ការជួញដូរស្រ្តី នៅតែជាបញ្ហាដែលធ្វើឱ្យមានផលប៉ះពាល់ដល់សាម៉ីខ្លួនរបស់ពួកគេ គ្រួសារ ក៏ដូចជាសង្គម ។ បញ្ហាទាំងនេះនៅតែបន្តកើតឡើងជាហេតុដែលធ្វើឲ្យខាងរាជរដ្ឋាភិបាល និងអង្គការខាងស្រ្តីនិងកុមារនៅតែបន្តទប់ស្កាត់ និងចេញវិធានការ ក៏ដូចជាវគ្គបណ្តុះបណ្តាលជារឿយៗក្នុងរឿងនេះ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងអ្នកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្រ្តី និងកុមារនៃសមាគមកាពារសិទ្ធិមនុស្សអាដហុក និងកញ្ញា អ៊ួក ចាន់ធីដា ដែលជាសិក្ខាកាម Newsroom Cambodia កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីការជួញដូរស្រ្តីនៅកម្ពុជា៖
Q: ជម្រាបសួរ អ្នកស្រីសាអ៊ីម!
A: ចា៎! ជម្រាបសួរ!
Q: តើការជួញដូរស្រ្តីនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានការកើនឡើងឬថយចុះ? មូលហេតុអ្វី?
A: ដោយសារខ្ញុំអត់ទាន់បានផ្ទៀងតួលេខជាក់លាក់ ប៉ុន្តែយើងក៏ឃើញមានរូបភាពនៃការបង្ខំរៀបការទៅចិន និងរូបភាពនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មទៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃមួយចំនួនដែរ។ នេះជាតួលេខដែលខាង ADHOC យើងទទួលបាន និងមានចំនួនច្រើននៅឡើយសម្រាប់ការបង្ខំរៀបការទៅចិន និងការកេងប្រវ័ញ្ចកម្លាំងពលកម្មទៅប្រទេសម៉ាឡេស៊ី។
Q: តើការជួញដូរស្រ្តីកើតឡើងក្នុងទម្រង់ ឬរូបភាពបែបណាខ្លះ?
A: ភាគច្រើនទៅធ្វើការជាសេវាកម្មសម្អាត clinic service ឬ ធ្វើការងារតាមផ្ទះ និងខាងសេវាកម្មសម្អាតនៅក្នុងប្រទេសម៉ាឡេស៊ី។ ដោយឡែកនៅក្នុងប្រទេសចិនយើងឃើញមានរូបភាពនៃអ្នករៀបការជាមួយបុរសជនជាតិចិនចាញ់បោកមេខ្យល់ ឬអ្នកជិតខាងដែលជាបណ្តាញរបស់មេខ្យល់។ ហើយភាគច្រើនគឺគាត់ទៅរៀបការជាមួយបុរសជាជនជាតិចិនដើម្បីពពោះ និងបង្កើតកូនឲ្យជនជាតិចិនបន្តពូជពង្សវង្សត្រកូល ហើយនៅក្នុងនឹងវាមានរូបភាពនៃការរំលោភបំពានកេងប្រវ័ញ្ច និងបង្ខំនៅក្នុងនឹងដែរ បិទសិទ្ធិសេរីភាពពួកគាត់ ធ្វើឲ្យពួកគាត់ពិបាកក្នុងការវិលត្រឡប់មកស្រុកវិញ។
Q : នៅពេលដែលមានបញ្ហាជួញដូរស្រី្តនៅតែបន្តកើតឡើង វានឹងនាំឱ្យមានផលប៉ះពាល់អ្វីខ្លះចំពោះពួកគេ និងចំពោះសង្គម?
A : ចា៎! នេះជាបញ្ហាសង្គមដែលរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភហើយនៅក្នុងហ្នឹងដែរ វាជាវិបត្តិសង្គមមួយដែលយើងឃើញមានរូបភាពភាគច្រើន ដែលភាគច្រើនពេលគាត់ទៅគាត់គិតថាគាត់នឹងអាចមានជីវភាពប្រសើរឡើង ប៉ុន្តែរូបភាពដែលយើងឃើញជាក់ស្តែងគឺពេលគាត់ត្រឡប់មកវិញគឺគាត់មានបញ្ហាដូចជាសុខភាពផ្លូវកាយ ផ្លូវចិត្តអត់ល្អ។ ហើយអ្នកខ្លះវិប្បល្លាសស្មារតី មានការបាត់បង់ការចងចាំ ខ្លះទៀតសុខភាពរបស់គាត់បាក់ស្បាតតែម្តង ឬមិនអាចធ្វើការងារដោយកម្លាំងទៀតតែម្តង។
ហើយបញ្ហាទាំងអស់នេះពេលខ្លះទុកកូនតូចៗឲ្យរស់នៅជាមួយជីដូនចាស់ ហើយខ្លះកូនចៅតូចៗទាំងនោះអត់បានទៅសាលា។ ណាមួយដូចយើងឃើញស្រាប់ហើយ មួយរយៈមុនមានក្មេងៗលង់ទឹកហើយជីដូនចុះទៅជួយគាត់ក៏លង់ទឹកជាមួយដែរ។ អ៊ីចឹងវាមានការបាត់បង់អាយុជីវិតក្មេង និងអ្នកនៅមើលថែពួកគាត់។ ហើយនៅពេលដែលគាត់ត្រឡប់មកវិញវាជាបន្ទុកសម្រាប់សង្គម។ អ៊ីចឹងវាមានបញ្ហាជាច្រើនទៀតដែលក្មេងៗខ្លះត្រូវបានគេរំលោភបំពាននៅមូលដ្ឋាន ខណៈដែលម្តាយរបស់គាត់ទៅធ្វើការក្រៅប្រទេសដែលត្រូវបានគេជួញដូរ ជួនកាលសមាជិកគ្រួសាររបស់ខ្លួនឯងហ្នឹងរំលោភបំពានកូនរបស់ខ្លួនឯងហ្នឹងទៀត។
ហើយបញ្ហាខ្លះទៀតគាត់ថែមទាំងជាប់បំណុលពីលើនឹងទៀត ខ្លះគាត់ទៅគាត់អត់ដឹងថារកមធ្យោបាយមកវិញរបៀបណាគាត់ជួលមេខ្យល់នៅក្នុងតម្លៃខ្ពស់ អ៊ីចឹងទាំងគាត់ទាំងគ្រួសារស្ថិតនៅក្នុងស្ថានភាពជំពាក់បំណុលគេ អ៊ីចឹងប្រាក់ចំណូលគាត់អត់រកបាន សុខភាពក៏បាត់បង់ថែម ទាំងជំពាក់បំណុលគេទៀត អ៊ីចឹងវាជាបញ្ហាធំមួយសម្រាប់សង្គមដែរ ហើយក៏បញ្ហាសម្រាប់ខ្លួនគាត់ផ្ទាល់ និងគ្រួសារគាត់ទៀត។
Q: តើមានវិធីសាស្រ្តអ្វីដើម្បីជួយជនរងគ្រោះដែលរងគ្រោះដោយប្រយោល និងដោយផ្ទាល់នឹងដែរ ឬយ៉ាងណា?
A: វិធីសាស្រ្តដែលពួកខ្ញុំបានធ្វើកន្លងមក យើងមានទាំងវគ្គផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល កម្មវិធីវិទ្យុក្នុងការអប់រំផ្សព្វផ្សាយសម្រាប់ពួកគាត់។ យើងមិនទប់ស្កាត់មិនឲ្យពួកគាត់ធ្វើចំណាកស្រុកទេតែយើងព្យាយាមឲ្យគាត់ធ្វើចំណាកស្រុកប្រកបដោយទំនួលខុសត្រូវ និងព័ត៌មានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តធ្វើចំណាកស្រុក។ ហើយយើងក៏មានសកម្មភាពតស៊ូមតិ ការជួបប្រជុំជាមួយអង្គការដៃគូទាំងក្នុងប្រទេសនិងក្រៅប្រទេសនិងអាជ្ញាធរដើម្បីឲ្យមានដំណោះស្រាយសមស្របសម្រាប់ពួកគាត់។
ហើយខាងអាដហុកយើងក៏បានជួបប្រជុំជាមួយស្ថានទូត ស្ថានកុងស៊ុល និងខាងអង្គការនៅក្រៅប្រទេសផងដែរ។ នៅក្នុងហ្នឹងយើងព្យាយាមរកមធ្យោបាយក្នុងការសង្រ្គោះ និងផ្តល់សេវាពាក់ព័ន្ធមួយចំនួនដូចជាសេវាប្រឹក្សាការពារផ្នែកច្បាប់ ដូចជាមានមេធាវីការពារពួកគាត់។ ហើយមានសេវាក្នុងការបញ្ជូនពួកគាត់ត្រឡប់មកវិញ និងបុគ្គលិកសង្គមក្នុងការជូនពួកគាត់ត្រឡប់ទៅមូលដ្ឋាន និងសិក្សាពីតម្រូវការជាក់ស្តែងរបស់ពួកគាត់។ បុគ្គលិកសង្គមរបស់យើងមានការផ្តល់សេវាដូចជាការជូនគាត់ទៅពេទ្យព្យាបាលសុខភាព ហើយបើសិនជាគាត់មានបញ្ហាសុខភាពផ្លូវចិត្ត យើងនឹងបញ្ជូនពួកគាត់ទៅពេទ្យ ឬអ្នកជំនាញសុខភាពផ្លូវចិត្ត។
យើងក៏ជួយគាំទ្រដល់គ្រួសាររបស់ពួកគាត់ទៀត បានន័យថាយើងមានសេវាកម្មតាំងពីបើករហូតដល់ចប់ករណី និងព្យាយាមកុំឲ្យគាត់ទៅចំណាកស្រុក ឬការសម្រេចចិត្តទាំងប្រថុយដែលអាចរងគ្រោះកម្លាំងពលកម្ម ឬការរំលោភបំពានដោយប្រការណាមួយ។
Q: តើរដ្ឋាភិបាលគួរធ្វើបែបណាដើម្បីទប់ស្កាត់ និងលុបបំបាត់ការជួញដូរស្រ្តី?
A: ចា៎! ចំពោះបញ្ហាជួញដូរនេះគឺទាក់ទងទៅនឹងបញ្ហារាជរដ្ឋាភិបាលនៃប្រទេសដើម។ បានន័យថាប្រទេសយើងនេះជាប្រទេសសាម៉ី ហើយនិងប្រទេសដែលទទួល ឬក៏ប្រទេសដែលជនរងគ្រោះគាត់កំពុងរងគ្រោះ។ អ៊ីចឹង តួនាទីរបស់រដ្ឋាភិបាលធ្វើម៉េចជំរុញឱ្យមាន MOU (អនុស្សារណៈយោគយល់គ្នា) ដែលអាចជួយគាំទ្រប្រជាពលរដ្ឋដែលរងគ្រោះ និងមានបុគ្គលិកដែលទទួលខុសត្រូវក្នុងការឆ្លើយតប សង្គ្រោះ និងអន្តរាគនម៍ជួយជនរងគ្រោះ។
ឧទាហរណ៍ថា បើជនរងគ្រោះគាត់កំពុងរងគ្រោះនៅតំបន់ណាមួយច្រើន យើងគួរមានបុគ្គលិកប្រចាំការដែលទទួលខុសត្រូវផ្ដល់សេវាសង្គ្រោះ និងប្រឹក្សាយោបល់ជូនគាត់ទាន់ពេលវេលា។ ហើយរដ្ឋាភិបាលខ្លួនឯងត្រូវមានកញ្ចប់ថវិកាក្នុងការជួយជ្រោមជ្រែង និងជួយដោះស្រាយបញ្ហាទាំងអស់ហ្នឹង ហើយត្រូវហ៊ានលើកយកបញ្ហាទាំងអស់ហ្នឹងដល់ប្រទេសគោលដៅ បានន័យថា ដល់ប្រទេសដែលទទួល។
ហើយមួយទៀតដែរ គឺជាការជំរុញដែរ រដ្ឋាភិបាលត្រូវមានកញ្ចប់ថវិកាក្នុងការផ្ដល់សេវាផ្លូវច្បាប់ជូនពួកគាត់ និងកញ្ចប់សំណងរបស់រដ្ឋដើម្បីជួយពួកគាត់។ ប្រសិនជារដ្ឋាភិបាលគាត់មានកញ្ចប់ថវិកាហ្នឹង យើងអាចផ្ដល់ជូននៅក្នុងករណីដែលគាត់ជាជនរងគ្រោះក្នុងអំពើជួញដូរ។ អ៊ីចឹងរដ្ឋអាចមានកញ្ចប់ថវិកាហ្នឹងដើម្បីជួយគាត់នៅក្នុងការសម្រួលឱ្យគាត់មានការងារធ្វើ មានជីវភាពសមរម្យ ប្រកបរបរនៅក្នុងស្រុក ។
ពេលខ្លះរដ្ឋាភិបាលយើងក៏មានការពិបាក ប៉ុន្តែយើងគួរមានយន្តការជាក់លាក់នៅក្នុងការចាត់វិធានការចំពោះជនប្រព្រឹត្តដែលក្រៅប្រទេស។ អ៊ីចឹងរវាងរដ្ឋ និងរដ្ឋសហការគ្នាដើម្បីវែកមុខជនប្រព្រឹត្តនៅខាងក្រៅប្រទេសដើម្បីចាប់មេខ្យល់ និងជនសង្ស័យទាំងអស់នោះមកសួរចម្លើយ និងមកដាក់ទោសទាន់ ហើយប្រសិនជាអត់មានវិធានការទាំងអស់ហ្នឹងទេ ជនរងគ្រោះនៅតែបន្តរងគ្រោះ និងការជួញដូរនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់។
Q: ចាស៎! មកទល់ឥឡូវ តើរាជរដ្ឋាភិបាលគាត់បានសង្គ្រោះការជួញដូរស្រ្តីប្រហែលជាប៉ុន្មានករណីដែរ?
A: យើងឃើញមានច្រើនដែរ តែការជួយទាំងអស់នោះ ចង់មិនចង់វាមានពាក់ព័ន្ធនឹងរដ្ឋាភិបាលនៅក្នុងការជួយដែរ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ គឺកញ្ចប់ថវិកាទាំងអស់នោះគឺចេញពីអង្គការអភិវឌ្ឍ និងសង្គមស៊ីវិល យើងអត់ទាន់ឃើញកញ្ចប់ថវិកាមកពីខាងរដ្ឋក្នុងការជួយផ្ដល់សេវាពេញលេញ ហើយនិងមានការខ្វះធនធានមនុស្សនៅក្នុងការជួយសង្គ្រោះ និងអន្តរាគមន៍សេវាពេញលេញ។
យើងចង់ឃើញ បានន័យថាជារបស់រដ្ឋតែម្ដងទាំងមណ្ឌលទាំងការជួយផ្ដល់សេវាអីផ្សេងទៀត ហើយនិងការប្រឹក្សាយោបល់ដោយក្រមសីលធម៌វិជ្ជាជីវៈហ្នឹង យើងមិនទាន់ឃើញមានពេញលេញទេ។ ប៉ុន្តែយើងឃើញមានការប្ដេជ្ញាចិត្តរបស់ពួកគាត់ដែរ។ ប៉ុន្តែការប្ដេជ្ញាចិត្តវាត្រូវឆ្លើយតបនឹងការអនុវត្តជាក់ស្ដែង មានធនធាន និងមានមនុស្សក្នុងការធ្វើការជាក់លាក់ដែរ។
Q: ចា៎! អរគុណអ្នកស្រី សាអ៊ីម សម្រាប់ការផ្តល់កិច្ចសម្ភាស!
A: ចា៎! អរគុណច្រើន៕