ពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកម្ពុជាក្រោម ចោទអាជ្ញាធរវៀតណាមថាបានដាក់គំនាបដល់ព្រះសង្ឃខ្មែរកម្ពុជាក្រោម មិនឱ្យតម្កល់រូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងវត្តអារាមខ្មែរ។

លោក ថាច់ ថា ជាតំណាងពលរដ្ឋដែលបានដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ បានឱ្យដឹងថា មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ប្រមាណ៦០អង្គ/នាក់ បានធ្វើពិធីរៀបអភិសេក និងដង្ហែរូបសំណាកឧកញ៉ា សឺន គុយ ដើម្បីដាក់តម្កល់នៅក្នុងវត្ត អរុណរង្សីចាកអាគ្រោង ស្ថិតនៅខេត្តព្រះត្រពាំង សម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋទូទៅ។ លោកប​ន្តថា នៅពេលក្បួនដង្ហែមកដល់មុខវត្ត អរុណរង្សីចាកអាគ្រោង របងខ្លោងទ្វារវត្តត្រូវបានចាក់សោបិទមិនឱ្យមានការនាំយករូបសំណាកទៅតម្កល់ក្នុងវត្តនោះទេ។ ប្រភពបន្តថា ការហាមឃាត់មិនឱ្យព្រះសង្ឃទទួលយករូបសំណាកលោកឧកញ៉ា សឺន គុយ ដើម្បីតម្កល់ទុកនេះ គឺដោយសារតែមានការដាក់សម្ពាធពីអាជ្ញាធរនៃប្រទេសវៀតណាម។

លោកថា៖ «រឿងដាក់រូបសំណាករបស់វីរបុរសខ្មែរក្រោម វារសើបសម្រាប់រដ្ឋាភិបាលយួនហ្នឹង! អ៊ីចឹងប្រហែលជាមានការដាក់សម្ពាធពីអាជ្ញាធរមូលដ្ឋាន ហើយនឹងគណៈកម្មាធិការ [វត្ត] ជាដើម។ ពីព្រោះគណៈកម្មាធិការមួយចំនួនក៏មានតួនាទីនៅក្នុងជួររដ្ឋាភិបាល [វៀតណាម] ផងដែរ មានតួនាទីជាអាចារ្យវត្ត ញោមវត្ត ជាដើម»។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចូលរួមពិធីអភិសេករូបសំណាកលោកឧកញ៉ា សឺន គុយ នៅភូមិបន្ទាយក្រ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ។
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចូលរួមពិធីអភិសេករូបសំណាកលោកឧកញ៉ា សឺន គុយ នៅភូមិបន្ទាយក្រ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ។ (ផ្តល់ឱ្យ)

បើតាមលោក ថាច់ ថា ដែលជាអ្នកខេត្តព្រះត្រពាំង ឱ្យដឹងថា បច្ចុប្បន្ន រូបសំណាកលោកឧកញ៉ា សឺន គុយ ត្រូវបានតម្កល់ទុកជាបណ្ដោះអាសន្ននៅផ្ទះរបស់ពលរដ្ឋខ្មែរក្រោមម្នាក់ ស្ថិតនៅខេត្តព្រះត្រពាំង ក្រោយពេលមានការហាមឃាត់មិនឱ្យតម្កល់នៅក្នុងវត្តអារាមខ្មែរ។ លោកចាត់ទុកការរារាំងនេះ គឺជាការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ។ បន្ថែមលើនេះ លោកថាស្ថានភាពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម ក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរវៀតណាមរឹតត្បិត មិនអាចរស់នៅដោយស្មើភាពគ្នាដូចពលរដ្ឋវៀតណាមនោះទេ។

លោកថា៖ «យើងនៅក្រោមសំណាញ់ច្បាប់របស់រដ្ឋវៀតណាមទាំងអស់! ប៉ុន្តែខ្ញុំចង់និយាយពីច្បាប់រដ្ឋធម្មនុញ្ញ [វៀតណាម] ប៉ុន្តែការអនុវត្ត ខ្មែរក្រោមយើងអត់បានទទួលនូវសិទ្ធិពេញលេញដូចជាតិសាសន៍យួននៅឡើយ»

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ប្រមាណ៤០អង្គ/នាក់  បានប្រារព្ធពិធីដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ម្តងរួចមកហើយ ក្រោយពេលបានសាងសង់ចប់ជាស្ថាពរ។ ការសង់រូបសំណាកលោក សឺន គុយ គឺក្នុងគោលបំណងបង្ហាញការដឹងគុណចំពោះអ្នកស្នេហាជាតិរូបនេះ ដែលបានពលីកាយថ្វាយជីវិតថែរក្សាវប្បធម៌សម្រាប់ជាតិសាសន៍ខ្មែរនៅកម្ពុជាក្រោម។ មួយវិញទៀត គឺដើម្បីបំផុសស្មារតីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យបានស្គាល់វីរបុរសជាតិរបស់ខ្លួន។

ឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញថា ឧកញ៉ា សឺន គុយ គឺជាអតីតចៅហ្វាយខេត្តព្រះត្រពាំង។ លោកបានបូជាជីវិត ដោយឱ្យអណ្ណាមកាត់កក្នុងឆ្នាំ១៨៤១ ជាថ្នូរនឹងការថែរក្សា​ប្រពៃណី សិល្បៈ អក្សរសាស្រ្ត វប្បធម៌ និងព្រះពុទ្ធសាសនា សម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅក្នុងទឹកដីកម្ពុជាក្រោម ដែលអណ្ណាមចូលមកទន្រ្ទានគ្រប់គ្រងនាសម័យកាលនោះ និងក្រោយពេលដែលអណ្ណាមដើរកាប់សម្លាប់ពលរដ្ឋខ្មែរក្រោមនៅតាមភូមិឋាន ដើម្បីបង្ខំឱ្យឧកញ៉ា សឺន គុយ ចេញប្រគល់ខ្លួនឱ្យពួកគេ។ លោកបានសម្រេចចិត្តចរចាជាមួយអាជ្ញាធរអណ្ណាម ដោយសុខចិត្តស្លាប់ ប៉ុន្តែតម្រូវឱ្យភាគីអណ្ណាម (វៀតណាមបច្ចុ​ប្បន្ន) រក្សាទុកនូវប្រពៃណីវប្បធម៌ខ្មែរឱ្យបានគង់វង្ស។

យ៉ាងណាក្តី ពលរដ្ឋខ្មែរក្រោមម្នាក់ គឺលោក ថាច់ កឿង វ័យ៣៦ឆ្នាំ​ ប្រាប់ថា ក្នុងពេលធ្វើពិធីអភិសេករូបសំណាកលោកឧកញ៉ា សឺន គុយ គឺមានអាជ្ញាធរវៀតណាមបានប្រជុំជាមួយព្រះសង្ឃ និងពលរដ្ឋក្នុងវត្ត អរុណរង្សីចាកអាគ្រោង​ ដោយមិនអនុញ្ញាតឱ្យដាក់រូបសំណាកនៅក្នុងវត្តនេះទេ។

លោកថា៖ «មានការគំនាបពីអាជ្ញាធរវៀតណាម ពីព្រោះថ្ងៃ [ពេញបូណ៌មី] ហ្នឹង! អាជ្ញាធរវៀតណាម គេមានប្រជុំជាមួយពុទ្ធបរិស័ទអ៊ីចឹងដែរ។ គេថាបើសិនមានដង្ហែរូបវីរបុរសជាតិឧកញ៉ា សឺន គុយ ចូល ក៏គេមិនឱ្យចូលទេ គេមិនទទួលស្គាល់ទេ»

ជាមួយគ្នានេះ លោក ថាច់ កឿង បានបង្ហាញការសោកស្តាយ​ដែលខ្មែរក្រោមមិនមានសិទ្ធិសេរីភាពគោរពវីរបុរសជាតិរបស់ខ្លួនបែបនេះ ដោយថា អាជ្ញាធរវៀតណាមព្យាយាមលុបបំបាត់វប្បធម៌ជាតិសាសន៍ខ្មែរនៅទឹកដីកម្ពុជាក្រោម ដែលនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមបច្ចុប្បន្ននេះ។

លោកថា៖ «សព្វថ្ងៃហ្នឹង ខ្មែរក្រោមយើងគ្មានសេរីភាពទេ ពីព្រោះបើបងប្អូនយើងដឹងរឿង ប្រវត្តិរបស់ខ្មែរយើង គេចេះតែរំលោភសិទ្ធិ គេបិទសិទ្ធិរហូត! គេមិនឱ្យយើងដឹងទេ។ ដូចបងប្អូនចង់បញ្ចេញមតិអ្វីក៏ដោយ គេគំរាមមែនទែន»។

ពាក់ព័ន្ធករណីនេះ ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា មិនអាចសុំការឆ្លើយតបបានទេ ដោយសារលេខទូរសព្ទទំនាក់ទំនងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតវៀតណាម ត្រូវបានហៅចូលជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប។

យ៉ាងណាក្តី អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា សកម្មភាពដែលអាជ្ញាធរវៀតណាមបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរក្រោមតម្កល់រូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងវត្តខ្មែរ គឺជាការរំលោភនូវច្បាប់អន្តរជាតិដែលបានធានាពីសេរីភាពក្នុងការគោរពជំនឿរបស់មនុស្សជាតិ។ លោកថា ទោះជាទឹកដីកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរក្រោម គឺជាជនជាតិដើមដែលមានសិទ្ធិសេរីភាពគោរពវីរបុសជាតិរបស់ខ្លួនដូចពលរដ្ឋទូទៅដែរ។

លោកមានប្រសាសន៍ថា៖ «វាជាការហាមប្រាមមួយដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់! ខ្ញុំសួរថា តើវៀតណាមមានច្បាប់ណាមួយដែលហាមប្រាមមិនឱ្យគេដង្ហែរូបបដិមាយកទៅតម្កល់ក្នុងវត្តអារាមព្រះពុទ្ធសាសនាហ្នឹង? ងាកទៅលើគោលការណ៍សិទ្ធិមនុស្សក៏ដូចគ្នា! អាហ្នឹងគឺជាសេរីភាពនៃជំនឿរបស់ប្រជាពលរដ្ឋ​របស់មនុស្សលោក»

បើតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ បញ្ជាក់ថា ជនជាតិដើម និងបុគ្គលជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតាមប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើងដោយសារការប្រើសិទ្ធិនេះឡើយ។

ទឹកដីកម្ពុជាក្រោម ដែលត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។

យ៉ាងណាក្តី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលរបស់លោក លន់ នល់ ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ដូច្នេះ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល៕