សមាគមបណ្ដាញយុវជនកម្ពុជា ដែលហៅកាត់ថា ស៊ីវាយអ៊ិន (CYN) បានរៀបចំយុទ្ធនាការតាមប​​ណ្ដាញសង្គមក្នុងរយៈពេល៧ខែ ស្ដីពីសិទ្ធិការងារ និងប្រព័ន្ធគាំពារសង្គម ដើម្បីបញ្រ្ជាបការយល់ដឹ​​ងដល់សាធារណជន និងជំរុញឱ្យរដ្ឋាភិបា​​លធានាបាននូវការសន្យារបស់ខ្លួន ដែលជាការ​​ឆ្លើយ​​ត​​បចំពោះតម្រូវជាក់ស្តែងឱ្យបានពេញលេញស​​ម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាច នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ើ ចាន់ដារ៉ា ឱ្យដឹងថា យុទ្ធនាការនេះ គឺជាសកម្មភាពដំបូងដែលសមាគមបណ្ដាញយុវជនកម្ពុជា រៀ​​ប​​​ចំឡើងនៅតាមបណ្តាញសង្គម ដែលមានរយៈពេល៧ខែ ដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣។ ប្រភពដដែលបន្តថា យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងដើម្បីបំផុសកា​​រយល់ដឹងទៅដល់សាធារណជន​ ជាពិសេសយុវជនឱ្យយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត ស្តីពីច្បាប់ការងារ ច្បាប់បង្កើតសហជីព និងប្រព័ន្ធគាំពារសង្គម ជាដើម។

ជាមួយគ្នានេះ​ លោក ម៉ើ ចាន់ដារ៉ា អះអាងថា​ ក្នុងពេលធ្វើយុទ្ធនាការ ក៏មានលើកឡើងពីការយល់ឃើញ និងការព្រួយបា​​​​រម្ភរបស់យុវជន ទាក់ទងទៅនឹងច្បាប់ការងារ និងប្រព័ន្ធគាំពារសង្គមដែលនៅមានចន្លោះខ្វះខា​ត ដោយបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សមាគមបណ្ដាញយុវជ​​ន​កម្ពុជា (CYN) ដើម្បីរកដំណោះស្រាយពីរដ្ឋាភិបាលដែរ។  

លោកបន្តថា៖ «គោលបំណងដែលយើង Post Poster និងធ្វើវីដេអូហ្នឹង គឺយើងចង់ឱ្យពួកគាត់យ​​ល់​​​ដឹងបន្ថែមពីអត្ថប្រយោជន៍នៃការបង្កើតសហជីព ច្បាប់សហជីព ការគាំពារសង្គម ច្បាប់ការងារផ្សេងៗ​ ជាពិសេសឱ្យគាត់យល់ដឹងកាន់តែស៊ីជម្រៅទាក់ទងទៅនឹងច្បាប់នៅកន្លែងការងារ បទដ្ឋានគតិយុត្ត ច្បាប់អីផ្សេងៗ មុនពេលដែលគាត់អាចចូលបម្រើការងារបាន»។ 

ចំណែកយុវតី យ៉ឹង នីម វ័យ២៥ឆ្នាំ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ សង្កេតឃើ​ញ​ថា ថៅកែ ឬនិយោជកមួយចំនួនមិនទាន់បានគោរពសិទ្ធិកម្មករដែលកំពុងបម្រើការងារក្នុងស្ថាប័ន​​របស់ពួកគេនៅឡើយទេ។ យុវតីដែលបានចូលរួមធ្វើយុទ្ធនាការយុវជនស្តីពីសិទ្ធិការងារ រូបនេះ សង្ឃឹមថា ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល នឹងគិតគូរដោះស្រាយបញ្ហានានាដែលកំពុងកើតមាននៅតាមស្ថាប័ន ឬសហគ្រាសនានានៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យកម្មករនិយោជិតទទួ​​​លបានការគាំ​​ពារពេញលេញក្នុងអំឡុងពេលកំពុងធ្វើការ។

យុវតីបន្តថា៖ «ពាក់ព័ន្ធបញ្ហាសិទ្ធិការងារនាពេលបច្ចុប្បន្ន និងពេលកន្លងមក មិនទាន់មានដំ​​ណោះ​​ស្រាយ នៅតែបន្តកើតមាន ពាក់ព័ន្ធការរំលោភ[សិទ្ធិ]ទៅលើកម្មករ។ ភាគច្រើននៅស្រុ​​ក​ខ្មែរយើង គឺនៅតែមានរូបភាពក្នុងការរំលោភបំពានទៅដល់សិទ្ធិការងារ ជាពិសេសកម្មករ ដូចរឿង​​ណាហ្គាវើលដ៍ ដូចជារឿងកន្លែងការងារមួយចំនួន។ នៅមានស្ថាប័នមួយចំនួន គាត់ក៏នៅតែបន្តរំលោភសិទ្ធិរប​​ស់​​ពួកគាត់ដូចគ្នា»

កាលពីខែតុលា ឆ្នាំ២០២១ ការវាយតម្លៃមួយដែលធ្វើឡើងដោយអង្គការ អុកស្វាម (OXFAM) ទៅ​​​លើកម្រិ​​តនៃការយល់ដឹង និងការទទួលបានព័ត៌មាន ស្តីពីគម្រោងគាំពារសង្គម ក្នុងចំណោមប្រ​​ជា​​ពល​​រដ្ឋ​​​កម្ពុជា បង្ហាញថា ពួកគេមិនស្គាល់ជាទូទៅនូវកម្មវិធីគាំពារសង្គមសំខាន់ៗ ដូចជា ក​​ម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសុខាភិបាល​ឡើយ។

ការសិក្សាដដែលបង្ហាញថា ពលរដ្ឋកម្ពុជាប្រមាណ ៥៤% ក្នុងចំណោមពលរដ្ឋសរុប បានដឹងពីកម្មវិធីគាំពារសង្គ​​ម​ ដោយឡែកប្រមាណ ៤១% ផ្សេងទៀត ឆ្លើយថាដឹងអំពីមូលនិធិសមធម៌សុខាភិ​​បាល ក្រៅពីនេះ ពួកគេឆ្លើយថាមិនដែលបានដឹងអ្វីទាំងអស់។

យ៉ាងនេះក្តី អនុប្រធានការិយាល័យផែនការ នៃនាយកដ្ឋានគោលនយោបាយសន្ដិសុខសង្គម លោ​​ក ឡាយ សុវង្ស បានបដិសេដក្នុងការផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន ជុំវិញយុ​ទ្ធ​នាការរបស់ក្រុមយុ​​​វជ​ន​​ស្តីពីសិទ្ធិការងារ ដែលរៀបចំឡើងដោយ សមាគមបណ្ដាញយុវជនកម្ពុជា ដោយតម្រូវឱ្យ​​មា​​ន​លិ​​ខិត​សម្ភាសជាផ្លូវការជាមុនសិន។

ទោះបីជាយ៉ាងណា យុវជន សាន បូរី វ័យ២៣ឆ្នាំ ជានិស្សិតផ្នែកសង្គមវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ថា មូលហេតុដែលខ្លួនសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការនេះ ដោយសារចង់ផ្លា​ស់​ប្តូរផ្នត់គំនិតរបស់ពលរដ្ឋឱ្យងាកមកចាប់អារម្មណ៍ពីអត្ថប្រយោជន៍នៃការបង្កើតសហជីព ដោ​​យ​​ថា ការចូលរួមជាមួយសហជីព វាគឺជាសិទ្ធិរបស់កម្មករនិយោជិតគ្រប់រូបដែលមា​​នចែងក្នុងច្បាប់​​។

​​ជាងនេះទៅទៀត យុវជនរូបនេះមើលឃើញថា ក្រុមសហជីពត្រូវបានថៅកែរោងចក្រមួយចំនួនលាបពណ៌ថាជាក្រុមបះបោរដែលបង្កអសន្តិសុខនៅកន្លែងកាងារ​​។

បន្ថែមពីលើនេះ លោក សាន បូរី អះអាងថា ប្រសិនមិនមានសហជីពនៅកន្លែងការងារនោះទេ នោះ​​កម្មករនិ​​យោជិ​ត​នឹងជួបការប្រឈមខ្លាំង ក្រោមរូបភាពនៃការគាបសង្កត់សិទ្ធិបុគ្គលិកពីសំ​​ណាក់​​ថៅកែ ឬផា​​​​ត់ចេ​ញ​​នូវការផ្តល់អត្ថប្រយោជន៍ផ្សេងៗដែលមានចែងនៅក្នុងច្បាប់ការងារ។

លោកបន្តថា៖ «ខ្ញុំគិតថា ប្រសិនបើសហជីពមិនមាន ដោយសារយើងផ្តល់តម្លៃថាសិទ្ធិសហជីពជា​​​​​សិទ្ធិមនុស្ស ពីព្រោះសហជីពជាយន្តការនៃការតស៊ូ ការតវ៉ា ដើម្បីឱ្យមានសិទ្ធិនៅកន្លែងការងារ ប្រសិនបើមិនមានសិទ្ធិសហជីពទេ ដូចជាមិនមានសិទ្ធិមនុស្សអ៊ីចឹង ដោយសារតែកម្មករនិយោជិត គាត់ចំណាយពេលជាច្រើននៅកន្លែងការងាររបស់គាត់។ ១ភាគ៣ នៃពេលវេលារបស់គាត់ គឺនៅកន្លែងការងារ »។

មាត្រា​៦​ នៃច្បាប់ស្តីពីសហជីព បានចែងថា កម្មករនិយោជិត ឬនិយោជកទាំងអស់ ដោយមិនប្រ​​កាន់​ពីពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ទស្សនៈនយោបាយ សញ្ជាតិ ដើមកំ​​ណើត​សង្គម ឬស្ថានភាពសុខភាព មានសិទ្ធិចូលជាសមាជិកសហជីព ឬសមាគមនិយោជក ដោយសេរីតាមជម្រើសរបស់ខ្លួន។ គ្មានបុគ្គលណា រួមទាំងសហជីពផង អាចរារាំងដល់សិទ្ធិនេះបានឡើយ។ 

យ៉ាងណាក្តី អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយកា​​រណ៍​មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​លើកឡើង​ថា នៅកម្ពុជាមានតែសហជីពដែ​​ល​ស្និទ្ធជាមួយថៅកែនោះទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុ​ងវិស័យកាត់ដេរ​សម្លៀក​បំពាក់ និង​ទេស​ចរណ៍ ត្រូវទទួលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំ​​ណា​ក់ថៅកែ និងរដ្ឋាភិបាល។​

អង្គការអន្តរជាតិមួយ​នេះបាន​ជំរុញទៅរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិត​សិទ្ធិសេរីភាពបង្កើតសមាគម និង​រំលោភសិទ្ធិសេរីភាពប​​ញ្ចេ​​ញ​មតិ ដូចជា «បទញុះ​ញង់» «បទបរិហារកេរ្តិ៍» «បទ​បរិហារ​​ជា​សាធារណៈ» ឬ​ «បទបរិហារកេ​​រ្តិ៍​​មន្ត្រីសាធារណៈ» ដើម្បី​ធានា​ដល់​ការ​ការ​ពារ​សិទ្ធិមនុស្សនៅកម្ពុជា។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ ដោ​​យ​​សា​​​​រទូរសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។

យ៉ាងនេះក្តី លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានឆ្លើយតបយ៉ាងខ្លីថា មិនមានការរឹតត្បិតសេរីភាពឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល ចំពោះស​​ហ​ជីព ដូចការរកឃើញរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch នោះទេ។

លោកបន្តថា៖ «ពិតណាស់ គឺល្អប្រសើរជាងមុន [ស្ថានភាពសហជីព]។ នេះជាគោលដៅចុងក្រោយដែលយើងចង់បាន ហើយក៏បានឆ្លុះបញ្ចាំងពីសេរីភាពសហជីពដែរ»

ទោះជាបែបណាក្តី សម្រាប់ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាច នៃសមាគមបណ្ដាញយុ​​វ​​ជនកម្ពុជា លោក ម៉ើ ចាន់ដារ៉ា  មានក្តីសង្ឃឹមថា ក្រោយពេលបញ្ចប់យុទ្ធនាការដែលក្រុមរបស់លោ​​​កបានធ្វើរយៈពេល៧ខែនេះ ប្រជាពលរដ្ឋមួយចំនួននឹងបាន យល់ដឹងបានកាន់តែច្បាស់ប​​ន្ថែ​ម​​ទៀតពីច្បាប់ ឬសិទ្ធិនៅកន្លែងការងារ និងប្រព័ន្ធគាំពារសង្គមនេះ ដោយថាពិតជាសំខាន់ស​​ម្រា​​ប់​​ប្រជាពលរដ្ឋទូទៅ មិនមែនសំខាន់ចំពោះតែបុគ្គលណាម្នាក់នោះទេ។

លោកបន្តថា៖ «យើងរំពឹងទុកថា យ៉ាងហោចណាស់ក៏មានយុវជនដឹងឮ សាធារណជនទូទៅ ៥០ភាគរយ ដែលគាត់អាចយកបញ្ហាទាំងអស់នេះយកទៅជជែកបន្ថែម ឬមួយក៏ចូលរួមសកម្មនៅក្នុងយុទ្ធនាការរបស់យើង។ ផ្សារភ្ជាប់នឹងយុទ្ធនាការនេះ យើងក៏មានសកម្មភាពផ្សេងៗទៀតដែរ សម្រាប់ចូលរួមការលើកកម្ពស់ច្បាប់ការងារ ច្បាប់សហជីព និងប្រព័ន្ធគាំពារសង្គម »