លោក គេច សុគន់ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលកំពុងកើតមានជំងឺទឹកនោមផ្អែម។ លោកបានចែករំលែកពីមូលហេតុដែលធ្វើឱ្យលោកកើតមានជំងឺទឹកនោមផ្អែម និងវិធីសាស្រ្តដើម្បីការពារ។ ខាងក្រោមនេះគឺជាការផ្តល់បទសម្ភាសរបស់លោក គេច សុគន់ ជាមួយលោក ហ៊ែល កំសាន & លោក ខាត់ ណាក់ មកពី Newsroom Cambodia។
Q៖ ជម្រាបសួរលោក គេច សុគន់!
A៖ បាទជម្រាបសួរ!
Q៖ តើលោកចាប់ផ្តើមមានជំងឺទឹកនោមផ្អែមតាំងពីពេលណាដែរ?
A៖ ខ្ញុំចាប់ផ្ដើមបរិភោគភេសជ្ជៈ (គោជល់ និងខារ៉ាបាវ) តាំងពីឆ្នាំ២០០០ នៅពេលដែលខ្ញុំជាអ្នកបើកបរគ្រឿងចក្រ និងណាមួយខ្ញុំព្យាយាមសិក្សារហូតដល់យប់ជ្រៅ ជំនាន់នោះពុំសូវមានកាហ្វេ ឬភេជ្ជៈ Sugar free ទេ ហើយនេះគឺជាមូលហេតុដែលធ្វើឱ្យខ្ញុំមានជំងឺទឹកនោមផ្អែម។
Q៖ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យលោកកើតមានជំងឺទឹកនោមផ្អែមនេះ?
A៖ ជាការយល់ឃើញ៖ ការលំហាត់ប្រាណ របបអាហារ និង ទម្លាប់រស់នៅ ការមិនសូវខ្វល់ខ្វាយពីសុខភាពចេះតែបណ្តោយយូរៗទៅក៏មានជំងឺ។
Q៖ តើជំងឺនេះមានការធ្វើទុក្ខដូចម្តេចខ្លះ?
A៖ ធ្វើឱ្យខ្ញុំស្រវាំងភ្នែក ស្រេកទឹកច្រើនជាងធម្មតា នោមញឹកញាប់ជាងធម្មតា អស់កម្លាំង និងងងុយគេង តែងតែឃ្លាន ការមុត ឬដាច់ ជាសះស្បើយយឺត រមាស់ ការឆ្លងមេរោគលើស្បែក មើលមិនសូវឃើញច្បាស់ស្រកទម្ងន់ដែលមិនអាចពន្យល់បាន (ប្រភេទទី១) ស្រកទម្ងន់បន្តិចម្តងៗ (ប្រភេទទី២) ប្រែប្រួលអារម្មណ៍ ឈឺក្បាល។
Q៖ តើលោកធ្លាប់បានទៅជួបជាមួយវេជ្ជបណ្ឌិតដែលជំនាញព្យាបាលជំងឺទឹកនោមផ្អែមនេះប៉ុន្មានលើកដែរ?
A៖ ជាទូទៅជួប ២សប្ដាហ៍ ឬ១សប្ដាហ៍ម្ដង។
Q៖ តើលោកទទួលបានដំណោះស្រាយអ្វីខ្លះពីវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺនេះ?
A៖ ប្រឹក្សាយោបល់ ការប្រើប្រាស់ឱសថ និងគ្រប់ការប្រែប្រួលជាតិស្ករ។
Q៖ តើពេលនេះស្ថានភាពជំងឺរបស់លោកយ៉ាងម៉េចដែរ?
A៖ ខ្ញុំឈឺជំងឺនេះ ស្ករ ៤០០ មានន័យថាកម្រិតស្ករនេះឡើងខ្ពស់។
Q៖ តើលោកអាចចែករំលែកពីវិធីសាស្រ្តដើម្បីព្យាបាល និងវិធីការពារពីជំងឺទឹកនោមផ្អែមនេះទៅកាន់សាធារណជនដើម្បីឱ្យពួកគាត់បានដឹងផងលោក?
A៖ តាមបទពិសោធន៍របស់ខ្ញុំដើម្បីព្យាបាលជំងឺនេះទី១ ត្រូវធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ឬ២ដងក្នុងមួយសប្តាហ៍ ទី២ គ្រប់គ្រងរបបអាហារ មានន័យកុំសូវហូបអ្វីដែលមិនល្អដល់សុខភាពដូចជាភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែម ទី៣ ថែទាំសុខភាពពីជំងឺផ្សេងៗ។
Q៖ សូមអរគុណលោក គេច សុគន់!
A៖ បាទ សូមអរគុណ!