យុវជនមួយចំនួនចាប់អារម្មណ៍លើការតែងនិពន្ធ ទោះបីជាមានភាពលំបាកបន្តិចក្ដី ក៏ពួកនៅបន្ត​​ជម្នះភាពស្មុគស្មាញនេះ ​​ព្រោះចង់រក្សាមត៌កអក្សរសិល្ប៍ និងវណ្ណកម្មជំនាន់ដើមឱ្យបានគង់វង្ស ខណៈ​​​​​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា យុវជនគួរចូលរួមលើកកម្ពស់​ឱ្យបានច្រើនគ្នា លើ​​វិថីតែងនិពន្ធនេះ។

មានសម្បុរខ្មៅស្រអែម យុវជន ខន ម៉ាណែត រៀបរាប់ថា រូបគេចាប់អារម្មណ៍លើការតែងនិពន្ធ​​នេះ តាំងពីតូចមក ហើយកន្លងទៅ ខ្លួនតែងអានសៀវភៅ និងមើលសាច់រឿងដែលផ្សាយតាមបណ្ដាញសង្គម និងតាមទូរទស្សន៍ ហើយស្នាដៃទាំងនោះសុទ្ធសឹងតែជារឿងអ្នកនិពន្ធវ័យក្មេងបាននិពន្ធឡើ​​ង។

មានស្រុកកំណើតមកពីខេត្តព្រៃវែង និងជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរនៅ​​វិទ្យាល័យមួយក្នុ​​ង​​ខេ​​​ត្ត​​មួ​យ​​នេះផង លោក ខន ម៉ាណែត បញ្ជាក់ថា ក្នុងនាមជាយុវជនគួររួមចំណែកតាមរយៈការ​សិ​​ក្សា​​​​​ពី​​រ​​បៀ​​បតែងនិពន្ធ ដើម្បីកសាងស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ស្ថិតក្នុងវ័យ២៧ឆ្នាំ ដោ​​យ​​ស្លៀ​​កខោជើងវែង ពាក់អាវពណ៌ស យុវជនរូបនេះបានបង្ហាញពី​​អា​​រម្មណ៍​​របស់ខ្លួនថា គ្រប់គ្នាគួរចូលរួមរក្សាស្នាដៃរបស់បុព្វបុរសខ្មែរដែលខិតខំប្រឹងប្រែងបន្សល់ទុកស្នា​​ដៃ​​ជាច្រើន ដូចជា រឿងខ្លី កំណាព្យ ប្រលោមលោក ភាពយន្ដបែបអប់រំ និងចម្រៀងផ្សេងៗទៀត ជា​​ពិសេសសារអប់រំរបស់លោកព្រឹទ្ធាចារ្យ អ្នកភារម្យភាសាអ៊ូ ហៅង៉ុយ និងបិតាអក្សរសាស្ដ្រខ្មែរ គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាដើម។

លោកបន្ដថា៖ «ខ្ញុំមករៀនវិជ្ជាតែងនិពន្ធនេះ ព្រោះចង់ចូលរួមថែរក្សាក្នុងនាមជាយុវជនម្នាក់។ ខ្ញុំស្រ​​លឡាញ់ ទើបខ្ញុំឆ្លៀតមករៀន។ នៅនេះ គេ[សមាគមអ្នកនិពន្ធខ្មែរ]មានបង្រៀនច្រើនមុខ ប៉ុន្តែតា​​ម​​វគ្គ។ ខ្ញុំចង់ក្លាយជាអ្នកនិពន្ធវ័យក្មេង១រូបដែរបង»

ហាក់មិនខុសគ្នាប៉ុន្មាននោះទេ យុវជន សេង ផេងកូវ អាយុ២២ឆ្នាំ លើកឡើងថា ​រូបគេមាននិស្ស័យក្នុងការសរសេរ និងអានសៀវភៅ ជាពិសេសលោកថាក៏ចង់ក្លាយជាអ្នកនិពន្ធរឿង និងស​​រសេររឿ​​ងជាច្រើនដែរ ដើម្បីរួមចំណែកក្នុងការថែរក្សាមត៌ករបស់អ្នកជំនាន់មុន ដែលចង់ឱ្យមានអ្នកបន្ដវេន។ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ និងមានស្រុកកំណើតមកពីខេ​​ត្ដ​ត្បូ​ងឃ្មុំ យុវជនរូបនេះលើកឡើងថា ការតែងនិពន្ធនេះជាមុខវិជ្ជាមួយដែលអាចនឹងលំបាក ប៉ុន្ដែវាក៏​​ជារឿងល្អដែរ ប្រសិនបើយុវជនអាចជម្នះបញ្ហាទាំងនេះបាន។

លោកបន្ដថា៖ «ក្នុងនាមយើងជាយុវជន យើងគួរតែសិក្សានូវអក្សរសិល្ប៍យើងឱ្យបានច្រើន។ ដូចខ្ញុំអ៊ីចឹង ពេលសរសេរដំបូង គឺនូវខ្វះខា​​ត​​​​អក្សរសិល្ប៍ច្រើន ដូចជាអក្ខរាវិរុទ្ធអី ខ្ញុំសរសេរអត់ត្រូវ។យុវជន បើអាចមានពេល យើងត្រូវស្រាវ​​ជ្រា​វមកសិក្សាបន្ថែមពីវិជ្ជាតែងនិពន្ធនេះ»

ជុំវិញរឿងនេះដែរ ប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក ព្រឿង ប្រណិត មានប្រសាសន៍ថា ជា​ការ​​ស​​​​ង្កេ​​​​តមើលឃើញពីសន្ទុះយុវជន ហាក់ចាប់អារម្មណ៍លើវិជ្ជាតែងនិពន្ធ ហាក់មានការកើនឡើង។​​លោ​​​​​ក​​បន្តថា ពីមុនគេអាចនឹងមើលឃើញការតែងនិពន្ធនេះមិនទទួលបា​​ន​​ការគាំទ្រ ជាពិសេស​​ខ្វះ​​ទី​​ផ្សា​​រ​​។

បើតាមលោក ព្រឿង ប្រណិត យល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ឃើញមានយុវជន យុ​​វតី និងអ្នកស្រឡាញ់​ការតែងនិពន្ធ នាំគ្នាមករៀនសូត្រច្រើននៅសមាគមអ្នកនិពន្ធខ្មែរ ដែ​​ល​​​​ជាចល​​ក​​រមួយដើម្បីថែរក្សាអក្សរសាស្ដ្រខ្មែរ និងបន្ដវេនតទៅមុខទៀត។

លោកបន្ដថា៖ «យើងឃើញចំនួនយុវជនក៏មានការកើនឡើង។ តាមពិព័រណ៍សៀវភៅរបស់អ្នកនិពន្ធថ្មីច្រើន និងការអានសៀវភៅ ឃើញថាមានកំណើនច្រើនជាងពេលមុនៗ»

ចំណែកអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសា​​សន៍ថា ក្នុ​​​​ង​​នាមស្ថាប័នសាម៉ី ដែលជាសេនាធិការរបស់រដ្ឋាភិបាល ស្វាគមន៍និងគាំទ្រសកម្មភាពរបស់​​យុវ​​​ជ​ន​ដែលចាប់អារម្មណ៍លើការតែងនិ​​ពន្ធ​​នៅពេលនេះ។ លោកបន្តថា ជារៀងរាល់ឆ្នាំ ក្រសួងតែងតែរៀ​​ប​​ចំកម្មវិធីប្រកួតប្រជែង ដើម្បីលើកទឹកចិត្ដដល់អ្នកដែលខិតខំប្រឹងឈ្វេងយល់លើមុខវិជ្ជាតែង​​និ​​ពន្ធ​​នេះ។

លោកបន្តថា៖ «ខ្ញុំសប្បាយចិត្ដពេលឃើញយុវជនបានចាប់អារម្មណ៍លើវិជ្ជាតែងនិពន្ធនេះ។ យ៉ាងណា ​​ខ្ញុំសង្ឃឹមថា ពួកគាត់នឹងខិតខំប្រឹងប្រែងបន្ដទៀតក្នុងវិស័យហ្នឹង»។  

ប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ ឱ្យដឹងថា ក្នុងមួយឆ្នាំៗ កំណើនរបស់យុវជនមករៀនពីរបៀបតែ​​​​ង​និពន្ធនៅស​​​មាគមជាហូរហែ ប៉ុន្ដែក្រសួងពុំទាន់មានតួលេខច្បាស់លាស់នៅឡើយទេ។

ជារួម លោក ព្រឿង ប្រណិត អះអាងថាមានអ្នកនិពន្ធជាច្រើនដែលកំពុងតែប្រកបអាជីពនៅតា​​ម​​ផ​​​​​​លិត​​កម្មក្នុងស្រុក គឺសុទ្ធតែបានឆ្លងកាត់ការសិក្សាពីរបៀបតែងនិពន្ធពីសមាគមអ្នកនិពន្ធខ្មែរ ហើ​​​​​​យវណ្ណកម្មរបស់ពួកគេកំពុងទទួលបានគាំទ្រនៅលើកញ្ចក់ទូរទស្សន៍ ទាំងមុន និងក្នុងពេលប​​ច្ចុ​​ប្ប​​ន្ន​​​។ ក្រៅពីនេះ ក៏មានអ្នកខ្លះអាចមានលទ្ធភាពបើកផលិតកម្មដោយខ្លួន​​គេបានថែម​​ទៀតផ​​ងក៏​​មា​ន​​ដែរ៕