យុវជនលើកឡើងខុសៗគ្នា ជុំវិញការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ដោយពួកគេចាត់​​ទុក​​ថា ​ការបិទប្រព័ន្ធផ្សព្វផ្សាយមួយនេះ វាហាក់ដូចជាការបំបាត់សំឡេងពលរដ្ឋដែលរងគ្រោះ​​នៅ​​តា​​ម​ស​ហគមន៍នានាជាច្រើន ហើយក៏ធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា ដែលឈរនៅកណ្ដាល ត្រូវ​បា​ត់​សំឡេងដែរ ខណៈក្រុមអង្គការមិនមែនរដ្ឋាភិបាលលើកឡើងពីការខាតប្រយោជន៍​​ដែល​​រដ្ឋា​​ភិ​​បា​​លត្រូវ​ទទួលបានពីជ្រុងម្ខាងទៀត នៃដំណឹងក្នុងការកែលម្អសម្រាប់អនុវត្តទៅ​​លើគោល​​ន​​យោ​​បា​​យ​​រ​ប​​​ស់ខ្លួន។

យុវតី ដាំ ស្រីនាង យល់ឃើញថា ក្នុងនាមជាយុវជនម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា នៅពេ​​ល​​ដែលដឹងថា រដ្ឋាភិបាលសម្រេចបិទស្ថាប័ន វីអូឌី ពិតជាមានការសោកស្តាយ។ ស្ថិតក្នុងវ័យប្រ​​មា​​ណ​​​​២២ឆ្នាំ យុវតីរូបនេះ​​បន្ដថា ស្ថាប័ន វីអូឌី បានមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាននៅ​​​មូ​​លដ្ឋាន ដែលរដ្ឋាភិបាលមិនបានដឹង ដូចជា បញ្ហាដីធ្លី និងបញ្ហាអសកម្មរបស់មន្រ្ដីមួយ​​ចំ​​នួ​ន​​។​​ មិ​ន​​តែ​​ប៉ុណ្ណោះ វីអូឌី បានដើរតួនាទីក្នុងការរួមចំណែកផ្ដល់ព័ត៌មានពិតអំពីបញ្ហាសង្គមទៅដល់​​រដ្ឋា​​ភិ​​បា​​ល ដើម្បីបានជាធាតុចូលក្នុងការពិចារណាដែរ។

កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំជាយុវជនម្នាក់ ក៏ដូចជាពលរដ្ឋម្នាក់ និងជាម្ចាស់សំឡេងឆ្នោតនៅពេលខាងមុខឆាប់ៗនេះ ខ្ញុំចង់ឱ្យរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណជូនវិទ្យុ វីអូឌី វិញបង​ ​ដោយសារតែខ្ញុំចង់ឃើញសំឡេងរបស់ប្រជាពលរដ្ឋនៅតែមាន និងដំណោះស្រាយផ្សេងៗតាមរយៈវីអូឌី»

កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចិត្តបិទ វិ​​ទ្យុ​​​​​​​​សំ​​ឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយពីស្ថាប័ននេះរងការចោទប្រកាន់ពីរដ្ឋាភិបាល បន្ទាប់ពីបានផ្សា​​យព័ត៌មានពាក់ព័ន្ធនឹងជំនួយប្រ​​មា​​ណ​​១០ម៉ឺ​​​​ន​​​ដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ទៅ​​ដល់ប្រទេសតួកគី អំពីគ្រោះរញ្ជួយដី​​។​​ ការដែលរដ្ឋាភិបាល​​ផ្ត​ល់​​​​សិទ្ធិឱ្យ​​ក្រ​​សួង​​ព័ត៌មាន ដក​​អា​​ជ្ញា​បណ្ណវិទ្យុសំឡេ​​ងប្រ​​​ជា​​ធិបតេយ្យ វីអូឌី នេះ ដោយលោក​​នា​យក​រដ្ឋ​មន្រ្តីចាត់ទុកថា ស្ថាប័នព័ត៌មា​​ន​​មួយនេះបានផ្សាយដំណឹងដែលនាំដល់ការប្រេះឆាផ្ទៃក្នុង និងប៉ះពា​​ល់​​​កិត្តិ​​យ​​ស​​​​របស់លោក ហ៊ុន ម៉ា​​​​ណែ​ត ដែលជាកូនប្រុសច្បងរបស់លោក។

ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀតគឺ លោក គឹម ជីលីន ដែលមានវ័យ២៣ឆ្នាំ និងជាយុវជនម្នា​​ក់​​​ដែលតែងតែចូលរួមកិច្ចការសង្គម រិះគន់ថា ការបិទវិទ្យុ វីអូឌី នេះ វាជារឿងមួយដែលមិនត្រឹមត្រូវនោះ​​ទេ វាគួរដោះស្រាយតាមនីតិវិធីច្បាប់ និងជាជំហានៗវិញ ទើបអាចចាត់ទុកថាបាន​​ផ្តល់​​យុត្តិ​​ធ​ម៌​​​សម្រាប់ស្ថាប័នព័ត៌មានមួយនេះខ្លះ។ ជាងនេះទៀត គួរទុកឱ្យអង្គភាព វីអូឌី កែតម្រូវ និងចេញ​​លិ​​ខិ​​ត​ឆ្លើយតប ប្រសិនបើពិតជាមានកំហុសពិតមែន។

បើតាមយុវជន គឹម ជីលីន ស្ថាប័ន វីអូឌី គឺជាស្ថាប័នមួយដែលផ្សាយព័ត៌មានឯករាជ្យ និងយុត្ដិធម៌ និងបានផ្សាយសំឡេងជនរងគ្រោះ ជាដើម។

លោកបន្ដថា៖ «ខ្ញុំពិតជាមានការសោកស្ដាយនៅពេលបិទវីអូឌីបែបហ្នឹង ព្រោះវីអូឌីបានដើរតួយ៉ាងសំ​ខាន់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា វីអូឌីគួរត្រូវបានរដ្ឋាភិបាលពិចា​​រ​​​ណា​​ឡើងវិញ និងគិតពីគុណតម្លៃរបស់វីអូឌី ហើយអនុញាតឱ្យវីអូឌីនៅតែបន្ដ ដើម្បីជំរុញអ​​ភិ​​បាលកិ​​ច្ចរបស់រដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង»

វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ជាស្ថាប័នផ្សព្វផ្សាយមិនរកប្រាក់កម្រៃ ហើយ​ត្រូវបានបង្កើតឡើ​​ងកា​​ល​ពីឆ្នាំ២០០៣ ក្រោមការគ្រប់គ្រងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នៅឆ្នាំ២០០៧ ក្រោ​​យ​​​​ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបំបែកខ្លួនចេញ ស្ថាប័ន វីអូឌី បានរៀនរស់បន្ត​ ក្រោម​​ឆ័​​ត្រ​​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញម្តង រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​​ជា​​ថ្ងៃត្រូវបិទទ្វារជាស្ថាពរ។

​នាយកប្រតិបត្តិសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ថ្លែងថា អង្គភាពព័ត៌មាន គឺជា​​ស្ថាប័នសំខាន់ ជាពិសេសស្ថាប័នព័ត៌មានឯករាជ្យ ដែលមិនចំណុះឱ្យរដ្ឋ ឬក៏គណបក្សនយោបា​​យ​​​។ មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលផ្ដល់ព័ត៌មានពិតដល់សាធារណជន និងយុវជនដែលត្រូវ​​ទ​​ទួ​ល​បានពីការផ្សព្វផ្សាយ ដោយឈរលើគោលការណ៍ឯករាជ្យ និងជឿទុកចិត្ត។ លើសពីនេះទៀត​ លោកបន្តថា ពួកគាត់ក៏ចង់បានព័ត៌​​មានពិត ក្នុងគោលបំណងដើម្បីយកទៅថ្លឹងថ្លែង និងតាមដានស្ថា​​​ន​ភាពសង្គម គឺជារឿងសំខាន់សម្រាប់យុវជន។

លោកបន្ដថា៖ «ខ្ញុំគិតថា ការបិទ វីអូឌី នេះ វាអាចនឹងប៉ះពាល់ទៅដល់វិស័យការទទួលបានព័ត៌មានមួ​​យ​​​​ ដែលគេហៅថាព័ត៌មានពិត។ ក្រោយពីបិទសារព័ត៌មានឯករាជ្យមួយចំនួន យើងឃើញថា នៅស​ល់​​​តែ វីអូឌី មួយនេះទេ នៅតែបន្ដការផ្សព្វផ្សាយដល់យុវជន និងសាធារណជនឱ្យបានដឹងពីបញ្ហា​​​​ដែ​​លកំពុងកើតឡើងរាល់ថ្ងៃ»

បើតាមលោក នី សុខា ការបិទវិទ្យុ វីអូឌី នេះ វាស្របពេលនៅសល់​តែប៉ុន្មានខែទៀតខាងមុខនេះ រដូវកាលនៃការបោះឆ្នោតជ្រើស​​​តាំង​តំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ក៏ឈានមកដល់។ លោក​​បន្ត​​ថា ពលរដ្ឋត្រូវការស្ថាប័នព័ត៌មានដែលឯករាជ្យ ជួ​​យ​ផ្តល់ដំណឹងពីដំណើរការបោះឆ្នោត​​នោះ ហើ​​​​​យ​​ប្រ​​សិ​ន​​បើ​គ្មានវិទ្យុ វីអូឌី ទេ ដូច្នេះមានន័យថា ប្រ​​ភ​​​​ពព័ត៌មានអំពីដំ​​ណើរការបោះឆ្នោតនោះ​ក៏​​​​​​​​ត្រូវ​​បា​​ត់​​​បង់ដែរ​​។

លោកបន្ដថា៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល សង្ឃឹមថារដ្ឋាភិបាលនឹងពិចារណាឡើងវិញ ជាពិ​​សេ​ស​​​បើកឱ្យស្ថាប័ន វីអូឌី ដំណើរការក្នុងពេលឆាប់ៗ»

បើទោះជាបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខ​​ថ្លែងការពារម្តង​​ជាពីរ​​ដង​​ហើយ​​ថា ការ​​បិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី នេះ មិនធ្វើឱ្យប៉ះពាល់ទៅដល់លំហសេរីភាព​​សារ​​ព័ត៌​​មា​​ននៅកម្ពុជាទេ។ ផ្ទុយទៅវិញ ការបិទស្ថាប័នមួយនេះ វាបានជួយពង្រឹងផ្នែកវិជ្ជាជីវៈសាព៌តមានកា​​ន់​​តែល្អជាងមុនថែមទៀតផង។

ក្រោយស្ថាប័នព័ត៌មាននេះបិទ ស្ថានទូតនានាប្រចាំកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់​គ្នា រិះគន់ និងថ្កោលទោសរដ្ឋាភិបាល ដោយចាត់ទុកថា នេះជាចេតនាធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ និងស្នើឱ្យរដ្ឋាភិបាលកម្ពុជាបើកវិទ្យុ វីអូឌី នេះឡើងវិញ។

ស្របពេលជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលប្រមាណ៤០ស្ថាប័នផ្សេងទៀត ក៏បានសេចក្ដីថ្លែ​​ង​ការណ៍រួមគ្នា ដោយចាត់ទុកការបិទស្ថាប័ន វីអូឌី នេះថា គឺជាការរឹតត្បិតសិទ្ធិសេរីភាព។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា រាល់បញ្ហាសង្គមជាតិ គឺយុវជនគួរមានតួនាទីក្នុងការរួមចំណែក និងតាមដានសិក្សាឈ្វេងយល់។ លោកបន្តថា មិនត្រឹមតែយុវជននោះទេ ដែលត្រូវឈឺឆ្អាលនឹងកិច្ចការសង្គម សូម្បីពលរដ្ឋដែលជាម្ចាស់ឆ្នោត ក៏មានសិទ្ធិតាមដាន និង​​ឃ្លាំមើលអំពីដំណើរពីភាពអសកម្មមួយចំនួនក្នុងសង្គមកម្ពុជាដូចគ្នាដែរ។

លោកបន្តថា៖ «រាល់បញ្ហាសង្គមទាំងអស់ គឺយុវជនត្រូវតែចូលរួមតាមដានក្នុងនាមជាធនធានរបស់សង្គមប្រជាធិបតេយ្យ ដូចជាការបិទវិទ្យុ វីអូឌី ជាដើម។ អានេះ វាបញ្ហាទាំងអស់គ្នា។ ការបិទ វីអូឌី គឺជាការបាត់បង់ព័ត៌មានមួយយ៉ាងធំដល់ប្រជាពលរដ្ឋដែលចង់ទទួលបានព័ត៌មានឯករាជ្យមួយផងដែរ»

សម្រាប់លោក ប៉ិច ពិសី ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល លោកចង់ឱ្យស្ថាប័នមួយនេះរស់ឡើងវិញ និងអាចប្រតិបត្តិការផ្សាយព័ត៌មានដូចដើមឡើងវិញ ដើម្បីបានជាប្រយោជន៍​​សម្រាប់​​សា​​ធារណជន។

ស្របពេលដែលលោក ហ៊ុន សែន ប្រកាសពីការបើកទ្វារស្វាគមន៍ឱ្យអតីតបុគ្គលិកវិទ្យុសំ​​ឡេង​​ប្រ​​​ជា​ធិបតេយ្យ វីអូឌី បានចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ សហគមន៍ជាតិ និងអន្តរជាតិ​​ បា​​ន​​រិះ​គន់​​ថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺជាការរុញឱ្យសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា កា​​ន់​​​តែបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងដំណាក់កាលចុងក្រោយនេះ៕