យុវជនមួយចំនួនចាប់អារម្មណ៍លើការតែងនិពន្ធ ទោះបីជាមានភាពលំបាកបន្តិចក្ដី ក៏ពួកនៅបន្តជម្នះភាពស្មុគស្មាញនេះ ព្រោះចង់រក្សាមត៌កអក្សរសិល្ប៍ និងវណ្ណកម្មជំនាន់ដើមឱ្យបានគង់វង្ស ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា យុវជនគួរចូលរួមលើកកម្ពស់ឱ្យបានច្រើនគ្នា លើវិថីតែងនិពន្ធនេះ។
មានសម្បុរខ្មៅស្រអែម យុវជន ខន ម៉ាណែត រៀបរាប់ថា រូបគេចាប់អារម្មណ៍លើការតែងនិពន្ធនេះ តាំងពីតូចមក ហើយកន្លងទៅ ខ្លួនតែងអានសៀវភៅ និងមើលសាច់រឿងដែលផ្សាយតាមបណ្ដាញសង្គម និងតាមទូរទស្សន៍ ហើយស្នាដៃទាំងនោះសុទ្ធសឹងតែជារឿងអ្នកនិពន្ធវ័យក្មេងបាននិពន្ធឡើង។
មានស្រុកកំណើតមកពីខេត្តព្រៃវែង និងជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរនៅវិទ្យាល័យមួយក្នុងខេត្តមួយនេះផង លោក ខន ម៉ាណែត បញ្ជាក់ថា ក្នុងនាមជាយុវជនគួររួមចំណែកតាមរយៈការសិក្សាពីរបៀបតែងនិពន្ធ ដើម្បីកសាងស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
ស្ថិតក្នុងវ័យ២៧ឆ្នាំ ដោយស្លៀកខោជើងវែង ពាក់អាវពណ៌ស យុវជនរូបនេះបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា គ្រប់គ្នាគួរចូលរួមរក្សាស្នាដៃរបស់បុព្វបុរសខ្មែរដែលខិតខំប្រឹងប្រែងបន្សល់ទុកស្នាដៃជាច្រើន ដូចជា រឿងខ្លី កំណាព្យ ប្រលោមលោក ភាពយន្ដបែបអប់រំ និងចម្រៀងផ្សេងៗទៀត ជាពិសេសសារអប់រំរបស់លោកព្រឹទ្ធាចារ្យ អ្នកភារម្យភាសាអ៊ូ ហៅង៉ុយ និងបិតាអក្សរសាស្ដ្រខ្មែរ គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាដើម។
លោកបន្ដថា៖ «ខ្ញុំមករៀនវិជ្ជាតែងនិពន្ធនេះ ព្រោះចង់ចូលរួមថែរក្សាក្នុងនាមជាយុវជនម្នាក់។ ខ្ញុំស្រលឡាញ់ ទើបខ្ញុំឆ្លៀតមករៀន។ នៅនេះ គេ[សមាគមអ្នកនិពន្ធខ្មែរ]មានបង្រៀនច្រើនមុខ ប៉ុន្តែតាមវគ្គ។ ខ្ញុំចង់ក្លាយជាអ្នកនិពន្ធវ័យក្មេង១រូបដែរបង»។
ហាក់មិនខុសគ្នាប៉ុន្មាននោះទេ យុវជន សេង ផេងកូវ អាយុ២២ឆ្នាំ លើកឡើងថា រូបគេមាននិស្ស័យក្នុងការសរសេរ និងអានសៀវភៅ ជាពិសេសលោកថាក៏ចង់ក្លាយជាអ្នកនិពន្ធរឿង និងសរសេររឿងជាច្រើនដែរ ដើម្បីរួមចំណែកក្នុងការថែរក្សាមត៌ករបស់អ្នកជំនាន់មុន ដែលចង់ឱ្យមានអ្នកបន្ដវេន។ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ និងមានស្រុកកំណើតមកពីខេត្ដត្បូងឃ្មុំ យុវជនរូបនេះលើកឡើងថា ការតែងនិពន្ធនេះជាមុខវិជ្ជាមួយដែលអាចនឹងលំបាក ប៉ុន្ដែវាក៏ជារឿងល្អដែរ ប្រសិនបើយុវជនអាចជម្នះបញ្ហាទាំងនេះបាន។
លោកបន្ដថា៖ «ក្នុងនាមយើងជាយុវជន យើងគួរតែសិក្សានូវអក្សរសិល្ប៍យើងឱ្យបានច្រើន។ ដូចខ្ញុំអ៊ីចឹង ពេលសរសេរដំបូង គឺនូវខ្វះខាតអក្សរសិល្ប៍ច្រើន ដូចជាអក្ខរាវិរុទ្ធអី ខ្ញុំសរសេរអត់ត្រូវ។យុវជន បើអាចមានពេល យើងត្រូវស្រាវជ្រាវមកសិក្សាបន្ថែមពីវិជ្ជាតែងនិពន្ធនេះ»។
ជុំវិញរឿងនេះដែរ ប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក ព្រឿង ប្រណិត មានប្រសាសន៍ថា ជាការសង្កេតមើលឃើញពីសន្ទុះយុវជន ហាក់ចាប់អារម្មណ៍លើវិជ្ជាតែងនិពន្ធ ហាក់មានការកើនឡើង។លោកបន្តថា ពីមុនគេអាចនឹងមើលឃើញការតែងនិពន្ធនេះមិនទទួលបានការគាំទ្រ ជាពិសេសខ្វះទីផ្សារ។
បើតាមលោក ព្រឿង ប្រណិត យល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ឃើញមានយុវជន យុវតី និងអ្នកស្រឡាញ់ការតែងនិពន្ធ នាំគ្នាមករៀនសូត្រច្រើននៅសមាគមអ្នកនិពន្ធខ្មែរ ដែលជាចលករមួយដើម្បីថែរក្សាអក្សរសាស្ដ្រខ្មែរ និងបន្ដវេនតទៅមុខទៀត។
លោកបន្ដថា៖ «យើងឃើញចំនួនយុវជនក៏មានការកើនឡើង។ តាមពិព័រណ៍សៀវភៅរបស់អ្នកនិពន្ធថ្មីច្រើន និងការអានសៀវភៅ ឃើញថាមានកំណើនច្រើនជាងពេលមុនៗ»។
ចំណែកអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា ក្នុងនាមស្ថាប័នសាម៉ី ដែលជាសេនាធិការរបស់រដ្ឋាភិបាល ស្វាគមន៍និងគាំទ្រសកម្មភាពរបស់យុវជនដែលចាប់អារម្មណ៍លើការតែងនិពន្ធនៅពេលនេះ។ លោកបន្តថា ជារៀងរាល់ឆ្នាំ ក្រសួងតែងតែរៀបចំកម្មវិធីប្រកួតប្រជែង ដើម្បីលើកទឹកចិត្ដដល់អ្នកដែលខិតខំប្រឹងឈ្វេងយល់លើមុខវិជ្ជាតែងនិពន្ធនេះ។
លោកបន្តថា៖ «ខ្ញុំសប្បាយចិត្ដពេលឃើញយុវជនបានចាប់អារម្មណ៍លើវិជ្ជាតែងនិពន្ធនេះ។ យ៉ាងណា ខ្ញុំសង្ឃឹមថា ពួកគាត់នឹងខិតខំប្រឹងប្រែងបន្ដទៀតក្នុងវិស័យហ្នឹង»។
ប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ ឱ្យដឹងថា ក្នុងមួយឆ្នាំៗ កំណើនរបស់យុវជនមករៀនពីរបៀបតែងនិពន្ធនៅសមាគមជាហូរហែ ប៉ុន្ដែក្រសួងពុំទាន់មានតួលេខច្បាស់លាស់នៅឡើយទេ។
ជារួម លោក ព្រឿង ប្រណិត អះអាងថាមានអ្នកនិពន្ធជាច្រើនដែលកំពុងតែប្រកបអាជីពនៅតាមផលិតកម្មក្នុងស្រុក គឺសុទ្ធតែបានឆ្លងកាត់ការសិក្សាពីរបៀបតែងនិពន្ធពីសមាគមអ្នកនិពន្ធខ្មែរ ហើយវណ្ណកម្មរបស់ពួកគេកំពុងទទួលបានគាំទ្រនៅលើកញ្ចក់ទូរទស្សន៍ ទាំងមុន និងក្នុងពេលបច្ចុប្បន្ន។ ក្រៅពីនេះ ក៏មានអ្នកខ្លះអាចមានលទ្ធភាពបើកផលិតកម្មដោយខ្លួនគេបានថែមទៀតផងក៏មានដែរ៕