យុវជនបាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ប្រយុទ្ធប្រឆាំងការប្រើប្រាស់និង​​ផ្សព្វ​​ផ្សា​​យក្នុងន័យ​លើកកម្ពស់​​​​អំពីគ្រឿងស្រវឹង ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិ​​ការណ៍​​ស៊ី​​ហ្គេមក្នុង​​ពេលខាង​​មុខ​​នេះ ធ្វើយ៉ាងណាជំរុញឱ្យពលរដ្ឋកុំប្រើប្រាស់គ្រឿងស្រវឹង ដែលពួក​​គាត់​​ចាត់​​ទុក​​ថានាំឱ្យប៉ះពាល់មុខមាត់របស់ប្រទេស។

ព្រឹត្តិការណ៍ស៊ីហ្គេមដ៏សំខាន់ ដែលនៅសល់ពេលជាង៦០ថ្ងៃទៀតនេះ នឹងត្រូវកើតឡើង​​ចំ​​ពេ​​ល​​​​​ដែ​​ល​​​​ក្រុ​ម​​យុវជនកំពុងផ្ញើសារនៅលើបណ្តាញសង្គម គោលបំណងដើម្បីបំផុសកុំឱ្យមា​​នកា​​រផ្ស​ព្វ​​ផ្សា​​យ​ និងលើកកម្ពស់អំពីគ្រឿងស្រវឹង។

​​​យុវជន គឹម ភា អាយុ២២ឆ្នាំ និងអះអាងថាជាតំណាងឱ្យយុវជន ថ្លែងថា មូលហេតុដែលខ្លួនធ្វើយុ​​ទ្ធនាការនេះ ដោយសង្កេតឃើញរាល់ពេលមានកម្មវិធីជាតិប្រា​​​​រព្ធឡើងម្ដងៗ តែងតែមានការផ្ស​​ព្វ​​ផ្សា​​​​យគ្រឿង​​ស្រ​​វឹងយ៉ាងផុសផុល។ លោកបន្តថា ការផ្ញើសារដ៏ទូលំទូលាយបែបនេះ វានឹងធ្វើឱ្យប៉ះពា​​ល់សម្រាប់ក្មេងៗជំនាន់ក្រោយ ដែលពួកគេងាយនឹងទទួលយកវប្បធម៌បែបនេះដាក់ខ្លួន។

លោកបន្ដថា៖ «យើងនឹងដល់ស៊ីហ្គេម អ៊ីចឹងទៅប្រាកដណាស់ គឺមានការឧបត្ថម្ភ និ​ង​ការផ្សព្វផ្សាយពីគ្រឿ​​ងស្រវឹង ជាពិសេសនៅតាមផ្លូវសាធារណៈ គឺមានផ្ទាំងប៉ាណូធំៗបង្ហាញពី​​សា្រ​​បៀរ ដែលជាចំណុ​​​ចមិនល្អសម្រាប់មុខមាត់ប្រទេសយើង»

បើតាមយុវជន គឹម ភា អស់រយៈពេលជិត១០ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៥ សង្កេត​​ឃើ​​​ញ​​ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង នៅតែមិនទាន់អាចចេញជារូបរាង​​នៅ​​ឡើយ គិតត្រឹមឆ្នាំ២០២៣នេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សេចក្ដីព្រៀងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ គឺមិនបានដឹងថានៅទើត្រឹមណានៅ​​ឡើ​​យ​​​​​​​នោះទេ។

លោកបន្ដថា៖ «ពូមិនមែនអ្នកទទួលច្បាប់ណា! ពូគ្រាន់តែទទួលនៅពេលដែលគេច្បាប់ចូលទៅពិភាក្សានៅក្នុងគណៈរដ្ឋមន្ដ្រី បានពូទទួលបាន។ ពូអត់ដឹងទេអាអូន! បើដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី ពូពិនិត្យហើយ បើច្បាប់ដំណើរបាន! រដ្ឋបាល ពូអត់ដឹង»។

នៅពេលនេះ ក្រុមយុវជនកំពុងតែធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម ដើម្បីលុបបំ​​បាត់​​កា​​រផ្ស​​ព្វ​​ផ្សា​​យគ្រឿងស្រវឹង។ យុទ្ធនាការដែលស្វះស្វែងរកការគាំទ្រនេះ កុំឱ្យមានការផ្សព្វផ្សាយដោយចំហរ នៅចំថ្ងៃ​​ដែ​​ល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២២ ខែ កុម្ភៈ។

មានសារមួយចំនួនត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដូចជា «តោះ! ចូលរួមជាមួយខ្ញុំ ក្នុងយុទ្ធនាការរាប់ថយក្រោយ ៧៤ថ្ងៃ និយាយពីគ្រឿងស្រវឹង។ គ្រាន់តែបង្ហោះសារ ឬចែករំលែកពីផលប៉ះពាល់នៃគ្រឿងស្រ​​វឹង ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក ដោយភ្ជាប់ជាមួយសារថា កាត់បន្ថយការសេពគ្រឿងស្រវឹង។ បញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងជាសាធារណៈ »

សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​​ ដែល​​រៀ​​ប​​​​ចំឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ចំណែកយុវតី ដាំ ស្រីនាង និងជាអ្នកចូលរួមក្នុងយុទ្ធនាការទប់ស្កាត់គ្រឿងស្រវឹងក្នុងថ្ងៃស៊ីហ្គេមខា​​ងមុខ បានបញ្ជាក់ថា ការបញ្ជ្រាបនូវព័ត៌មានអំពីផលប៉ះពាល់ និងផលអវិជ្ជមាននៃគ្រឿងស្រ​​​​វឹងទៅកាន់សាធារណជន​ ជាពិសេសយុវជន គឺដើម្បីស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយការផ្ស​​ព្វផ្សាយគ្រឿងស្រវឹង។

កញ្ញាបន្តថា បញ្ហាធំគឺការផ្សព្វផ្សាយគ្រឿងស្រវឹងនៅថ្ងៃស៊ីហ្គេម វានឹងនាំឱ្យប៉ះពាល់មុខមាត់ប្រ​​ទេ​​ស​​កម្ពុជា ហើយអាចនឹងរងការរិះគន់ពីសហគមន៍អន្តរជាតិថែមទៀតផង។

កញ្ញាបន្ដថា៖ «យុទ្ធនាការនេះធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយជាវិជ្ជមាន សម្រាប់កាត់បន្ថយការផ្សព្វផ្សាយទូលំទូលាយអំពីគ្រឿងស្រវឹង។ វាជាមុខមាត់ប្រទេសយើងផងបង! កាលណាមានការផ្ស​​ព្វ​​ផ្សាយគ្រឿងស្រវឹង គេអាចនឹងវាយតម្លៃតាមរយៈរឿងអស់ហ្នឹងអ៊ីចឹងបង»

បើទោះបែបណា ទាក់ទិនការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនេះ កន្លងទៅ​ រដ្ឋបាលខេត្តកំពង់ស្ពឺ បាន​​ចាប់ផ្តើមធ្វើយុទ្ធនាការមុនគេនៅក្នុងប្រទេសកម្ពុជា ក្នុងការលុបបំបាត់ស្លាកយីហោ និងផ្ទាំង​​ប៉ាណូ អំ​​ពីគ្រឿងស្រវឹងនេះ។ ចំណែកក្រសួងព័ត៌មាន ក៏ធ្លាប់បានព្រមានពីការផ្សព្វផ្សាយគ្រឿងស្រ​​វឹង​​នេះ​នៅលើកញ្ចក់ទូរទស្សន៍ដែរ។

សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលប៉ះពាល់គ្រឿងស្រវឹងដែលកំពុងជាប់គាំងនៅ​​ឡើយ​​នេះ គឺមាន១១ជំពូក និង៣៩​​មាត្រា គេសង្កេតឃើញថាក៏នឹងមានបញ្ញតិ្តដែរ អំពីការកំណត់អាយុនៃ​​​​ការប្រើប្រាស់គ្រឿងស្រវឹងនេះ។

យ៉ាងនេះក្ដី អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លោក វ៉ាត់ ចំ​​រើ​ន ពុំអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរសព្ទចូលជាច្រើនដង តែពុំមា​​ន​​អ្នក​​ទទួ​​ល​​​។

ចំណែកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង ថ្លែងថា ក្នុងនាមអង្គការក្រៅរដ្ឋាភិបាល លោកគាំទ្រចំពោះយុទ្ធនាការរបស់ក្រុមយុវជនដែលប្រយុទ្ធ​​ប្រ​​ឆាំ​ង​ការផ្សព្វផ្សាយកុំឱ្យប្រើប្រាស់គ្រឿងស្រវឹងចំថ្ងៃស៊ីហ្គេមខាងមុខនេះ។

លោកបន្តថា ការព្យាយាមលើកកម្ពស់គ្រឿងស្រវឹង មិនថាតែនៅចំថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមខាង​​មុខ​​នេះ​​​ទេ សូម្បីថ្ងៃធម្មតា រដ្ឋាភិបាលគួរកាត់បន្ថយឱ្យបានក្នុងកម្រិតមួយដែលតិចបំផុត ព្រោះកត្តា​​នេះ ​​​​​​វាជះ​​ផលមិនល្អធ្ងន់ធ្ងរសម្រាប់យុវជនដែលចាត់ទុកជាទំពាំងស្នងឫស្សី។

លោក​បន្ដថា៖ «ការផ្សព្វផ្សាយគ្រឿងស្រវឹង វាមិនបានផ្ដល់ផលវិជ្ជមានណាមួយដល់កម្ពុជាទេ។ ផ្ទុយទៅ​​វិញ វាផ្ដល់ផលមិនល្អមួយនៅក្នុងក្រសែភ្នែករបស់អ្នកទស្សនារបស់កីឡាកររបស់ប្រទេសជាច្រើ​​ដែលបានមកចូលរួមក្នុងស៊ីហ្គេមនេះបាទ។ ទាំងយុវជន ទាំងខ្ញុំ ក៏តាមដានព្រឹតិ្ដការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ»

សម្រាប់ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ រកឃើញ​​ថា ក្នុង​​មួយ​​ឆ្នាំ​​ៗមាន​​អ្នក​​រង​​គ្រោះប្រមាណ៣,៥លាននាក់ ត្រូវបាត់បង់ជីវិតដោយសារការប្រើប្រាស់គ្រឿងស្រ​​វឹ​​ងនេះ​​។ មិន​​តែ​​​​​​​​​​​ប៉ុ​​ណ្ណោះ​ ក្នុង១នាទី គ្រឿងស្រវឹងនេះបានឆក់យកជីវិតមនុស្សម្នាក់ជារៀងរាល់ថ្ងៃ ខ​​ណៈ​​មានម​​​នុ​​​ស្ស​​​​ផ្សេ​​​​ង​​ទៀតត្រូវរស់នៅជាមួយនឹងពិការភាពអស់មួយជីវិត បណ្តាលមកពី​​ប្រើ​​ប្រា​​ស់​​​​​​​​គ្រឿងស្រ​​វឹង​​នេះ​​៕ ​