ក្លឹបយុវជនចំនួន៤ស្ថាប័ន គ្រោងដាក់លិខិតទៅក្រសួងព័ត៌មាន ដើម្បីជំរុញឱ្យស្ថាប័នរដ្ឋមួយនេះអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលរដ្ឋាភិបាលបង្ខំចិត្តបិទទ្វារក្នុងពេលកន្លងទៅ អាចបើកដំណើរការបោះពុម្ពផ្សាយ និងប្រតិបត្តិការរបស់ខ្លួនឡើងវិញ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ កាន់តែខិតជិតមកដល់ណាស់ទៅហើយ។
ក្លឹបយុវជនទាំង៤អង្គភាពដែលគ្រោងនឹងដាក់ញត្តិក្នុងពេលឆាប់ៗនេះ រួមមាន ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ ក្លឹបយុវជនបៃតង ក្លឹបយុវជនដើម្បីចំណេះដឹង និងក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ រួមទាំងក្រុមយុវជនសង្គមប្រធានក្លឹបយុវជនបៃតង ដែលហៅកាត់ថា ជី.វ៉ាយ.ស៊ី (G.Y.C) ជាដើម។
លោក កែ ចំរើន បានឱ្យដឹងថា ក្លឹបយុវជនចំនួន៤ និងក្រុមយុវជនសង្គមមួយចំនួនទៀតបានពិភាក្សាគ្នារួចរាល់ហើយ គឺគ្រោងនឹងដាក់លិខិតទៅក្រសួងពត៌មាន នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ។
លោកបន្តថា ការដាក់លិខិតនេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យក្រសួងព័ត៌មាន ពិនិត្យ និងបើកឱកាសឱ្យស្ថាប័នសារព័ត៌មានឯករាជ្យដែលត្រូវបានបិទអាចបើកដំណើរការឡើងវិញ។ ប្រភពបន្ថែមថា សារព័ត៌មានឯករាជ្យជាផ្នែកមួយសំខាន់អាចជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងអ្នកដែលងាយរងគ្រោះ ជាពិសេសបញ្ហាការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីឱ្យពួកគេទទួលបាននូវព័ត៌មាន និងឥតលម្អៀងសម្រាប់ដំណើរការបោះឆ្នោតក្នុងខែកក្កដា ខាងមុខនេះ។
លោកបន្តថា៖ «យើងចង់ឱ្យរាជរដ្ឋាភិបាលគិតគូរឡើងវិញទៅលើការពិនិត្យនិងផ្តល់អាជ្ញាប័ណ្ណទៅដល់ព័ត៌មានឯករាជ្យដែលធ្លាប់បិទពីមុនមក ឱ្យដំណើការឡើងវិញ»។
លោកបន្ថែមថា៖ «ព្រោះវាជាផ្នែកមួយសំខាន់ជួយជំរុញឱ្យលទ្ធិប្រជាធិបតេយ្យ វាបានល្អប្រសើរ ហើយអ្វីដែលសំខាន់នោះ នៅក្នុងការបោះឆ្នោត គឺសារព័ត៌មានឯករាជ្យគាត់ចែករំលែកទៅដល់ពលរដ្ឋមូលដ្ឋានហ្នឹង វាបានច្បាស់លាស់បានល្អជាងសារព័ត៌មានទូទៅ នេះជាគោលបំណង»។
ស្ថិតក្នុងវ័យ២៨ឆ្នាំ និងជាអ្នកភ្នំពេញផង យុវជនរូបនេះបន្ថែមថា វិស័យសារព័ត៌មានឯករាជ្យដើរតួនាទីសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះវាបានជួយបង្ហាញការពិតអំពីទិដ្ឋភាពសង្គមជាក់ស្តែង និងយុត្តិធម៌។ ប្រភពបន្តថា ស្ថាប័នព័ត៌មាននេះអាចជួយជំរុញឱ្យសង្គមប្រជាធិបតេយ្យឈានទៅរកការអភិវឌ្ឍ និងជួយឆ្លុះបញ្ចាំងពីភាពចន្លោះប្រហោងនៃសង្គមថែមទៀតផង។
លោកបន្តថា៖ «ដោយមើលឃើញពីបញ្ហាសង្គមជាច្រើនត្រូវការសារព័ត៌មានឯករាជ្យជួយផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ទើបក្លឹបយុវជនសម្រេចធ្វើជាលិខិតដាក់ទៅក្រសួង ហើយណាមួយរដូវកាលបោះឆ្នោតខិតជិតមកដល់ផង សំខាន់ណាស់សារព័ត៌មានឯករាជ្យ ឥតលម្អៀង ផ្សាយតែរឿងពិតៗ និងភាពមិនប្រក្រតីមួយចំនួនជុំវិញការបោះឆ្នោត។ សារព័ត៌មាន ទី១ ជួយដោះស្រាយបញ្ហាសង្គម ទី២ ជំរុញឱ្យសង្គមមានការអភិវឌ្ឍទៅដោយមានការគោរពសិទ្ធិមនុស្ស មិនមែនគ្រាន់តែរូបភាពអភិវឌ្ឍន៍តែប៉ះពាល់សិទ្ធិមនុស្ស»។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វិទ្យុអេហ្វ.អិម (FM) មួយចំនួនដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុដែលផ្តល់ជំនួយដោយសហរដ្ឋអាមេរិក ដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) និង វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា(RFA) ឱ្យឈប់ចាក់ផ្សាយកម្មវិធីព័ត៌មាន បន្ទាប់ពីទទួលបានបញ្ជាពីក្រសួងព័ត៌មាន។ ស្របពេលជាមួយគ្នានេះដែរ កាសែត ឌឺខេមបូឌា ដេលី (The Cambodia Daily) ដែលជាសារព័ត៌មានឯករាជ្យ ក៏ឈប់ឱ្យប្រតិបត្តិការបោះពុម្ពផ្សាយ ក្រោយមួយថ្ងៃបន្ទាប់ពីបិទវិទ្យុអាស៊ីសេរី នៅក្រោយពេលកាសែតផ្នែកភាសាអង់គ្លេសមួយនេះបានដំណើរការរបស់ខ្លួនប្រមាណ២៤ឆ្នាំនិង១៥ថ្ងៃ នៅប្រទេសកម្ពុជា។
របាយការណ៍អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters without Borders) កាលពីឆ្នាំ២០១៧ រកឃើញថាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣២ ផ្នែកសេរីភាពសារព័ត៌មាន។ របាយការណ៍ដដែលដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះទ្វេដង បើធៀបនឹងឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ សេរីភាពសារព័ត៌មានកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិមួយនេះរកឃើញថា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀង១២៨។
ចំណែកប្រធានក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ ដែលហៅកាត់ថា ខេ.វ៉ាយ.ស៊ី.ឌី (K.Y.C.D) គឺកញ្ញា ឡេង ល័ក្ខ ឱ្យដឹងថាក្រុមយុវជន និងក្លឹបយុវជន បានចូលរួមសហការជាមួយគ្នាគ្រោងនឹងដាក់លិខិតនេះ គឺគ្រាន់តែចង់ឱ្យសង្គមប្រជាធិបតេយ្យមានការគោរពគោលការណ៍សិទ្ធិសេរីភាពសារព័ត៌មានប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ក្លឹបយុវជន និងក្រុមយុជនសង្គមជាច្រើននាក់ទៀតចង់បានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយដ៏ពិតប្រាកដ ទើបសម្រេចចិត្តថាគ្រោងនឹងដាក់លិខិតទៅក្រសួងព័ត៌មាន ដើម្បីឱ្យស្ថាប័នសាម៉ីមួយនេះពិចារណាឡើងវិញក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាពិសេសវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ដែលរដ្ឋាភិបាលបានដកអាជ្ញាបណ្ណទៅកាលពីពេលថ្មីៗនេះ។
កញ្ញាបន្តថា៖ «អ៊ីចឹងហើយយើងត្រូវការសហការជាមួយនឹងក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ ក៏ដូចជាក្លឹបផ្សេងៗដែរ ដើម្បីគាំទ្រការសរសេរញត្តិឬលិខិតដាក់ស្នើទៅក្រសួងព័ត៌មានឱ្យពិចារណាឡើងវិញលើការដកអាជ្ញាបណ្ណ ហើយព្រមទាំងផ្តល់ឱកាសឱ្យស្ថាប័ន វីអូឌី ហ្នឹងដំណើរការឡើងវិញដែរ»។
បន្ថែមពីនេះ ប្រធានក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែររូបនេះ បន្ថែមថា ការចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ជាការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ កញ្ញាបន្តថា ការផ្តល់សេរីភាពឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរស់ឡើងវិញបានផ្សាយការពិតអំពីការបោះឆ្នោតនាពេលខាងមុខនេះ ហើយបញ្ជាក់ថាកម្ពុជាបានគោរពសេរីភាពសារព័ត៌មាន និងសិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
កញ្ញាបន្តថា៖ «យើងចង់ចូលរួមលើកកម្ពស់សិទ្ធិសេរីភាព និងសិទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ហើយជាពិសេសហ្នឹងគឺលើកកម្ពស់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជិតប្រព្រឹត្តទៅនៅពេលខាងមុខនេះ»។
មិនខុសគ្នាដែរ យុវតី រៀម ស្រីពេជ្យរតនា លើកឡើងថា សង្គមប្រជាធិបតេយ្យខ្វះមិនបានទេវិស័យសារព័ត៌មានឯករាជ្យ ហើយវាដើរតួនាទីជាអំណាចទី៤ សម្រាប់ផ្តល់សេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋដែលចង់បានព័ត៌មានពិតមិនលំអៀងពីបញ្ហាសង្គម។ កញ្ញាបន្តថា ប្រសិនបើគ្មានវិស័យសារព័ត៌មានឯករាជ្យទេ ប្រាកដណាស់វាអាចប៉ះពាល់ទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ជាពិសេសការបោះឆ្នោតខាងមុខ ត្រូវការសំឡេងប្រជាធិបតេយ្យដើម្បីបង្ហាញពីតម្លាភាពនៃបោះឆ្នោត។
កញ្ញាបន្តថា៖ «ប្រសិនបើមិនមានសារព័ត៌មានឯករាជ្យ គឺវាអាចប៉ះពាល់ ដូចយើងដឹងហើយប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហើយចំពោះប្រជាធិបតេយ្យ យើងត្រូវការសំឡេងពលរដ្ឋជាធំ តែប្រសិនបើអត់មានសារព័ត៌មានឯករាជ្យទេ សួរថាតើប្រជាពលរដ្ឋ ឱ្យគាត់ហ៊ានទេពេលដែលជួបបញ្ហាស្នើទៅរដ្ឋាភិបាលផ្ទាល់? កាលពីមិនទាន់បិទវិអូឌីហ្នឹង ពេលដែលពលរដ្ឋត្រូវការអ្វី ខ្វះខាតអ្វី ពួកគាត់យកវីអូឌី គឺជាសំឡេងពលរដ្ឋផ្តល់ទៅដល់រដ្ឋាភិបាល។ អ៊ីចឹងខ្ញុំជឿថា ប៉ះពាល់ការអភិវឌ្ឍប្រទេសដែរ និងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋទទួលបានព័ត៌មានប្រចាំថ្ងៃ»។
បើតាមកញ្ញា រៀម ស្រីពេជ្យរតនា រូបគេស្នើឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរបើកឱ្យមានសារព័ត៌មានឯករាជ្យឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។
កញ្ញាបន្តថា៖ «ខ្ញុំសូមស្នើទៅដល់សម្តេច[ហ៊ុន សែន] ឬរដ្ឋាភិបាល សូមឱ្យមានសារព័ត៌មានឯករាជ្យ ក៏ដូចជាសូមឱ្យផ្តល់នូវសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយជាព័ត៌មានឯករាជ្យ ដោយសារជិតបោះឆ្នោតហើយ។ អ៊ីចឹងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងមិនច្រានចោលការដាក់ញត្តិឬដាក់លិខិតរបស់ពួកយើង ហើយនឹងទទួលយកជួយដោះស្រាយ ព្រោះថាសន្លឹកឆ្នោតគឺស្ថិតនៅលើដៃប្រជាពលរដ្ឋនិងយុវជន»។
រដ្ឋធម្មនុញ្ញ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បដិសេធថា ការដែលលើកឡើងអំពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានរឹតត្បិត ជាការលើកឡើងដោយភ័ន្តច្រឡំ និងមិនត្រឹមត្រូវទាល់តែសោះ។
លោកបន្តថា ការកំណត់និយមន័យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រឹមតែសារព័ត៌មានដែលផ្សាយព័ត៌មានរិះគន់តែរដ្ឋាភិបាល ធ្វើអ្វីមិនដែលត្រូវ ឬផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រតិដ្ឋ ថាជាសារព័ត៌មានឯករាជ្យ គឺជាការវិនិច្ឆយដោយរើសអើង និងបំបែកបំបាក់សាមគ្គីភាពនៃសារព័ត៌មាននៅកម្ពុជា។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈពេញលេញ សេរី និងយុត្តិធម៌ហើយ។
លោកបន្តថា៖ «សេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សព្វផ្សាយ ត្រូវបានធានាយ៉ាងគត់មុតដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ដោយឡែក នាយកស្ដីទី នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត យល់ឃើញថា ការចូលរួមទាមទាររបស់ក្រុមយុវជនចង់ឱ្យបើកសារព័ត៌មានឯករាជ្យឡើងវិញ ជាសិទ្ធិរបស់ពួកគេ។ ម្យ៉ាងវិញទៀត អ្វីដែលពួកគេចង់បានព័ត៌មានឯករាជ្យនេះ និងមានវិជ្ជាជីវៈ អាចក្នុងន័យដើម្បីបម្រើផលប្រយោជន៍សង្គមប្រជាធិបតេយ្យ ស្របពេលការបោះឆ្នោតអាណត្តិទី៧ កាន់តែខិតជិតមកដល់ផង។
បន្ថែមពីនេះ លោក អ៊ិត សូធឿត លើកឡើងថា សង្គមប្រជាធិបតេយ្យចំបាច់ណាស់ត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឯករាជ្យដើម្បីជួយរាយការណ៍អំពីប្រព្រឹត្តិការណ៍សង្គម និងភាពអសកម្មរបស់មន្រ្តីមួយចំនួន។
លោកបន្តថា៖ «យើងដឹងស្រាប់ហើយនៅក្នុងសង្គមប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដើរតួនាទីយ៉ាងសំខាន់ អ៊ីចឹងចំបាច់ណាស់គឺយើងគួរមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលអាចរាយការណ៍ពីទិដ្ឋភាព ឬហេតុការណ៍ដែលបានកើតឡើងនៅក្នុងសង្គមជាក់ស្តែង។ សារព័ត៌មានឯករាជ្យនេះទៀតសោត ដើរតួនាទីជាអ្នកឃ្លាំមើល ក៏ដូចជាអ្នកចាំអង្កេត ដែលគាត់ជួយបំពេញបន្ថែមទៅលើតួនាទីរបស់រដ្ឋាភិបាលលើទៅមន្រ្តីអសកម្ម ដែលគាត់មិនអាចទទួលបានព័ត៌មានពីមន្រ្តីថ្នាក់ក្រោមរបស់គាត់»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចិត្តបិទ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយពីស្ថាប័ននេះរងការចោទប្រកាន់ពីរដ្ឋាភិបាល បន្ទាប់ពីបានផ្សាយព័ត៌មានពាក់ព័ន្ធនឹងជំនួយប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ទៅដល់ប្រទេសតួកគី អំពីគ្រោះរញ្ជួយដី។
ការដែលរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី នេះ ដោយលោកនាយករដ្ឋមន្រ្តីចាត់ទុកថា ស្ថាប័នព័ត៌មានមួយនេះបានផ្សាយដំណឹងដែលនាំដល់ការប្រេះឆាផ្ទៃក្នុង និងប៉ះពាល់កិត្តិយសរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក៕