ក្លឹបយុវជនចំនួន៤ស្ថាប័ន គ្រោងដាក់លិខិតទៅក្រសួងព័ត៌មាន ដើម្បីជំរុញឱ្យស្ថាប័ន​​រដ្ឋមួយ​​នេះ​​​អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលរដ្ឋាភិបាលបង្ខំចិត្តបិទទ្វារ​​ក្នុងពេល​​ក​​ន្លង​​ទៅ អាចបើកដំណើរការបោះពុម្ពផ្សាយ និងប្រតិបត្តិការរបស់ខ្លួនឡើងវិញ ស្របពេលដែលការបោះឆ្នោ​​តជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ កាន់តែខិតជិតមកដល់ណាស់ទៅហើយ។

ក្លឹបយុវជនទាំង៤អង្គភាពដែលគ្រោងនឹងដាក់ញត្តិក្នុងពេលឆាប់ៗនេះ រួមមាន ក្លឹបអភិវឌ្ឍន៍ស​​មត្ថ​​ភាពយុវជនខ្មែរ ក្លឹបយុវជនបៃតង ក្លឹបយុវជនដើម្បីចំណេះដឹង និងក្លឹបយុវជនអភិវឌ្ឍន៍សង្គមដើម្បីប្រជាធិបតេយ្យ រួមទាំងក្រុមយុវជនសង្គមប្រធានក្លឹបយុវជនបៃតង ដែលហៅកាត់ថា ជី.វ៉ាយ​​.ស៊ី​​ (​​G​​.​​Y​​.C) ជាដើម។

លោក កែ ចំរើន បានឱ្យដឹងថា ក្លឹប​​យុ​វជនចំនួន៤ និងក្រុមយុវជនសង្គមមួយចំនួនទៀតបានពិ​​​ភាក្សា​គ្នារួចរាល់ហើយ គឺគ្រោងនឹងដាក់លិខិតទៅក្រ​​សួ​​ង​​​ពត៌មាន នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ។

លោកបន្តថា ការដាក់លិខិតនេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យក្រសួងព័ត៌មាន ពិនិត្យ និងបើកឱកាសឱ្យស្ថាប័នសារព័ត៌មានឯករាជ្យដែលត្រូវបានបិទអាចបើកដំ​​ណើរការឡើងវិញ។ ប្រភពបន្ថែមថា សា​​​​​រ​​ព័​​ត៌​​មានឯករាជ្យជាផ្នែកមួយសំខាន់អាចជួយដោះស្រា​​យ​​​បញ្ហារបស់ប្រជាពលរដ្ឋ និងអ្នក​​ដែ​​ល​​​ងាយរងគ្រោះ ជាពិសេសបញ្ហាការបោះឆ្នោតនាពេលខាងមុ​ខនេះ ដើម្បីឱ្យ​ពួកគេទទួលបាន​​នូវ​​ព័​​ត៌​​​មាន និងឥតលម្អៀងសម្រាប់ដំណើរការបោះឆ្នោតក្នុងខែកក្កដា ខា​​ង​​មុខនេះ។

លោកបន្តថា៖ «យើងចង់ឱ្យរាជរដ្ឋាភិបាលគិតគូរឡើងវិញទៅលើការពិនិត្យនិងផ្តល់អាជ្ញាប័ណ្ណទៅដល់ព័ត៌មានឯករាជ្យដែលធ្លាប់បិទពីមុនមក ឱ្យដំណើការឡើងវិញ»។

លោកបន្ថែមថា៖ «ព្រោះវាជាផ្នែកមួយសំខាន់ជួយជំរុញឱ្យលទ្ធិប្រជាធិបតេយ្យ វាបានល្អប្រសើរ ហើយអ្វីដែលសំខាន់នោះ នៅក្នុងការបោះឆ្នោត គឺសារព័ត៌មានឯករាជ្យគាត់ចែករំលែកទៅដល់ពលរដ្ឋមូលដ្ឋានហ្នឹង វាបានច្បាស់លាស់បានល្អជាងសារព័ត៌មានទូទៅ នេះជាគោលបំណង»។

ស្ថិតក្នុងវ័យ២៨ឆ្នាំ និងជាអ្នកភ្នំពេញផង យុវជនរូបនេះបន្ថែមថា វិស័យសារព័ត៌មានឯករាជ្យដើរ​​តួ​​នាទីសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះវាបានជួយបង្ហាញការពិតអំពីទិដ្ឋភាពសង្គមជាក់ស្តែង និងយុត្តិធម៌។ ប្រភពបន្តថា ស្ថាប័នព័ត៌មាននេះអាចជួយជំរុញឱ្យសង្គមប្រជាធិបតេយ្យឈា​​ន​ទៅរកការអភិវឌ្ឍ ​និងជួយឆ្លុះបញ្ចាំងពីភាពចន្លោះប្រហោងនៃសង្គមថែមទៀតផង។

លោកបន្តថា៖ «ដោយមើលឃើញពីបញ្ហាសង្គមជាច្រើនត្រូវការសារព័ត៌មានឯករាជ្យជួយផ្សព្វ​​ផ្សា​​យ​​ជូនប្រជាពលរដ្ឋ ទើបក្លឹបយុវជនសម្រេចធ្វើជាលិខិតដាក់ទៅក្រសួង ហើយណាមួយរដូវកាលបោះ​ឆ្នោតខិតជិតមកដល់ផង សំខាន់ណាស់សារព័ត៌មានឯករាជ្យ ឥតលម្អៀង ផ្សាយតែរឿងពិតៗ និ​​ងភាពមិនប្រក្រតីមួយចំនួនជុំវិញការបោះឆ្នោត។ សារព័ត៌មាន ទី១ ជួយដោះស្រាយបញ្ហាសង្គម ទី២ ​ជំរុញឱ្យសង្គមមានការអភិវឌ្ឍទៅដោយមានការគោរពសិទ្ធិមនុស្ស​ មិនមែនគ្រាន់តែរូបភាពអភិវឌ្ឍន៍តែប៉ះពាល់សិទ្ធិមនុស្ស»។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វិទ្យុអេហ្វ.អិម (FM) មួយចំនួនដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុដែលផ្តល់ជំនួយដោយសហរដ្ឋអាមេរិក ដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (V​​O​​A​​)​ និង វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា(RFA) ឱ្យឈប់ចាក់ផ្សាយ​កម្មវិធីព័ត៌មាន បន្ទាប់ពីទទួលបា​​ន​​ប​​ញ្ជាពីក្រសួងព័ត៌មាន។ ស្របពេលជាមួយគ្នានេះដែរ កាសែត ឌឺខេមបូឌា ដេលី (The Cam​​bo​​dia Daily) ដែលជាសារព័ត៌មានឯករាជ្យ ក៏ឈប់ឱ្យប្រតិបត្តិការបោះពុម្ពផ្សាយ ក្រោយ​​មួយ​​ថ្ងៃ​​ប​​​ន្ទា​​ប់ពីបិទវិទ្យុអាស៊ីសេរី នៅក្រោយពេលកាសែតផ្នែកភាសាអង់គ្លេសមួយនេះបានដំណើរការរប​​ស់​​ខ្លួនប្រមាណ២៤ឆ្នាំនិង១៥ថ្ងៃ នៅប្រទេសកម្ពុជា។

របាយការណ៍អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters without Borders) កាលពី​​ឆ្នាំ​​២​​០​​​១៧ រកឃើញថាប្រទេសកម្ពុជាជា​​ប់ចំណាត់ថ្នាក់លេ​​​ខ​១៣២ ផ្នែកសេរីភាពសារព័ត៌មាន​​។ របា​​យ​​​​ការណ៍ដដែលដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុ​​ជា​បានធ្លាក់ចុះទ្វេដង បើធៀបនឹងឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ សេរីភាពសារព័ត៌មានក​​ម្ពុ​​ជាត្រូ​វ​​​បានស្ថាប័នអន្តរជាតិមួយនេះរកឃើញថា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀង១២៨។

ចំណែកប្រធានក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ ដែលហៅកាត់ថា ខេ.វ៉ាយ.ស៊ី.ឌី (K.Y.C.D) គឺ​​កញ្ញា ឡេង ល័ក្ខ ឱ្យដឹងថាក្រុមយុវជន និងក្លឹបយុវជន បានចូលរួមសហការជាមួយគ្នាគ្រោងនឹងដា​​ក់លិខិតនេះ​​ គឺគ្រាន់តែចង់ឱ្យសង្គមប្រជាធិបតេយ្យមានការគោរពគោលការណ៍សិទ្ធិសេរីភាពសារព័​​ត៌​​មានប៉ុ​​ណ្ណោះ​​។

ប្រភពដដែលបន្តថា ក្លឹបយុវជន និងក្រុមយុជនសង្គមជាច្រើននាក់ទៀតចង់បានប្រព័ន្ធផ្សព្វផ្សាយ​​ឯ​​ករាជ្យមួយដ៏ពិតប្រាកដ ទើបសម្រេចចិត្តថាគ្រោងនឹងដាក់លិខិតទៅក្រសួងព័ត៌មាន ដើម្បីឱ្យស្ថា​​ប័ន​សាម៉ីមួយនេះពិចារណាឡើងវិញក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាពិសេសវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ដែលរដ្ឋាភិបាលបានដកអាជ្ញាបណ្ណ​​ទៅកាលពីពេល​​ថ្មីៗ​​នេះ​​​។

កញ្ញាបន្តថា៖ «អ៊ីចឹងហើយយើងត្រូវការសហការជាមួយនឹងក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ ក៏ដូចជាក្លឹបផ្សេងៗដែរ ដើម្បីគាំទ្រការសរសេរញត្តិឬលិខិតដាក់ស្នើទៅក្រសួងព័ត៌មានឱ្យពិចារណាឡើងវិញលើការដកអាជ្ញាបណ្ណ ហើយព្រមទាំងផ្តល់ឱកាសឱ្យស្ថាប័ន វីអូឌី ហ្នឹងដំណើរការឡើងវិញដែរ»។

បន្ថែមពីនេះ ប្រធានក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែររូបនេះ ​បន្ថែមថា ការចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ជាការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ កញ្ញាបន្តថា ការផ្តល់សេរីភាពឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរស់ឡើងវិញបានផ្សាយការពិតអំពីការបោះឆ្នោតនាពេលខាងមុខនេះ ហើយបញ្ជាក់ថាកម្ពុជាបានគោរពសេរីភាពសារព័ត៌មាន និងសិទ្ធិប្រជាធិបតេយ្យយ៉ា​ង​ពិតប្រាកដ។

កញ្ញាបន្តថា៖ «យើងចង់ចូលរួមលើកកម្ពស់សិទ្ធិសេរីភាព និងសិទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ហើយជាពិសេសហ្នឹងគឺលើកកម្ពស់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិ​​ធម៌​​ ដែលជិតប្រព្រឹត្តទៅនៅពេលខាងមុខនេះ»។

មិនខុសគ្នាដែរ យុវតី រៀម ស្រីពេជ្យរតនា លើកឡើងថា សង្គមប្រជាធិបតេយ្យខ្វះមិនបានទេវិស័យសារព័ត៌មានឯករាជ្យ ហើយវាដើរតួនាទីជាអំណាចទី៤ សម្រាប់ផ្តល់សេចក្តីទុកចិត្តដល់ប្រជាព​​ល​​រដ្ឋ​​ដែលចង់បានព័ត៌មានពិតមិនលំអៀងពីបញ្ហាសង្គម។ កញ្ញាបន្តថា ប្រសិនបើគ្មានវិស័យសារព័ត៌​​មា​​នឯករាជ្យទេ ប្រាកដណាស់វាអាចប៉ះពាល់ទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ជាពិសេសការបោះឆ្នោ​​ត​ខាងមុខ ត្រូវការសំឡេងប្រជាធិបតេយ្យដើម្បីបង្ហាញពីតម្លាភាពនៃបោះឆ្នោត។

កញ្ញាបន្តថា៖ «ប្រសិនបើមិនមានសារព័ត៌មានឯករាជ្យ គឺវាអាចប៉ះពាល់ ដូចយើងដឹងហើយប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហើយចំពោះប្រជាធិបតេយ្យ យើងត្រូវការសំឡេងពលរដ្ឋជាធំ តែប្រសិនបើអត់មានសារព័ត៌មានឯករាជ្យទេ​ សួរថាតើប្រជាពលរដ្ឋ ឱ្យគាត់ហ៊ានទេពេលដែលជួបបញ្ហាស្នើទៅរដ្ឋាភិបាលផ្ទាល់? កាលពីមិនទាន់បិទវិអូឌីហ្នឹង ពេលដែលពលរដ្ឋត្រូវការអ្វី ខ្វះខាតអ្វី ពួកគាត់យកវីអូឌី គឺជាសំឡេងពលរដ្ឋផ្តល់ទៅដល់រដ្ឋាភិបាល។ អ៊ីចឹងខ្ញុំជឿថា ប៉ះពាល់ការអភិវឌ្ឍប្រទេសដែរ និងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋទទួលបានព័ត៌មានប្រចាំថ្ងៃ»។

បើតាមកញ្ញា រៀម ស្រីពេជ្យរតនា រូបគេស្នើឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរបើកឱ្យមានសារព័ត៌មា​​ន​​ឯករាជ្យឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។

កញ្ញាបន្តថា៖ «ខ្ញុំសូមស្នើទៅដល់សម្តេច[ហ៊ុន សែន] ឬរដ្ឋាភិបាល សូមឱ្យមានសារព័ត៌មានឯករាជ្យ ក៏ដូចជាសូមឱ្យផ្តល់នូវសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយជាព័ត៌មានឯករាជ្យ ដោយសារជិតបោះឆ្នោតហើយ។ អ៊ីចឹងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងមិនច្រានចោលការដាក់ញត្តិឬដាក់លិខិតរបស់ពួកយើង ហើយនឹងទទួលយកជួយដោះស្រាយ ព្រោះថាសន្លឹកឆ្នោតគឺស្ថិតនៅលើដៃប្រជាពលរដ្ឋនិងយុវជន»។

រដ្ឋធម្មនុញ្ញ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាព​​ខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បដិសេធថា ការដែលលើកឡើងអំពីប្រ​ព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅកម្ពុជា​ត្រូវ​បាន​រឹតត្បិត​ ជាការលើកឡើង​ដោយភ័ន្តច្រឡំ​ និ​ង​​​​មិន​​ត្រឹម​ត្រូវ​ទាល់តែសោះ។​

លោកបន្តថា ការកំណត់និយមន័យប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ត្រឹមតែ​សារព័ត៌មាន​ដែល​ផ្សាយព័ត៌​មា​​​ន​រិះគន់តែ​រដ្ឋាភិបាល ​​ធ្វើអ្វីមិនដែលត្រូវ​ ឬផ្សាយ​ព័ត៌មាន​មិនពិត​ ព័ត៌​មាន​ប្រតិដ្ឋ ថា​ជា​សារព័ត៌​មាន​​ឯករាជ្យ​ គឺជាការ​វិនិច្ឆយ​ដោយរើសអើង និង​បំបែកបំបាក់​សាមគ្គី​ភាព​នៃ​សារព័ត៌មាន​នៅកម្ពុជា។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានអះអាងថា ​សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈពេញលេញ សេរី និងយុត្តិធម៌ហើយ។

លោកបន្តថា៖ «សេរីភាព​សារព័ត៌មាន​ និងសេរីភាពខាង​ការបោះពុម្ព​ផ្សព្វផ្សាយ ​ត្រូវ​បាន​ធានា​យ៉ាង​គត់មុត​ដោយ​ច្បាប់​របបសារព័ត៌មាន​ ស្រប​តាម​រដ្ឋធម្មនុញ្ញនៃព្រះ​រាជាណាចក្រ​កម្ពុជា»​។

ដោយឡែក នាយក​ស្ដីទី​ នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក អ៊ិត សូធឿត យល់ឃើញថា ការចូលរួមទាមទាររបស់ក្រុមយុវជនចង់ឱ្យបើកសារព័ត៌មានឯករាជ្យឡើងវិញ ជាសិ​​ទ្ធិ​​របស់ពួកគេ។ ម្យ៉ាងវិញទៀត អ្វីដែលពួកគេចង់បានព័ត៌មានឯករាជ្យនេះ និងមានវិជ្ជាជីវៈ អាចក្នុ​​ង​​​​ន័យ​​ដើម្បីបម្រើផលប្រយោជន៍សង្គមប្រជាធិបតេយ្យ ស្របពេលការបោះឆ្នោតអាណត្តិទី៧ កាន់​​តែ​​​​ខិតជិតមកដល់ផង។

បន្ថែមពីនេះ លោក អ៊ិត សូធឿត លើកឡើងថា សង្គមប្រជាធិបតេយ្យចំបាច់ណាស់ត្រូវការប្រព័ន្ធផ្ស​​ព្វផ្សាយដែលឯករាជ្យដើម្បីជួយរាយការណ៍អំពីប្រព្រឹត្តិការណ៍សង្គម និងភាពអសកម្មរបស់មន្រ្តីមួយចំនួន។

លោកបន្តថា៖ «យើងដឹងស្រាប់ហើយនៅក្នុងសង្គមប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដើរតួនាទីយ៉ាងសំខាន់ អ៊ីចឹងចំបាច់ណាស់គឺយើងគួរមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលអាចរាយកា​​រណ៍​ពីទិដ្ឋភាព ឬហេតុការណ៍ដែលបានកើតឡើងនៅក្នុងសង្គមជាក់ស្តែង។ សារព័ត៌មានឯករាជ្យនេះទៀតសោត ដើរតួនាទីជាអ្នកឃ្លាំមើល ក៏ដូចជាអ្នកចាំអង្កេត ដែលគាត់ជួយបំពេញបន្ថែមទៅលើតួនាទីរបស់រដ្ឋាភិបាលលើទៅមន្រ្តីអសកម្ម ដែលគាត់មិនអាចទទួលបានព័ត៌មានពីមន្រ្តីថ្នាក់ក្រោមរបស់គាត់»។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចិត្តបិទ វិ​​ទ្យុ​​​​​​​​សំ​​ឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយពីស្ថាប័ននេះរងការចោទប្រកាន់ពីរដ្ឋាភិបាល បន្ទាប់ពីបានផ្សា​​យព័ត៌មានពាក់ព័ន្ធនឹងជំនួយប្រ​​មា​​ណ​​១០ម៉ឺ​​​​ន​​​ដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ទៅ​​ដល់ប្រទេសតួកគី អំពីគ្រោះរញ្ជួយដី​​។​​

ការដែលរដ្ឋាភិបាល​​ផ្ត​ល់​​​​សិទ្ធិឱ្យ​​ក្រ​​សួង​​ព័ត៌មាន ដក​​អា​​ជ្ញា​បណ្ណវិទ្យុសំឡេ​​ងប្រ​​​ជា​​ធិបតេយ្យ វីអូឌី នេះ ដោយលោក​​នា​យក​រដ្ឋ​មន្រ្តីចាត់ទុកថា ស្ថាប័នព័ត៌មា​​ន​​មួយនេះបានផ្សាយដំណឹងដែលនាំដ​ល់​​ការប្រេះឆាផ្ទៃក្នុង និងប៉ះពា​​ល់​​​កិត្តិ​​យ​​ស​​​​របស់លោក ហ៊ុន ម៉ា​​​​ណែ​ត ដែលជាកូនប្រុសច្បងរបស់លោក​៕