ក្រុមយុវជនស្រឡាញ់បរិស្ថាន ជិត២០នាក់ បានដើររើសសំណល់ប្លាស្ទិក និងរចនាជាផ្ទាំងអក្សរអប់រំពីបញ្ហាបរិស្ថាន ដោយភ្ជាប់ទៅនឹងដើមឈើ នៅតាមបណ្ដោយឆ្នេរកោះកុងក្រៅ ដើម្បីជំរុញឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
តំណាងក្រុមយុវជនដែលធ្វើសកម្មភាពការពារបរិស្ថាន យុវតី លាង សុវណ្ណា វ័យ២២ឆ្នាំ ឱ្យដឹងថា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមីនា កន្លងទៅ មានក្រុមយុវជនចំនួន ១៧នាក់ បានចាប់ផ្តើមធ្វើសកម្មភាពសម្អាតឆ្នេរកោះកុងក្រៅ។ ប្រភពបន្តថា ការងារផ្នែកបរិស្ថាននេះ គឺដើម្បីរក្សាការពារឆ្នេរកោះកុងក្រៅ ឱ្យមានភាពស្រស់ស្អាត និងមានអនាម័យ ដោយថា ការយល់ដឹងពីបញ្ហាសំរាមរបស់ពលរដ្ឋរស់នៅតំបន់នោះនៅមានកម្រិតទាបនៅឡើយ។ កញ្ញាបារម្ភថា បើការចោលសំរាមពាសវាលពាសកាលនៅតែបន្តកើតមាន ហើយមិនមានការចូលរួមទប់ស្កាត់នោះទេ វានឹងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកសមុទ្រនៅពេលអនាគត។
កញ្ញាបន្ថែមថា៖ «ចំពោះបរិស្ថាននៅកោះកុងក្រៅ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ដោយសារតែនៅតំបន់នោះពុំមានការគ្រប់គ្រងសំរាមឱ្យបានល្អ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរទៅកម្សាន្ត ចោលសំរាមផ្ដេសផ្ដាស។ ការដុតសំរាមដែលធ្វើឱ្យមានកំណកខ្មៅ ប៉ះពាល់ទៅដល់ភាពស្អាតនៃឆ្នេរ»។
បើតាមយុវតី លាង សុវណ្ណា សកម្មភាពសម្អាតឆ្នេរសមុទ្រទាំងនេះ រួមមាន ការរចនាជាផ្ទាំងឈើមានសរសេរជាពាក្យអប់រំស្ដីពីបរិស្ថាន និងសកម្មភាពរបស់ក្រុមយុវជនដើររើសសំរាមនៅតាមបណ្តោយឆ្នេរកោះកុងក្រៅ ដោយប្រមូលបានកាកសំណល់ប្រមាណជាង៣០បាវ។
និសិ្សតដែលកំពុងសិក្សាជំនាញនីតិសាស្រ្តរូបនេះ មានក្តីរំពឹងថា ក្រោយបញ្ចប់សកម្មភាពក្នុងវិស័យបរិស្ថានមួយនេះ នោះនឹងបានជាផ្នែកមួយជួយទប់ស្កាត់ការបំពុលទឹកសមុទ្រ និងជីវចម្រុះនៅឆ្នេរកោះកុងក្រៅ ហើយថាតាមរយៈការងារស្ម័គ្រចិត្តនេះក៏ជាសារមួយឱ្យពលរដ្ឋនៅតំបន់នោះ ព្រមទាំងភ្ញៀវទេសចរដែលមកលេងកម្សាន្ត ចាប់ផ្តើមគិតគូរលើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
កញ្ញាបន្តថា៖ «ការលើផ្លាក ការសរសេរពាក្យអប់រំ ព្រមទាំងរូបភាព សកម្មភាពដែលខ្ញុំបានធ្វើ នឹងអាចជាដំណោះស្រាយបញ្ហាសំរាមមួយផ្នែកដ៏សំខាន់ និងសង្ឃឹមថាបន្តបន្ទាប់នៅថ្ងៃខាងមុខ នៅពេលបងប្អូនទៅកម្សាន្តនៅទីនោះ នឹងមានការវេចខ្ចប់របស់របរដែលប្រើប្រាស់រួចឱ្យបានល្អ យកសំរាមមកវិញ ដើម្បីកុំឱ្យមានការដុតសំរាមនៅតំបន់នោះ និងចូលរួមពីបងប្អូនប្រជាពលរដ្ឋធ្វើជាគំរូដ៏ល្អសម្រាប់ភ្ញៀវទេសចរក្នុងការរក្សាស្រឡាញ់តំបន់នោះ»។
បើតាមគេហទំព័រជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កោះកុងក្រៅមានផ្ទៃដីប្រមាណ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ មានពណ៌ខៀវស្រងាត់ សម្បូរទៅដោយធនធានធម្មជាតិ ដែលនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។ កោះធម្មជាតិមួយនេះ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០គ.ម ពីក្រុងខេមរភូមិន្ទ។
ដោយឡែក យុវតី គឹម ហ៊ាង វ័យ២៩ឆ្នាំ ជានិស្សិតនៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ បានប្រាប់ថា កញ្ញាចង់រួមចំណែកក្នុងសកម្មភាពការពារបរិស្ថាន និងផ្សព្វផ្សាយពីបញ្ហាដែលកោះកុងក្រៅកំពុងជួបប្រទះ ទើបសម្រេចចិត្តធ្វើសកម្មភាពនេះ។ ម្យ៉ាងវិញទៀត កញ្ញាសង្កេតឃើញថាការស្ម័គ្រចិត្តក្នុងការថែរក្សាបរិស្ថានរបស់យុវជននៅតំបន់កោះកុងក្រៅ នៅមានកម្រិតទាប និងពុំសូវជាទូលំទូលាយនៅឡើយទេ។
ប្រភពដដែលបានជំរុញឱ្យយុវជនចាប់ផ្កើមផុសផុលក្នុងសកម្មភាពបរិស្ថាន ជាពិសេសនៅតំបន់កោះកុងក្រៅ ដើម្បីរួមចំណែកធ្វើឱ្យឆ្នេរនៅទីនោះកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កញ្ញាបន្ថែមថា៖ «សំរាមដែលបង្កើតដោយយើង ដូច្នេះយើងត្រូវទទួលខុសត្រូវក្នុងការទុកដាក់ដោយខ្លួនឯង។ បរិស្ថានស្អាត គ្មានសំរាម គឺកើតចេញមកពីខ្លួនឯង ហើយវាក៏ជាទម្លាប់ល្អផងដែរក្នុងការរស់នៅប្រកបដោយអនាម័យ»។
ជុំវិញករណីនេះ ប្រធានមន្ទីទេសចរណ៍ខេត្តកោះកុង លោក សុខ ចាន់គ្រឹះស្នា បានឆ្លើយតបតាមរយៈបណ្តាញសង្គមតេឡេក្រាមដោយខ្លីថា ក្នុងនាមមន្ទីរទេសចរណ៍ខេត្ត តែងតែគាំទ្ររាល់ការងារថែរក្សាបរិស្ថានរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកបន្តថា ដើម្បីឱ្យបរិស្ថាននៅតំបន់កោះកុងក្រៅមានមានភាពល្អប្រសើរ គឺអាជ្ញាធរបានអប់រំពលរដ្ឋ ជាពិសេសអ្នកបម្រើសេវាកម្មនៅតំបន់នោះរួចរាល់ហើយដែរ។
លោកសរសេរថា៖ «ខ្ញុំយល់ថាការចូលរួមសម្អាត និងជួយគ្នាថែរក្សាអនាម័យ គឺជារឿងមួយល្អ ។ នៅកោះកុងក្រៅ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធនោះទេ។ មន្ទីរផ្សព្វផ្សាយដល់សេវាកម្មដឹកភ្ញៀវឱ្យគាត់រួម[គ្នារក្សា]អនាម័យបរិស្ថាន និងផ្សព្វផ្សាយដល់ភ្ញៀវចូលរួមអនាម័យទាំងអស់គ្នា»។
យ៉ាងនេះក្តី សកម្មជនបរិស្ថាន លោក អូត ឡាទីន ថ្លែងថា ក្រោយពេលរដ្ឋាភិបាលកាត់តំបន់កោះកុងក្រៅ ទៅឱ្យក្រុមហ៊ុនឯកជនមួយដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍ បានបង្កផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា បញ្ហាទាំងនោះរួមមាន ការបំពុលទឹក ការបំពុលខ្យល់ និងផលប៉ះពាល់ជីវចម្រុះជាច្រើននៅតំបន់នោះ។ មួយវិញទៀត លោកមើលឃើញថា ការរៀបចំ និងការគ្រប់គ្រងទីតាំងសម្រាប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវក៏មិនមាននោះដែរ។
បន្ថែមលើនេះ លោកថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលបើកសិទ្ធិឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រងកោះកុងក្រៅ គឺជាការសម្រេចដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងមិនមានការបង្ហាញការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថានជាសាធារណៈនោះទេ។ ជាមួយគ្នានេះ លោកបានជំរុញទៅកាន់រដ្ឋាភិបាលរក្សាទុកកោះកុងក្រៅជាតំបន់ទេសចរណ៍កម្សាន្តសាធារណៈ ដោយដាក់តំបន់នោះទៅជាឧទ្យានជាតិសមុទ្រវិញ។
លោកថ្លែងថា៖ «សូមឱ្យមានការរៀបចំ និងការគ្រប់គ្រង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សូមឱ្យរដ្ឋាភិបាលរក្សាកោះកុងក្រៅ ទុកជាទីកន្លែងទេសចរណ៍កម្សាន្តសាធារណៈ ឬដាក់កោះកុងក្រៅជាឧទ្យានសមុទ្រតាមសំណើរបស់ពលរដ្ឋ» ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន៨០ បានអំពាវនាវទៅកាន់រដ្ឋាភិបាលឱ្យដកសិទ្ធិក្រុមហ៊ុនឯកជន អេស អ៊ី ហ្ស៊ិត ខូអិលធីឌី (KOH KONG S E ZCO., LTD.) របស់ឧកញ៉ា លី យ៉ុងផាត់ ចេញពីការអភិវឌ្ឍនៅតំបន់កោះកុងក្រៅទាំងមូល ដោយបារម្ភថា ការអភិវឌ្ឍនោះមានការគំរាមកំហែងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ។
លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចសុំការឆ្លើយតបបានទេជុំវិញករណីនេះ ដោយទូសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។ ចំណែកក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ក៏ពុំអាចស្វែងរកការអត្ថាធិប្បាយបានដែរ។ បើទោះជាបែបណា មន្រ្តីជាន់ខ្ពស់ក្រសួងបរិសា្ថនរូបនេះតែងបានថ្លែងការពារប្រាប់អ្នកសារព័ត៌មាន ក្នុងពេលកន្លងទៅថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយនេះអភិវឌ្ឍនៅតំបន់កោះកុងក្រៅ គឺភាគីក្រុមហ៊ុនបានសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់ហើយ៕