ក្រុមអង្គការដែលធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ បានជួបជុំគ្នាដើម្បីបង្កើនកិច្ចសហការក្នុងគោលដៅបញ្រ្ជាបចំណេះដឹងផ្នែក អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀតក្នុងយុគសម័យឌីជីថលថ្មីនេះ។
អ្នកសម្របសម្រួលគម្រោង នៃអង្គការ ឌីដាប់បល់យូ អាកាដេមី (DW Akademie) ប្រចាំប្រទេសកម្ពុជា លោក ស ច័ន្ទដារ៉ា បានប្រាប់ថា នេះជាលើកទី២ហើយ ដែលអង្គការ DW Akademie បានរៀបចំជំនួបជាមួយអង្គក្រៅរដ្ឋាភិបាល ព្រមទាំងមានតំណាងក្រសួងអប់រំ យុវជន និងកីឡា។ ជំនួបនេះ គឺដើម្បីពិភាក្សាគ្នាផ្ដោតលើចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ប្រភពបន្តថា ចំណេះដឹងទាំងនោះ រួមមាន ការចេះបែងចែកព័ត៌មានពិត និងក្លែងក្លាយ ការចេះសរសេរព័ត៌មាន និងសុវត្ថិភាពប្រព័ន្ធឌីជីថល ជាដើម។ មួយវិញទៀត លោកថា សន្និសីទលើកទី២នេះ គឺជាផ្នែកមួយ ដើម្បីរៀបចំផែនការបណ្តុះបណ្តាលជំនាញទាំងនេះបន្តទៀតទៅដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេសកម្ពុជា ក្នុងគោលដៅដើរឱ្យទាន់យុគសម័យបច្ចេកវិទ្យាថ្មីនេះ។
លោកបន្តថា៖ «[សន្និសីទនេះ] វាអាចជាបណ្តាញមួយឱ្យយើងដឹងពីផែនទីរួមមួយចុះនៅក្នុងខេត្តនេះខេត្តនោះ អ្នកណាធ្វើអី!បើសិនជាយើងមានផែនទីរួមមួយ យើងស្រួលធ្វើ ស្រួលអនុវត្តគម្រោង ស្រួលសហការគ្នាទៀត។ អ៊ីចឹងការងារចំគោលដៅ ហើយមានប្រសិទ្ធភាព ចៀសវាងគម្រោងណាមួយជាន់គ្នាអ៊ីចឹងទៅ ជារួម!»។
ការជួបជុំគ្នានេះធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមភាគច្រើនជាយុវជនសរុបជាង៤០នាក់ ដែលរៀបចំឡើងដោយអង្គការ DW Akademie រយៈពេលមួយព្រឹក ក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីនោះ គឺមានការដាក់បង្ហាញសកម្មភាព និងផែនការនាពេលកន្លមក លើការចែករំលែកចំណេះដឹងផ្នែក អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់សា្ថប័នក្រៅរដ្ឋាភិបាលចំនួន៣ រួមមាន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), សមាគមយុវជនខ្មែរ (KYA) រួមទាំងមានការចូលរួមពីតំណាងរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
អ្នកស្រី គឹម សិទ្ធី ជាមន្រ្តីប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ មានប្រសាសន៍ថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសក្នុងយុគសម័យដែលបណ្តាញសង្គមកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ។ អ្នកស្រីបន្តថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមិនទាន់បានយល់ដឹងឱ្យបានច្បាស់ពីអ្វីជាព័ត៌មានពិត និងក្លែងកា្លយនោះទេ ដែលនាំឱ្យពួកគេបានចែករំលែកព័ត៌មានក្លែងក្លាយជាច្រើនទៅកាន់អ្នកផ្សេងៗទៀតជាបន្តបន្ទាប់ ដែលអាចបង្កផលប៉ះពាល់ដល់សង្គមជាតិ។
អ្នកស្រីបន្តថា៖ «នៅពេលដែលប្រជាពលរដ្ឋរបស់យើង គាត់បែងចែកមិនដាច់រវាងព័ត៌មានពិត ព័ត៌មានក្លែងក្លាយ វាអាចប៉ះពាល់ ទី១ បង្កអសន្តិសុខក្នុងសង្គមរបស់យើង។ ពេលដែលឃើញពត៌មាន ឱ្យតែគេPost គាត់Like គាត់Share[ចែករំលែកបន្ត]។ អ៊ីចឹងវាបង្កភាពហានិភ័យនៅក្នុងសង្គមរបស់យើង»។
អ្នកស្រីបន្ថែមថា៖ «មួយទៀត គឺគាត់បង្កហានិភ័យដល់ខ្លួនគាត់ផ្ទាល់ គាត់ឃើញពត៌មានហ្នឹង មិនដឹងថាពិត [ឬ] មិនពិតផងគាត់ចេះតែ Post។ ដោយសារឥឡូវរដ្ឋាភិបាលមានចំណាត់ការលើអ្នកដែល Share [ចែករំលែក] ព័ត៌មានមិនពិត ក៏មានទោសដែរ»។
ជាមួយគ្នានេះ យុវជន ក្រេក សៅបញ្ញាស៊ី វ័យ២0ឆ្នាំ ប្រាប់ថា នេះជាលើកទីមួយហើយដែលខ្លួនបានចូលរួមសកម្មភាពជួបជុំគ្នាមួយនេះ ដោយថា ពិតជាសំខាន់សម្រាប់យុវជនជំនាន់ក្រោយដូចជារូបលោក។ យុវជនរូបនេះថា កម្មវិធីមួយនេះក៏បានភ្ជាប់ទំនាក់ទំនងគ្នាចំពោះអ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយបានមួយចំណែកផងដែរ។ ម្យ៉ាងទៀត លោកថា សន្និសីទនេះបានផ្តល់ចំណេះដឹងដល់រូបលោកពីការចេះបែងចែកព័ត៌មានពិត និងក្លែងក្លាយ ជាពិសេសបានជំរុញឱ្យលោកចេះតាមដានព័ត៌មានដែលមានប្រយោជន៍នៅលើបណ្តាញសង្គមនានា។ បន្ថែមលើនេះ លោកបានជំរុញឱ្យយុវជនផ្សេងទៀត ជាពិសេសយុវជនដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ គួរចំណាយពេលចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តោតលើចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះឱ្យបានកាន់ច្រើនបន្ថែមទៀត។
លោកបន្តថា៖ «តាមពិតអាហ្នឹងវា [អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន] សំខាន់ទាំងអស់គ្នា គ្រាន់ថាយុវជនសំខាន់ជាងគេ ដោយសារទី១ យល់ដឹងព័ត៌មាន គាត់ជាអ្នកបង្កើត[ព័ត៌មាន] ហើយក៏គាត់ជាអ្នកចែករំលែកព័ត៌មានទាំងអស់ហ្នឹងដែរ។ អ៊ីចឹងបានន័យថា វាសំខាន់សម្រាប់ពួកគាត់ ក្នុងការយល់ដឹងថាពត៌មានហ្នឹងវាគួតែ Deliver [បញ្ជូនបន្ត] បែបណា! គួរតែសរសេរបែបណា! បញ្ចេញបញ្ចូលបែបណាដើម្បីផ្សព្វផ្សាយ»។
ចំណែកអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី សេង ស៊ីណែត បានសាទរចំពោះការរៀបចំឱ្យមានជំនួបរវាងក្រុមដែលកំពុងធ្វើការលើការអប់រំផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះឡើង។ អ្នកស្រីលើកឡើងថា ក្រសួងអប់រំបានសហការជាមួយអង្គការ DW Akademie ចាប់តាំងពីឆ្នាំ២០១៥ ដោយផ្តោតលើការអប់រំផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទៅកាន់សិស្សានុសិស្ស និងគ្រូបង្រៀន ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងបន្ថែមទៀត។
អ្នកស្រីបន្តថា៖ «យើងមានឱកាសចែករំលែកអ្វីដែលក្រសួង ស្ថាប័ន ក៏ដូចជាដៃគូរមួយចំនួនដែលគាត់បានធ្វើការក្នុងការងារតែមួយ។ វាជាវេទិការួមមួយសម្រាប់យើងបានស្គាល់គ្នា ការងារផ្សេងៗគ្នា ប៉ុន្តែក្នុងគោលដៅតែមួយគត់ គឺលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅដល់គោលដៅយុវជន ក៏ដូចជា Target audience [ក្រុមគោលដៅ] ផ្សេងៗគ្នា របស់អ្នកធ្វើការក្នុងវិស័យនេះ»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ «អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» សម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូ គ្រឹះស្ថានឧត្ដមសិក្សា និងនៅតាមសាលារៀនចំណេះទូទៅ និងបច្ចេកទេស។
បើតាមអ្នកស្រី សេង ស៊ីណែត សៀវភៅស្តីពី អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នេះ គឺជាយន្តការមួយជំរុញឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតពីចំណេះដឹងទូទៅផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលនេះជាការបញ្ជ្រាបការយល់ដឹងទៅដល់យុវជនជំនាន់ក្រោយក្នុងវិស័យអប់រំ ដែលក្រសួងអប់រំបានធ្វើនាពេលកន្លងមកនេះ។
អ្នកស្រីបន្តថា៖ «សៀវភៅនេះ វាដើរតួនាទីសំខាន់ ឱ្យពួកគាត់ចេះវិភាគ ចេះវែកញែក ចេះចែករំលែកព័ត៌មានដែលប្រកបដោយសារប្រយោជន៍ មិនឱ្យចាញ់បោកអ្នកដែលមានជនឱកាសនិយមផ្សេងៗ ដែលអាចទាក់ទងធ្វើការបោកប្រាស់បាន តាមរយៈប្រព័ន្ធអនឡាញ»។
បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យនិយមន័យ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (Media and Information Literacy) គឺសំដៅដល់សំណុំនៃចំណេះដឹង ជំនាញ អាកប្បកិរិយា ដែលជួយកសាងសមត្ថភាពប្រជាពលរដ្ឋអាចប្រើប្រាស់បណ្តាញសង្គម ប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងភាពឈ្លាសវៃ។
ឌីដាប់បល់យូ អាកាដេមី (DW Akademie) គឺជាអង្គការរបស់ប្រទេសអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ អង្គការនេះគាំទ្រប្រព័ន្ធផ្សព្វផ្សាយសេរី និងតម្លាភាព ដោយពង្រឹងគុណភាព និងសមត្ថភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយ ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរយៈពេលប្រមាណ១០ឆ្នាំមកហើយ។
បើតាមលោក ស ច័ន្ទដារ៉ា បានឱ្យដឹងថា នៅកម្ពុជា មានអង្គការជាតិ និងអន្តរជាតិ មួយចំនួនបានចូលជារួមជាមួយ DW Akademie លើកិច្ចការប្រព័ន្ធផ្សព្វផ្សាយរួចមកហើយ រួមមានដូចជា អង្គការយូណេស្កូ (UNESCO), ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងសមាគមយុវជនខ្មែរ (KYA) ជាដើម។
ប្រភពដដែលបន្តថា គោលដៅបន្ទាប់នឹងមានការប្រមូលផ្តុំអង្គការផ្សេងៗទៀតដែលមានចំណាប់អារម្មណ៍ និងកំពុងធ្វើសកម្មភាពទៅលើផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ឱ្យបានជួបជុំពិភាក្សាគ្នាដើម្បីជំរុញឱ្យផែនការនៃការបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។