អ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកការចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត ជាការរំលោភច្បាប់ព្រះពុទ្ធសាសនា ខណៈព្រះតេជព្រះគុណអង្គនេះបានបួសក្នុងព្រះពុទ្ធសាសនាស្របតាមច្បាប់វិន័យ។

នាយកទទួលបន្ទុកកិច្ចការទូទៅ​ នៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ បានឱ្យដឹងថា ករណីចាប់ផ្សឹកព្រះសង្ឃ សយ សាត កាលថ្ងៃទី៩ ខែមីនា កន្លងទៅ គឺជាការបង្ហាញអំពីការរំលោភសិទ្ធិពលរដ្ឋ និងកំពុងបង្ហាញពីការរំលោភបំពានដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកបន្តថា សកម្មភាពចូលរួមរបស់ព្រះសង្ឃក្នុងកិច្ចការងារសង្គមស្របតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គតែងតែទូន្មានមនុស្សគ្រប់គ្នា​ឱ្យប្រព្រឹត្តអំពើល្អគ្រប់ទីកន្លែង ដូច្នេះព្រះសង្ឃក៏មានតួនាទីជួយផ្សព្វផ្សាយអំពើល្អ និងការបង្រៀនរបស់ព្រះពុទ្ធដល់បុគ្គលគ្រប់រូប។

លោកថា៖ «ការចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត នេះ វាជារឿងរំលោភសិទ្ធិ ទី១ រំលោភសិទ្ធិទៅលើពលរដ្ឋ ទី២ រំលោភប៉ះពាល់ទៅដល់សិទ្ធិក្នុងការមានជំនឿសាសនា ព្រោះព្រះអង្គ សយ សាត មានការបំបួសតាមបែបព្រះពុទ្ធសាសនា មានការទទួលស្គាល់ត្រឹមត្រូវ»។

លោកបន្ថែមថា៖ «ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋយើង ពលរដ្ឋគ្រប់រូបមានការគោរពនិងចូលរួមជាមួយសាសនា។ ហើយព្រះពុទ្ធ លោកតាំងពីដើមមក គឺផ្សារភ្ជាប់ជាមួយសង្គមដែរ។ ហើយព្រះសង្ឃក្ដី ឬក៏បុព្វជិតផ្សេងទៀតក្តី សុទ្ធតែអាស្រ័យទៅលើពលរដ្ឋ អ៊ីចឹងបើទំនាក់ទំនងពលរដ្ឋនិងព្រះសង្ឃ វាទាក់ទងនឹងបញ្ហាសង្គមហើយ ហ្នឹងគឺសុទ្ធតែរឿងផ្សារភ្ជាប់នឹងសង្គមហើយ វាមិនអាចកាត់ផ្ដាច់ព្រះសង្ឃចេញពីសង្គមបានទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូរូបនេះ លើកឡើងថា រាល់សកម្មភាពរបស់ព្រះសង្ឃក្នុងការចូលរួមការងារសង្គម អាជ្ញាធរគួរកុំយល់ថាវាជារឿងនយោបាយប្រឆាំងតែមួយមុខ ត្រូវយល់ថាការចូលរួមចំណែកផ្សព្វផ្សាយសេចក្តីល្អដល់សង្គមវិញ។ លោកបន្តថា ព្រះសង្ឃ លោកក៏មានសិទ្ធិក្នុងសង្គមដូចពលរដ្ឋទូទៅដែរ កុំឱ្យតែព្រះអង្គប្រព្រឹត្តអំពើខុសឆ្គងប្រាសចាកពីព្រះវិន័យនិងច្បាប់រដ្ឋទៅបានហើយ។

លោក អំ សំអាត និយាយថា៖ «ចំណុចនេះ យើងគួរកុំផ្តោតអារម្មណ៍តែរឿងនយោបាយជាធំ ត្រូវគោរពទៅលើសិទ្ធិរបស់ពលរដ្ឋទូទៅ ហើយគោរពទៅលើសិទ្ធិរបស់ព្រះសង្ឃនៅក្នុងសង្គមជាតិ ពីព្រោះព្រះសង្ឃមិនអាចកាត់ផ្តាច់ពីប្រជាពលរដ្ឋ ពីសង្គមបានទេ ព្រោះព្រះសង្ឃក៏រស់នៅក្នុងសង្គម ហើយអាស្រ័យទៅលើពុទ្ធបរិស័ទដូចគ្នាដែរ។ អ៊ីចឹងគួរតែគោរពទៅលើគោលការណ៍ច្បាប់ជាធំ ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់សាសានា»។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

ស្រដៀងគ្នានេះដែរ អ្នកសម្រួបសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ដែលបានឃ្លាំមើលបញ្ហានេះ ឱ្យដឹងដែរថា ការចាប់ផ្សឹកព្រះសង្ឃដោយមិនមានហេតុផលច្បាស់លាស់ និងមិនយល់ដឹងអំពីពុទ្ធវិន័យ ជាការរំលោភបំពានព្រះពុទ្ធសាសនា ព្រោះព្រះអង្គបានបួសត្រឹមត្រូវតាមពុទ្ធវិន័យ។ លោកបន្តថា ប្រសិនបើលោកប្រព្រឹត្តខុសច្បាប់វិន័យសង្ឃមែន ត្រូវមានអាជ្ញាធរសង្ឃ ឬមន្រ្តីសង្ឃ មកណែនាំឬអប់រំបានហើយ មិនគួរចាប់លោកផ្សឹកអ៊ីចឹងទេ។

លោកថា៖ «ខ្ញុំយល់ឃើញថា បើយើងធ្វើការស្រាវជ្រាវឱ្យច្បាស់ ដូចជាមិនទាន់អាចឈានទៅដល់ការចាប់ខ្លួនព្រះអង្គ ចាប់ផ្សឹកព្រះអង្គទេ។

លោកបន្ថែមទៀតថា៖ «បើនិយាយពីការខុសវិន័យសង្ឃ ក្នុងការធ្វើធម្មយាត្រា ដូចមិនអីទេ! ទោសវិន័យហ្នឹងដូចមិនធ្ងន់ធ្ងររហូតដល់ចាប់ផ្សឹកព្រះអង្គទេ។ អ៊ីចឹងអាចឱ្យព្រះអង្គបំពេញទៅតាមវិន័យសង្ឃទៅ យកជាការបានហើយ មិនចាំបាច់ចាប់ផ្សឹកទេ។ នេះមានទស្សនៈខ្លះគេយល់ឃើញអ៊ីចឹង បាទ»។

បន្ថែមពីនេះ អ្នកសម្រួបសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបង យល់ឃើញថា ព្រះពុទ្ធសាសនាដើរតួនាទីសំខាន់ណាស់ ក្នុងបរិបទសង្គម ដើម្បីអប់រំចិត្ត ក្នុងស្រទាប់យុវជន ឱ្យមានគុណធម៌ សីលធម៌ និងរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ។

លោក យិន ម៉េងលី និយាយថា៖ «ខ្ញុំមើលឃើញអ៊ីចេះ ដូចជាមិនមានច្បាប់ណាហាមឃាត់ព្រះសង្ឃមិនឱ្យចូលកិច្ចការងារសង្គមទេ អត់មានច្បាប់ណាហាមឃាត់សោះ។ អ៊ីចឹងយើងមើលគោលបំណងនៃព្រះអង្គ ដែលព្រះអង្គចូលរួមធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម វាអត់មានផលប៉ះពាល់អ្វីទៅដល់សង្គមទេ។ តែប្រសិនបើព្រះសង្ឃអង្គណាទៅឃោសនាឱ្យបក្ស អាហ្នឹងវាប៉ះពាល់ដល់សង្គមហើយ»។

មិនខុសគ្នានេះដែរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានបញ្ជាក់អំពីគោលបំណងនៃធម្មយាត្រានេះថា កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ អ្នកស្រីបាន​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើសុំ​ហែ​ក្បួន​ធម្មយាត្រា​ឆ្លងកាត់​រាជធានី​ខេត្ត​ចំនួន​៥ ជាប់​បឹង​ទន្លេសាប ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម។ អ្នកស្រីបន្ថែមថា ការធ្វើធម្មយាត្រានេះ គ្រាន់តែចង់ឱ្យថ្នាក់ដឹកនាំមួយចំនួនបញ្ឈប់ការប្រើប្រាស់ពាក្យអសុរោះ អំពើហិង្សា និងចង់ឱ្យថ្នាក់ដឹកនាំរៀនធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «សមាគមធ្វើធម្មយាត្រា គឺយើងឃើញថានៅក្នុងសង្គមសព្វថ្ងៃ បាត់បង់ក្រមសីលធម៌ សូម្បីតែថ្នាក់ដឹកនាំកំពូលក៏ប្រើភាសាអសុរោះ។ ដូច្នេះយើងឃើញថា ភាសាអាម៉ឹងអសុរោះនេះ បញ្ជាក់ប្រាប់ថា យុវជនជំនាន់ខ្មែរនេះ គាត់ក៏ធ្វើអំពើវាយតប់កាប់ចាក់គ្មានត្រាប្រណី»។

អ្នកស្រីបន្ថែមថា៖ «សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចង់ឃើញឱ្យប្រជាពលរដ្ឋ ជាពិសេសថ្នាក់ដឹកនាំកំពូលធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋគ្រប់វ័យ គ្រប់រូប»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ ស្នើទៅរដ្ឋាភិបាលត្រូវគោរពតាមគោលការណ៍ប្រជាធិបតេយ្យ គោលការណ៍សិទ្ធិមនុស្សជាតិនិងអន្តរជាតិ ជាពិសេសត្រូវតែដោះស្រាយបញ្ហាព្រះតេជព្រះគុណ សយ សាត ដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជាបានបើកលំហប្រជាធិបតេយ្យពិតមែន។

លោកស្នើថា៖ «សុំឱ្យរាជរដ្ឋាភិបាលគួរតែផ្តល់សិទ្ធិសេរីភាព ហើយនឹងចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គមឡើងវិញ»។

ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបាត់ដំបង លោក គុណសម្បត្តិ មុនីរតន៍ ធ្វើការច្រានចោលចំពោះការលើកឡើងថា ការចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត ជាការរំលោភបំពានសាសនា។ បន្ថែមពីនេះ លោកចាត់ទុកការចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត ជារឿងត្រឹមត្រូវ ស្របតាមវិន័យព្រះពុទ្ធសាសនា ដោយខាងមន្រ្តីសង្ឃខេត្តបាត់ដំបងបានសម្រេចព្រះទ័យថា ត្រូវតែផ្សឹកព្រះសង្ឃអង្គហ្នឹង ព្រោះលោកបួសមិនគ្រប់គ្រាន់ មិនគ្រប់លក្ខណៈច្បាប់ ហើយមិនមានឯកសារបួសច្បាស់លាស់។

លោកប្រាប់ថា៖ «លោក [ព្រះតេជព្រះគុណ សយ សាត] បួសអត់គ្រប់លក្ខខណ្ឌ មិនមានការអនុញ្ញាត ហើយមិនមានឧបជ្ឈាបួសច្បាស់លាស់ ចាត់ទុកថាជាការក្លែងបន្លំហើយ»។

ព្រះតេជព្រះគុណ​ សយ សាត ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង បាន​ចូល​សាង​ព្រះផ្នួស​ក្នុង​ព្រះ​ពុទ្ធសាសនា ក្នុង​ព្រះ​ជន្ម៥៦​ព្រះ​វស្សា នៅ​វត្ត​​មេត្តា​ធម្មជាតិ ខេត្ត​កំពង់ស្ពឺ និង​រៀន​សូត្រ​ខាង​វិន័យ​សង្ឃ​ថ្នាក់​​ធម្ម​វិន័យ ស្មើ​នឹង​ការ​សិក្សា​ទូទៅ​ថ្នាក់​ទី៥។ ពេល​នោះ​ ព្រះអង្គ​បាន​ចូលរួម​​​ការពារ​ព្រៃឈើ ​នៅក្នុង​សហគមន៍​ព្រៃមេត្តា​ធម្មជាតិ​ ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​រក​រឿង​ចោទ​ប្រកាន់​ រហូត​ធ្វើ​ឱ្យ​ព្រះតេជព្រះគុណសម្រេច​លា​ចាក​សិក្ខាបទ​មួយ​រយៈ​ពេល។​ ហើយ​នៅ​ឆ្នាំ​២០២២ ព្រះ​អង្គ​ចូល​សាង​ផ្នួស​ជា​ថ្មី និង​បាន​ចូលរួម​ទាមទារ​យុត្តិធម៌​ជាញឹកញាប់។ ​ហើយ​ចុង​ក្រោយ​នេះ ព្រះតេជព្រះគុណ ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម ​ជាមួយ​សមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ រហូត​ត្រូវបានចាប់ផ្សឹកនៅ​ពេល​នេះ៕