លោក គេច សុគន់ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជា​ច្រើនដែលកំពុងកើតមានជំងឺទឹកនោមផ្អែម​។ លោកបានចែករំលែកពីមូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​កើត​មានជំងឺទឹកនោមផ្អែម និង​វិធីសាស្រ្ត​ដើម្បី​ការពា​រ​។ ខាងក្រោមនេះគឺជាការផ្តល់បទសម្ភាសរបស់លោក គេច សុគន់ ជាមួយលោក ហ៊ែល កំសាន & លោក ខាត់ ណាក់ មកពី Newsroom Cambodia។

Q៖ ជម្រាបសួរលោក គេច សុគន់!

A៖ បាទជម្រាបសួរ!

Q៖ តើលោកចាប់ផ្តើមមានជំងឺទឹកនោមផ្អែមតាំងពីពេលណាដែរ?

A៖ ខ្ញុំចាប់ផ្ដើមបរិភោគភេសជ្ជៈ (គោជល់ និងខារ៉ាបាវ) តាំងពីឆ្នាំ២០០០ នៅ​ពេល​ដែល​ខ្ញុំ​ជា​អ្នក​បើកបរ​គ្រឿងចក្រ និងណាមួយខ្ញុំព្យាយាមសិក្សារហូតដល់យប់ជ្រៅ ជំនាន់នោះពុំសូវមានកាហ្វេ ឬភេជ្ជៈ Sugar free ទេ ហើយនេះគឺជាមូលហេតុដែលធ្វើឱ្យខ្ញុំមានជំងឺទឹកនោមផ្អែម។

Q៖ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យលោកកើតមានជំងឺ​ទឹកនោមផ្អែមនេះ?

A៖ ជាការយល់ឃើញ៖ ការលំហាត់ប្រាណ របបអាហារ និង ទម្លាប់រស់នៅ ការមិន​សូវ​ខ្វល់ខ្វាយ​ពី​សុខភាព​ចេះ​តែ​បណ្តោយយូរៗទៅក៏មានជំងឺ។

Q៖ តើជំងឺនេះមានការធ្វើទុក្ខដូចម្តេចខ្លះ?

A៖ ធ្វើឱ្យខ្ញុំស្រវាំងភ្នែក ស្រេកទឹកច្រើនជាងធម្មតា នោមញឹកញាប់ជាងធម្មតា អស់កម្លាំង និងងងុយគេង តែងតែ​ឃ្លាន ការមុត ឬដាច់ ជាសះស្បើយយឺត រមាស់ ការឆ្លងមេរោគលើស្បែក មើល​មិន​សូវ​ឃើញ​ច្បាស់​ស្រក​ទម្ងន់​ដែល​មិន​​អាច​​ពន្យល់​បាន (ប្រភេទទី១) ស្រក​ទម្ងន់​បន្តិចម្តងៗ (ប្រភេទទី២) ប្រែប្រួលអារម្មណ៍ ឈឺក្បាល។

Q៖ តើលោកធ្លាប់បានទៅជួបជាមួយវេជ្ជបណ្ឌិតដែលជំនាញព្យាបាលជំងឺទឹកនោមផ្អែមនេះប៉ុន្មានលើកដែរ?

A៖ ជាទូទៅជួប ២សប្ដាហ៍ ឬ១សប្ដាហ៍ម្ដង។​

Q៖ តើលោកទទួលបានដំណោះស្រាយអ្វីខ្លះពីវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺនេះ?

A៖ ប្រឹក្សាយោបល់ ការប្រើប្រាស់ឱសថ និងគ្រប់ការប្រែប្រួលជាតិស្ករ។​

Q៖ តើពេលនេះស្ថានភាពជំងឺរបស់លោកយ៉ាងម៉េចដែរ?

A៖ ខ្ញុំឈឺជំងឺនេះ ស្ករ ៤០០ មានន័យថាកម្រិតស្ករនេះឡើងខ្ពស់។​

Q៖ តើលោក​អាច​ចែក​រំលែក​ពី​វិធីសាស្រ្ត​ដើម្បី​ព្យាបាល​ និង​វិធី​ការពារ​ពី​ជំងឺ​ទឹកនោម​ផ្អែម​នេះ​ទៅ​កាន់​សាធារណជន​ដើម្បី​ឱ្យ​ពួកគាត់​បានដឹង​ផង​លោក?

A៖ តាមបទពិសោធន៍របស់ខ្ញុំដើម្បីព្យាបាលជំងឺនេះទី១ ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀងរាល់​ថ្ងៃ​ ឬ២ដង​ក្នុង​មួយ​សប្តាហ៍ ទី២ គ្រប់គ្រង​របបអាហារ មាន​ន័យ​កុំ​សូវ​ហូប​អ្វី​ដែល​មិន​ល្អដ​ល់​សុខភាព​ដូចជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​មា​នជាតិផ្អែម ទី៣ ថែទាំសុខភាពពីជំងឺផ្សេងៗ។​

Q៖ សូមអរគុណលោក គេច សុគន់!

A៖ បាទ សូមអរគុណ!