ក្រុមអង្គការដែលធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ បានជួបជុំគ្នាដើម្បីបង្កើនកិច្ចសហការក្នុងគោលដៅបញ្រ្ជាបចំណេះដឹងផ្នែក អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀតក្នុងយុគសម័យឌីជីថលថ្មីនេះ។

អ្នកសម្របសម្រួលគម្រោង នៃអង្គការ ឌីដាប់បល់យូ អាកាដេមី (DW Akademie) ប្រចាំប្រទេសកម្ពុ​ជា លោក ស ច័ន្ទដារ៉ា បានប្រាប់ថា នេះជាលើកទី២ហើយ ដែលអង្គការ DW Akad​​em​​ie​ បា​​នរៀបចំជំនួបជាមួយអង្គក្រៅរដ្ឋាភិបាល ព្រមទាំងមានតំណាងក្រសួងអប់រំ យុវជន និងកី​​ឡា​​​​​​​​​។​ ជំ​នួបនេះ គឺដើម្បីពិភាក្សាគ្នាផ្ដោតលើចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ប្រភពបន្តថា ចំណេះដឹ​​ង​​ទាំ​ង​​នោះ រួមមាន ការចេះបែងចែកព័ត៌មានពិត និងក្លែងក្លាយ ការចេះសរសេរព័ត៌មាន និងសុវ​​ត្ថិភាពប្រ​​ព័ន្ធឌីជីថល ជាដើម។ មួយវិញទៀត លោកថា សន្និសីទលើកទី២នេះ ​គឺជាផ្នែកមួយ ដើម្បីរៀ​បចំ​​ផែនការបណ្តុះបណ្តាលជំនាញទាំងនេះបន្តទៀតទៅដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រ​​​ទេ​ស​​​​កម្ពុ​ជា​​ ក្នុងគោលដៅដើរឱ្យទាន់យុគសម័យបច្ចេកវិទ្យាថ្មីនេះ។

លោកបន្តថា៖ «[សន្និសីទនេះ] វាអាចជាបណ្តាញមួយឱ្យយើងដឹងពីផែនទីរួមមួយចុះនៅក្នុងខេត្តនេះ​ខេត្តនោះ អ្នកណាធ្វើអី!បើសិនជាយើងមានផែនទីរួមមួយ យើងស្រួលធ្វើ ស្រួលអនុវត្តគម្រោង ស្រួលសហការគ្នាទៀត។ អ៊ីចឹងការងារចំគោលដៅ ហើយមានប្រសិទ្ធភាព ចៀសវាងគម្រោងណាមួយជាន់គ្នាអ៊ីចឹងទៅ ជារួម!»

ការជួបជុំគ្នានេះធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣​ ដោយមានអ្នកចូលរួមភាគច្រើនជាយុវជនសរុបជាង៤០នាក់ ដែលរៀបចំឡើងដោយអង្គការ DW Akademie រយៈពេលមួយព្រឹក ក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីនោះ គឺមានការដាក់បង្ហាញសកម្មភាព និងផែនការនាពេលកន្លមក លើការចែករំលែកចំណេះដឹងផ្នែក អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់សា្ថប័នក្រៅរដ្ឋាភិបាលចំនួន៣ ​រួមមាន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), សមាគមយុវជនខ្មែរ (KYA) រួមទាំងមានការចូលរួមពីតំណាងរបស់ក្រសួងអប់រំ យុវជន​ និងកីឡា ផងដែរ។

អ្នកស្រី គឹម សិទ្ធី ជាមន្រ្តីប្រព័ន្ធផ្សព្វផ្សាយ នៃ​អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ មានប្រសាសន៍ថា​ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើរតួនា​​ទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសក្នុងយុគសម័យដែលបណ្តាញសង្គមកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ។ អ្នកស្រីបន្តថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមិនទាន់បានយល់ដឹងឱ្យបានច្បាស់ពីអ្វីជាព័ត៌មានពិត និងក្លែងកា្លយនោះទេ ដែលនាំឱ្យពួកគេបានចែករំលែកព័ត៌មានក្លែងក្លាយជាច្រើន​ទៅកាន់អ្នកផ្សេងៗទៀតជាបន្តបន្ទាប់ ដែលអាចបង្កផលប៉ះពាល់ដល់សង្គមជាតិ។​

អ្នកស្រីបន្តថា៖ «នៅពេលដែលប្រជាពលរដ្ឋរបស់យើង គាត់បែងចែកមិនដាច់រវាងព័ត៌មានពិត ព័ត៌មានក្លែងក្លាយ វាអាចប៉ះពាល់ ទី១ បង្កអសន្តិសុខក្នុងសង្គមរបស់យើង។ ពេលដែលឃើញពត៌មាន ឱ្យតែគេPost គាត់Like គាត់Share[ចែករំលែកបន្ត]។ អ៊ីចឹងវាបង្កភាពហានិភ័យនៅក្នុងសង្គមរបស់យើង»

អ្នកស្រីបន្ថែមថា៖ «មួយទៀត គឺគាត់បង្កហានិភ័យដល់ខ្លួនគាត់ផ្ទាល់ គាត់ឃើញពត៌មានហ្នឹង មិនដឹងថាពិត [] មិនពិតផងគាត់ចេះតែ Post ដោយសារឥឡូវរដ្ឋាភិបាលមានចំណាត់ការលើអ្នកដែល Share [ចែករំលែក] ព័ត៌មានមិនពិត ក៏មានទោសដែរ»

ជាមួយគ្នានេះ យុវជន​ ក្រេក សៅបញ្ញាស៊ី វ័យ២0ឆ្នាំ ប្រាប់ថា នេះជាលើកទីមួយហើយដែលខ្លួនបានចូលរួមសកម្មភាពជួបជុំគ្នាមួយនេះ​​ ដោយថា ពិតជាសំខាន់សម្រាប់យុវជនជំនាន់ក្រោយដូចជារូ​​ប​លោក។ យុវជនរូបនេះថា កម្មវិធីមួយនេះក៏បានភ្ជាប់ទំនាក់ទំនងគ្នាចំពោះអ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយបានមួយចំណែកផងដែរ។ ម្យ៉ាងទៀត លោកថា សន្និសីទនេះបានផ្តល់ចំណេះដឹ​​ង​ដល់រូបលោកពីការចេះបែងចែកព័ត៌មានពិត និងក្លែងក្លាយ ជាពិសេសបានជំរុញឱ្យលោកចេះតា​​ម​​​ដានព័ត៌មានដែលមានប្រយោជន៍នៅលើបណ្តាញសង្គមនានា។ បន្ថែមលើនេះ លោកបានជំ​​រុ​ញ​ឱ្យយុវជនផ្សេងទៀត ជាពិសេសយុវជនដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ គួរចំណាយពេលចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តោតលើចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះឱ្យបានកាន់ច្រើនបន្ថែមទៀត។

លោកបន្តថា៖ «តាមពិតអាហ្នឹងវា [អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន] សំខាន់ទាំងអស់គ្នា គ្រាន់ថាយុវជនសំខាន់ជាងគេ ដោយសារទី១ យល់ដឹងព័ត៌មាន គាត់ជាអ្នកបង្កើត[ព័ត៌មាន] ហើយក៏គាត់ជាអ្នកចែករំលែកព័ត៌មានទាំងអស់ហ្នឹងដែរ។ អ៊ីចឹងបានន័យថា វាសំខាន់សម្រាប់ពួកគាត់ ក្នុងការយល់ដឹងថាពត៌មានហ្នឹងវាគួតែ Deliver [បញ្ជូនបន្ត] បែបណា! គួរតែសរសេរបែបណា! បញ្ចេញបញ្ចូលបែបណាដើម្បីផ្សព្វផ្សាយ»។

ចំណែកអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី សេង ស៊ីណែត បានសាទរចំពោះការរៀបចំឱ្យមានជំនួបរវាងក្រុមដែលកំពុងធ្វើការលើការអប់រំផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះឡើង។ អ្នកស្រីលើកឡើងថា ក្រសួងអប់រំបានសហការជាមួយអង្គការ DW Akademie ចាប់តាំងពីឆ្នាំ២០១៥ ដោយផ្តោតលើការអប់រំផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទៅកាន់សិស្សានុសិស្ស និងគ្រូបង្រៀន ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងបន្ថែមទៀត។

អ្នកស្រីបន្តថា៖ «យើងមានឱកាសចែករំលែកអ្វីដែលក្រសួង ស្ថាប័ន ក៏ដូចជាដៃគូរមួយចំនួនដែលគាត់បានធ្វើការក្នុងការងារតែមួយ។ វាជាវេទិការួមមួយសម្រាប់យើងបានស្គាល់គ្នា ការងារផ្សេងៗគ្នា ប៉ុន្តែក្នុងគោលដៅតែមួយគត់ គឺលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទៅដល់គោលដៅយុវជន ក៏ដូចជា Target audience [ក្រុមគោលដៅ] ផ្សេងៗគ្នា របស់អ្នកធ្វើការក្នុងវិស័យនេះ»

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់​ជាផ្លូវការសៀវភៅ «អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» សម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូ គ្រឹះស្ថានឧត្ដមសិក្សា និងនៅតាមសាលារៀនចំណេះទូទៅ និងបច្ចេកទេស។

បើតាមអ្នកស្រី សេង ស៊ីណែត សៀវភៅស្តីពី អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នេះ គឺជាយន្តការមួយជំរុញឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតពីចំណេះដឹងទូទៅផ្នែ​កប្រព័ន្ធផ្សព្វផ្សាយ ដែលនេះជាការបញ្ជ្រាបការយល់ដឹងទៅដល់យុវជនជំនាន់ក្រោយក្នុងវិស័​យ​​អប់​​រំ ដែលក្រសួងអប់រំបានធ្វើនាពេលកន្លងមកនេះ។

អ្នកស្រីបន្តថា៖ «សៀវភៅនេះ វាដើរតួនាទីសំខាន់ ឱ្យពួកគាត់ចេះវិភាគ ចេះវែកញែក ចេះចែករំលែកព័ត៌មានដែលប្រកបដោយសារប្រយោជន៍ មិនឱ្យចាញ់បោកអ្នកដែលមានជនឱកាសនិយមផ្សេងៗ ដែលអាចទាក់ទងធ្វើការបោកប្រាស់បាន តាមរយៈប្រព័ន្ធអនឡាញ»

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យនិយមន័យ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (​​M​​edia and Information Literacy) គឺសំដៅដល់សំណុំនៃចំណេះដឹង ជំនាញ អាកប្បកិរិយា ដែលជួយកសាងសមត្ថភាពប្រជាពលរដ្ឋអាចប្រើប្រាស់បណ្តាញសង្គម ប្រកបដោយសុវត្ថិភាព ការ​​ទទួលខុសត្រូវ និងភាពឈ្លាសវៃ។

ឌីដាប់បល់យូ អាកាដេមី (DW Akademie) គឺជាអង្គការរបស់ប្រទេសអាល្លឺម៉ង់សម្រាប់ការអភិ​​វឌ្ឍ​​​ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ អង្គការនេះគាំទ្រប្រព័ន្ធផ្សព្វផ្សាយសេរី និងតម្លាភាព ដោយព​​​ង្រឹ​​ង​គុណភាព និងសមត្ថភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយ ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុ​​ជា​ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរយៈពេលប្រមាណ១០ឆ្នាំមកហើយ។

បើតាមលោក ស ច័ន្ទដារ៉ា បានឱ្យដឹងថា នៅកម្ពុជា មានអង្គការជាតិ និងអន្តរជាតិ មួយចំនួនបានចូលជារួមជាមួយ DW Akademie លើកិច្ចការប្រព័ន្ធផ្សព្វផ្សាយរួចមកហើយ រួមមានដូចជា អង្គការយូណេស្កូ (UNESCO), ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ​ (USAID), អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងសមាគមយុវជនខ្មែរ (KYA)​ ជាដើម។

ប្រភពដដែលបន្តថា គោលដៅបន្ទាប់នឹងមានការប្រមូលផ្តុំអង្គការផ្សេងៗទៀតដែលមានចំណាប់អារម្មណ៍ និងកំពុងធ្វើសកម្មភាពទៅលើផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ឱ្យបានជួបជុំពិភាក្សាគ្នាដើ​​ម្បី​​ជំរុញឱ្យផែនការនៃការបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។