យុវជនបាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ប្រយុទ្ធប្រឆាំងការប្រើប្រាស់និងផ្សព្វផ្សាយក្នុងន័យលើកកម្ពស់អំពីគ្រឿងស្រវឹង ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមក្នុងពេលខាងមុខនេះ ធ្វើយ៉ាងណាជំរុញឱ្យពលរដ្ឋកុំប្រើប្រាស់គ្រឿងស្រវឹង ដែលពួកគាត់ចាត់ទុកថានាំឱ្យប៉ះពាល់មុខមាត់របស់ប្រទេស។
ព្រឹត្តិការណ៍ស៊ីហ្គេមដ៏សំខាន់ ដែលនៅសល់ពេលជាង៦០ថ្ងៃទៀតនេះ នឹងត្រូវកើតឡើងចំពេលដែលក្រុមយុវជនកំពុងផ្ញើសារនៅលើបណ្តាញសង្គម គោលបំណងដើម្បីបំផុសកុំឱ្យមានការផ្សព្វផ្សាយ និងលើកកម្ពស់អំពីគ្រឿងស្រវឹង។
យុវជន គឹម ភា អាយុ២២ឆ្នាំ និងអះអាងថាជាតំណាងឱ្យយុវជន ថ្លែងថា មូលហេតុដែលខ្លួនធ្វើយុទ្ធនាការនេះ ដោយសង្កេតឃើញរាល់ពេលមានកម្មវិធីជាតិប្រារព្ធឡើងម្ដងៗ តែងតែមានការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងផុសផុល។ លោកបន្តថា ការផ្ញើសារដ៏ទូលំទូលាយបែបនេះ វានឹងធ្វើឱ្យប៉ះពាល់សម្រាប់ក្មេងៗជំនាន់ក្រោយ ដែលពួកគេងាយនឹងទទួលយកវប្បធម៌បែបនេះដាក់ខ្លួន។
លោកបន្ដថា៖ «យើងនឹងដល់ស៊ីហ្គេម អ៊ីចឹងទៅប្រាកដណាស់ គឺមានការឧបត្ថម្ភ និងការផ្សព្វផ្សាយពីគ្រឿងស្រវឹង ជាពិសេសនៅតាមផ្លូវសាធារណៈ គឺមានផ្ទាំងប៉ាណូធំៗបង្ហាញពីសា្របៀរ ដែលជាចំណុចមិនល្អសម្រាប់មុខមាត់ប្រទេសយើង»។
បើតាមយុវជន គឹម ភា អស់រយៈពេលជិត១០ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៥ សង្កេតឃើញថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង នៅតែមិនទាន់អាចចេញជារូបរាងនៅឡើយ គិតត្រឹមឆ្នាំ២០២៣នេះ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សេចក្ដីព្រៀងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ គឺមិនបានដឹងថានៅទើត្រឹមណានៅឡើយនោះទេ។
លោកបន្ដថា៖ «ពូមិនមែនអ្នកទទួលច្បាប់ណា! ពូគ្រាន់តែទទួលនៅពេលដែលគេច្បាប់ចូលទៅពិភាក្សានៅក្នុងគណៈរដ្ឋមន្ដ្រី បានពូទទួលបាន។ ពូអត់ដឹងទេអាអូន! បើដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី ពូពិនិត្យហើយ បើច្បាប់ដំណើរបាន! រដ្ឋបាល ពូអត់ដឹង»។
នៅពេលនេះ ក្រុមយុវជនកំពុងតែធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម ដើម្បីលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង។ យុទ្ធនាការដែលស្វះស្វែងរកការគាំទ្រនេះ កុំឱ្យមានការផ្សព្វផ្សាយដោយចំហរ នៅចំថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២២ ខែ កុម្ភៈ។
មានសារមួយចំនួនត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដូចជា «តោះ! ចូលរួមជាមួយខ្ញុំ ក្នុងយុទ្ធនាការរាប់ថយក្រោយ ៧៤ថ្ងៃ និយាយពីគ្រឿងស្រវឹង។ គ្រាន់តែបង្ហោះសារ ឬចែករំលែកពីផលប៉ះពាល់នៃគ្រឿងស្រវឹង ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក ដោយភ្ជាប់ជាមួយសារថា កាត់បន្ថយការសេពគ្រឿងស្រវឹង។ បញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងជាសាធារណៈ »។
សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលរៀបចំឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ចំណែកយុវតី ដាំ ស្រីនាង និងជាអ្នកចូលរួមក្នុងយុទ្ធនាការទប់ស្កាត់គ្រឿងស្រវឹងក្នុងថ្ងៃស៊ីហ្គេមខាងមុខ បានបញ្ជាក់ថា ការបញ្ជ្រាបនូវព័ត៌មានអំពីផលប៉ះពាល់ និងផលអវិជ្ជមាននៃគ្រឿងស្រវឹងទៅកាន់សាធារណជន ជាពិសេសយុវជន គឺដើម្បីស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង។
កញ្ញាបន្តថា បញ្ហាធំគឺការផ្សព្វផ្សាយគ្រឿងស្រវឹងនៅថ្ងៃស៊ីហ្គេម វានឹងនាំឱ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជា ហើយអាចនឹងរងការរិះគន់ពីសហគមន៍អន្តរជាតិថែមទៀតផង។
កញ្ញាបន្ដថា៖ «យុទ្ធនាការនេះធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយជាវិជ្ជមាន សម្រាប់កាត់បន្ថយការផ្សព្វផ្សាយទូលំទូលាយអំពីគ្រឿងស្រវឹង។ វាជាមុខមាត់ប្រទេសយើងផងបង! កាលណាមានការផ្សព្វផ្សាយគ្រឿងស្រវឹង គេអាចនឹងវាយតម្លៃតាមរយៈរឿងអស់ហ្នឹងអ៊ីចឹងបង»។
បើទោះបែបណា ទាក់ទិនការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនេះ កន្លងទៅ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្តើមធ្វើយុទ្ធនាការមុនគេនៅក្នុងប្រទេសកម្ពុជា ក្នុងការលុបបំបាត់ស្លាកយីហោ និងផ្ទាំងប៉ាណូ អំពីគ្រឿងស្រវឹងនេះ។ ចំណែកក្រសួងព័ត៌មាន ក៏ធ្លាប់បានព្រមានពីការផ្សព្វផ្សាយគ្រឿងស្រវឹងនេះនៅលើកញ្ចក់ទូរទស្សន៍ដែរ។
សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលប៉ះពាល់គ្រឿងស្រវឹងដែលកំពុងជាប់គាំងនៅឡើយនេះ គឺមាន១១ជំពូក និង៣៩មាត្រា គេសង្កេតឃើញថាក៏នឹងមានបញ្ញតិ្តដែរ អំពីការកំណត់អាយុនៃការប្រើប្រាស់គ្រឿងស្រវឹងនេះ។
យ៉ាងនេះក្ដី អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លោក វ៉ាត់ ចំរើន ពុំអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរសព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ចំណែកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង ថ្លែងថា ក្នុងនាមអង្គការក្រៅរដ្ឋាភិបាល លោកគាំទ្រចំពោះយុទ្ធនាការរបស់ក្រុមយុវជនដែលប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយកុំឱ្យប្រើប្រាស់គ្រឿងស្រវឹងចំថ្ងៃស៊ីហ្គេមខាងមុខនេះ។
លោកបន្តថា ការព្យាយាមលើកកម្ពស់គ្រឿងស្រវឹង មិនថាតែនៅចំថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះទេ សូម្បីថ្ងៃធម្មតា រដ្ឋាភិបាលគួរកាត់បន្ថយឱ្យបានក្នុងកម្រិតមួយដែលតិចបំផុត ព្រោះកត្តានេះ វាជះផលមិនល្អធ្ងន់ធ្ងរសម្រាប់យុវជនដែលចាត់ទុកជាទំពាំងស្នងឫស្សី។
លោកបន្ដថា៖ «ការផ្សព្វផ្សាយគ្រឿងស្រវឹង វាមិនបានផ្ដល់ផលវិជ្ជមានណាមួយដល់កម្ពុជាទេ។ ផ្ទុយទៅវិញ វាផ្ដល់ផលមិនល្អមួយនៅក្នុងក្រសែភ្នែករបស់អ្នកទស្សនារបស់កីឡាកររបស់ប្រទេសជាច្រើនដែលបានមកចូលរួមក្នុងស៊ីហ្គេមនេះបាទ។ ទាំងយុវជន ទាំងខ្ញុំ ក៏តាមដានព្រឹតិ្ដការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ»។
សម្រាប់ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ រកឃើញថា ក្នុងមួយឆ្នាំៗមានអ្នករងគ្រោះប្រមាណ៣,៥លាននាក់ ត្រូវបាត់បង់ជីវិតដោយសារការប្រើប្រាស់គ្រឿងស្រវឹងនេះ។ មិនតែប៉ុណ្ណោះ ក្នុង១នាទី គ្រឿងស្រវឹងនេះបានឆក់យកជីវិតមនុស្សម្នាក់ជារៀងរាល់ថ្ងៃ ខណៈមានមនុស្សផ្សេងទៀតត្រូវរស់នៅជាមួយនឹងពិការភាពអស់មួយជីវិត បណ្តាលមកពីប្រើប្រាស់គ្រឿងស្រវឹងនេះ៕