សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានបង្កើតកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចសិក្សានៅតំបន់ដែលកំពុងរងការគំរាមគំហែង ក្នុងគោលដៅបណ្ដុះស្មារតីយុវជនឱ្យគិតគូរពីបញ្ហាជាតិដែលកំពុងកើតមាន។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ បានប្រាប់ថា ការរៀបចំដំណើរទស្សនកិច្ចនេះ គឺដើម្បីបំផុសស្មារតីរបស់យុវជនឱ្យបានយល់ដឹងពីបញ្ហាដែលកំពុងកើតមានក្នុងសង្គមកម្ពុជា ដោយតម្រូវឱ្យពួកគេទៅសិក្សាពីតំបន់ដែលកំពុងកើតមានបញ្ហាដោយផ្ទាល់។ លោកបន្តថា ក្នុងពេលកន្លងទៅ តំបន់មួយចំនួនដែល​ក្រុមយុវជនធ្វើទស្សនកិច្ច ដូចជា តំ​​​បន់ព្រៃសហគមន៍នៅស្រុករវៀង ខេត្តព្រះវិហារ, ព្រៃមេត្តាធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ, ព្រៃសហគមន៍ក្បាលខ្លា ក្នុងខេត្តកំពង់ធំ និងតំបន់អារ៉ែង ក្នុងខេត្តកោះកុង ជាដើម។

លោកបន្តថា៖ «[ចង់ឱ្យយុវជនយល់ដឹងពី] អ្វីទៅហៅថា កាតព្វកិច្ចតាមរយៈផ្លូវច្បាប់របស់ខ្លួនឯង ក្នុងការចូលរួមរិះគន់ដើម្បីស្ថាបនាសង្គម។ ទី២ យើងចង់ឱ្យយុវជនហ្នឹងចាប់ផ្តើមចេះវិភាគ ចេះពិចារណាព្រឹត្តិការណ៍សង្គមដែលកើតឡើង។ ទី៣ គឺយើងចង់ឱ្យយុវជនទៅឃើញតំបនដែលប្រឈមផ្ទាល់ៗ ជាពិសេសតំបន់ព្រៃ តំបន់សហគមន៍រងគ្រោះដីធ្លី ផ្សេងៗ»

បើតាមលោក កើត សារ៉ាយ សិក្ខាកាមដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងមួយវគ្គៗមានប្រ​​មាណ ១៣នាក់ ហើយក្នុងមួយខែ មានផែនការចុះសហគមន៍ប្រមាណ ២ដង។ យ៉ាងណាក្តី លោកមានក្តីរំពឹងថា ការដឹកនាំក្រុមយុវជន​ទៅទស្សនានៅតំបន់ប្រឈមទាំងនោះ នឹងជួយជំរុញឱ្យពួកគេចេះស្រឡាញ់ព្រៃឈើ ស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ប្រទេសរបស់ខ្លួន​ ជាពិសេសគឺជាការបណ្តុះមនសិការជាតិសម្រាប់យុវជនជំនាន់ក្រោយ។

លោកបន្តថា៖ «យើងរំពឹងថា សង្គមយើងនឹងមានការផ្លាស់ប្តូរនៅពេលខាងមុន នៅពេលដែលយុវជនយើងត្រូវបានលាងសម្អាត។ លាងសម្អាតមិនមានន័យថាលាងសម្អាតខួរអីទេ! គឺយើងមានការអប់រំត្រឹមត្រូវ មានការបណ្តុះបណ្តាលមនសិការជាតិត្រឹមត្រូវ។ គាត់នឹងក្លាយជាធនធានសំខាន់សម្រាប់ប្រទេសជាតិនៅពេលខាងមុខ»។

ប្រភពដដែលបានឱ្យដឹងថា ការចូលរួមរបស់ក្រុមយុវជនទាំងនោះ គឺមិនតម្រូវឱ្យមានការបង់ថវិ​​កា​​នោះទេ គឺខាងសមាគមរបស់លោកជាអ្នកទទួលបន្ទុកដោះស្រាយរាល់ការចំណាយផ្សេងៗទាំងអស់​​ក្នុងពេលធ្វើដំណើរទស្សនកិច្ចនេះ។

សកម្មភាពក្រុមយុវជនបំពេញទស្សនកិច្ចសិក្សានៅតំបន់ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។
សកម្មភាពក្រុមយុវជនបំពេញទស្សនកិច្ចសិក្សានៅតំបន់ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ (ផ្ដល់ឱ្យ)

គេហទំព័រ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានឱ្យដឹងថា នាពេលកន្លងមក សមាគមមួ​យនេះធ្លាប់បានរៀបចំវគ្គខ្លីៗជាច្រើន ដូចជា ការបណ្តុះបណ្តាលពីសេរីភាពបញ្ចេញមតិជាសាធា​​​រ​ណៈ ការប្រើប្រាស់បណ្តាញសង្គមដោយសុវត្ថិភាព កិច្ចពិភាក្សាពីតួនាទីពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ និងការគិតពិចារណាបែបស៊ីជម្រៅ ជាដើម។ ប្រភពដដែលបញ្ជាក់ថា បេសកកម្មទាំងនេះរៀបចំឡើង ​​​​ក្នុងទិសដៅជំរុញឱ្យនិស្សិតបញ្ញវន្តខ្មែរ បានចូលរួមក្នុងសកម្មភាពនានា ដើម្បីបម្រើផលប្រ​​​យោជន៍រប​​ស់​​សង្គម និងការរីកចម្រើនរបស់ប្រទេសជាតិ តាមរយៈការអប់រំ បណ្ដុះប​​ណ្ដា​​ល​​ចំ​​ណេះ​​ដឹង និង​ជំនាញ ដែលរៀបចំឡើងដោយសមាគមផ្ទាល់។

ចំណែកយុវតី ហេង គឹមសួ វ័យ២២ឆ្នាំ ជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់ថា ខ្លួនធ្លាប់បានចូលរួមដំណើរទស្សនកិច្ចសិក្សាជា​​មួ​យសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) នៅតំបន់ព្រៃសហគមន៍ភ្នំដែកចំបក់ហោះ ស្ថិតនៅ​​​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ នៅស្រុករវៀង ខេត្តព្រះវិហារ បានម្តងរួចមកហើយ។ យុវតីរូបនេះសង្កេ​​ត​​ឃើញថា ព្រៃសហគមន៍មួយនេះត្រូវរងការកាប់បំផ្លាញជាបន្តបន្ទាប់ ដែលពីមុនមក កញ្ញាមិនធ្លាប់បាន​ដឹងទាល់តែសោះថាមានការកាប់បំផ្លាញដើមឈើប្រណិតៗនៅតំបន់ព្រៃអភិរក្សមួយនេះទេ។

យុវតីរូបនេះបន្តថា៖ «នៅពេលដែលយើងនៅទីក្រុង ខ្ញុំអត់បានចុះ ក្នុងចិត្តខ្ញុំមួយគិតថា ព្រៃដែលគេអភិរក្សមានសន្តិភាពហើយ គ្មានអ្នកណាទៅប៉ះពាល់ទេ តែជាក់ស្តែង គឺវាអត់អ៊ីចឹងទេ! ពេលខ្ញុំចុះទៅ​ ឮសូរសំឡេងអារឈើទាំងកណ្ដាលយប់ក៏មានដែរ»

ប​ន្ថែមពីលើនេះទៀត និស្សិតជំនាញនីតិសាស្រ្ត រូបនេះ ប្រាប់ថា ការចុះទៅតំបន់ប្រឈមបែបនេះ ក៏តែងតែមានការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាននៅតំបន់នោះដោយផ្ទាល់ដែរ ដោយពួកគេជិះម៉ូតូទៅវិ​​ញទៅមកជាប្រចាំ។ ទោះជាបែបនេះក្តី យុវតី ហេង គឹមសួ ជំរុញឱ្យយុវជនគ្រប់រូបគួរចូលរួមដំ​​ណើរទស្សនកិច្ចបែបនេះឱ្យបានផុសផុលបន្ថែមទៀត ដើម្បីជាផ្នែកមួយក្នុងការចូលរួមរកដំ​​​ណោះ​ស្រាយទៅលើបញ្ហាប្រទេសជាតិដែលកំពុងកើតមាន ដោយថា ការចូលរួមនេះគឺជាសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដូចមានបញ្ញត្តិនៅក្នុងច្បាប់។

កញ្ញាបន្តថា៖ «ខ្ញុំសង្ឃឹមថា កម្មវិធីហ្នឹងនៅតែអាចបន្តធ្វើឡើងពីខេត្តមួយទៅខេត្តមួយ ហើយសង្ឃឹមថាយុវជនយើងបានចូលរួមបានផុសផុលច្រើន ដោយសារពេលដែលខ្ញុំទៅហ្នឹង យុវជនយើងរាងស្ទាក់ស្ទើរច្រើន។ អ៊ីចឹងខ្ញុំសង្ឃឹមថា យុវជនកុំខ្លាច ហើយកុំស្ទាក់ស្ទើរក្នុងការដែលយើងស្វែងរកការពិតជួយសង្គមជាតិយើង»។

រដ្ឋធម្មនុញ្ញ មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ជាមួយគ្នានេះ យុវតីម្នាក់ទៀត យុវតី ស៊ន ចាន់នេត និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទក​​សិ​​កម្ម បានឱ្យដឹងថា កញ្ញាធ្លាប់បានទៅទស្សនាតំបន់រុករករ៉ែនៅស្រុករវៀង ក្នុងខេត្តព្រះវិហារ ជា​​មួយសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានម្តងដែរ។

កញ្ញាសង្កេតឃើញថា ប្រជាពល​​រដ្ឋនៅតំបន់នោះកំពុងប្រឈមនឹងការបណ្តេញចេញពីភូមិ ដោ​​យ​សា​​រ​​ក្រុមហ៊ុនឯកជនដែលធ្វើអាជីវកម្មជីករ៉ែនៅទីនោះបានទន្រ្ទានយកដី មិនឱ្យអ្នកភូមិប្រកបរបរជីករ៉ែតាមបែបប្រពៃណីនោះទេ។ ប្រភពបញ្ជាក់បន្ថែមទៀតថា ការចូលរួមសកម្មភាពសង្គមមួ​​​យនេះបានបង្ហាញការពិត ដែលកញ្ញាមិនដឹងពីបញ្ហានេះពីមុនមកទេ។

កញ្ញាបន្តថា៖ «ការបោះជុំរុំហ្នឹងពិតជាជួយដល់យុវជនជំនាន់ក្រោយខ្លាំងមែនទែន ព្រោះអីវាបានបង្ហាញអ្វីដែលជាការពិត អ្វីដែលយុវជនគួរតែដឹង ហើយគួរសិក្សាឈ្វេងយល់ពីវា»។

បើតាមយុវតី ស៊ន ចាន់នេត បញ្ហាកើតឡើងទាំងនោះមិនសូវបានឃើញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុ​​​ក​​ណាមួយហ៊ានចុះផ្សាយនោះឡើយ។

ឆ្លើយតបរឿងនេះ អ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មានថ្មីៗ កញ្ញា ផាត ដាណេ វ័យ២២ឆ្នាំ ទ​​ទួ​ល​ស្គាល់ថា កញ្ញាមិនសូវបានផ្សាយផ្សាយពីបញ្ហាព្រៃឈើនោះទេ ដោយថា ការសរសេរអត្ថបទពីការកាប់បំផ្លាញព្រៃឈើនេះ ត្រូវចំណាយពេលវេលាសា្រវជ្រាវ និងភស្តុតាងជាក់ស្តែងច្រើន ជាពិសេសត្រូវទៅទីតាំងផ្ទាល់ ដែលត្រូវប្រឈមពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ មួយវិញទៀត ​កញ្ញាថា កង្វះឯកសារ ឬរបាយការណ៍ និងការចូលរួមរាយការណ៍ពីពលរដ្ឋនៅមូលដ្ឋានពីបញ្ហាព្រៃឈើ ក៏ជា​​ការរាំងស្ទះក្នុងការផ្សព្វផ្សាយបញ្ហាព្រៃឈើផងដែរ។

កញ្ញាបន្តថា៖ «គាត់ [ក្រុមយុវជន] លើកឡើងហ្នឹង វាអត់ខុសទេ! ហើយខ្ញុំក៏មើលឃើញថាវាអ៊ីចឹងដែរ។ ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានម្នាក់ ជាពលរដ្ឋមួយរូបដែរ ជារួម ខ្ញុំក៏ចង់ឱ្យមានការផ្សព្វផ្សាយពីព័ត៌មានហ្នឹងច្រើនដែរ»

យ៉ាងនេះក្តី ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានប្រាប់ថា អាជ្ញាធរក្នុ​​ងមូលដ្ឋានតែងស្វាគមន៍ប្រជាពលរដ្ឋគ្រប់រូបដែលមានបំណងសិក្សាឈ្វេង​​យល់​បន្ថែមនៅតំ​​ប​ន់​​ព្រៃ ក្នុងខេត្តព្រះវិហារ។ លោកបន្តថា ប្រសិនបើព​​ល​​​​រដ្ឋមានចំណងចុះកម្មសិក្សាក្នុងតំបន់ព្រៃណា​​មួយក្នុងខេត្តព្រះវិហារ គួរមានការសហការជា​​មួ​​យ​​​​អាជ្ញាធរ ដើម្បីជាផ្នែកមួយបានចូលរួមទប់ស្កាត់បទល្មើសព្រៃឈើក្នុងមូលដ្ឋានរបស់លោកដែរ។

លោកបន្តថា៖ «យើងអត់មានយល់ទាស់អីផង សំខាន់ឱ្យតែគាត់មកចូលសួរមន្ទីរមក ហើយមានលិខិតត្រឹមត្រូវទៅ យើងសហការជាមួយគាត់ហើយ»។

ដោយឡែក ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ប្រាប់ថា​ សមាគមក៏គ្រោងនឹង​រៀបចំផែនការដឹកនាំក្រុមយុវជន ដើម្បីធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំ​​​បន់ដែលកំពុងប្រឈមនានានៅតាមបណ្តាខេត្តផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ដើម្បីបណ្តុះមនសិការជាតិដល់យុវជនជំនាន់ក្រោយ។

លោកបន្តថា៖ «ដូច្នេះយើងនឹងមានគម្រោងនៅពេលខាងមុខ នាំយុវជនទៅមើលតំបន់ដែលប៉ះពាល់ មិនថារ៉ែ ព្រៃឈើ សិទ្ធិមនុស្ស ការទន្រ្ទាន ឬក៏ការរឹបអូសយកដីធ្លីអីសព្វបែបយ៉ាង គឺយើងព្យាយាមឱ្យអស់លទ្ធភាព ដើម្បីនាំយុវជនឱ្យបានទៅដល់ទីតាំងទាំងអស់នោះ ហើយឱ្យគាត់រៀនសូត្រពីទុក្ខលំបាក ហើយរៀនសូត្រពីអ្វីហៅថា ការរឹតត្បិត ការគាបសង្កត់ ការជិះជាន់របស់អ្នកមានអំណាច។»

បើទោះជាបែបណា និស្សិតវ័យប្រមាណ២០ឆ្នាំ កញ្ញា ស៊ន ចាន់នេត ប្រាប់ថា រូបគេក៏មានការព្រួ​​យ​បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ នៅពេលបានទៅទស្សនាតំបន់ដែលកំពុងជួបបញ្ហាបែបនេះ។ ប៉ុ​ន្តែ​​កញ្ញាថា ការចូលរួមនេះ​ គឺជា​​កា​​​របំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋមួយរូបដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ៕