ព្រះសង្ឃ និងយុវជន នាំគ្នាបំបួសដើមឈើ ដើម្បីការពារនិងអភិរក្ស ក្រោយពីមើលឃើញថា ព្រៃឈើមួយចំនួនត្រូវបានរងការកាប់បំផ្លាញស្ទើរទាំងស្រុង និងមានការសោកស្ដាយ ក្នុងគោលបំណងដើម្បីឱ្យយុវជន និងពលរដ្ឋចូលរួមទប់ស្កាត់ព្រៃឈើដែលនៅសេសសល់ចុងក្រោយ។

បើតាមតេជគុណ លឹម  ប៊ុនថាត ជាអ្នកស្រឡាញ់បរិស្ថាន និងការពារធម្មជាតិ មានថេរដីកាថា ក្រោយទំនេរពីការសិក្សា ចង់ចូលរួមសកម្មភាពផ្សេងៗពីបញ្ហាព្រៃឈើ ដោយរយៈពេលចុងក្រោយនេះឃើញថាមានករណីកាប់បំផ្លាញព្រៃឈើច្រើន ទើបតេជគុណមានចិត្ដថា ក្នុងនាមជាយុវជនម្នាក់ដែរ ថាតើអាចធ្វើសកម្មភាពអ្វីខ្លះក្នុងការ​ការពារព្រៃឈើដែលនៅសល់បន្ដិចបន្ដួច។ តេជគុណបន្ដថា ការបំបួសដើមឈើនេះ ដើម្បីឱ្យអ្នកដែលតែងតែកាប់បំផ្លាញ មានការញញើត និងមិនហ៊ានកាប់បន្ដ ពេលឃើញមានស្បង់ជាប់ដើមដូច្នេះ។ តេជគុណបន្ដថា ការបាត់បងព្រៃឈើពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងខ្ពស់ ជាហេតុធ្វើឱ្យតេជគុណមានការសោកស្ដាយ រហូតមានទឹកចិត្ដការពារព្រៃឈើដែលនៅសេសសល់ចុងក្រោយទាំងអស់ហ្នឹង។

តេជគុណថា៖ «ក្នុងន័យថា បំបួសដើមឈើដើម្បីអភិរក្សនិងថែរក្សា និងដើម្បីកុំឱ្យអ្នកកាប់ គាត់បន្ដកាប់បំផ្លាញព្រៃឈើទៀត»

កាលពីថ្ងៃ២៨ខែមករាឆ្នាំ២០២៣ ព្រះសង្ឃ និងយុវជនប្រមាណ៣០នាក់អង្គ បាននាំគ្នាធ្វើសកម្មភាពបំបួសដើមឈើមួយចំនួនដោយមើលឃើញអំពីបញ្ហាកាប់បំផ្លាញជាច្រើន ទើបនាំគ្នាធ្វើពិធីនេះឡើង ក្នុងចេតនាមិនចង់ឱ្យមានការកាប់បំផ្លាញព្រៃសេសសល់ចុងក្រោយបន្ដទៀត។ ការបំបួសប្រារព្ធឡើងនៅតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន នៅខេត្ដឧត្ដរមានជ័យ មានទំហំ៣ ០២៥ហិកតា ក្នុងផ្ទៃដីសរុប៦ ០០០ហិកតា កំពុងរងការកាប់បំផ្លាញពីជនខិលខូច។

ស្រដៀងគ្នានេះដែរ យុវតី សុខ លិកា និងជាអ្នកបានចូលរួមសកម្មភាពយុវជន និងកិច្ចការសង្គម បាននិយាយថា សិទ្ធិមួយចំនួនត្រូវបានរឹតត្បិត ចំណែកការកាប់បំផ្លាញព្រៃឈើមានច្រើន ទើបធ្វើឱ្យខ្លួនស្ម័គ្រចិត្ដចូលរួមក្នុងកិច្ចការមួយ ដើម្បីថែរក្សា ​និងការពារព្រៃឈើទាំងនោះ។ ស្ថិតក្នុងវ័យ១៩ឆ្នាំ បានមើលឃើញពីតម្រូវការដើមឈើក្នុងការរស់ ដោយខ្យល់អុកស៊ីសែនដើម្បីដកដង្ហើម កាលណាដើមឈើបាត់បង់អស់ វាទាក់ទងនឹងបញ្ហាប្រឈមផ្សេងៗដែលមនុស្សនឹងជួប។

យុវតីរូបនេះបន្ដថា៖ «សម្រាប់ខ្ញុំ ខ្ញុំតែងតែចូលផ្សព្វផ្សាយពីបញ្ហាព្រៃឈើ ដើម្បីឱ្យយុវជនផ្សេងបានចូលរួមថែរក្សាក្នុងនាមជាយុវជន។ ខ្ញុំចង់[ឃើញ]យុវជនខ្វាយខ្វល់ ក៏ដូចជាតាមដានពីបញ្ហាសង្គម ផ្សព្វផ្សាយ និងការពារទាំងអស់គ្នា»

បើតាម​របាយការណ៍របស់សាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក កាលពីឆ្នាំ២០២២​ រកឃើញថា ទំហំគម្របព្រៃឈើប្រមាណ ១៤ម៉ឺនហិកតា នៅក្នុងតំបន់ព្រៃការពារចំនួនបី រួមមាន តំបន់ព្រៃឡង់ ព្រៃព្រះរការ និងព្រៃសហគមន៍សង្ឃរុក្ខាវ័ន​ ត្រូវបានបាត់បង់។ ការបាត់បង់នោះ ដោយសារគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនអភិវឌ្ឍន៍នៅជុំវិញតំបន់ព្រៃការពារទាំងនោះនៅក្នុងឆ្នាំ​២០២១​ ហើយ​ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនេះ រួមមាន ក្រុមហ៊ុន Think Biotech ក្រុមហ៊ុនវៀតណាម PNT និងក្រុមហ៊ុន Thy Nga

មន្ត្រីសម្របសម្រួល នៃសមាគមអាដហុកប្រចាំខេត្ដឧត្ដរមានជ័យ លោក ស្រី ណារ៉េន បានលើកឡើងថា ការបាត់បង់ព្រៃឈើជារឿងគួរឱ្យសោកស្ដាយណាស់ ព្រោះវាអាចនឹងជះផលអាក្រក់ត្រលប់មកមនុស្សវិញ ដូចជាបានដឹងស្រាប់ហើយ មួយរយៈចុងក្រោយនេះមានបញ្ហាទឹកជំនន់កើតឡើងច្រើន អានេះក៏ជាកត្ដាមួយដែរ ក្រោយពីបាត់បង់ព្រៃឈើ។ លោកថា សកម្មភាពបំបួសដើមឈើ វាជាការរួមចំណែកមួយសម្រាប់ការពារដែរ។ លោកជំរុញឱ្យយុវជនគួរតែចូលរួមសកម្មភាពទាំងអស់ហ្នឹងឱ្យបានច្រើន​ ដើម្បីការពារព្រៃឈើនៅសល់។

មន្ដី្ររូបនេះបន្ដថា៖ «សកម្មភាពនេះជាសារមួយដ៏ល្អផ្ញើទៅដល់យុវជនទាំងអស់ឱ្យងាកមកចូលរួមជាមួយនឹងការអភិរក្សព្រៃឈើ ពីព្រោះព្រៃឈើ វាចេះតែបាត់បង់ម្ដងបន្ដិចៗ។ ធនធានហ្នឹង ក៏វាទាក់ទងនឹងអាយុជីវិតមនុស្សយើងដែរ»

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បញ្ជាក់ថា លោកមានការគាំទ្ររាល់សកម្មភាពរបស់យុវជនដែលមានបំណងចង់ចូលរួមសកម្មភាពការពារព្រៃឈើ ឱ្យតែសកម្មភាពទាំងនោះស្របច្បាប់។

លោកថ្លែងថា៖ «រាល់ការពារ និងអភិរក្សធនធានធម្មជាតិ គឺយើងស្វាគមន៍រាល់ការចូលរួមសកម្មភាពទាំងអស់របស់បងប្អូនប្រជាពលរដ្ឋ របស់យុវជន ដើម្បីការពារ និងអភិរក្ស ឱ្យតែស្របច្បាប់ និងការគោរពច្បាប់ត្រឹមត្រូវដែរ»

ចំណែកប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោ​ក ហេង គឹមហុង ថ្លែងថា ទាំងយុវជន និងពលរដ្ឋ បានប្រើសិទ្ធិខ្លួនក្នុងកិច្ចការការពារ និងអភិរក្សព្រៃឈើ វាជារឿងល្អប្រសើរ និងស្របទៅតាមច្បាប់ដែលមានចែង។ លោកបន្ដថា លោកលើកទឹកចិត្ដឱ្យយុវជនបន្ដសកម្មភាពបែបនេះទៀត ដើម្បីជាការរួមចំណែកការពារធនធានដែលនៅសេសសល់។

លោកថា៖ «ស្ថាប័នពាក់ព័ន្ធមួយចំនួនក៏បង្កភាពងាយសម្រាប់យុវជនក្នុងកិច្ចការការពារព្រៃឈើ។ កុំព្យាយាមយកកិច្ចការទាំងអស់ហ្នឹង ក្នុងចេតនារារាំងសកម្មភាពរបស់យុវជនឱ្យសោះ។ អាជ្ញាធររដ្ឋគួរបើកទូលាយសម្របសម្រួលបញ្ហាជូនផងដែរ»

បើតាម​​របាយការណ៍​បណ្ដាញសហគមន៍ព្រៃឡង់ ដែលចេញផ្សាយនៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២៣​ បានរកឃើញ​បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សមួយនេះ នៅភូមិសាស្រ្តឃុំធ្មា និងឃុំរៀបរយ ​ស្រុកជ័យសែន ដែលមានចំនួន ៧៣​ករណី ដោយក្នុងនោះ​ រកឃើញគល់ឈើដែលក្រុមជនល្មើសលួច​កាត់ចំនួន ៥៥ករណី។ គល់ឈើទាំងនោះមានមុខកាត់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ និងរកឃើញឈើអារច្រៀកមិនទាន់ដឹកចេញចំនួន ៩ម៉ែត្រគូប ព្រមទាំង​ឈើក្ដារមួយចំនួនទៀតដែលជាប្រភេទឈើ គគីរ ត្រាច តៀក ផ្ចឹក ឈើទាល និង​ឈ្លីក ជាដើម​៕