មេធាវីការពារក្ដីឱ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ត្រូវបានកងកម្លាំងស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះរបស់លោក កឹម សុខា រារាំងមិនឱ្យសហមេធាវីចូលជួបកូនក្ដីរបស់ខ្លួនដើម្បីពិគ្រោះយោបល់ផ្នែកផ្លូវច្បាប់។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានចេញសេចក្ដីថ្លែងការណ៍ថា សហមេធាវីមិនអាចចូលជួបកូនក្ដីរបស់ខ្លួនបាននោះទេ ដោយសារមានការរារាំងពីកងកម្លាំងដែលស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះលោក កឹម សុខា។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣សហមេធាវីការពារក្ដីបានទៅផ្ទះលោក កឹម សុខា ដើម្បីជួបកូនក្ដីនៅគេហដ្ឋានដែលដាក់លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍ ប៉ុន្តែត្រូវបានកងកម្លាំងស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះលោក កឹម សុខា រារាំងមិនឱ្យសហមេធាវីចូលជួបពិគ្រោះយោលបល់ផ្នែកច្បាប់ជាមួយកូនក្ដីឡើយ។
ក្រុមមេធាវីបានបន្ថែមក្នុងសេចក្ដីថ្លែងការណ៍នោះថា កងកម្លាំងដែលយាមនៅខាងមុខផ្ទះលោក កឹម សុខា បានណែនាំឱ្យសហមេធាវីការពារក្ដីឱ្យលោក កឹម សុខា ត្រូវទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។
សេចក្ដីថ្លែងការណ៍បញ្ជាក់តាមន័យដើមថា៖ «សហមេធាវីមិនអាចអនុវត្តតាមការណែនាំដែលផ្ទុយនឹងច្បាប់ ក្រម និងវិធានជាធរមានដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីបានឡើយ។ ដូច្នេះចាប់ពីពេលនេះតទៅ សហមេធាវីមិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះឯកឧត្ដម កឹម សុខា និងរឿងក្ដីបច្ចុប្បន្នរបស់គាត់តទៅទៀតបានឡើយ ហើយសិទ្ធិទទួលបានជំនួយមេធាវីដែលមានចែងក្នុងច្បាប់ដែលឯកឧត្ដម កឹម សុខា ត្រូវទទួលបាន ក៏ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរវៀរលែងតែមានការកែប្រែជាវិជ្ជមាន និងទាន់ពេលវេលា»។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ដែលជាមេដឹកនាំបក្សប្រឆាំង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ពីបទក្បត់ជាតិ។ ក្រោយការប្រកលាសសាលក្រម ចៅក្រមបានបង្គាប់ឱ្យឃុំខ្លួនលោក កឹម សុខា នៅផ្ទះរបស់លោក ដោយមិនអនុញ្ញាតឱ្យជួបនរណាទាំងអស់ ក្រៅពីសមាជិកគ្រួសារ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់ Newsroom Cambodia តាមរយៈតេលេក្រាមថា ករណីនេះគឺលក្ខខណ្ឌដែលតម្រូវ ដោយសារសាលក្រមរបស់តុលាការមានអំណាចតាមផ្លូវច្បាប់ មិនមែនជាការរំលោភបំពានទៅលើសិទ្ធិរបស់មេធាវីនោះទេ។ លោកបន្ថែមថា មេធាវីមិនមែនអាចមានសិទ្ធិចូលទៅគ្រប់ទីកន្លែងដើម្បីទៅជួបកូនក្ដីដោយមិនមានការអនុញ្ញាតនោះទេ។
លោកលើកឡើងថា៖ «ក្នុងសាលក្រមគេតម្រូវឱ្យសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអ៊ីចឹងគាត់អាចសុំបន្ដិចទៅ ដូចជាមិនទាស់ខុសអ្វីទេ បើសិនជាព្រះរាជអាជ្ញាគាត់មិនអនុញ្ញាតអាហ្នឹងទើបជាការរំលោភបំពានសិទ្ធិរបស់មេធាវីក្នុងការជួបជាមួយកូនក្ដី ក៏ប៉ុន្តែបើសិនជាគាត់សុំបន្តិចតាមលក្ខខណ្ឌដែលតម្រូវដោយសាលក្រម ខ្ញុំគិតថាមិនមានបញ្ហាទេ។ លើកតែគាត់មិនចង់គាត់មានចេតនាអ្វីផ្សេង»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានប្រាប់Newsroom Cambodia ថាបើតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងវិជ្ជាជីវៈរបស់មេធាវីក្នុងករណីដែលមេធាវីមានការទទួលស្គាល់ដោយតុលាការ និងមានការពឹងពាក់ដោយកូនក្ដី គឺមានសិទ្ធិក្នុងការជួបកូនក្ដីរបស់ខ្លូនដោយមិនមានការរំខាន ឬការយាយីនោះទេ។ លោកបន្ថែមថា មេធាវីមានសិទ្ធិជួបកូនក្ដីជាសម្ងាត់ទោះបីនៅក្នុងពន្ធនាគារ ឬនៅកន្លែងផ្សេងក៏ដោយ។
បើតាមលោក អំ សំអាត ការណ៍ដែលអាជ្ញាធរតម្រូវឱ្យមេធាវីរបស់លោក កឹម សុខា ទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុន គឺខុសទៅនឹងវិជ្ជាជីវៈរបស់មេធាវីនិងជាការរំខានធ្វើឱ្យប៉ះពាល់ទៅដល់ដំណើការនីតិវិធី ឬការជួបកូនក្ដីរបស់មេធាវី។
លោកលើកឡើងថា៖ «បើសិនជាអាជ្ញាធរហ្នឹងមិនហ៊ានក្នុងការអនុញ្ញាតទេ ពេលដែលទទួលព័ត៌មានអ៊ីចឹងហើយ ព្រះរាជអាជ្ញា ឬខាងតុលាកាហ្នឹងអាចជូនដំណឹងទៅមន្រ្ដីដែលយាមនៅផ្ទះឯកឧត្ដម កឹម សុខា គឺឱ្យអនុញ្ញាតឱ្យមេធាវីគេជួបជាមួយកូនក្ដីគេទៅ ដោយមិនបាច់ទៅជួបម្ដងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាម្ដង។ ទៅម្ដងសុំម្ដងៗ។ អាហ្នឹគឺជាការរំខាន ជាការប៉ះពាល់ទៅដល់វិជ្ជាជីវៈរបស់គេ ហើយនឹងការជួបកូនក្ដីរបស់គេ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្តាលយប់រំលងអាធ្រាត្រ កាលពីខែកញ្ញា ឆ្នាំ២០២៧ ដោយចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំអស់រយៈពេលជាងមួយឆ្នាំ ក្រោយមកត្រូវបានដាក់ឱ្យជាប់ឃុំក្នុងផ្ទះ ជាមួយនឹងការបើកសវនាការជាង៦០ដង មុននឹងមានការប្រកាសសាលក្រមកាត់ទោស៕