ពលរដ្ឋរស់នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ស្នើឱ្យបង្កើតអនុវិទ្យាល័យមួយនៅក្នុងភូមិ ដើម្បីឱ្យកូនៗរបស់ពួកគេអាចបន្តការសិក្សា។
ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ឱ្យដឹងថា នៅភូមិពោធិ៍បឹងនេះមានពលរដ្ឋសរុបជិត១ ៥០០នាក់ ដែលក្នុងនោះក្មេងៗភាគច្រើនបានបោះបង់ការសិក្សាត្រឹមថ្នាក់បឋមសិក្សា ដោយសារតែឪពុកម្ដាយរបស់ពួកគេពុំមានលទ្ធភាពបញ្ជូនកូនទៅរៀននៅឯអនុវិទ្យាល័យដែលមានចម្ងាយជាង៦០គីឡូម៉ែត្រពីភូមិរបស់ពួកគេ។
លោក សៅ សារឹទ្ធ អាយុ៤៤ឆ្នាំ ជាកសិករមួយរូប រស់នៅភូមិពោធិ៍បឹង និយាយថា កាលពីពីរឆ្នាំមុន លោកបានសម្រេចចិត្តឱ្យកូនប្រុសដែលសិក្សាទទួលបានចំណាត់ថ្នាក់ល្អក្នុងការសិក្សា ឈប់រៀនត្រឹមថ្នាក់ទី៦ ដោយសារពុំមានប្រាក់ក្នុងការបញ្ជូនកូនទៅរៀនបន្តនៅអនុវិទ្យាល័យដែលមានចម្ងាយ៦៧គីឡូម៉ែត្រពីភូមិ។
លោក សារឹទ្ធ បន្ថែមថា ការបញ្ជូនកូនទៅសិក្សាបន្តនៅឯអនុវិទ្យាល័យ គឺត្រូវចំណាយលើការជួលបន្ទប់ស្នាក់នៅក្បែរសាលា និងការចាយវាយផ្សេងៗ។ ដោយឡែក លោកក៏មានការព្រួយបារម្ភផងដែរចំពោះកូនស្រីរបស់លោកម្នាក់ដែលកំពុងរៀនថ្នាក់ទី៦ និងគ្រោងបន្តរៀននៅអនុវិទ្យាល័យនៅឆ្នាំក្រោយ។
លោក សារឹទ្ធ និយាយថា៖ «យើងចេះតែមានអារម្មណ៍នេះដែរ នៅឆ្ងាយពីភ្នែកពីច្រមុះយើង ព្រួយបារម្ភដែរហ្នឹង។ យើងចេះតែខ្លាចកូនវាអត់ខំរៀន។ ខ្ញុំចង់សំណូមពរខាងអង្គការណា គាត់អាចជួយជាអនុវិទ្យាល័យ»។
រីឯអ្នកភូមិម្នាក់ទៀតគឺ អ្នកស្រី សឹម វ៉ុន វ័យ៦៦ឆ្នាំ ដែលមានកូនចំនួន៦នាក់រៀនត្រឹមថ្នាក់បឋមសិក្សា បានលើកឡើងពីការព្រួយបារម្ភពីចៅៗរបស់អ្នកស្រីថាអាចនឹងបោះបង់ការសិក្សាត្រឹមថ្នាក់បឋម ដូចទៅនឹងឪពុកម្ដាយរបស់ពួកគេដែរ។
អ្នកស្រី វ៉ុន និយាយថា៖ «អត់បានរៀនទេ ផ្ទះនៅឆ្ងាយសាលាពេក [ចុះបឋម កូនរៀនថ្នាក់ទីប៉ុន្មាន?] រៀនបានត្រឹមថ្នាក់ទី២ ទី៣ អីបានរៀន! ដល់ថ្នាក់ទី៦ ទី៧ វាអត់មានសាលារៀន។ [ហេតុអ្វីបានមិនបញ្ជូនទៅវិទ្យាល័យ?] យើងផ្លូវវាពិបាកពេក ផ្លូវវាឆ្ងាយ ហើយក៏អត់លុយអត់កាក់ទៅរៀនផង ក៏វាយើងអ្នកអត់ អ្នកក្រីក្រ។ [ចៅៗ] វានៅតូចៗនៅឡើយ [អនុវិទ្យាល័យ] ឆ្ងាយណាស់ ផ្លូវក៏ពិបាកវេទនា។
ភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានអ្នកភូមិរស់នៅទីនោះ ប្រាប់ថា ទាំងអនុវិទ្យាល័យ មណ្ឌលសុខភាព និងសាលាឃុំ នៅចម្ងាយឆ្ងាយពីភូមិច្រើនជាង៦០គីឡូម៉ែត្រ។ ការណ៍នេះបានបណ្ដាលឱ្យពលរដ្ឋរស់នៅទីនោះត្រូវចំណាយពេលវេលាយូរក្នុងការទៅទទួលសេវាសាធារណៈផ្សេងៗ។
អាជ្ញាធរមូលដ្ឋានបានកត់សម្គាល់ថា ប្រជាពលរដ្ឋនៅភូមិពោធិ៍បឹងនេះដែលមានចំនួនសរុប១ ៤៥៥នាក់ ក្នុងនោះ អាយុចាប់ពី៣០ឆ្នាំឡើង ពុំសូវមានអ្នកចេះអានអក្សរឡើយ ខណៈឈប់រៀនត្រឹមថ្នាក់បឋមសិក្សា បណ្ដាលឱ្យក្មេងៗទាំងនោះរស់នៅធ្វើការជាមួយឪពុកម្ដាយ និងធំឡើងធ្វើកម្មករ។
លោក យ៉ែម ឃឿន មេភូមិពោធិ៍បឹង និយាយថា ការមិនចេះអានអក្សរ បានបណ្ដាលឱ្យពលរដ្ឋទាំងនោះពិបាកក្នុងការបំពេញបែបបទនានាទាក់ទិននឹងសេវាសាធារណៈ។ ដោយឡែក កុមារដែលរៀនចប់ត្រឹមថ្នាក់បឋមទាំងនោះ ពួកគេត្រូវទៅធ្វើស្រែចម្ការ និងកាប់ដើមឈើ ជាដើម។
លោក ឃឿន និយាយថា៖ «រៀនត្រឹមថ្នាក់ទី៦ធ្វើការងារអ្វី? មុខរបរគាត់អត់ទៀងទេ នៅព្រៃ ជួនកាលគាត់ទៅរកជ័រចុងទៅ ជួនកាលទៅបេះផ្កា ជួនកាលគាត់ទៅរកកាប់ផ្ដៅ ជួនកាលទៅកាប់ធាងផ្អាវអ៊ីចឹងទៅ វាអត់ទៀងទេមុខរបរ គាត់ធ្វើស្រូវធ្វើអីអ៊ីចឹងទៅ»។
លោក ឃឿន បន្ថែមថា៖ «ពួកគាត់អត់សូវចេះអក្សរអ៊ីចឹង យើងក៏ពិបាកពន្យល់ពួកគាត់។ ពេលបំពេញបែបបទ ពួកគាត់ពឹងឱ្យពួកខ្ញុំធ្វើអីៗអ៊ីចឹង។ ខ្ញុំមានខាងឃុំ ឬខាងខ្ញុំជួយបន្ថែមគាត់ ពួកខ្ញុំជួយបន្ថែមអ៊ីចឹងទៅ ទាក់ទងនឹងគាត់ធ្វើសំបុត្រអាពាហ៍ពិពាហ៍ ឬក៏ធ្វើអត្រានុកូលដ្ឋាន ឬក៏ធ្វើសំបុត្រមរណភាព ខ្ញុំចេះតែជួយបំពេញគាត់អ៊ីចឹងទៅ។ រឿងលំបាក លំបាកហើយ តែមិនដឹងធ្វើម៉េច យើងអ្នកបម្រើប្រជាពលរដ្ឋ»។
មេឃុំដងពែង លោក ទី យោង ឱ្យដឹងថា លោកបានស្នើសុំឱ្យបង្កើតអនុវិទ្យាល័យនៅភូមិពោធិ៍បឹងនេះ ទាំងទៅកាន់មន្ទីរអប់រំខេត្តកោះកុង និងក្រសួងអប់រំ ជាច្រើនលើករួចមកហើយ។ ចំណែក ភូមិពោធិ៍បឹងនេះ ជាភូមិមួយដែលមានសាលាបឋមសិក្សាចំនួន៤កន្លែងច្រើនជាងគេ ក្នុងចំណោមភូមិទាំង៧ នៃឃុំដងពែង ស្រុកស្រែអំបិល ដោយសារពលរដ្ឋនៅទីនោះរស់នៅចម្ងាយដាច់ៗពីគ្នាជាច្រើនគីឡូម៉ែត្រ។
លោក ទី យោង និយាយថា៖ «ខ្ញុំស្នើមិនដឹងជាប៉ុន្មានសិបដងទៅក្រសួង ប៉ុន្តែគេមិនឱ្យទៅមន្ទីរ[អប់រំខេត្តកោះកុង]ហ្នឹងរហូត គេមិនទាន់ឱ្យ គេគ្រាន់តែប្រាប់ថាត្រៀមដីបម្រុងទុក»។
ឆ្លើយតបទៅនឹងការស្នើសុំនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង លោក ង៉ែត ឡឹង មានប្រសាសន៍ថា លោកនឹងពិនិត្យមើលសាជាថ្មី ចំពោះការស្នើសុំឱ្យមានអនុវិទ្យាល័យនៅភូមិពោធិ៍បឹង។
លោក ឡឹង បញ្ជាក់ថា៖«វាសំខាន់នេះទេ មិនមែនគាត់ចេះតែស្នើសុំទេ សំខាន់មើលទិន្នន័យសិស្សដែរ ជួនកាលសិស្សតិច យើងបើកអនុវិទ្យាល័យទៅ អត់មានសិស្សរៀន។ ចាំមើលខ្ញុំសិក្សា ខ្ញុំសួរអាជ្ញាធរ ហើយនឹងសិក្សាឡើងវិញ។ ស្នើច្រើនដង ចាំមើលខ្ញុំពិនិត្យឡើងវិញ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ប្រជាពលរដ្ឋគួរស្នើសុំដោយផ្ទាល់ទៅកាន់មន្ទីរអប់រំខេត្តកោះកុង ដើម្បីសាងសង់អនុវិទ្យាល័យមួយនៅក្នុងភូមិ។
លោក ជ័យ និយាយថា៖ «ជាដំណោះស្រាយ ខ្ញុំគិតថា ប្រជាពលរដ្ឋ ឬអាណាព្យាបាល គាត់អាចលើកឡើងជាសំណើមួយដាក់មករដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់មកការិយាល័យអប់រំស្រុក និងតាមមន្ទីរអប់រំខេត្ត ពេលហ្នឹងរដ្ឋបាលខេត្តអាចពិនិត្យមើលសំណើហ្នឹងហើយ តាមខ្ញុំយល់»៕