប្រារព្ធ​ពិធី​សាសនា​តែត្រូវ​បាន​អាជ្ញាធរ​ខេត្ត​មក​រារាំង​មិន​ឱ្យ​ចូលរួម​វា​ជា​រឿង​មួយ​ដែលមិ​ន​គួរ​កើត​មាន​ក្នុងរយ:ពេល​នៃ​ថ្ងៃចុង​ក្រោយ​នេះ។

Q. លោកមានអ្វីជាប្រសាសន៍ចុងក្រោយពាក់ព័ន្ធនឹងធម្មយាត្រានេះ ?

A. ជុំវិញធម្មយាត្រារយ:ពេល៧ថ្ងៃនេះយើងឃើញថាមានការចាប់អារម្មណ៍ច្រើន ហើយ​យើង​គិត​ថា​ការដង្ហែ​នេះ​បាន​បញ្រ្ជាប​ទៅ​ដល់​ជួរ​ថ្នាក់​ដឹកនាំ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ឱ្យ​ចាប់ផ្តើម​គិត​អំពី​សីលធម៌​ឡើងវិញ​មុន​នឹង​ធ្វើ​សុន្ទរកថា ឬ​មួយ​ផ្ញើសារ​ទៅ​កាន់​ប្រជាពលរដ្ឋក្តី ចៀសវាង​ប្រើ​ពាក្យ​អសុរោះ​មិន​គួរ​ប្បី​ដែល​ជា​គំរូអាក្រក់នៅក្នុងសង្គម៕

Q. សូមអរគុណលោក រ៉ុង ឈុន!

A. បាទ សូមអរគុណ!