ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរុ ខេត្តព្រះវិហារ នៅតែបន្តបង្ហាញក្តីព្រួយបារម្ភអំពីបញ្ហាបាត់បង់ព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរកា ដោយពួកគេអះអាងថា មានករណីដឹកឈើចេញពីតំបន់មួយនេះជារៀងរាល់ថ្ងៃ ដែលពាក់ព័ន្ធនឹងការស៊ីសំណូកពីជនល្មើស ជាថ្នូរនឹងការបើកដៃឱ្យមានការកាប់បំផ្លាញដើមឈើប្រណិតៗដោយសេរី។

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរកា ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩៦ ០០០ហិកតា នៅភូមិសាស្ត្រក្នុងស្រុកចំនួន៣ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។

បើទោះបីជារដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្ដី ក៏ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅតែព្រួយបារម្ភថា ព្រៃព្រះរកា នៅតែរងការទន្ទ្រាន និងមានការកាប់បំផ្លាញពីសំណាក់ឈ្មួញ ក្រោមរូបភាពសូកប៉ាន់ទៅឱ្យមន្រ្តីមូលដ្ឋាន ដែលប្រជាសហគមន៍បានរកឃើញករណីកើតមានជាក់ស្តែងជាបន្តបន្ទាប់។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ គឺលោក ថី ហុន បានរៀបរាប់អំពីបញ្ហាព្រៃព្រះរកាថា​ បច្ចុប្បន្នព្រៃព្រះរកា​​កំពុង​​រ​ង​​ការ​​ទន្ទ្រាន​ និងការ​​កាប់បំផ្លាញ​​ ដោយហេតុថាមានជនល្មើសលបលួចចូលទៅកាប់ និងដឹកឈើចេញពីតំបន់ការពារនេះជាហូរហែ តាម​គោយន្ត​ជាច្រើនគ្រឿង ដោយពុំមាន​ការទប់ស្កាត់ណាមួយពីអាជ្ញាធរ​ ឬមន្ត្រីឧទ្យានុរក្សនៅតំបន់នោះ​ឡើយ។

លោកបន្តថា ការដឹកឈើយ៉ាងគគ្រឹកគគ្រេងបែបនេះ ភាគច្រើនចេញពីច្រកដំរីប៊ូត នៃដែនជម្រកសត្វព្រៃព្រះរកា ស្ថិតនៅជិតប៉ុស្តិ៍មន្រ្តីអភិរក្សតែម្តង។ លោកបន្ថែមថា បើករណីកាប់ទន្រ្ទាន និងដឹកជញ្ជូនឈើទាំងនេះនៅតែបន្តកើតមានឡើង នោះជោគវាសនាអនាគតដែនជម្រកសត្វព្រៃការពារមួយនេះនឹងជួបមហន្តរាយជាក់ជាមិនខាននៅថ្ងៃខាងមុខ។

លោកថា៖ «ខាង [មន្រ្តី] អភិរក្សគេយាមឱ្យ! [ឈ្មួញ] គេបង់ឱ្យ គឺថាមួយខែពីរ [ទៅ] បីពាន់ដុល្លារ គេបង់ឱ្យអភិរក្ស ដូចថាអ្នកទិញជ័រ អ្នកទិញដើមច្បោះ ដើមអី គេអារចេញមកពីព្រៃ គេយាមឱ្យទាំងប៉លីសសេដ្ឋកិច្ច គេយាមឱ្យ! គេ[ឈ្មួ]បង់ឱ្យពួកហ្នឹងទាំងអស់»

លោកបន្ថែមថា៖ «ក្នុងមួយថ្ងៃ វាអាច២០គូប ទៅ៣០គូប មិនដឹង! បើគេដឹកតាមគោយន្ត ហើយបើតាមខ្ញុំមើល វាដឹកឈើអាចដល់ ១០ ទៅ ២០ គោយន្ត មិនដឹង! ខ្ញុំឃើញរាល់ថ្ងៃ គេដឹកគគ្រឹក! យើងមិនហ៊ានចូលទេ ដោយសារមានអ្នកយាម ដូចអភិរក្ស អ្នកយាម ប៉ូលិស សមត្ថកិច្ច គេមើលផ្លូវឱ្យ! ពេលយើងទៅថត គេហាមយើងមិនឱ្យថតគោយន្តគេទេ យើងក៏មិនហ៊ានថតគេដែរ ព្រោះគេមានអ្នកយាមឱ្យ»

បុរសសម្បុរខ្មៅស្រអែមមានវ័យ៣៩ឆ្នាំរូបនេះ បារម្ភថា ការបាត់បង់ព្រៃឈើ ឬជីវចម្រុះ គឺបានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិកើតមានដូចជា ការប្រែប្រួលអាកាសធាតុមិនទៀងទាត់ បញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។ លោកបន្តថា ការបណ្ដែបណ្ដោយឱ្យមានករណីលួចកាប់ឈើប្រណិតបែបនេះនៅក្នុងតំបន់ព្រៃការពារទាំងខុសច្បាប់ បណ្តាលមកពីការធ្វេសប្រហែសរបស់មន្ត្រីថ្នាក់ក្រោម ហើយការអនុវត្តច្បាប់នៅមានកម្រិតនៅឡើយ។

លោក ថី ហុន និយាយថា៖ «ខ្ញុំព្រួយបារម្ភមែនទែន រឿងធនធានធម្មជាតិ ដែលសហគមន៍ជនជាតិដើមភាគតិចយើង ដែលថែរក្សាតាំងពីយូរយារណាស់មកហើយ។ ផ្ទុយទៅវិញ វាកំពុងរងការបាត់បង់ បាត់ៗទៅ បើវាបាត់ទៅ តើខ្ញុំពឹងពាក់ទៅលើអី? សព្វថ្ងៃនេះ ខ្ញុំពឹងពាក់តែលើធនធានធម្មជាតិហ្នឹង ដូចខ្ញុំដងជ័រច្បោះអ៊ីចឹង ខុសពីនេះ ខ្ញុំរកអីបាន!»

ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរុម្នាក់ទៀតគឺលោក ងន់ ហ៊ីម បានឱ្យដឹងដែរថា មន្ត្រីដែលមានភារកិច្ចការពារតំបន់ព្រៃព្រះរកា តែងតែព្យាយាមរារាំងសកម្មជនបរិស្ថាន និងពលរដ្ឋដែលស្រឡាញ់ព្រៃឈើ ដោយមិនអនុញ្ញាតឱ្យពួកគេចុះល្បាតដើម្បីជាផ្នែកមួយជួយទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។ លោកថា ករណីនេះផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម។

លោកថា៖ «គេ[ខាងមន្រ្តីបរិស្ថាន]ព្យាយាមហាមឃាត់សហគមន៍មិនចុះល្បាតការពារព្រៃ ហើយគេថាយើងខុសច្បាប់ ប៉ុន្តែបទល្មើសកើតឡើងជាហូរហែទៅវិញ នេះជាអ្វីដែលយើងព្រួយបារម្ភ»

លោកបន្ថែមថា៖ «សម្រាប់សហគមន៍យើងមានច្បាប់ យើងគិតថាអាហ្នឹងគឺជាកាតព្វកិច្ចរបស់យើង ព្រោះក្នុងច្បាប់បានចែងច្បាស់ហើយថាកិច្ចការងារអភិរក្សហ្នឹងត្រូវការសហគមន៍មូលដ្ឋានចូលរួមការពារនិងអភិរក្សទាំងអស់គ្នា មិនមែនតែមន្រ្តីឧទ្យានុរក្សនោះទេ»

មាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

មិនខុសគ្នានេះដែរ តំណាងជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ខាក់ ភារិទ្ធម៉ាស៊ី បានលើកឡើងថា អនាគតព្រៃព្រះរកានឹងរងការបាត់បង់ នោះជារឿងត្រឹមត្រូវ ព្រោះសកម្មភាពបទល្មើសកាប់បំផ្លាញព្រៃកើតមានជារៀងរាល់ថ្ងៃ។

លោកបន្តថា លោកពិតជាមានការព្រួយបារម្ភខ្លាចបាត់បង់ដែនជម្រកសត្វព្រៃនេះនាពេលដ៏ខ្លីខាងមុខ ដោយលោកសង្កេតឃើញថា មន្ត្រីបរិស្ថានហាក់ធ្វេសប្រហែស និងបណ្តែតបណ្តោយឱ្យបទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែនៅក្នុងតំបន់អភិរក្សមួយនេះ។

លោកថា៖ «ការបាត់បង់ព្រៃព្រះរកា គឺមកពីមានការគប់គិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ ដែលពួកគាត់តែងតែស៊ីសំណូកជាមួយអ្នកកាប់ឈើ ឬជនល្មើសដែលលួចទៅកាប់បំផ្លាញព្រៃ។ បាទ! ទាំងអស់នេះហើយដែលបណ្តាលឱ្យព្រៃព្រះរកាចេះតែបាត់បង់ទៅៗជាហូរហែ»។

លោកបន្ថែមថា៖ «រឿងទាំងអស់នេះ [ករណីគប់គិតគ្នា] ជាការមើលឃើញផ្ទាល់នឹងភ្នែករបស់សហគមន៍ទាំងមូលនៅក្នុងភូមិឃុំតែម្តង»។

យុវជនវ័យ២៤ឆ្នាំ ជាអ្នករស់នៅភូមិប្រមេរុរូបនេះ បានស្នើទៅដល់រាជរដ្ឋាភិបាលគួរចុះពង្រឹងការអនុវត្តច្បាប់ដល់មន្រ្តីរាជការ ក្នុងកិច្ចការពារបរិស្ថាន ជាពិសេសមន្រ្តីឧទ្យានុរក្ស ដោយលោកថា ពួកគេបានសហការជាមួយឈ្មួញ និងជនល្មើស ជាហេតុនាំឱ្យកើតមានអំពើពុករលួយ រហូតមានការលួចកាប់ព្រៃឈើ និងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យបែបនេះ។

លោកថា៖ «ស្នើឱ្យរដ្ឋាភិបាលពង្រឹងច្បាប់នៃតំបន់ការពារព្រៃធនធានធម្មជាតិឱ្យរឹងមាំជាងមុន ព្រោះឥលូវការពារតំបន់ធនធានធម្មជាតិ ដូចជាខ្សោយ ហើយនិងណាមួយបិទសិទ្ធិមិនឱ្យសហគមន៍ពួកខ្ញុំចូលរួមល្បាត។ ចង់ឱ្យបើកឱ្យទូលាយទាំងអស់គ្នា ដើម្បីចូលរួមការពារព្រៃទាំងអស់គ្នា»។

ក្នុង​សន្ទស្សន៍​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២ ដែលចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ​កម្ពុជាបាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៥០ ​ដែល​មាន​អំពើ​ពុក​រលួយ​ប្រសើរ​ជាង​ឆ្នាំ​មុន​ តែ​នៅ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ។​

​អង្គការដដែលបានបញ្ជាក់ថា កម្ពុជាទទួល​បាន​ពិន្ទុ​ចំនួន​២៤ ​ស្ថិត​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស​១៨០​ លើពិភពលោក។ ចំណាត់ថ្នាក់នេះបាននាំឱ្យកម្ពុជាប្រសើរជាងឆ្នាំមុន បន្តិច ខណ:ដែលឆ្នាំ២០២១ កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៥៧ និងទី១៦០ កាលពីឆ្នាំ២០២០។

ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយក្នុងវិស័យបរិស្ថាននេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ មិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏មិនអាចសុំការឆ្លើយតបបានដែរដោយទូរសព្ទចូលជាច្រើនលើក មិនមានការឆ្លើយតប ខណៈសំណួររបស់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមក៏មិនអាចសុំការឆ្លើយបំភ្លឺបានដែរ។

ទោះជាបែបនេះក្តី មន្ត្រីសម្របសម្រួល​គម្រោង​ នៃ​​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) ​លោក ​អូត ឡាទីន បានជំរុញឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយបំពេញតួនាទីរបស់ខ្លួនក្នុងកិច្ចការពារមរតកធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិជាតិឱ្យបានខ្ជាប់ខ្ជួន ដោយលោកថា កុំចាំដល់ពេលបាត់បង់អស់ទើបស្ដាយក្រោយ។

លោកថា៖ «បើមន្រ្តី ឬអាជ្ញាធរ អសកម្ម ហើយយើងមិនអើពើទាំងអស់គ្នាថែមទៀត នោះបញ្ហានឹងកើតមានកាន់តែធំ នៅទីបំផុតយើងនឹងទទួលរងគ្រោះទាំងអស់គ្នា។ ព្រៃឈើជាមរតកដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់ជីវិតមនុស្ស និងសត្វ។ បើវាបាត់បង់ យើងប្រាកដជារងផលប៉ះពាល់ជាមិនខាន។ ការពារព្រៃឈើ គឺការពារជីវិតនៅលើផែនដី»។

យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ថ្លែងដាក់ជីវិត ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើមិនឱ្យកើតមានក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែសកម្មជនព្រៃឈើដែលល្បាតក្នុងតំបន់ព្រៃព្រះរកា និងព្រៃឡង់ ដែលជាតំបន់ត្រូវបានអភិរក្សហើយនោះ បានរកឃើញថា បទល្មើសកាប់ឈើប្រណិតក្នុងព្រៃទាំងនោះមានជារៀងរាល់ថ្ងៃ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បានបង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា ​ត្រូវ​​បាន​​កាប់​បំផ្លាញ​​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរកា ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕