យុវជនមួយចំនួនចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ ដោយថាការបោះឆ្នោតនេះជាការកំណត់ជោគវាសនាប្រទេសជាតិ និងពលរដ្ឋទាំងមូល។
យុវជន គឹម ជីលីន ជានិសិត្សនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បាននិយាយថា ដំណើរការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ខាងមុខនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេសគឺជាការកំណត់ជោគវាសនានៃប្រទេសជាតិមួយផងដែរ។ លោកបន្តថា ការចូលរួមរបស់យុវជនក្នុងការឃ្លាំមើលដំណើរការបោះឆ្នោត ជារឿងចាំបាច់ណាស់ ពីព្រោះយុវជនក៏ជាពលរដ្ឋរស់នៅក្នុងសង្គមដែរ ដូច្នេះរាល់កិច្ចការងារសង្គម យុវជនត្រូវតែចូលរួមនិងតាមដាន។
លោកបន្ដថា៖ «ការឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិនេះជារឿងសំខាន់ ព្រោះជោគវាសនារបស់ពលរដ្ឋខ្មែរ គឺស្ថិតនៅលើរឿងហ្នឹងហើយ។ ខ្ញុំជាយុវជនសង្គមម្នាក់ ខ្ញុំមានកាតព្វកិច្ចតាមដានពីបញ្ហានេះដែរ។ ដូច្នេះ គ.ជ.ប គួរតែអនុញ្ញាតឱ្យមានយុវជនអាចចូលរួមអង្កេត ឬឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិនេះផង»។
យុវតី ហុក លិកា អាយុ២១ឆ្នាំ និងជានិស្សិតផ្នែកច្បាប់ បានឱ្យអ្នកសារព័ត៌មានដឹងថា ចំពោះការបោះឆ្នោតជាតិខាងមុខ វាមានភាពចាំបាច់ ព្រោះក្នុងនាមជាយុវជនម្នាក់ ក៏ដូចជាពលរដ្ឋម្នាក់នៅក្នុងសង្គម មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនគិតថាពេញចិត្ដ និងអាចដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្ដិភាពសម្រាប់ពលរដ្ឋទាំងមូល។ យ៉ាងណាមិញ កញ្ញាថា កញ្ញាពិតជាចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលពីដំណើរការបោះឆ្នោត ដើម្បីបានដឹងពីកិច្ចការមួយចំនួនថាតើការបោះឆ្នោតនេះ ប្រព្រឹត្ដទៅដោយរលូន ឬក៏មានភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
យុវតីបន្តថា៖ «ខ្ញុំចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលក្នុងថ្ងៃបោះឆ្នោតដែរ ព្រោះវាជាកាតព្វកិច្ចក្នុងនាមធនធានរបស់សង្គម»។
ទន្ទឹមនឹងនេះដែរ កញ្ញា ម៉ែន ស្រីដាវ អាយុ២២ឆ្នាំ ដែលតែងតែចូលរួមកិច្ចការសង្គម បានលើកឡើងថា ក្នុងដំណើរការបោះឆ្នោតថា្នក់ជាតិខាងមុខនេះ គឺរឿងចាំបាច់ណាស់ ដើម្បីកំណត់ជោគវាសនាប្រទេសជាតិ ហើយក្នុងនាមជាយុវតីម្នាក់ កញ្ញាចង់បានមេដឹកនាំណាដែលអាចផ្ដល់សិទ្ធិសេរីភាពពេញលេញសម្រាប់ពលរដ្ឋ។ កញ្ញា ស្រីដាវ បន្ដថា ខ្លួនក៏ចង់ចូលតាមដាន និងឃ្លាំមើលពីដំណើរបោះឆ្នោតនាពេលខាងមុខនេះដែរ ថាតើប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ឬយ៉ាងណា។
កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំ ការបោះឆ្នោតថ្នាក់ជាតិជារឿងសំខាន់ណាស់ ក្នុងនាមជាយុវជនគួរតែចូលរួមតាមលទ្ធភាព ព្រោះយើងជាធនធានរបស់សង្គមជាតិ»។
រដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលផ្សព្វផ្សាយកាលពីចុងខែមិថុនា ឆ្នាំ២០២២។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ពុំអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល។
តែយ៉ាងណា អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក ដារ៉ា ធ្លាប់បានលើកឡើងថា យុវជន និងអ្នកសារព័ត៌មាន ប្រមាណ៩០ភាគរយ មានការយល់ដឹងច្រើននៅពេលចុះទៅយកព័ត៌មាន និងសង្កេតពីដំណើរការបោះឆ្នោត ខណៈយុវជន និងអ្នកសារព័ត៌មានមួយចំនួនតូច បានប្រើប្រាស់សិទ្ធិរបស់ខ្លួនហួសព្រំដែន ដោយមិនបានយល់អំពីច្បាប់។ យ៉ាងណាមិញ លោកថា គ.ជ.ប កំពុងគិតគូរពីបញ្ហានេះ ដើម្បីឱ្យយុវជន និងអ្នកសារព័ត៌មាន អាចងាយស្រួលក្នុងការចុះយកព័ត៌មានសម្រាប់ផ្សព្វផ្សាយដល់ពលរដ្ឋ។
លោកបន្តថា៖ «ខ្ញុំនឹងយកអ្វីដែលជាការសំណូមពរទៅជជែកបន្ដ»។
មន្ដ្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស បានលើកឡើងថា សម្រាប់អង្គការខុមហ្វ្រែល មិនបានកំណត់កូតាថាយុវជនប៉ុន្មានភាគរយដែលត្រូវចូលរួមសង្កេតការណ៍ និងប៉ុន្មានភាគរយមិនគួរយកនោះទេ ប៉ុន្តែលោកនៅតែលើកទឹកចិត្ដឱ្យយុវជនមានការចូលរួមក្នុងកិច្ចការនេះ។
លោកបន្តថា៖ «យើងតែងតែមានការលើកទឹកចិត្ដឱ្យមានការចូលរួម ព្រោះវាមានសារៈសំខាន់ណាស់។ ពួកគាត់ជាយុវជន ហើយពួកគាត់គឺជាទំពាំងស្នងឫស្សី។ សម្រាប់យើងមានការផ្ដល់ឱកាសច្រើនដល់គាត់ក្នុងការឃ្លាំមើលដំណើរការបោះឆ្នោតខាងមុខនេះ»។
បើតាមអ្នកជំនាញផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកទំនាក់ទំនងនិងសារព័ត៌មាន នៃអង្គការយូណេស្កូប្រចាំកម្ពុជា លោក មីគែល អាហ្គីវ៉េ អ៊ីឌីគេល ធ្លាប់មានប្រសាសន៍ក្នុងវេទិកាមួយកាលពីឆ្នាំ២០២២កន្លងមកថា លោកចង់ឱ្យអ្នកសារព័ត៌មាន និងយុវជន ទទួលបានសិទ្ធិពេញលេញក្នុងការចុះយកព័ត៌មានដែលកើតឡើងពេលដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីបានផ្សព្វផ្សាយដល់ពលរដ្ឋ។
លោកបន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានក្នុងសង្គមដល់ពលរដ្ឋ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ខាងមុខនេះ គ.ជ.ប បានបញ្ជាក់ថា មានអង្គការចំនួន៨ បានចុះឈ្មោះ និងមានបេក្ខភាពសរុប៣ ២៨៥នាក់ ក្នុងនោះមានស្រី ១ ១០១នាក់ និងពីសហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន២ ១៨៩នាក់ ក្នុងនោះមានស្រី ៧៨៨នាក់៕