ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកម្ពុជាក្រោម បានប្រារព្ធពិធីដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងគោលបំណងបណ្ដុះការចងចាំ និងដឹងគុណចំពោះអ្នកស្នេហាជាតិរូបនេះ ដែលបានពលីកាយថ្វាយជីវិតដើម្បីថែរក្សាវប្បធម៌សម្រាប់ជាតិសាសន៍ខ្មែរនៅកម្ពុជាក្រោម។

លោក ថាច់ ថា វ័យ៥៨ឆ្នាំ ជាតំណាងពលរដ្ឋដែលបានរៀបចំពិធីដង្ហែរូបសំណាកឧកញ៉ា សឺន គុយ មានប្រសាសន៍ថា មានព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណ៤០អង្គ/នាក់ បានដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងខេត្តព្រះត្រពាំង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកថា គោលបំណងនៃការដង្ហែក្បួននេះ គឺដើម្បីបំផុសស្មារតី​របស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យបានស្គាល់វីរបុរសជាតិរបស់ខ្លួនដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ។

លោកបន្ថែមថា៖ «បើសិនជាយើងទាំងអស់គា្ន យើងមិនចំណាប់អារម្មណ៍! តើវីរបុរសខ្មែរ របស់យើង លោកបានពលីកាយ ពលីជីវិត ឈាមស្រស់ សាច់ស្រស់ ដើម្បីជាថ្នូរ ដូរយកវត្តអារាម អក្សរសាស្រ្ត វប្បធម៌សម្រាប់កូនខ្មែរទាំងមូល ទាំងរាប់លាននាក់ ប៉ុន្តែកូនខ្មែរអត់ស្គាល់គាត់។ ចំណុចនេះមួយ យើងទាំងអស់គ្នាហៅថា កូនរមិលគុណ ជាចៅរមិលគុណហ្មង!»

បើតាមលោក ថាច់ ថា ដែលជាអ្នកខេត្តព្រះត្រពាំង ឱ្យដឹងថា រូបលោកសំណាកឧកញ៉ា សឺន គុយ ត្រូវបានតម្កល់ទុកជា​បណ្ដោះអាសន្ន​នៅផ្ទះ​របស់លោក នៅក្នុងភូមិ​បន្ទាយ​ក្រ ស្រុក​ថ្កូវ ខេត្តព្រះត្រពាំង នឹងត្រៀមធ្វើពិធី​អភិសេក នៅ​ថ្ងៃទី៨ ខែមីនា ខាងមុខនេះ។ លោកថា នៅថ្ងៃដដែលនោះ ​រូបសំណាកឧកញ៉ា សឺ​ន គុយ នឹងត្រូវដង្ហែចេញពីផ្ទះរបស់លោកជាបន្តទៀត ដើម្បីដាក់តម្កល់ទុកនៅ​វត្ត ​អរុណរង្សី​ចាក​អា​គ្រោង នៅខេត្ត​ព្រះ​ត្រពាំង ដើម្បីទុកជាទី​គោរពបូជាសម្រាប់ប្រជាពលរដ្ឋទូទៅ។​

យ៉ាងណាក្តី លោក ថាច់ ថា បន្ថែមថា គម្រោងបន្ទាប់គឺ រូបលោក និងព្រះសង្ឃ មានគំនិតសាងសង់រូបលោកឧកញ៉ា សឺន គុយ ឱ្យបានច្រើន ដាក់តម្កល់នៅតាមទីវត្តអារាមនានាក្នុងទឹកដីកម្ពុជាក្រោម ក្នុងគោលដៅជំរុញឱ្យយុវជនជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្រ្តជាតិរបស់ខ្លួនឯង។

ជាមួយគ្នានេះ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀតគឺ លោក​ ថាច់ កឿង វ័យ៣៦ឆ្នាំ ដែលបានចូលរួមពិធីនេះដែរ បានបង្ហាញក្តីរំភើបចំពោះសកម្មភាពនៃការដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ដោយថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម​ ដែលបានរៀបចំពិធីនេះឡើង។ មួយវិញទៀត លោកបានសាទរចំពោះអាជ្ញាធរវៀតណាម ដែលមិនមានការហាមឃាត់ចំពោះសកម្មភាពនៃការដង្ហែក្បួននេះ។

លោកបន្តថា៖ «ខ្ញុំធ្វើហ្នឹងដើម្បីចង់បានឱ្យបងប្អូនកូនចៅខ្មែរកម្ពុជាក្រោមយើងហ្នឹងដឹងទាំងអស់ពីវីរបុរសជាតិខ្មែរក្រោម គឺលោកតា ឧកញ៉ា សឹន គុយ ហ្នឹង! ហើយអារម្មណ៍ខ្ញុំរំភើប ហើយនិងសប្បាយ ព្រោះខ្ញុំបានធ្វើការបានជោគជ័យ​ក្នុងថ្ងៃដែលដង្ហែក្បួនវីរបុរសជាតិ មិនមានការរារាំងពីអាជ្ញាធរវៀតណាម។ ពួកខ្ញុំសប្បាយ»។  

ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅខេត្តព្រះត្រពាំងរូបនេះ បានបង្ហាញក្តីគោរពចំពោះការលះបង់របស់លោកឧកញ៉ា សឺន គុយ ដែលហ៊ានបូជាជីវិតដើម្បីការពារវប្បធម៌ ប្រពៃណី សិល្បៈ អក្សរសាស្រ្ត ដើម្បីឱ្យនៅគង់វង្សក្នុងទឹកដីកម្ពុជាក្រោមរហូតមកដល់បច្ចុប្បន្ន។ លោកថា ការពលីរបស់វីរបុរសជាតិរូបនេះ​បានបន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបាន ដែលជនជាតិខ្មែរគ្រប់ៗរូបគួរតែចងចាំទុក។

លោកថា៖ «បើសិនជាគាត់ [ឧកញ៉ា សឺន គុយ] មិនថ្វាយជីវិតឱ្យយួនកាត់កនោះទេ គឺខ្មែរក្រោមរបស់យើងហ្នឹង គឺរលាយតាំងពីឆ្នាំ១៨៤១ម៉្លេះ!»  

បើតាមឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញថា ឧកញ៉ា សឺន គុយ គឺជាអតីតចៅហ្វាយខេត្តព្រះត្រពាំង។ លោកបានពលីជីវិត ដោយឱ្យអណ្ណាមកាត់កក្នុងឆ្នាំ១៨៤១ ជាថ្នូរនឹងការថែរក្សា​ប្រពៃណី សិល្បៈ អក្សរសាស្រ្ត វប្បធម៌ និងព្រះពុទ្ធសាសនា សម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅក្នុងទឹកដីកម្ពុជាក្រោម ដែលអណ្ណាមចូលមកទន្រ្ទានគ្រប់គ្រងនាសម័យកាលនោះ និងក្រោយពេលដែលអណ្ណាមដើរកាប់សម្លាប់ពលរដ្ឋខ្មែរក្រោមនៅតាមភូមិឋានដើម្បីបង្ខំចិត្តឱ្យឧកញ៉ា សឺន គុយ ចេញប្រគល់ខ្លួនឱ្យពួកគេ។ លោកបានសម្រេចចិត្តចរចាជាមួយអាជ្ញាធរអណ្ណាម ដោយសុខចិត្តស្លាប់ ប៉ុន្តែតម្រូវឱ្យភាគីអណ្ណាម (វៀតណាមបច្ចុ​ប្បន្ន) រក្សាទុកនូវប្រពៃណីវប្បធម៌ខ្មែរឱ្យបានគង់វង្ស។

អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន សង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរក្រោមបច្ចុប្បន្ននៅតែមិនទាន់ទទួលបានសិទ្ធិសេរីភាពពេញលេញ ដូចប្រជាពលរដ្ឋវៀតណាមនោះទេ។ លោកថា ពួកគេកំពុងប្រឈមបញ្ហាមួយចំនួន ដូចជា ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ការហាមប្រាមមិនឱ្យសិក្សាប្រវត្តិសាស្រ្តខ្មែរ និងការបិទសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានពិត ជាដើម។ យ៉ាងណា លោកបានលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរក្រោម បន្តបេសកកម្មរបស់ខ្លួនឱ្យស្របតាមច្បាប់ជាតិ និងអន្តរជាតិនានាដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្ស សម្រាប់យុវជនជំនាន់ក្រោយ។

លោកថា៖ «ខ្ញុំសង្ឃឹមថា គំនិតនេះ [ការសង់រូបសំណាកលោកឧកញ៉ា សឺន គុយ] នឹងមានការ​បង្កើតបន្ថែមទៀតសម្រាប់វីរបុរសយើងដទៃៗទៀត មិនមែនត្រឹមតែ​វីរបុរសឧកញ៉ា សឺន គុយ ទេ នៅមាន​ជាហូរហែតមកទៀត! មានការកសាងបដិមាដូចបែបនេះដែរ»

ចំណែកសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក​ សំបូរ​ មាណ្ណារ៉ា​ បានសាទរចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលបានរម្លឹកពីវីរភាពស្នេហាជាតិលោកឧកញ៉ា សឺន គុយ ដោយថាជាសិទ្ធិសេរីភាពក្នុងការគោរពវីរបុរសជាតិរបស់ខ្លួន ទោះបីជាពួកគេកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមក៏ដោយ។ លោកថា ទឹកចិត្តស្នេហាជាតិរបស់លោកឧកញ៉ា សឺន គុយ ចំពោះជាតិមាតុភូមិ រហូតពលីជិវិតបែបនេះ គឺជាទឹកចិត្តដ៏ល្អ និងគួរឱ្យគោរពជាទីបំផុតសម្រាប់មនុស្សគ្រប់ៗរូប។

លោកមានប្រសាសន៍ថា៖ «គេអាចនិយាយបានថា លោក [សឺន គុយ] បូជាជីវិតដើម្បីប្តូរជាមួយនឹងការមិនធ្វើអ្វី ដែល[អាជ្ញាធរវៀតណាម]ប៉ះពាល់ទៅដល់សង្គមខ្មែរយើងនាពេលនោះ។ នោះគឺជាការលះបង់ធំណាស់សម្រាប់ជីវិតរបស់លោកផ្ទាល់»

នៅសម័យអាណានិគមបារាំង ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលមានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។

យ៉ាងណាក្តី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលរបស់លោក លន់ នល់ ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ដូច្នេះ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល៕