ក្រសួងកិច្ចការនារីសម្តែងការសោកស្តាយ និងមិនគាំទ្រជាដាច់ខាតចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិកហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីកាលពីថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានសរសេរថា នាពេលកន្លងទៅថ្មីៗនេះមានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្តាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីខ្មែរ។ ក្រសួងបន្ថែមថា សកម្មភាព និងទង្វើទាំងនោះ គឺជាគំរូមិនល្អសម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងរបស់ប្រទេសជាតិ។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី ធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលប្រមាណជា៤០ស្ថាប័ន បានដាក់លិខិតចំហរទៅក្រសួងពាក់ព័ន្ធ ឱ្យមានការចាត់វិធានការលើលោក ផែង វណ្ណៈ ម្ចាស់ទំព័រហ្វេសប៊ុកអនឡាញផែង វណ្ណៈ ញូវស៍ ដែលបានប្រមាថលើស្រ្តីអ្នកសារព័ត៌មានវិទ្យុ VOD ម្នាក់ ទាក់ទងនឹងការរាយការណ៍ព័ត៌មានរបស់នាង ពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត។
លោកស្រី អេង ចាន់ឌី នាយិកាអង្គការយេនឌ័រអភិវឌ្ឍដើម្បីកម្ពុជាបានប្រាប់ Newsroom Cambodia កាលពីថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការលើកឡើងរបស់ក្រសួងកិច្ចការនារី គឺជាការឆ្លើយតបនឹងលិខិតចំហរដែលក្រុមសង្គមស៊ីវិលបានដាក់ទៅ ដែលជាការទទួលស្គាល់ថា ពាក្យពេជន៍ដែលប្រើមានភាពអសុរោះ។
អ្នកស្រីបញ្ជាក់ថា៖ «បើទោះបីជាការឆ្លើយតបរបស់ក្រសួងកិច្ចការនារីវាជាលក្ខណៈទូទៅទូលំទូលាយបន្តិចមែន ប៉ុន្តែគាត់ក៏ទទួលស្គាល់ថាពាក្យពេចន៍មួយចំនួនគឺវាអសុរោះ ហើយវាអត់គួរត្រូវបានប្រើប្រាស់។ គាត់ទទួលស្គាល់ទាក់ទងទៅនឹងការធ្វើការរួមគ្នា និងការសហការគ្នាបន្តទៀតដើម្បីលុបបំបាត់ជាមួយនឹងការប្រើប្រាស់អំពើរហិង្សាលើយេនឌ័រអនឡាញ ទៅលើស្រ្តីភេទ ឬក៏ទៅលើស្រ្តីដែលជាអ្នកសារព័ត៌មានផងដែរ»។
អ្នកស្រីបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងស្រ្តី នឹងបន្តសហការបន្ថែមទៀតជាមួយរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធនានាដូចជា ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ដើម្បីធ្វើការជាមួយអ្នករាយការណ៍ព័ត៌មានផ្សេងទៀត ធ្វើយ៉ាងណាលុបបំបាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រីនៅក្នុងប្រព័ន្ធអនឡាញ និងផ្ទាល់។
អ្នកស្រី ស្តើង ភារ៉ុង នាយិកាប្រតិបត្តិអង្គការបន្ទាយស្រីបានប្រាប់មក Newsroom Cambodia នៅថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែរថា អ្នកស្រីស្វាគមន៍សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីនេះ។
«ក្រសួងកិច្ចការនារីលោកបានបញ្ជាក់ជាទូទៅនូវសកម្មភាពមួយចំនួនដែលវាបង្ហាញពីភាពអសីលធម៌នៅក្នុងសង្គម ហើយសកម្មភាពមួយចំនួនវាធ្វើឱ្យប៉ះពាល់ទៅដល់ឆន្ទ:របស់រដ្ឋាភិបាលដែលខិតខំធ្វើការងារក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រី្តនៅគ្រប់វិស័យផងដែរ»។
អ្នកស្រីបន្ថែមថា បុគ្គលដែលប្រមាថស្រ្តីអ្នកសារព័ត៌មាននោះ គឺជាម្ចាស់សារព័ត៌មានមួយ ដូច្នេះរាល់ទង្វើរបស់គាត់អាចធ្វើឱ្យប៉ះពាល់ដល់សង្គមទាំងមូល។ ដែលចាំបាច់ រដ្ឋាភិបាលត្រូវឆ្លើយតបនឹងបញ្ហានេះ។
អ្នកស្រីបញ្ជាក់ថា៖ «យើងសង្ឃឹមថាក្រសួងពាក់ព័ន្ធជាពិសេសក្រសួងទាំងពីរខាងលើ លោកនឹងចាត់វិធានការទៅតាមតួនាទីដែលលោកមាន ដើម្បីកុំឱ្យមានការរើសអើងបែបហ្នឹងទៅលើស្រ្តីនៅតាមទីសាធារណៈ។ ហើយយើងសង្ឃឹមថានៅថ្ងៃខាងមុខគឺមិនមានករណីបែបហ្នឹងកើតឡើងទៀតនោះទេ»។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងយេនឌ័រ ប្រឆាំងនឹងការរំលោភបំពានលើស្រ្តីយល់ថា ជាការប្រមាថ ការបៀតបៀនលើស្រ្តី និងទាមទារឱ្យបុគ្គលរូបនេះសុំទោសជាសាធារណៈ៕