ព្រះសង្ឃ និងយុវជនមួយចំនួន បានរៃអង្គាសថវិកា និងសម្ភារសិក្សា ដើម្បីជួយដល់សិស្សានុសិស្សនៅសាលារៀនបឋមសិក្សាព្រៃដុំ នៅក្នុងស្រុកបារាយណ៍ ខេត្ដកំពង់ធំ ដែលកំពុងជួបការលំបាក និងខ្វះខាតខ្លាំង។
ព្រះតេជគុណ សន វ៉ាឃីម ព្រះជន្ម៣១ឆ្នាំ គង់នៅវត្ដមហាមន្រ្ដី រាជធានីភ្នំពេញ មានសង្ឃដីកាថា មូលហេតុដែលព្រះអង្គរៃអង្គាសថវិកា និងសម្ភារសិក្សា ទៅជួយសាលាបឋមសិក្សាព្រៃដុំ ដោយសារតែព្រះអង្គបានមើលឃើញពីទុក្ខលំបាករបស់សិស្ស ដូចជា គ្មានសម្ភារសិក្សាគ្រប់គ្រាន់ ខណៈសាលារៀននេះមិនមានរបងផងដែរ។
ព្រះតេជគុណបន្តថា ព្រះអង្គក៏ធ្លាប់ជាសិស្សរៀននៅសាលាបឋមសិក្សានោះ និងធ្លាប់ឆ្លងកាត់ភាពលំបាកជាច្រើនក្នុងអំឡុងពេលសិក្សា ដូចជា ត្រូវដើរកាត់វាលស្រែ និងគ្មានសម្ភារប្រើប្រាស់សម្រាប់ការសិក្សា ជាដើម ទើបព្រះអង្គមានគំនិតរៃអង្គាសមូលនិធិនេះឡើង ដើម្បីជាការជួយដល់សិស្សានុសិស្សនៅសាលានោះបានរៀនសូត្រ។ ក្រៅពីនោះ ព្រះអង្គក៏ចង់ផ្សារភ្ជាប់តម្លៃព្រះពុទ្ធសាសនាជាមួយនឹងសង្គម ជាពិសេសមេរៀនអប់រំរបស់ព្រះពុទ្ធសាសនាទៅដល់សិស្សានុសិស្សនៅសាលានោះផងដែរ។
ព្រះតេជគុណបន្តថា៖ «ដោយសារខ្លួនឯងជាសិស្សក្រីក្រលំបាកមួយរូប ជួបប្រទះនឹងការខ្វះខាត ដើរទៅរៀនផ្លូវឆ្ងាយ ដល់ពេលបានបួសរៀនសូត្រទៅ ក៏នឹកឃើញបុព្វហេតុថាការលំបាកក្នុងការរៀនសូត្រមិនស្រួលទេ។ ដើម្បីបន្ធូរដល់ការរៀនសូត្ររបស់សិស្សានុសិស្ស មានតែការជួយចែកសៀវភៅ ក៏ដូចជាការចុះអប់រំ។ ការចុះចែកនេះ ក៏អាត្មាផ្សារភ្ជាប់នឹងការណែនាំពីបញ្ហាសុខភាព អនាម័យ និងការចេះថែរក្សាបរិស្ថានផងដែរ»។
ព្រះតេជគុណ សន វ៉ាឃីម មានសង្ឃដីកាបន្តទៀតថា ការចុះចែកសម្ភារសិក្សានេះមិនមែនទើបតែនឹកឃើញភ្លាមចុះធ្វើភ្លាមនោះទេ គឺព្រះអង្គបានគ្រោងទុកជាយូរឆ្នាំមកហើយ ក្នុងគោលបំណងទៅជួយដល់សិស្សនៅស្រុកកំណើត ស្របពេលសាលារៀនមួយនេះកំពុងខ្វះខាតច្រើន ទើបព្រះអង្គប្រមូលគ្នាដែលជាអតីតសិស្សផង និងអ្នកដែលធ្លាប់រស់នៅតំបន់ដាច់ស្រយាលមួយនេះហើយមានជីវភាពធូរធារផង ដើម្បីជួយដល់សាលាបឋមសិក្សាព្រៃដុំនេះ។
ព្រះតេជគុណបន្ដថា៖ «តំបន់អស់ហ្នឹងមិនសូវជាធូរធារប៉ុន្មានទេ អ៊ីចឹងយើងជួយឧបត្ថម្ភជីវិត ដូចជា ការរៀនសូត្ររបស់ហ្នឹងឯងឱ្យប្រសើរឡើង និងលក្ខណៈលើកទឹកចិត្ដដល់កូនក្មួយដែលគាត់ខំប្រឹងរៀនឱ្យកាន់តែប្រឹងបន្ដទៀត។ អាត្មាចង់បំបាត់ទ្រឹស្ដីដែលអ្នកស្រុកអ្នកភូមិគាត់តែងតែគិតអវិជ្ជមានថា “រៀនបានអីហូប រៀនមិនបានអីស៊ីទេ” បានជាអាត្មាចង់ពន្យល់អាណាព្យាបាលអំពីអត្ថប្រយោជន៍ក្នុងការរៀនសូត្រផងដែរ»។
សាលាបឋមសិក្សាព្រៃដុំ ស្ថិតនៅភូមិព្រៃដុំ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ និងមានគ្រូបង្រៀនចំនួន៩នាក់ នៅប្រចាំការ និងមានសិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន១៦៥នាក់។ កម្មវិធីសប្បុរសធម៌នេះបានប្រព្រឹត្ដទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
ស្រដៀងគ្នានេះដែរ យុវជន សួន កុសល ប្រធានសមាគមកំណាព្យកូនខ្មែរ មានប្រសាសន៍នៅរសៀលថ្ងៃពុធនេះថា រូបលោកចូលរួមកម្មវិធីសប្បុរសធម៌នេះ ដោយសារតែក្ដីស្រឡាញ់ និងចង់ជួយចែករំលែកអ្វីដែលខ្លួនមានខ្លះៗទៅដល់សិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាព្រៃដុំ។ លោកបន្តថា ការចូលរួមសកម្មភាពសប្បុរសធម៌នេះ ក៏ជាការជួយគ្នាក្នុងគ្រាលំបាក ហើយលោកបានអំពាវនាវដល់សប្បុរសជននានាចូលរួមក្នុងកម្មវិធីចែកសម្ភារសិក្សាដល់សិស្សនៅតំបន់ដាច់ស្រយាលនេះផងដែរ។
លោកបន្ដថា៖ «នេះជាអ្វីដែលខ្ញុំស្រឡាញ់ និងចូលចិត្ដធ្វើនូវកម្មវិធីសប្បុរសធម៌នេះ»។
កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ជំរុញឱ្យបន្តពង្រឹងប្រព័ន្ធអប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយបញ្ហាខ្វះខាតក្នុងការសិក្សារៀនសូត្ររបស់សិស្ស-និស្សិត។
នាយកសាលាបឋមសិក្សាព្រៃដុំ លោក កេត ឆែម បានលើកឡើងថា សាលាបឋមដែលរូបលោកកំពុងដឹកនាំនេះ កំពុងជួបបញ្ហាខ្វះខាតច្រើន ដូចជា សម្ភារសិក្សាសម្រាប់សិស្ស របងសាលា និងខ្វះការផ្គត់ផ្គង់អាហារូបត្ថម្ភសម្រាប់សិស្ស ជាដើម។ លោកបន្ដថា ប្រជាពលរដ្ឋភាគច្រើននៅតំបន់ដាច់ស្រយាលនេះ មានជីវភាពក្រីក្រ ដូច្នេះពួកគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទំនុកបម្រុងសម្រាប់ឱ្យកូនៗរបស់ពួកគាត់បានសិក្សានោះទេ។
លោកបន្ដថា៖ «សិស្សមាន១៦៥នាក់ទេ ព្រោះវាជាភូមិតូចនៅក្នុងព្រៃ ដាច់ពីគេ។ ខ្ញុំចង់បានដំបូង គឺសម្ភារសិក្សាសិស្សហ្នឹងឯង ដូចជា សៀវភៅ ប៊ិក និងកង់ ព្រោះពួកគេនៅឆ្ងាយពីសាលា ត្រូវដើរមករាល់ថ្ងៃ។ នេះជាអ្វីដែលខ្ញុំចង់បានមុនគេ ព្រោះអាណិតពួកគាត់ណាស់»។
ជាមួយគ្នានេះដែរ នាយកសាលារូបនេះក៏បានបង្ហាញក្តីត្រេកអរនូវការដែលព្រះសង្ឃ និងយុវជននាំគ្នាមកជួយឧបត្ថម្ភដល់សាលារៀនដែលកំពុងខ្វះខាតខ្លាំងមួយនេះ។ យ៉ាងណា លោកក៏បានស្នើដល់សប្បុរសជនទាំងអស់បន្តជួយដល់សាលារៀន និងសិស្សនៅក្នុងសាលាបឋមសិក្សានេះ ទៅតាមលទ្ធភាព ដើម្បីជួយជំរុញឱ្យវិស័យអប់រំនេះឱ្យកាន់តែល្អប្រសើរឡើង។
លោកបន្តថា៖ «ពេលលំបាកអ៊ីចឹង យើងមិនអាចដកប្រាក់ខែគ្រូបង្រៀនបានទេ ព្រោះពួកគាត់ពឹងលើប្រាក់ខែដែរ អ៊ីចឹងវាមានតែសប្បុរសជនទេ ដែលអាចជួយឧបត្ថម្ភដល់សាលាខ្ញុំបាន ដើម្បីជំរុញឱ្យសិស្សានុសិស្សបានរៀនឱ្យបានពេញលេញតទៅមុខទៀត»។
រដ្ឋធម្មនុញ មាត្រា៦៨ ចែងថា រដ្ឋាភិបាលត្រូវផ្ដល់ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់ ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩ ហើយរដ្ឋត្រូវមានកាតព្វកិច្ចជួយផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា លោកចង់ឱ្យយុវជន និងពលរដ្ឋយកគំរូតាមរាល់សកម្មភាពសប្បុរសធម៌បែបនេះ មិនថាក្នុងវិស័យអប់រំនេះទេ គឺរួមទាំងកិច្ចការងារសង្គមនានាផងដែរ។
លោកបន្តថា៖ «វាជារឿងល្អ វាជាកិច្ចការងារទាំងអស់គ្នា ក្នុងការរួមចំណែកក្នុងកិច្ចការសង្គម ជាពិសេសវិស័យអប់រំតែម្ដង។ ខ្ញុំគាំទ្ររាល់សកម្មភាពទាំងអស់ហ្នឹង»។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានថ្លែងថា លោកចង់ឱ្យមានសកម្មភាពបែបនេះឱ្យកាន់តែច្រើនថែមទៀត ក្នុងការផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងវិស័យអប់រំ មិនថាតែព្រះសង្ឃទេ ពលរដ្ឋទូទៅក៏អាចចូលរួមធ្វើសកម្មភាពសប្បុរសធម៌បានដែរ។ លោកថា សកម្មភាពនេះបានជួយទៅដល់សិស្សានុសិស្សនៅតាមសាលានៅតំបន់ដាច់ស្រយាល អាចមានលទ្ធភាពក្នុងការសិក្សា ហើយអត្រាក្នុងការបោះបង់ការសិក្សាក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ។
លោកបន្ដថា៖ «ខ្ញុំត្រេកអរនៅពេលដែលមានព្រះសង្ឃ លោកបានចូលរួមកិច្ចការងារសង្គមបែបនេះ ហើយក៏ជាការផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនានិងវិស័យអប់រំផងដែរ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានបង្ហាញការគាំទ្រចំពោះសកម្មភាពមនុស្សធម៌បែបនេះ និងជំរុញឱ្យមានសកម្មភាពបែបនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដល់វិស័យអប់រំនៅកម្ពុជាឱ្យមានភាពល្អប្រសើរ។
អ្នកស្រីបន្តថា៖ «យើងចង់ឱ្យមានការជួយគ្នាទៅវិញទៅមកបែបនេះ។ បើព្រះសង្ឃមានមនសិការជួយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្រីក្រ គឺខ្ញុំស្វាគមន៍។ យើងនឹងជួយលើកទឹកចិត្ដដល់ពលរដ្ឋឱ្យចេះជួយគ្នាក្នុងគ្រាក្របែបនេះ ទើបគេហៅថាជាការប្រពៃ»។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយក្នុងខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា សាលាបឋមសិក្សានៅកម្ពុជា បានកើនឡើងចំនួន១២៧សាលារៀនបន្ថែមទៀត ដែលនាំឱ្យសាលារៀនសរុបមានចំនួន៧ ៨៤៣សាលា សម្រាប់ឆ្នាំសិក្សា២០២០-២០២១៕