ក្រសួងកិច្ចការនារីសម្តែង​ការសោកស្តាយ និងមិនគាំទ្រជាដាច់ខាតចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិកហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់​ស្រ្តីខ្មែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីកាលពីថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានសរសេរថា នាពេលកន្លងទៅថ្មីៗ​នេះមា​នការលេចឡើង​នូវបាតុភាព​នៃ​ការប្រើប្រាស់​ពាក្យ​សម្តី​មិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាម​បណ្តាញ​​ទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូចធ្វើឱ្យ​ប៉ះ​ពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីខ្មែរ។ ក្រសួង​បន្ថែម​ថា សកម្មភាព និងទង្វើទាំង​នោះ គឺ​ជា​គំរូ​មិនល្អសម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី និង​ជា​សរសរ​ទ្រូង​របស់ប្រទេសជាតិ។​

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កិច្ច​ការនារី ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិល​ប្រមាណជា​៤០​ស្ថាប័ន បាន​ដាក់​លិខិត​ចំហរ​ទៅ​ក្រសួង​ពាក់ព័ន្ធ ​ឱ្យ​មានការ​ចាត់​វិធានការ​លើ​​លោក ផែង វណ្ណៈ ​ម្ចាស់​ទំព័រ​ហ្វេសប៊ុកអនឡាញ​ផែង​ វណ្ណៈ ​ញូវស៍​ ដែល​បាន​ប្រមាថ​លើ​ស្រ្តី​អ្នកសារព័ត៌មាន​វិទ្យុ VOD ​ម្នាក់ ទាក់ទង​នឹង​ការ​រាយការណ៍​ព័ត៌មាន​​​របស់​នាង ពាក់ព័ន្ធនឹង​លោក ហ៊ុន ម៉ាណែត​។

លោកស្រី អេង ចាន់ឌី នាយិកាអង្គការយេនឌ័រអភិវឌ្ឍ​ដើម្បីកម្ពុជាបានប្រាប់ Newsroom Cambodia កាលពីថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការ​លើកឡើង​របស់​ក្រសួង​កិច្ច​ការនារី គឺ​ជាការ​ឆ្លើយ​តប​នឹង​លិខិត​ចំហរ​​​ដែល​ក្រុម​សង្គម​ស៊ីវិល​បាន​ដាក់​ទៅ ដែល​ជា​ការ​ទទួល​ស្គាល់​ថា ពាក្យ​ពេជន៍​ដែល​ប្រើ​មានភាព​​អសុរោះ។

អ្នកស្រី​បញ្ជាក់ថា៖ «បើទោះបីជា​ការឆ្លើយតប​របស់​ក្រសួង​កិច្ចការ​នារី​វា​ជា​លក្ខណៈ​ទូទៅ​ទូលំទូលាយ​បន្តិចមែន ប៉ុន្តែគាត់ក៏ទទួលស្គាល់ថាពាក្យពេចន៍មួយចំនួនគឺវាអសុរោះ ហើយវាអត់គួរត្រូវបានប្រើប្រាស់។​ គាត់ទទួលស្គាល់ទាក់ទងទៅនឹងការធ្វើការរួមគ្នា និង​ការសហការគ្នាបន្តទៀតដើម្បីលុបបំបាត់ជាមួយ​នឹង​ការប្រើប្រាស់​អំពើ​រ​ហិង្សា​លើ​យេនឌ័រ​អនឡាញ ទៅលើស្រ្តីភេទ ឬក៏ទៅលើស្រ្តីដែលជាអ្នកសារព័ត៌មានផងដែរ»។

អ្នកស្រី​បន្ថែម​ថា ក្រុម​អង្គការស​ង្គមស៊ីវិល​ធ្វើការពាក់ព័ន្ធនឹង​ស្រ្តី នឹង​បន្ត​​សហការ​​​បន្ថែម​ទៀត​ជា​មួយ​រដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធនានាដូចជា ក្រសួងកិច្ចការនារី ក្រសួង​ព័ត៌មាន​ ដើម្បី​ធ្វើការ​ជាមួយ​អ្នករាយការណ៍​ព័ត៌មា​ន​ផ្សេង​ទៀត​ ធ្វើ​យ៉ាងណា​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្រ្តី និង​ក្មេងស្រីនៅ​ក្នុងប្រព័ន្ធអនឡាញ និងផ្ទាល់។​

អ្នកស្រី​ ស្តើង ភារ៉ុង នាយិកាប្រតិបត្តិ​អង្គការ​បន្ទាយស្រីបានប្រាប់មក Newsroom Cambodia នៅថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែរ​ថា អ្នកស្រី​ស្វាគមន៍​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កិច្ចការនារីនេះ។

«ក្រសួងកិច្ចការនារីលោកបានបញ្ជាក់ជាទូទៅនូវសកម្មភាពមួយចំនួនដែលវាបង្ហាញពីភាពអសីលធម៌នៅក្នុងសង្គម ហើយ​សកម្មភាព​មួយ​ចំនួន​វា​ធ្វើ​ឱ្យប៉ះពាល់​ទៅ​ដល់​ឆន្ទ:​របស់​រដ្ឋាភិបាល​ដែល​ខិតខំ​ធ្វើ​ការងារ​ក្នុង​ការលើក​កម្ពស់​ការចូលរួម​របស់​ស្រី្តនៅ​គ្រប់​វិស័យ​ផង​ដែរ»។

អ្នកស្រី​បន្ថែមថា  បុគ្គល​ដែល​ប្រមាថស្រ្តី​អ្នកសារព័ត៌មាន​នោះ គឺ​ជាម្ចាស់​សារព័ត៌មាន​មួយ ដូច្នេះ​​រាល់​ទង្វើ​របស់គា​ត់​​អាច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់សង្គម​ទាំងមូល។ ដែល​ចាំបាច់​ រដ្ឋាភិបាល​ត្រូវ​​ឆ្លើយតបនឹង​បញ្ហា​នេះ។

អ្នកស្រីបញ្ជាក់​ថា៖ «យើងសង្ឃឹមថាក្រសួងពាក់ព័ន្ធជាពិសេសក្រសួងទាំងពីរខាងលើ លោកនឹង​ចាត់​វិធានការ​ទៅ​តាម​តួនាទីដែលលោកមាន ដើម្បីកុំ​ឱ្យ​មាន​ការរើសអើង​បែប​ហ្នឹង​ទៅ​លើ​ស្រ្តីនៅ​តាម​ទី​សាធារណៈ។​ ហើយ​យើង​សង្ឃឹម​ថា​នៅ​ថ្ងៃ​ខា​​ង​មុខ​គឺ​មិនមាន​ករណី​បែប​ហ្នឹង​កើត​ឡើង​ទៀត​នោះទេ»។

ក្រុម​អង្គការសង្គមស៊ីវិល​ដែល​ធ្វើការងារពាក់ព័ន្ធនឹងយេនឌ័រ ប្រឆាំង​នឹងការរំលោភបំពាន​លើ​ស្រ្តីយល់ថា​ ជា​ការ​ប្រមាថ ការបៀតបៀន​លើ​ស្រ្តី និ​ង​ទាមទា​រ​ឱ្យបុគ្គល​រូប​នេះ​​សុំទោសជាសាធារណៈ៕