ក្រុមយុវជនស្ម័គ្រចិត្ត ដែលសកម្មក្នុងការងារសង្គម បានជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាប្រឈម នៃការរឹតត្បិតសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា ដោយជំរុញទៅរដ្ឋាភិបាលបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលបានបិទនាពេលកន្លងមកឡើងវិញ។
តំណាងក្រុមយុវជនដែលបានបង្កើតកម្មវីធីនេះ លោក គុយ ចិត្រា វ័យ២១ឆ្នាំ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាពីសេរីភាពសារព័ត៌មាននេះ មានការចូលរួមពីយុវជនជាង៦០នាក់។ លោកថា គោលបំណងនៃការបង្កើតវេទិកានេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងទៅដល់យុវជនជំនាន់ក្រោយ ពីគុណតម្លៃរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ។
លោកថា៖ «សរុបជារួម គឺកម្មវិធីនេះចង់ឱ្យយុវជនគាត់យល់ដឹងថា សារព័ត៌មានមានសារសំខាន់ក្នុងការអភិវឌ្ឍប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺឱ្យមានសារព័ត៌មានឯករាជ្យនេះ»។
បន្ថែមលើនេះ តំណាងក្រុមយុវជនរូបនេះសង្កេតឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ក្រោយពេលរដ្ឋាភិបាលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាបន្តបន្ទាប់ ជាពិសេសគឺវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ក្នុងពេលថ្មីៗនេះ។ លោកថា អ្នកសារព័ត៌មានឯករាជ្យ តែងតែពាំនាំបញ្ហាប្រឈមនានាពីប្រជាពលរដ្ឋទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ដោយបង្ហាញការពិតជាក់ស្តែងដែលកើតមាន។
វេទិកានេះធ្វើឡើងរយៈពេលមួយព្រឹក នៅថ្ងៃទី១២ ខែមីនា ក្នុងរាជធានីភ្នំពេញ ដោយក្លឹបយុវជន ចំនួន៤ បានរួមគ្នារៀបចំឡើង។ ក្លឹបយុវជនទាំងនោះ រួមមាន ក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ, ក្លឹបយុវជនដើម្បីការយល់ដឹង, ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ និង ក្លឹបយុវជនបៃតង។
ក្នុងអង្គពិធីមានការចូលរួមសុទ្ធសឹងតែជាយុវជនវ័យក្មេងដែលជាសិស្ស-និស្សិត មកពីបណ្តាសាកលវិទ្យាល័យនានា ដោយមានទាំងការលើកជាសំណួរយ៉ាងផុសផុលទៅកាន់វាគ្មិនជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាក្តី លោក គុយ ចិត្រា ដែលជាសហប្រធានក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ មានក្តីរំពឹងថា ក្រោយបញ្ចប់ការពិភាក្សានេះ យុវជនដែលបានចូលរួមនឹងទទួលបានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមពីសារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកថា៖ «អ្វីដែលយើងអាចផ្លាស់ប្តូរបាននៅក្នុងកម្មវិធីនេះ គឺយុវជនគាត់មានការផ្លាស់ប្តូរនៃការគិត។ ពីមុន ឧទាហរណ៍ថា គាត់គិតថាសារព័ត៌មានមិនអាចជួយអីបាន ប៉ុន្តែនៅពេលដែលគាត់ចូលរួមកម្មវិធីនេះ គាត់ឃើញអំពីលំហភាពនៃសារព័ត៌មាន។ អ៊ីចឹងគាត់គិតថា ខ្លួនគាត់នឹងមានការផ្លាស់ប្តូរ»។
រូបរាងស្គមស្តើង សម្បុរស្រអែម យុវតី ជ្រក់ សារ៉េន វ័យ១៩ឆ្នាំ ជានិសិ្សតជំនាញអក្សរសាស្រ្តខ្មែរ បាននិយាយថា ក្រោយពេលបានចូលរួមកិច្ចពិភាក្សានេះ ធ្វើឱ្យរូបគេកាន់តែទទួលបានចំណេះដឹងទូលំទូលាយបន្ថែមទៀតពីតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
មានស្រុកកំណើតនៅខេត្តសៀមរាប យុវតីរូបនេះបន្តថា រូបគេមិនសូវមានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីទទួលបានចំណេះដឹងក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទេ ព្រោះគាត់រស់នៅក្នុងតំបន់ជនបទ។
ប្រភពបន្តថា៖ «ខ្ញុំទទួលបានចំណេះដឹងច្រើន! វាមិនបានជាច្រើនណាស់ណាទេ ប៉ុន្តែវាគ្រាន់ជាងដែលថាខ្ញុំមកពីតំបន់ជនបទអ៊ីចឹង អត់សូវទទួលបានព័ត៌មានច្រើន។ ពេលខ្ញុំមកនៅ [រាជធានីភ្នំពេញ] នេះ ទោះជាខ្ញុំនៅបានតិច ប៉ុន្តែខ្ញុំចូលរួមកម្មវិធីបែបហ្នឹងបាន២លើកហើយ។ ខ្ញុំមានអារម្មណ៍មួយថា ខ្ញុំទទួលបានភាពក្បោះក្បាយ ទទួលបានអារម្មណ៍ថ្មីៗ»។
ទោះជាយ៉ាងណា យុវតីវ័យ១៩ឆ្នាំរូបនេះ ប្រាប់ថា រូបគេតែងតែតាមដានស្ដាប់ពីបញ្ហានយោបាយនៅកម្ពុជា ហើយថាមានប្រព័ន្ធផ្សព្វផ្សាយតិចតួចប៉ុណ្ណោះដែលហ៊ានផ្សព្វផ្សាយពីព័ត៌មានពិត។ យ៉ាងណាក្តី កញ្ញាបានបង្ហាញអារម្មណ៍សោកស្តាយ ក្រោយពេលក្រសួងព័ត៌មានបិទស្ថាប័នវីអូឌី (VOD) ដោយថា ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យមួយនេះ គឺជាការបំបិទសំឡេងរបស់ប្រជាពលរដ្ឋ។
កញ្ញាថា៖ «វិទ្យុខ្លះផ្សាយស្ថិតនៅក្រោមស្ថាប័នរបស់គេ មិនហ៊ានផ្សាយការពិត និយាយទាល់តែអែប [លម្អៀង] ទៅខាងគេ ទើបអាចឈរជើងបានជាប់។ និយាយទៅ នៅពេលដែលយើងបិទវិទ្យុ [វីអូឌី] មួយនេះ គឺវាបាត់ការពិតតែម្តង»។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានសម្រេចដកអាជ្ញាបណ្ណ វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី បន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលច្រានចោល ពាក់ព័ន្ធនឹងការចុះផ្សាយអត្ថបទមួយថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក បានចុះហត្ថលេខាផ្តល់ជំនួយដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី។
ក្រោយមក ស្ថានទូតបរទេសប្រចាំកម្ពុជា រួមមាន អាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ព្រមទាំងស្ថានទូតអូស្ត្រាលី បានបង្ហាញការខកចិត្តព្រមៗគ្នា ខណៈដែលអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានទាមទារឱ្យរដ្ឋាភិបាលបើកវិទ្យុនេះឡើងវិញ។
ចំណែកលោក វណ្ណ ប៊ុណា អ្នកសិក្សាផ្នែកនយោបាយ ដែលជាវាគ្មិនចូលរួមកិច្ចពិភាក្សានេះបានសង្កេតឃើញថា នៅមុនរដូវកាលបោះឆ្នោតថ្នាក់ជាតិមកដល់ គណបក្សកាន់អំណាចបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីបំបិទសំឡេងរិះគន់រដ្ឋាភិបាល ក្នុងគោលដៅកាន់តំណែងបន្ត។ លោកថា ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលពីចន្លោះខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីកែលម្អទៅរកភាពល្អប្រសើរ និងបង្ហាញការពិតដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួនបន្តទៀត។
ជាងនេះទៅទៀត លោកថា បើក្នុងសង្គមមួយ ស្ថាប័នព័ត៌មានមិនហ៊ានរាយការណ៍ពីបញ្ហាពិតទេ ស្ថាប័នទាំងនេះគឺជាប្រព័ន្ធឃោសនាការ ដែលមានន័យថាគ្រាន់តែជាមធ្យោបាយបម្រើផលប្រយោជន៍សម្រាប់ក្រុមណាមួយតែប៉ុណ្ណោះ។
លោកបន្តថា៖ «សារព័ត៌មានឯករាជ្យ គាត់ដើរតួនាទីអ្នកត្រួតពិនិត្យនូវសកម្មភាពរបស់រដ្ឋាភិបាល ក្នុងដំណើរការ ឬការអនុវត្តគោលនយោបាយខុសឬត្រូវកម្រិតណា ដែលយើងតែងថាសារព័ត៌មានគឺជាកញ្ចក់ឆ្លុះអំពីសកម្មភាពរបស់រដ្ឋាភិបាលទៅឱ្យប្រជាជន ហើយពាំនាំនូវអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋមកឱ្យរដ្ឋាភិបាល»។
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ ចេញផ្សាយរបាយការណ៍មួយដោយចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាក្នុងឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោលគឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០ប្រទេសនៅលើពិភពលោក ។
របាយការណ៍ដដែលបានរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយមួយផ្នែកធំរបស់កម្ពុជាត្រូវបានគ្រប់គ្រងដោយអ្នកជំនួញធំៗដែលស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យុវតី មាស ដា វ័យ២៣ឆ្នាំ ជាអ្នកសារព័ត៌មានហាត់ការនៅស្ថាប័នព័ត៌មានវីអូអេ (VOA) លើកឡើងថា គាត់មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលដែលចុះប្រមូលព័ត៌មាននៅមូលដ្ឋាន ព្រោះខ្លួនជាស្រ្តី។ យ៉ាងណាក្តី កញ្ញាថា ការចាប់អាជីពក្នុងវិស័យសារព័ត៌មាននេះ គឺដើម្បីជាផ្នែកមួយចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានវ័យក្មេងរូបនេះបានជំរុញឱ្យរដ្ឋាភិបាលបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ដើម្បីដោះស្រាយបញ្ហាជាតិដែលកំពុងកើតមានឡើង។
កញ្ញាបន្ថែមថា៖ «ចំពោះការរៀបចំរបស់ក្រុមយុវជននេះដែរ ក៏ដូចជាសារមួយសម្រាប់ពាំនាំទៅដល់រាជរដ្ឋាភិបាល ឱ្យគាត់មានការបើកចិត្តឱ្យទូលាយក្នុងការទទួលយកនូវការកែប្រែ ក៏ដូចជាមានការអភិវឌ្ឍឱ្យមានការរីកចម្រើនជាងមុន ទៅលើវិស័យសារព័ត៌មាននៅកម្ពុជា»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា មិនត្រូវបានរឹតត្បិតនោះទេ ហើយថាស្ថាប័នទាំងនេះកំពុងបំពេញការងាររបស់ខ្លួនដោយសេរីក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
លោកបន្តថា៖ «សារព័ត៌មាន និងអ្នកសារព័ត៌មាន អាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយសេរី និងយ៉ាងសកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការត្រួតពិនិត្យមុនការផ្សាយ និងផ្សព្វផ្សាយដោយឈរលើការសម្រេចចិត្ត ដោយស្វ័យភាព គ្មានការបង្ខិតបង្ខំឡើយ»។
បើតាមលោក មាស សុភណ្ឌ នៅកម្ពុជាមានអង្គភាពសារព័ត៌មានជាង២ 0០០អង្គភាព ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានចំនួនជាង៥ ០០០នាក់។
ចំណែកនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បានសាទរចំពោះសកម្មភាពក្រុមយុវជនស្ម័គ្រចិត្ត ដែលរួមគ្នាបង្កើតវេទិកាពិភាក្សាដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជានេះឡើង។ លោកថា សកម្មភាពទាំងនេះគួរត្រូវទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ។ ជាងនេះទៅទៀត លោកថា រដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក ការចុះផ្សាយពីចំណុចអវិជ្ជមានរបស់ខ្លួន គឺជាក្រុមប្រឆាំង។ ប៉ុន្តែលោកថា ការរាយការណ៍ពីបញ្ហាពិត ឬអំពីអសកម្មណាមួយរបស់អាជ្ញាធរ គឺជាការជំរុញឱ្យមានដំណោះស្រាយក្នុងសង្គមឈានទៅរកភាពល្អប្រសើរ។
លោកថ្លែងថា៖ «ការផ្តល់ព័ត៌មានរឿងអវិជ្ជមានមិនជាអាក្រក់អីទេ វាអាចធ្វើឱ្យបញ្ហាផ្សេងៗក្នុងសង្គមហ្នឹងគឺត្រូវបានដោះស្រាយ ជាជាងដែលធ្វើឱ្យបញ្ហាហ្នឹង វាក្លាយទៅជារឿងដែល កាន់តែធ្ងន់ធ្ងរកើតមានឡើងនៅក្នុងសង្គមរបស់យើង»។
ងាកទៅកាន់យុវតីវ័យក្មេង ឡាច ធីណា បានជំរុញប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ចូលរួមឱ្យបានផុសផុលក្នុងកិច្ចការងារសង្គមទៅតាមលទ្ធភាពរៀងខ្លួនៗ ស្របទៅតាមច្បាប់រដ្ឋមនុញ្ញចែងពីសិទ្ធិរបស់ពលរដ្ឋ ដើម្បីធានាឱ្យសង្គមជាតិមានការអភិវឌ្ឍឈានទៅរកភាពល្អប្រសើរ។
កញ្ញាថា៖ «ខ្ញុំសុំសំណូមពរទៅដល់យុវជន ក៏ដូចជាសកម្មជន ប្រជាពលរដ្ឋខ្មែរ ឱ្យមានការចូលរួមយ៉ាងសកម្មក្នុងសង្គមយើងសព្វថ្ងៃនេះ ព្រោះមានតែពួកយើងទេដែលជាសារសំឡេងមួយ ដើម្បីឱ្យសង្គមជាតិយើងនឹងទទួលបានយុត្តិធម៌»៕