បើទោះជាបច្ចុប្បន្នជាសម័យ​ឌីជីថល ហើយ​​ពលរដ្ឋ​មានការយល់ដឹងច្រើន ​ប៉ុន្តែនៅតាម​តំបន់​ជន​បទ​ដាច់​ស្រយាល​ខ្លះ​ ប្រជាពលរដ្ឋមួយចំនួនតូចនៅតែ​ប្រើប្រាស់សុភាសិត «ស្ត្រីវិលចង្ក្រានមិនជុំ» ឬក៏មានទស្សនៈ​ថា ​«ជាស្ត្រីត្រឹមចេះអានអក្សរបានហើយ ព្រោះរៀនដល់ណាគង់តែរៀបការ​ធ្វើ​​ជាប្រពន្ធ​​​គេ​​ដដែល» ជាដើម។

តែយ៉ាងណា ស្ត្រី​វ័យ​ក្មេង ២រូប ក្នុងចំណោម​យុវជន ៣រូប បាន​​តស៊ូជម្នះនូវ​​​​ឧបសគ្គ និងខិត​ខំប្រឹងប្រែងរៀន​សូត្រ ​​រហូតក្លាយជាទូតសុឆន្ទៈរបស់អង្គការផ្លែន​អន្ដរជាតិ​កម្ពុជា ខណៈដែលយុវតីទាំង២រូបនេះក៏ចង់​ជម្នះនូវការរើស​អើង​​ពីសហគមន៍​ទៅលើស្ត្រី តាមរយៈទស្សនៈដែលថា «ស្ត្រីវិលចង្ក្រានមិនជុំ ឬក៏ស្ត្រីរៀនត្រឹមចេះអានអក្សរបានហើយ» នោះផងដែរ។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អង្គការផ្លែនអន្ដរជាតិកម្ពុជា (Plan International Ca​mb​o​​d​​ia) បាន​ប្រកាស​ជា​សាធារណៈលើផេកផ្លូវការរបស់​ខ្លួនថា «អង្គការភ្លែនអន្ដរជាតិកម្ពុជា មានក្ដីសោ​មនស្សរីករាយក្នុងពិធីប្រកាសជាផ្លូវការទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា»​​។ ក្នុងយុទ្ធនាការ​នេះ យុវជនចំនួន​៣នាក់បានក្លាយជាទូត​សុឆន្ទៈ​របស់អង្គការ​ភ្លែន ក្នុងនោះមាន​យុវតី លេខ ការី ជាជនជាតិដើមភាគតិចព្រៅ មកពីខេត្ដរតនគិរី និងយុវតី​ ពៅ ស្រីណូ មកពីខេត្ដសៀមរាប រួមនឹង​យុវជនម្នាក់​ទៀត​ឈ្មោះ​ ហេន សុភាព មកពីខេត្ដស្ទឹងត្រែង។

មាន​ស​ម្បុរស រាងតូចច្រឡឹង ស្លៀកពាក់បែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅ យុវតី លេខ ការី វ័យ១៩ឆ្នាំ រស់នៅភូមិកិកួង ឃុំតាវែងត្រង់ ស្រុកតាវែង ខេត្តរតនគិរី ដែលជាទូតសុឆន្ទៈរបស់អង្គការ​ភ្លែន​ ​បានរៀប​រាប់​ថា កញ្ញា​​ជា​កូនទី១ ​ក្នុ​ង​ចំណោម​បងប្អូន​៣​នាក់ ក្នុងគ្រួសារ​ក្រីក្រ​មួយ ​រស់​នៅលើផ្ទះឈើមួយ​ខ្នងដែល​មាន​សភាពចាស់​ទ្រុឌ​ទ្រោម ខណៈ​ឪពុកម្ដាយ​របស់គាត់មិនមាន​លទ្ធភាព​ឱ្យ​គាត់​​បាន​រៀនសូត្របានខ្ពង់ខ្ពស់ដូចគ្រួសារដទៃនោះទេ។

យុវតី​រូប​​​នេះ​បានរំលឹកពីអតីត​កាលថា កញ្ញា​បាន​ចូល​រៀន​ថ្នាក់​​ទី​១ នៅអាយុ៧ឆ្នាំ​​ ដោយ​សារ​​​តែ​​ឪពុក​ម្ដាយ​​​​មិនចង់​​​ឱ្យ​​រៀន ប៉ុន្តែដោយ​សារ​តែ​ឃើញ​ក្មេងៗនៅក្នុងភូមិ​ទៅរៀនសប្បាយ​ ហើយ​​​ខ្លួនមាននិស្ស័យ​ចូល​​ចិត្ដ​រៀន​ផង ទើបខ្លួនជម្នះតស៊ូទាល់តែបានចូលរៀន។

យុវតី​មានដើមកំណើតក្នុងខេត្ដប៉ែកភាគឦសានរូបនេះ បន្ដ​រៀបរាប់ពីខ្សែជីវិតរបស់ខ្លួនថា៖ «ខ្ញុំរៀន​រាងយឺត​​ ដោយសា​រ​ម៉ាក់​អត់​ឱ្យ​រៀន ប៉ុន្ដែយើង​ចង់ជម្នះ យើងចង់ចឹង យើងឃើញគេទៅរៀន ឃើញគេសប្បាយ។ ប៉ុន្ដែប៉ាខ្ញុំគាត់បានបង្រៀនខ្ញុំនៅផ្ទះ»

តែយ៉ាងណា កញ្ញា​​ថា​ ពេលដែល​ខ្លួន​​​កំពុង​តែរៀននៅថ្នាក់ទី៦​ ជិត​ចប់​​ឆ្នាំ និង​ត្រៀមខ្លួនបន្ដចូលអនុវិទ្យាល័យ​ទៅហើយ​នោះ​ បែរជា​ត្រូវ​ឪពុកម្ដាយ​ប្រាប់​​ថាមិន​ចង់​ឱ្យ​ខ្លួន​រៀន​​បន្ដ​​ទៀត​​ទេ ព្រោះពួកគាត់​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់ការសិក្សា និង​តម្រូវឱ្យគាត់​រៀប​ការ​នឹង​អ្នក​ភូ​​មិជាមួយ​គ្នា ប៉ុន្ដែ​ខ្លួន​មិនព្រម។

កញ្ញា លេខ ការី បាននិយាយថា៖ «ពេលខ្ញុំអាយុ១៥ ទៅ១៦ឆ្នាំ ម៉ាក់ប៉ាខ្ញុំគាត់សុំឱ្យរៀបការនឹងអ្នកភូមិ​ជាមួយគ្នាដែលមានអាយុស្រករខ្ញុំដែរ»

ក្រោយពីបដិសេធការ​រៀបការទាំងវ័យក្មេងនោះ ​យុវតីរូបនេះបានបញ្ជាក់​ថា​ ខ្លួន​បាន​បន្តការសិក្សារបស់ខ្លួនបណ្តើរ និងបាន​​ចេញទៅ​ធ្វើការស៊ីឈ្នួលដកដំឡូង រើសគ្រាប់ស្វាយចន្ទី និងដាំដើមចេកឱ្យ​គេ​​បណ្តើរ​ ដើម្បីបានប្រាក់​ទិញសម្ភារសិក្សាដោយខ្លួនឯង។

ការី​ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា៖ «ចូលថ្នាក់ទី៧​ភ្លាម គឺខ្ញុំគាំទ្រខ្លួនឯង។ ពេល​ហ្នឹង​អត់​មាន​លុយ​ទេ យើងស៊ីឈ្នួលគេបានតែ ១ម៉ឺន ២ម៉ឺន[រៀល]​ទៅ យើងទិញសម្ភារសិក្សាសម្រាប់ខ្លួនឯង ដោយស្នាក់នៅសាលារៀន ព្រោះយើងអត់មានមធ្យោបាយធ្វើដំណើរទេ ដូច្នេះត្រូវស្នើខាងសាលាស្នាក់។ ឪពុកម្ដាយគេធូរធារ គេមានលុយឱ្យ​​កូនគេចាយអ៊ីចឹងទៅ តែសម្រាប់ខ្ញុំគឺខ្លួនឯងសុទ្ធសាធ ខ្ញុំហូបតែក្រៀមក្រោះទេ ធ្វើម៉េចឱ្យតែបាន​រៀន»

ក្រៅពីការសិក្សា និងស៊ីឈ្នួល​គេដើម្បីរកប្រាក់​នោះ កញ្ញា ការី ​ក៏បានឆ្លៀត​ពេល​​ចូលរួម​វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗក្នុងការជួយដល់យុវជននៅក្នុង​សហគមន៍​ និងយុវជនជនជាតិដើមភាគតិច​នៅតំបន់ផ្សេងៗទៀត​​ ដែលរៀបចំ​ឡើង​ដោយអង្គការភ្លែន​អន្តរ​ជាតិ​កម្ពុជា ដើម្បីពង្រីកចំ​​ណេះដឹង និងពង្រឹងសមត្ថភាព​របស់ខ្លួន​បន្ថែមទៀត។​

នៅ​ឆ្នាំ២០២៣​នេះ កញ្ញា ការី បានរៀន​ដល់​ថ្នាក់ទី១១ នៅ​​វិទ្យាល័យ​​តាវែ​ង​ ក្នុងស្រុកតាវែង ខេត្ដរតនគិរី។ កញ្ញាថា មូលហេតុដែលខ្លួនត្រូវបានអង្គការភ្លែន ​ជ្រើសរើសធ្វើទូតសុឆន្ទៈនេះ ដោយ​សា​​រ​​​​​តែ​គេមើលឃើញពីភាពក្លាហានរបស់កញ្ញា និងការលះបង់ពេលវេលា​ក្នុង​ការ​ជួយដល់​​យុវជន​​ក្នុង​សហគមន៍។

កញ្ញា ការី និយាយ​​ថា៖ «មុននឹងក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន ខ្ញុំបានចូលរួមសកម្មភាពជាច្រើនជាមួយអង្គការតាមសហគមន៍។ ពេលដាក់ពាក្យ មានគ្នាសុទ្ធតែយុវជន-យុវតីអាយុប្រហាក់ប្រហែលខ្ញុំដែរ​ តែគេជ្រើសរើសខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ពេលខ្លួនឯងក្មេង ប៉ុន្ដែអាចមានសមត្ថភាពក្នុងកិច្ចការសង្គមបានអ៊ីចឹង។»

យុវតីរូបនេះបញ្ជាក់ថា ​បញ្ហាក្រីក្រមិនមែនជាឧបសគ្គសម្រាប់ការរៀនសូត្រ និង​រារាំង​ក្ដី​ស្រមៃ​ខ្លួន​ឡើយ។

ឪពុករបស់យុវតី លេខ ការី គឺ​លោក ចក លេខ អាយុ៤៤ឆ្នាំ បាន​លើក​ឡើង​ថា ការី​ ជាកូនស្រីដែលមានភាពក្លាហាន និងរឹងមាំ ជាពិសេសតែងតែជួយពន្យល់ទៅដល់មិត្ដភក្ដិក្នុងសហគមន៍ និងជួយកិច្ចការផ្ទះក្រោយទំនេរពីការសិក្សា។​ លោកបន្ដថា មូលហេតុដែលលោកចង់ឱ្យកូនស្រីខ្លួនរៀបការទាំងវ័យក្មេង ដោយ​សារ​តែជា​ប្រពៃណី​ និង​មិន​ចង់​ឱ្យកូន​ស្រីចាកចេញពីខ្លួន​ទៅ​ឆ្ងាយ។ លោ​​ក​​​បន្ដ​ថា ក្រោយ​ពី​លោកបាន​យល់​ដឹងពីសារៈសំខាន់នៃការសិក្សា ទើបលោកសម្រេច​ឱ្យកូនរៀនបន្ត និងលើកទឹកចិត្តដល់កូន​ឱ្យ​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។

យ៉ាងណាមិញ លោក​ថា ពេលឃើញ​កូន​ខ្លួន​បានក្លាយខ្លួនទូតសុឆន្ទៈ និងជាគំរូដល់យុវជនផ្សេងទៀត លោក​ពិតជាមានការសប្បាយចិត្ដជាខ្លាំង និងមានមោទកភាពចំពោះកូនស្រីរបស់ខ្លួន។

លោកថា៖ «គ្រួសារខ្ញុំក្រីក្រទេ ប៉ុន្ដែខ្ញុំចង់ឱ្យកូនស្រីរៀនបន្ដ ព្រោះជាក្ដីស្រមៃរបស់គាត់។ ខ្ញុំសប្បាយចិត្ដ​ ពេល​​ឃើញ​គាត់​បានក្លាយជាគំរូដល់យុវជនក្នុងសង្គម។ ខ្ញុំសង្ឃឹមថាយុវជនផ្សេងទៀតអាចយកកូនខ្ញុំជាគំរូបាន»

ស្រដៀងគ្នានេះដែរ យុវតីម្នាក់ទៀត កញ្ញា ពៅ ស្រី​ណូ អាយុ១៨ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជាទូតសុឆន្ទៈរបស់អង្គការភ្លែនដែរនោះ ក៏បានខិតខំតស៊ូរៀនសូត្រ​ ទាំងដែល​គ្រួសារមានជីវភាពក្រីក្រ​ផងដែរ។

ជាកូនពៅក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន៧នាក់ ក្នុងខេត្ដសៀមរាប កញ្ញា ស្រីណូ បានឱ្យដឹងថា ឪពុក​ម្ដាយរបស់ខ្លួនមិនសូវជាចង់ឱ្យរៀនសូត្រច្រើននោះទេ ​ដោយគិតថាជាកូនស្រី​រៀន​ បាន​ត្រឹម​​​តែ​ចេះអាន​​អក្សរខ្លះទៅ គឺគ្រប់គ្រាន់ហើយ។ តែយ៉ាងណា ដោយសារតែចង់ជម្នះពីពាក្យនេះ កញ្ញា​បាន​ជម្នះឧបសគ្គ​នានា និងបានចូល​រួមវគ្គបណ្តុះបណ្តាល និង​​​សកម្មភាព​​ជាមួយ​នឹង​អង្គការភ្លែន​ រហូតដល់មានភាពលេចធ្លោក្នុងសហគមន៍ និងក្លាយ​ជាទូត​សុឆន្ទៈរបស់អង្គការភ្លែន។

យុវតីមានសម្បុរស្រអែម​ មានទឹកមុខពោរពេញដោយក្ដីសង្ឃឹមរូបនេះ បន្ដថា ខ្លួនចង់ឱ្យមានសមភា​​ព​យេនឌ័រ​ឱ្យបានច្រើនក្នុងសង្គមផង ទើប​សម្រេច​ដាក់​ពាក្យ​។ ការក្លាយជាទូតសុឆន្ទៈនេះ ក​​ញ្ញា​​​​​រំពឹង​ថានឹង​អាចជួយជំរុញ​ដល់​យុវជនក្នុងសហគមន៍កុំឱ្យបោះបង់ការសិក្សា និងរៀបការទាំងវ័យក្មេង តាមរយៈការពន្យល់ណែនាំពីរូបគេ និងយុវជនផ្សេងទៀត។  

ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន អង្គរធំ យុវតីរូប​នេះ​បន្ដថា៖ «ខ្ញុំចង់យកឈ្នះនូវសម​​ភា​​ព​​​យេនឌ័រ និងចង់រារាំងឧបសគ្គនានា​ដែលរារាំងក្មេងស្រីមិនឱ្យមានការសម្រេចដោយខ្លួនឯង។ ខ្ញុំបានចូលរួមសកម្ម​ភាពជាមួយអង្គការ ៥ឆ្នាំ នៅសហគមន៍ខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ព្រោះវាអាចឱ្យខ្ញុំមានលទ្ធភាពជួយសហគមន៍បានច្រើនជាងមុន»

លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា មូលហេតុដែលអង្គការភ្លែន​ជ្រើសរើសយុវតីវ័យក្មេងទាំង២នាក់ រួមនឹងយុវជន​ម្នាក់ទៀត ធ្វើជាទូតសុឆន្ទៈ ដោយតែពួកគេ​មាន​​ភាពក្លាហាន និងការតស៊ូ​ក្នុងការរៀនសូត្រ ​ព្រមទាំងបានចែករំលែកចំណេះដឹងដល់យុវជនក្នុងសហគមន៍​ ដែល​នេះ​​​​​ជាគំរូល្អមួយដល់យុវជនផ្សេងទៀត ​ដើម្បីចូលរួមកិច្ចការសហគមន៍របស់ខ្លួន។ លោកបន្ដថា ជា​យុទ្ធសាស្ដ្ររបស់អង្គការភ្លែន គឺផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះពួកគេ​​ជាធនធាន​ដ៏សំខាន់​របស់សង្គម​ដែលមិនអាចខ្វះបាន។

លោកបន្ដថា៖ «អង្គការមើលឃើញពីភាពក្លាហាន​របស់ពួកគាត់ ដែលអាចជាគំរូដល់យុវជនផ្សេងទៀតក្នុងប្រទេសយើង។ អង្គការផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះយុវជនជាទំពាំងស្នងឫស្សីរបស់សង្គម។ ហើយបច្ចុប្បន្ននេះ មានយុវជនជាង ៥០% ដូច្នេះការយកពួកគាត់ធ្វើទូតសុឆន្ទៈ គឺជារឿងល្អប្រសើរសម្រាប់ដំណើរការសង្គម»

បើតាម​លោក យី គឹមថាន បច្ចុប្បន្ននេះ កម្ពុជា​មានយុវជនជាង ៥០% ជាអ្នកស្នងកិច្ចការសង្គម។

សម្រាប់អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុវាចា បង្ហាញការ​សាទរ​នៅ​ពេលបាន​​ឃើញ​​យុវជនកាន់តែ​ច្រើន​បា​ន​ក្លាយជាគំរូក្នុងសហគមន៍ និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គម។ លោកបន្ដថា ការចូលរួមលើកកម្ពស់គុណភាពអប់រំតាមរយៈគ្រប់រូបភាព សម្រាប់អ្នកសិក្សា មុននិងក្នុងបរិបទកូវីដ-១៩ ត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងសិស្ស-និស្សិត មាតាបិតា និងអាជ្ញាធរមូលដ្ឋានផង។

លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្ដពេលមានក្មេងៗអាចរួមចំណែកក្នុងកិច្ចការសង្គមដូច្នេះ»

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូន​សិស្ស-និស្សិត​វិទ្យាស្ថានខ្មែរជំនាន់ថ្មី ​នៅ​មជ្ឈមណ្ឌ​​ល​សន្និ​បាត និង​​ពិព័រណ៍អន្តរជាតិជ្រោយចង្វារ កាលពីថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​លើកទឹកចិត្ត​​ទៅ​ដល់​យុវជន​កម្ពុជា រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។ លោ​​កថា ដើម្បី​ជំរុញ​​ទៅ​ដល់​​កំណើន​​សេដ្ឋកិច្ច និង​ផលិតកម្មក្នុងស្រុក និង​ការ​ទាក់ទាញវិនិយោគ គឺទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន​​​មានជំនាញ​។ លោក​បន្ថែមថា ពេល​នេះ​កម្ពុជាកំពុង​រៀបចំ​ឱ្យ​មានការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​សម្រាប់សិស្ស​ក្រីក្រ​ចំនួន ​១លាន​ ៥សែននាក់។

លោកនាយករដ្ឋមន្ត្រី ថ្លែង​ថា៖ «ដើម្បីទាក់ទាញនូវវិនិយោគបាន អ្នក​វិនិយោគ​មិន​មែន​មក ហើយ​បែរជាយើងអត់ចេះអីសោះ អត់មានបច្ចេកទេសសោះ ហើយ​ទទួល​យក​យើង​ឱ្យ​ចូលធ្វើការ​នោះទេ»។

ត្រលប់មក​រកយុវតីជនជាតិដើមភាគតិច កញ្ញា លេខ​ ការី វិញ ក្រោយពីក្លាយជាទូតសុឆន្ទៈរបស់អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជាមក កញ្ញាបង្ហាញការប្តេជ្ញាក្នុងការចូលរួម​ឱ្យកាន់តែសកម្ម ក្នុងការចែករំលែកនូវចំណេះដឹងដល់​យុវជនក្នុងសហគមន៍ និងចូលរួមសកម្មភាពសង្គមផ្សេងទៀត​។

កញ្ញាថា៖ «ខ្ញុំចង់ឱ្យយុវជន​កុំ​បោះបង់​ការ​សិក្សាទាំងវ័យក្មេង ព្រោះវាមានបញ្ហាប្រឈមជាច្រើន​ក្រោ​​យ​​ពីយើង​បោះ​បង់។ ខ្ញុំគិតថា យុវជន​គួ​រ​តែ​យក​ពេល​ចូលរួមកិច្ចការសង្គម កុំយកពេលទៅធ្វើរឿងណាដែលមិនបាន​ផ្ដល់ចំណេះដឹងដល់ខ្លួន»៕