ក្រុមយុវជនចលនាមាតាធម្មជាតិ បានប្រមូលគ្នាធ្វើយុទ្ធនាកា​​រ​​យកបាច់ផ្កាទៅដាក់នៅក្រសួងបរិស្ថាន នៅចំថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ ជាការផ្ញើសារឱ្យស្ថាប័នជំនាញរបស់រដ្ឋមួយនេះ គួ​​​រ​ផ្ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយរបស់ប្រទេសកម្ពុជា ស​​​ម្រា​ប់មនុស្សជំនាន់ក្រោយៗទៀត។

តំណាងក្រុមយុវជនចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ បានឱ្យដឹងថា ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលមានគ្នាប្រមាណ ១២នាក់ បានធ្វើយុទ្ធនាការយកបាច់ផ្កាទៅដាក់នៅក្រសួងបរិ​​ស្ថាន សម្រាប់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ។ កញ្ញាបន្តថា ការជ្រើសរើស និងដាក់បាច់ផ្កា ឱ្យចំថ្ងៃ​​ទិ​​វា​​​​​នៃក្តីស្រ​​ឡាញ់​​នេះ​ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះក្រសួងបរិស្ថានផ្ទាល់ ​និងការពារធ​​នធានធម្មជាតិ។ ប្រភពបន្តថា ការធ្វើយុទ្ធនាការនេះគ្រាន់តែចង់បង្ហាញអំពីការស្រឡាញ់ធនធានធម្មជាតិរបស់កម្ពុជាដែលនៅសេសសល់ប៉ុណ្ណោះ គឺគ្មានទិសដៅអ្វីផ្សេងពីនេះឡើយ។

កញ្ញាបន្តថា៖ «ពួកយើងចង់បង្ហាញពីក្តីស្រឡាញ់ ពួកយើងមិនត្រឹមតំណាងឱ្យកោះកុងក្រៅ និងធនធានធម្មជាតិនៃកោះកុងក្រៅទេ ប៉ុន្តែពួកយើងតំណាងធនធានធម្មជាតិទាំងអស់ មិនថាធនធានធម្មជាតិដែលបានបាត់បង់ហើយ ធនធានធម្មជាតិដែលកំពុងរងការបំផ្លាញ ឬធនធានធម្មជាតិដែលនៅសេសសល់ទេ។ ពួកយើងចង់បង្ហាញក្តីស្រឡាញ់នេះទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសគឺក្រសួង រាជរដ្ឋាភិបាល ឱ្យគាត់យកចិត្តទុកដាក់ក្នុងការថែរក្សាធនធានធម្មជាតិបរិស្ថាន ព្រោះធនធានធម្មជាតិស្រឡាញ់ពួកយើង ហើយពួកយើងក៏ត្រូវស្រឡាញ់ធនធានធម្មជាតិវិញដែរ»

កញ្ញាបន្ថែមថា៖ «ធនធានធម្មជាតិជាអ្នកផ្តល់ខ្យល់ដកដង្ហើម ខ្យល់អុកស៊ីសែនដល់យើង អ៊ីចឹង យើងដែលជាអ្នកទទួលផល យើងគួតែស្រឡាញ់អ្នកដែលផ្តល់ដង្ហើមឱ្យយើងដូចគ្នា»

យុវតីដែលមកពីខេត្តសៀមរាប និងមានវ័យ២០​ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា ដើម្បី​កុំ​ឱ្យ​​ធ​ន​​​ធា​ន​​​​​ធម្មជាតិ​របស់​កម្ពុជាក្លាយទៅជាការដាក់បណ្តាសា ឬវិនាសដោយហេតុណាមួយនៅថ្ងៃខាងមុ​ខ​​​ពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងការ​គ្រប់គ្រង​ ​និងថែរក្សាធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ប្រភពបន្ថែមថា ទាំងនេះគឺជាកាតព្វកិច្ចចាំបាច់បំផុតសម្រាប់ក្រសួងបរិស្ថាននិងប្រជាជនខ្មែរទាំងមូល ចូលរួមថែរក្សា ការពារ និងអភិរក្ស ទាំងអស់គ្នា ដើម្បីចៀសវាងពីការ​​ប្រ​​ឈ​​ម​នានាសម្រាប់ថ្ងៃអនាគត។

កញ្ញាបន្តថា៖ «បរិស្ថានវាកាន់តែហិនហោចទៅៗ ព្រោះកន្លងមក ឬក៏មកដល់ឥលូវ មានតែការវិនិយោគ ការផ្តល់ដីសម្បទានអ្វីផ្សេងៗ […] មួយរយៈនេះឃើញថាមានការរំលោភយកដីឆ្នេរ សមុទ្រ ជាដើម ទាក់ទងនឹងបញ្ហាបរិស្ថានហ្នឹង វាច្រើនមែនទែន។ ហើយទាក់ទងនឹងបញ្ហាកោះ កោះទន្សាយ កោះផ្សេងៗ សុទ្ធតែគ្រប់កោះត្រូវបានផ្តល់ការវិនិយោគទៅឱ្យបុគ្គលឯកជន ផ្តល់សិទ្ធិទៅបុគ្គលឯកជនក្នុងការអភិវឌ្ឍ ដែលស្ទើតែអត់បានផ្តល់ប្រយោជន៍ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសទាំងអស់ហ្នឹង»

រដ្ឋបាលខេត្តកោះកុង បង្ហាញទិន្នន័យថា កោះនេះមានផ្ទៃដី​ប្រមាណ ៨០គ.ម២ និងកម្ពស់ប្រ​​​ហែ​​​​ល ៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុ​​​ទ្រ​​ដ៏ធំល្វឹងល្វើយ ដែលមាន​ពណ៌ខៀវស្រងាត់។​​ ម្យ៉ា​​ង​​ទៀ​​​​​ត វាជាកោះដែលសម្បូរទៅដោយធ​​នធា​​​ន​ធម្ម​​ជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវចម្រុះ​បាត​សមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្ត ០៦​កន្លែង។ សព្វថ្ងៃ តំបន់កោះកុងក្រៅនេះស្ថិតនៅ​ក្រោម​​ការគ្រប់​គ្រងរបស់​អង្គភាពយោធា​ជើងទឹក​ផ្នែក​​​លំហសមុទ្រ។

ក្រុមយុវជនចលនាមាតាធម្មតាជាតិ តែងតវ៉ាជាហូរហែ ដោយទាមទារឱ្យរដ្ឋាភិបាលដាក់តំបន់​​កោះ​​​​កុងក្រៅនេះ ទៅជាតំ​​ប​​ន់​​​​ឧទ្យានជាតិសមុទ្រ ក្រោយពីរដ្ឋា​​ភិបាលផ្តល់​​សិទ្ធិវិ​​និ​​យោ​​គ​​ឱ្យ​​ក្រុ​ម​​ហ៊ុ​​ន​​ឯកជនមួយឈ្មោះ កោះកុង អេស អ៊ី ហ្សិដ ខូអិលធីឌី (Koh Kong SEZ Co.Ltd) របស់លោ​ក​​ឧ​​​​ក​​ញ៉ា លី យ៉ុងផាត ដែលជាសមាជិកព្រឹទ្ធសភា កូតាមកពីគណ​​បក្សប្រជាជន​​កម្ពុជា ដើម្បីអ​​​ភិ​វឌ្ឍ​​​​​ន៍។

ស្រដៀងគ្នានេះដែរ យុវជនចលនាមាតាធម្មជាតិម្នាក់ទៀត គឺយុវជន ធី ថន បានឱ្យដឹងដែរថាលោ​​ក​​បានចូលរួមយុទ្ធនាការនេះផ្ទាល់ ក្នុងគោលបំណងបង្ហាញអំពីក្តីស្រឡាញ់ និងចង់ជំរុញឱ្យមន្រ្តីរដ្ឋា​​ភិ​​បាល ជាពិសេសក្រសួងបរិស្ថាន ដាក់តំបន់កោះកុងក្រៅជាឧទ្យានសមុទ្រ។ ប្រភពបន្តថា គោ​​ល​​បំណងនៃយុទ្ធនាការនេះ គឺចង់ដាក់កោះកុងក្រៅជាតំបន់ទេសចរណ៍ និងជាសម្បត្តិធនធានធ​ម្ម​​ជាតិរបស់ខ្មែរ ហើយតំបន់ទេសចរណ៍នៃកោះកុងក្រៅនេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ហើយក៏អាចរកប្រាក់ចំណូលចូលជាតិបាន។ មិនតែប៉ុណ្ណោះ កោះកុងក្រៅនេះ​​ដែរ ​​វាក៏​​ជា​​ផ្នែ​​ក​​​​​​មួយដែល​អាចក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ីថែមទៀត។

លោកបន្តថា៖ «យើងមានគោលបំណងបីសំខាន់ៗ ទី១ គឺយើងចង់ឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ជំរុញឱ្យពួកគាត់ដាក់កោះកុងក្រៅជាឧទ្យានសមុទ្រឱ្យបានឆាប់រហ័យ។ ទី២ គឺយើងចង់ឱ្យក្រសួងបរិស្ថាន និងរដ្ឋាភិបាលហ្នឹង ឈប់លាបពណ៌សកម្មជនឬយុវជនថាបម្រើនូវគណបក្សនយោបាយណាមួយ។ ហើយទី៣ គឺយើងចង់បង្ហាញនូវក្តីស្រឡាញ់ចំពោះបរិស្ថាន ជាពិសេសគឺយើងចង់ប​​​ង្ហាញ​ថា យើងចង់ធ្វើកិច្ចសហការជាមួយក្រសួងបរិស្ថាន និងរដ្ឋាភិបាល ក្នុងការការពារបរិស្ថានយើងដែរ»។

បើតាមលោក ធី ថន ដែលមានដើមកំណើតមកពីខេត្តខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា បរិ​​ស្ថា​​ននៅប្រទេសកម្ពុជាកំពុងរងការប្រឈមនៃការបំផ្លិចបំផ្លាញពីសំណាក់អ្នកមានអំណាចមួយចំនួន យកធ្វើកម្មសិទ្ធិក្រោមរូបភាពវិនិយោគ។ ប្រភពបន្តថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ កំ​​ពុង​​តែគំរាមកំហែងទាំងជីវិតសត្វ និងមនុស្ស តាមរយៈការកាប់បំផ្លាញធនធានធម្មជាតិ។

លោកបន្តថា៖ «បញ្ហាបរិស្ថាននាពេលបច្ចុប្បន្នរងការគំរាមកំហែង មានការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ ដែលយើងឃើញហើយថា បរិស្ថានយើងពីមួយឆ្នាំទៅមួយឆ្នាំ គឺមិនមានការកើនឡើងនោះទេ គឺមានតែថយចុះទៅវិញ។ នេះហើយជាកត្តាមួយដែលយើងឃើញថា បរិស្ថានយើងទៅថ្ងៃអនាគត នឹងមានការរងគ្រោះ និងមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់មនុស្សមួយចំនួន»។

យ៉ាងណាមិញ លោកបានស្នើឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ត្រូវបញ្ឈប់ការចោទប្រកាន់យុវជនថាជាក្រុមយុវជនបម្រើនិន្នាការនយោបាយឱ្យគណបក្សណាមួយតទៅទៀត ជាពិសេសក្រសួងបរិស្ថានគួរពន្លឿនការដាក់តំបន់កោះកុងក្រៅឱ្យទៅជាឧទ្យានសមុទ្រជាតិ។

លោកបន្តថា៖ «ក្រសួងបរិស្ថានឈប់លាបពណ៌យុវជនថាយុវជនហ្នឹងបម្រើផលប្រយោជន៍ឱ្យបក្សនយោបាយណាមួយទៅ។ ហើយសំណូមឱ្យក្រសួងបរិស្ថានហ្នឹង គាត់ធ្វើការឯករាជ្យ មិនលម្អៀងទៅខាងណា ហើយធ្វើការឱ្យសកម្មក្នុងការពារព្រៃឈើយើង ព្រោះអីព្រៃឈើយើងពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការបាត់បង់ជាកំហិត។ អ៊ីចឹងខ្ញុំសំណូមឱ្យក្រសួងបរិស្ថានធ្វើការដោយឯករាជ្យ។ អ្វីដែលពិសេសនោះ ខ្ញុំចង់ឱ្យក្រសួងបរិស្ថានហ្នឹង ដាក់កោះកុងក្រៅជាឧទ្យានសមុទ្រឱ្យបានឆាប់រហ័សផងដែរ»។

ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រតិកម្មថា យុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលយកបាច់ផ្កាមកដាក់នៅខាងមុខក្រសួងបរិស្ថានកាលពី​ថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ វាគ្រាន់តែជាការបម្រើឱ្យបរទេស ​ហើយក៏ជាការបញ្ជាដោយផ្ទាល់ពីក្រោយដោយប​​​​រទេសដែរ។

លោកបន្តថា៖ «ថ្ងៃ១៤កុម្ភៈ ជាថ្ងៃនៃសេចក្តីស្រឡាញ់ ខ្ញុំស្នើឱ្យប្អូនៗជាយុវជននៃចលនាមាតាធម្មជាតិ គួរលះបង់គំនិតទុច្ចរិត ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន និងកុំចាញ់បោកម្ចាស់ជំនួយដែលមានរបៀបវារៈនយោបាយ ត្រូវចេះរៀនធ្វើការដោយស្មោះត្រង់ចំពោះជាតិ ចេះស្រឡាញ់ជាតិដោយស្មោះត្រង់ និងកុំធ្វើសកម្មភាពទុច្ចរិតក្រោមបញ្ជាជនបរទេស ដូចជា អាឡិច ជាដើម ដែលជាមេគំនិតទុច្ចរិត ប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ពួកគេគួរគិតពីអនាគតរបស់ខ្លួន កុំដើរផុងខ្លួនក្នុងឧបាយកលបរទេស បំផ្លាញជាតិ និងបំផ្លាញជីវិតរបស់ខ្លួន»។

ដោយឡែក មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ចាត់ទុកការធ្វើយុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលយកបាច់ផ្កាទៅដាក់នៅក្រ​​សួងបរិស្ថាននេះថា ជាការបង្ហាញក្តីស្រឡាញ់ចំពោះក្រសួងផ្ទាល់ពីក្រុមយុវជន និងស្របតាមច្បា​​​​ប់ដែរ។

លោកបន្តថា ក្នុងនាមជាអ្នកនាំពាក្យក្រសួងបរិស្ថាន មិនគួរណាភ្ជាប់សកម្មភាពរបស់ក្រុមយុវជន ទៅ​​ក្នុងហេតុណាមួយនោះទេ ក្នុងពេលដែលពួកគេធ្វើកិច្ចការទាំងនេះ ដើម្បីតែអភិរក្ស និងការពា​​រ​​ធ​​​​ន​​ធានធម្មជាតិប៉ុណ្ណោះ។

លោកបន្តថា៖ «វប្បធម៌ក្នុងការលាបពណ៌ វប្បធម៌ក្នុងការចោទប្រកាន់ថាជាការបម្រើបរទេស ជាការបម្រើក្រុមគណបក្សប្រឆាំងអ្វីជាដើមនោះ រាជរដ្ឋាភិបាលគួរតែលុបបំបាត់ ហើយងាកមកធ្វើការងារ សហការគ្នាដោយស្មើមុខស្មើមាត់ ធ្វើការងាររួមគ្នា ធ្វើការងារជាមួយគ្នា ដោយមិនប្រកាន់និន្នាការ»។

កោះកុង ឬ​អ្នក​ស្រុក​និយម​ហៅថា ​កោះកុង​ក្រៅ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ដែលមាន​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ។ សកម្មជន​បរិស្ថាន​អះអាង​ថា កោះ​នេះ​​មាន​ផ្ទៃដី ១០៣គីឡូម៉ែត្រ​ក្រឡា និង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ ​រួម​មាន ​ព្រៃឈើ ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ថ្លា​ឈ្វេង កូន​ភ្នំ ទឹកជ្រោះ ព្រមទាំង​សត្វព្រៃ និង​សត្វ​សមុទ្រ​ជាច្រើន​ប្រ​​​ភេ​​​ទ​៕