ដោយធ្លាប់ជាជនរងគ្រោះពីការប្រើប្រាស់គ្រឿងញៀន ហើយបានកែប្រែ និងអភិវឌ្ឍខ្លួនរហូតក្លាយជាអ្នកគ្រប់គ្រងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែង លោក ហង្ស ប្រសើរ បានចែករំលែកពីបទពិសោធនៃការរំដោះខ្លួនចេញពីភាពញៀននៃគ្រឿងញៀន និងដំបូន្មានទៅដល់ជនរងគ្រោះដទៃទៀត ដើម្បីឱ្យពួកគេកែប្រែខ្លួនឱ្យចាកឆ្ងាយពីគ្រឿងញៀន ហើយទៅកសាងជីវិតថ្មីក្នុងសង្គម។
លោក ហង្ស ប្រសើរ៖ «គ្រាន់តែឈប់ជក់គ្រឿងញៀនអំពើល្អៗនឹងរត់មករកខ្ញុំបណ្តើរៗ ចំពោះអ្នកក៏ដូចជារូបខ្ញុំដែរ»។ ដោយសារតែគ្រឿងញៀនផ្តល់សេចក្តីសុខដល់អ្នក ទើបអ្នកមិនអាចបោះបង់វាបាន។ តែសម្រាប់ខ្ញុំគ្រឿងញៀនមិនបានផ្តល់សេចក្តីសុខដល់រូបខ្ញុំទេ ផ្ទុយទៅវិញវាផ្តល់តែទុក្ខទោស និងគុណវិបត្តិមិនចេះចប់មិនចេះហើយ»។
នេះគឺជាពាក្យពេចន៍ ឬជាសារដែលអតីតជនរងគ្រោះដោយគ្រឿងញៀនរូបនេះ តែងតែផ្តាំផ្ញើដល់ជនរងគ្រោះដទៃ ដែលបានជ្រើសយកសេវាព្យាបាល និងស្តារនីតិសម្បទានៅមណ្ឌល DTA របស់លោកឋិតនៅខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។
អនុប្រធានមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀនរូបនេះអះអាងថា អ្នកញៀនគ្រឿងញៀនទាំងអស់សុទ្ធតែអាចព្យាបាលបាន លើកលែងតែអ្នកដែលមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោកបន្ថែមថា ក្នុងចំណោមពួកគេប្រមាណជិត១ម៉ឺននាក់ដែលបានឆ្លងកាត់ការអប់រំកែប្រែនៅមណ្ឌលរបស់លោកក្នុងរយៈពេល១៤ឆ្នាំ គឺមានពី៧០ទៅ៨០ភាគរយ បានផ្តាច់ខ្លួនពីគ្រឿងញៀន ហើយមាន៥០ភាគរយ បានយកមុខជំនាញវិជ្ជាជីវៈដែលបានបណ្តុះបណ្តាលនៅមណ្ឌលទៅប្រើជាមុខរបរចិញ្ចឹមជីវិត។
លោកថា ការបណ្តុះមុខជំនាញវិជ្ជាជីវៈថ្នាក់បឋមនៅមណ្ឌលរបស់លោក ដែលមានដូចជា ជួសជុលម៉ូតូ កង្ហារ ផ្សាដែក កាត់សក់ និងរៀនភាសាបរទេសជាដើម គឺជាផ្នែកសំខាន់មួយក្នុងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បន្ថែមពីលើកម្មវិធីអប់រំផ្លូវចិត្ត ការធ្វើសមាធិ លំហាត់ប្រាណ និងការព្យាបាលផ្នែកវេជ្ជសាស្រ្ត ដើម្បីឱ្យពួកគេសម្របខ្លួននឹងកិច្ចការទាំងនេះ ហើយមានភាពទទួលខុសត្រូវ និងរវល់ភ្លេចគិតពីគ្រឿងញៀន។
លោក ហង្ស ប្រសើរ ៖ «មនុស្សទាល់តែធ្វើការងារទើបមានតម្លៃ មនុស្សមានតម្លៃទាល់តែមនុស្សហ្នឹងចេះធ្វើការងារ។ នេះជាពាក្យដែលយើងតែងតែលើកទឹកចិត្តពួកគាត់ឱ្យគាត់រៀនចេះទទួលខុសត្រូវតាំងពីកិច្ចការងារកំប៉ិចកំប៉ុក ផ្ទះសម្បែង ខ្លួនប្រាណ រហូតដល់កិច្ចការងារប្រកបមុខរបរ ចេញទៅវិញអាចថា បង្កើនសមត្ថភាពរៀនសូត្របន្ថែម គាត់នឹងអាចក្លាយជាអ្នកដែលមានជំនាញច្បាស់លាស់ហើយ»។
យ៉ាងណា អតីតជនរងគ្រោះដោយគ្រឿងញៀនរូបនេះបញ្ជាក់ថា អ្នកដែលញៀនគ្រឿងញៀន គឺងាយនឹងលាប់ឡើងវិញណាស់ ប្រសិនបើសាមីខ្លួនខ្វះការតាំងចិត្តខ្ពស់ ខ្វះការតាមដានដិតដល់ និងកិច្ចសហការពីអាណាព្យាបាល ឬក្រុមគ្រួសាររបស់ពួកគេ ខណៈលោកមើលឃើញថា ឈ្មួញគ្រឿងញៀនប្រើគ្រប់មធ្យោបាយដើម្បីជំរុញឱ្យថ្នាំញៀនរបស់ពួកគេលក់ដាច់ និងត្រូវគ្រប់ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។
លោកបន្ថែមថា ២០ភាគរយនៃអ្នកដែលបានចេញពីមណ្ឌលបានលាប់ឡើងវិញ ក្រោមការអូសទាញពីមិត្តភក្តិចាស់ៗ ការទម្រើសពីឳពុកម្តាយ បញ្ហាវិបត្តិក្នុងគ្រួសារ ការងារ ឬស្នេហាជាដើម ដែលលោកថា កត្តាទាំងនេះ ទាមទារពេលវេលាយូរឆ្នាំដើម្បីអាចកាត់ផ្តាច់ភាពញៀនបានទាំងស្រុង។
លោក ប្រសើរ៖ «ការខិតខំប្រឹងប្រែងមិនមែនធ្វើឡើងតែមួយថ្ងៃឬមួយខែទេ ១ឆ្នាំអាចធ្វើបានទេ តែបើយើងដាក់ចិត្តដាក់កាយ យើងអាចធ្វើបានភ្លាម ហើយធ្វើបានជារៀងរហូត អាហ្នឹងគឺគ្រប់គ្រាន់ហើយ»។
ជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀនមួយរូប បានបង្ហាញពីការប្តេជ្ញាចិត្តជៀសឆ្ងាយពីគ្រឿងញៀនដែលបានញាំញីសុខភាពផ្លូវកាយ និងផ្លូវចិត្តលោកអស់រយៈពេលជាង៤ឆ្នាំ ដើម្បីអនាគតខ្លួនឯង ឳពុកម្តាយ និងក្រុមគ្រួសារ។
សុធា (ឈ្មោះអ្នកនិពន្ធដាក់ឱ្យ) និយាយថា៖ «ទី១ម៉ាក់ចាស់ មិនអាចបន្តការភ្លើតភ្លើនសប្បាយទៀតបាន។ យើងត្រូវឈ្វេងយល់ពីអ្នកផ្ទះ ហើយដឹងខ្លួនខុស»។
ឋិតក្នុងសម្លៀកបំពាក់អាវពណ៌ផ្ទៃមេឃ កាត់សក់ខ្លី និងមានចាក់សាក់ពេញមួយតួដៃជាមួយអក្សរ «គុណមាតាបិតា» រូបនេះ សុធា ប្រាប់ថា គ្រឿងញៀនបានបង្កឱ្យផ្លូវចិត្តរបស់រូបគេឱ្យឆាប់ឆេវឆាវ និងគេងមិនលក់ ហើយពេលសារធាតុញៀនធ្វើទុក្ខម្តងៗ រូបគេមានការពិបាកក្នុងខ្លួន ក្អួតចង្អោ រសេះរសោះ និងទន់ដៃទន់ជើងទៀតផង។
យុវជនវ័យ២០ឆ្នាំ ដែលជាអ្នកទីក្រុងភ្នំពេញរូបនេះបន្ថែមថា បន្ទាប់ពីស្នាក់នៅមណ្ឌលបានជាងមួយខែ និងទទួលបានការអប់រំផ្លូវចិត្តតាមធម៌ព្រះពុទ្ធ បូករួមការណែនាំពីរាមច្បងផងនោះ រូបគេអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានមួយកម្រិត និងផ្លាស់ប្តូរអត្តចរិតក្លាយជាមនុស្សថ្មីម្នាក់។
សុធា៖ «ធ្វើម៉េចឱ្យឈ្នះចិត្តខ្លួនឯង កុំឱ្យចិត្តអ្នកដទៃអូសទាញបាន កុំឱ្យអ្នកដទៃអូសទាញបាន។ សង្កត់ចិត្តខ្លួនឯងថា យើងត្រូវឈប់ដើរផ្លូវហ្នឹង។»
អតីតជនរងគ្រោះដោយគ្រឿងញៀនមួយរូបទៀតដែលបានផ្តាច់ខ្លួនចេញឆ្ងាយពីគ្រឿងញៀនអស់រយៈពេល៩ឆ្នាំ ក្រោយឆ្លងកាត់ការអប់រំកែប្រែនៅមណ្ឌលចំនួន២លើក លោក បញ្ញា ឱ្យដឹងថា អ្នកដែលបរាជ័យក្នុងការរំដោះខ្លួនចេញពីភាពញៀន គឺដោយសារកត្តាផ្លូវចិត្តរបស់អ្នកទាំងនោះមិនទាន់រឹងមាំ។ បុរសវ័យ៣៥ឆ្នាំ ដែលមានកម្រិតសិក្សាត្រឹមថ្នាក់បឋមសិក្សារូបនេះបន្ថែមថា លោកបានផ្លាស់ប្តូរការគិត ការត្រិះរិះពិចារណា និងពង្រឹងផ្លូវចិត្តបានល្អប្រសើរបន្ទាប់ទទួលបានការអប់រំតាមផ្លូវធម៌នៅមណ្ឌល ហើយមិនចង់បង្កការលំបាកដល់ឪពុកម្តាយតទៅទៀត។
បុរសជាឪពុកនៃកូនម្នាក់រូបនេះថ្លែងថា រូបគាត់កំពុងប្រើប្រាស់ជំនាញកាត់សក់ដែលរៀននៅមណ្ឌល ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដោយបើកជាហាងកាត់សក់មួយ ដែលអាចរកប្រាក់ចំណូលបានពី៥០០ទៅ១ ០០០ដុល្លារ ក្នុងមួយខែ។
លោក បញ្ញា និយាយថា៖ «អ្នកដែលមិនអាចកែបានដោយសារចិត្តរបស់គាត់នៅមិនទាន់នឹងធឹង និងមិនទាន់យល់ពីអត្ថន័យគ្រួសារ។ អ្នកដែលកែបាន គាត់ក៏មិនខុសពីខ្ញុំដែរ ការគិតរបស់គាត់»។ លោកបន្ថែមថា៖ «ឪពុកម្តាយអ្នកដែលរងគ្រោះនឹងគ្រឿងញៀន ចង់ប្រាប់ពួកគាត់ថា សូមកុំចោលពួកគាត់ ឱ្យកម្លាំងចិត្តពួកគាត់ ជាពិសេស យកគាត់ទៅអប់រំកែប្រែនៅមណ្ឌល»។
គ្រូអប់រំផ្លូវចិត្តនៅមណ្ឌល DTA មួយរូប គឺលោក រ័ត្ន សារ៉ុម ថ្លែងថា អ្នកប្រើប្រាស់គ្រឿងញៀន ងាយនឹងរង ការប៉ះទង្គិចផ្លូវចិត្ត និងសតិអារម្មណ៍ជាងមនុស្សទូទៅ ហើយពួកគេងាយនឹងងាកទៅសេពគ្រឿងញៀនវិញណាស់ ខណៈលោកថា សង្គមបច្ចុប្បន្នពោរពេញទៅដោយគ្រឿងអូសទាញយុវជនទៅរកការសប្បាយភ្លើតភ្លើន ភ្លេចការសិក្សារៀនសូត្រ ដើរទៅរកផ្លូវខុស ហើយធ្លាក់ក្នុងអំពើអបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀន។
លោកបន្តថា ការបញ្ជ្រៀបការយល់ដឹងបន្តិចម្តងៗដល់អ្នកញៀនគ្រឿងញៀនអំពីការពិតនៃដំណើរជីវិត ហេតុនៃបុណ្យបាប និងកម្មផល តាមឱវាទព្រះសម្មាសម្ពុទ្ធ គឺជារឿងសំខាន់ចាំបាច់ក្នុងការដាស់ស្មារតីជនរងគ្រោះដោយគ្រឿងញៀនឱ្យមានទឹកចិត្តចេះភ្ញាក់រឭក និងមិនវិលទៅរកអំពើអបាយមុខ ឬការសេពគ្រឿងញៀនតទៅទៀត។
លោក រ័ត្ន សារ៉ុម ថ្លែងថា៖ «យើងយកឧទាហរណ៍មកពន្យល់គាត់មានន័យថាម៉េច។ អំពើបាបដែលយើងធ្វើមកហ្នឹងវាអត់ទៅស៊ីឯណាទេ គឺវាស៊ីខ្លួនយើងហ្នឹង។ ឥឡូវយើងមើល យើងប្រើគ្រឿងញៀន យើងដើរលេងអាវ៉ាសែអីហ្នឹង វាឱ្យផលគឺអីចឹងឯង។ ច្រេះវាកើតពីយើង វាស៊ីយើងវិញឥឡូវ»។
ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា និងជាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស សុវណ្ណ ថ្លែងថា ដើម្បីធ្វើសមាហរន្តកម្មអ្នកប្រើប្រាស់គ្រឿងញៀនចូលក្នុងសង្គមគ្រួសារ និងសង្គមជាតិបានដោយជោគជ័យបន្ទាប់ពីឆ្លងកាត់មណ្ឌលអប់រំកែប្រែ គឺទាមទារការយល់ដឹងច្បាស់លាស់ និងកិច្ចសហការពេញលេញពីក្រុមគ្រួសារ ពាក់ព័ន្ធបញ្ហាសតិអារម្មណ៍របស់អ្នកញៀនគ្រឿងញៀន ជាពិសេសត្រូវធ្វើយ៉ាងណាឱ្យពួកគេមានការងារជាក់លាក់ណាមួយសម្រាប់បំពេញ។
លោកបន្តថា សម្រាប់ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល៣ខែទៅ៦ខែនៅតាមមណ្ឌល គឺនៅមានបញ្ហាខ្វះខាត មិនអាចមានគ្រប់លក្ខណៈបច្ចេកទេសតាមស្តង់ដារបាននៅឡើយ ដោយលោកថា មុខជំនាញខ្លះដូចជា ជួសជុលរថយន្ត ឬគ្រឿងអេឡិចត្រូនិចជាដើម ត្រូវការការចំណាយខ្ពស់ទៅលើសម្ភារ និងគ្រូបង្រៀន ខណៈអាណាព្យាបាល ឬឪពុកម្តាយមួយចំនួនខ្វះការចូលរួម។ យ៉ាងណា លោកបញ្ជាក់ថា មណ្ឌលព្យាបាលរបស់សមាគមលោកដែលឋិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញកសិកម្មខ្នាតតូច ការចិញ្ចឹមសត្វ សិល្បៈ និងជំនាញកែច្នៃគ្រឿងសង្ហារឹមជាដើមដើម្បីឱ្យអ្នកដែលទទួលបានការព្យាបាលអាចបន្តយកទៅប្រើជាទុនសម្រាប់បង្កើតមុខរបរចិញ្ចឹមជីវិតក្រោយចេញពីមណ្ឌល។
លោក មាស សុវណ្ណ៖«ខ្ញុំបណ្តុះបណ្តាលវិជ្ជាជីវៈហ្នឹងអស់រយៈកាលកន្លងមកវាជាង១០ឆ្នាំហើយ។ ខ្ញុំបណ្តុះបណ្តាលរហូតហ្នឹង ប៉ុន្តែ ការចង់របស់គាត់ [ជនរងគ្រោះ] ហ្នឹងវាមិនងាយនឹងចង់ ហើយយើងបណ្តុះបណ្តាលវាត្រូវការថវិកា ចំណាយថវិកា មិនធម្មតាទេ បើបណ្តុះបណ្តាលបច្ចេកទេសខាងកុំព្យូទ័រ ជាងភ្លើងអេឡិចត្រូនិច ជួសជុលម៉ូតូអី ពាក់ព័ន្ធនឹងចំណាយប្រាក់ហ្នឹងគឺច្រើនណាស់ គ្រូផងអីផង»។
របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះផ្សាយក្នុងខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលជាតិជាង៧ពាន់នាក់ ក្នុងនោះស្រ្តីមាន៣០០នាក់ ត្រូវបានស្តារនីតិសម្បទា និងធ្វើសមាហរណកម្មចូលក្នុងសង្គម ខណៈអ្នកដែលនៅសល់មានជាង៤ពាន់នាក់ ក្នុងនោះស្រ្តីមាន១៨១នាក់។
ដោយឡែក យោងតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងបន្សាបគ្រឿងញៀនចំនួន១៧កន្លែង នៅទូទាំងប្រទេស ក្នុងនោះមាន ១០ កន្លែង ជារបស់រដ្ឋ ៣កន្លែង ជារបស់ឯកជន និង ៤កន្លែង ជារបស់អង្គការ។ កាលពីខែមីនា ឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ២កន្លែង ក្នុងខេត្តព្រះសីហនុ និងខេត្តកណ្តាល ត្រូវបានបើកសម្ពោធ ដោយអាចទទួលការព្យាបាល ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនបានចំនួន៣ពាន់នាក់។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២២ ឱ្យពង្រឹងយន្តការគាំទ្រ ជួយសម្របសម្រួល និងលើកទឹកចិត្ដដល់ជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀនឱ្យទៅស្វែងរកសេវាព្យាបាល អប់រំ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមមណ្ឌលរដ្ឋ និងឯកជននានាដែលខ្លួនជឿទុកចិត្ត ខណៈលោកធ្លាប់លើកពីក្តីបារម្ភចំពោះបញ្ហាគ្រឿងញៀនក្នុងផ្ទៃប្រទេស ហើយស្នើសុំកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម។
លោក ហង្ស ប្រសើរ លើកឡើងថា លោកក៏មានគម្រោងចង់ពង្រឹង និងពង្រីកការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនផងដែរ តែដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចសកលដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន គម្រោងរបស់លោកត្រូវបានអាក់ខាន ខណៈការចូលរួមគាំទ្រពីមាតាបិតា ឬអាណាព្យាបាលរបស់ជនរងគ្រោះមានការធ្លាក់ចុះ។
យ៉ាងណា លោកផ្តាំផ្ញើទៅអាណាព្យាបាល ឬឪពុកម្តាយដែលដឹងថាកូនៗ ឬសមាជិកគ្រួសាររបស់ខ្លួនកំពុងញៀនគ្រឿងញៀន ឱ្យប្រញាប់នាំពួកគេឱ្យមកទទួលការព្យាបាលនៅមណ្ឌល បើមិនអាចផ្តាច់ដោយខ្លួនឯងបាន។
លោក ហង្ស ប្រសើរ៖ «ឱ្យតែមានសង្ឃឹម ឱ្យតែមានភាពជឿជាក់ប្រាកដជាអាចផ្តាច់បាន»៕
អត្ថបទដោយៈ សិក្ខាកាម DW Akademie: ត្រាន់ តិចសេង