គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លើកឡើង​ថា​ ​គណៈ​កម្មការ​ជំនាញ​​រដ្ឋសភា​​​មិន​យក​ចិត្ត​ទុក​ដាក់​បំពេញ​កិច្ច​អន្តរាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​នៃ​ការបោះឆ្នោត ទៅ​តាម​ការ​ស្នើ​​​ក្នុង​ញត្តិ​ដែល​ខ្លួន​បាន​ដាក់​ជូន​ទៅ​រដ្ឋ​សភា​កាល​ខែមករា កន្លង​ទៅ​នោះ​ទេ។

ការ​លើកឡើង​របស់​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ធ្វើ​ឡើង​បន្ទាប់ពី​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​បាន​ចេញ​លិខិត​ឆ្លើយ​តប​ទៅ​គណបក្ស​នេះ​​កាលពី​ថ្ងៃសុក្រ ទី២៦ ខែ​មករា ឆ្នាំ២០២៣ ពាក់ព័ន្ធ​នឹង​ការស្នើ​សុំ​ទៅ​រដ្ឋសភា​ឱ្យ​ធ្វើវិ​សោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តីពី​ប្រព័ន្ធបោះឆ្នោត និង​សមាសភាព​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។

គណៈ​កម្មការ​ទី​១​រដ្ឋ​សភា​ឆ្លើយ​តប​ថា ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យោងមាត្រា ១៥៣ ថ្មី បញ្ជាក់​ថា ការផ្តើម​គំនិត​សើរើ ឬ​ការផ្តើ​ម​គំនិត​ធ្វើ​វិសោធនកម្ម​រ​ដ្ឋធម្មនុញ្ញជា​សិទ្ធិរបស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ត្រី និង​របស់​ប្រធានរដ្ឋសភា​ តាមសេចក្តី​ស្នើសុំ​របស់​តំណាងរាស្ត្រ​មួយ​ភាគបួន​នៃ​តំណាងរាស្ត្រទាំងមូល។

ចំពោះសមាសភាពស្ថាប័នគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត យោងមាត្រា ១៥១ ថ្មី(ពីរ) គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​មាន​សមាសភាព​ប្រាំបួន​រូប​ដែល​ទទួល​បាន​អាណត្តិប្រាំ​ឆ្នាំ។ ហើយ​ថា ​គណៈកម្មាធិការ​នេះ​​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​រួចហើយ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ចេញ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​សរសេរ​ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សង្ឃឹម​ថា រដ្ឋសភា​នឹ​ង​ពិចារណា​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​នៃ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ធានា​ថា គណៈកម្​មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មាន​ឯករាជ្យភាព អព្យាក្រឹត្យភាព នឹងធានា​ឱ្យ​មាន​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ សេរីពហុបក្ស ទទួល​បាន​ការទុកចិត្​ត​ពីសំណាក់​គណបក្ស​នយោបាយ និង​អ្នកបោះឆ្នោត ហើយបញ្ជៀស​នូវវិបត្តិនយោបាយក្រោយការបោះឆ្នោត»។

លោក យ៉េង វីរ: ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា (គ.ប.ម) បាន​ប្រាប់ Newsroom Cambodia ការពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការ​ឆ្លើយ​តប​របស់​គណៈ​កម្មការ​ជំនាញ​ទី​១​រដ្ឋសភា មិន​បាន​យក​ចិត្ត​ទុក​ចំពោះ​ការ​ស្នើ​របស់​គណបក្ស​លោក។

លោកបញ្ជាក់ថា៖ «ការឆ្លើយតប​របស់​គណៈកម្មការ​ជំនាញនៃ​រដ្ឋសភា គឺ​គ្រាន់តែ​ជា​ការដកស្រង់​នូវ​មាត្រា​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ មាត្រា​១៥៣ថ្មី និង មាត្រា១៥១ថ្មី(ពីរ) នៃ​ព្រះរាជាណាចក្រកម្ពុជា​មកតែប៉ុណ្ណោះ ដោយពុំ​បាន​ផ្តល់​នូវ​ព័ត៌មាន​ថា បាន​យកចិត្តទុក​ដាក់បំពេញ​នូវកិច្ចអន្តរាគមន៍​ទៅស្ថាប័ន​ពាក់ព័ន្ធ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដើម្បីដោះស្រាយ​បញ្ហាប្រព័ន្ធ​នៃការបោះឆ្នោត​ដែល​មាន​នៅ​ក្នុង​ញត្តិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានលើកឡើងនៅឡើយទេ»។

លោក ឡេង ពន្លក អ្នកនាំពាក្យរដ្ឋសភា​​ឆ្លើយតប​នឹង​សំណួរ​របស់​ Newsroom Cambodia យ៉ាង​ខ្លី​ថា៖ «ខាង​គណៈកម្មការជំនាញទី១​នៃរដ្ឋសភា​បានឆ្លើយ​ទៅហើយ»។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល​លើក​ឡើង​ថា ការកែ​ទម្រង់​ពាក់ព័ន្ធនឹង​​ការបោះឆ្នោត​​​ណាមួយ​ ទាល់តែ​មាន​ភាព​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោបាយ រវាង​គណបក្ស​នយោបាយ ឬ​តំណាងរាស្ត្រ​ចម្រុះ​ពី​គ្រប់​គណបក្ស ជជែក​វែក​ញែក និង​ដេញដោលគ្នា។

គួរបញ្ជាក់ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដាក់ញត្តិ​មួយទៅកាន់រដ្ឋសភា ដើម្បី​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពាក់ព័ន្ធទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីគណបក្សនេះ​អះអាង​ថា មាន​បញ្ហាប្រព័ន្ធនៃការបោះឆ្នោតមួយចំនួនគួរ​តែមានការកែប្រែ និងរៀបចំឡើងវិញ៕