យុវជនមួយចំនួនចង់ចូលរួមសង្កេតការណ៍ និង​ឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ នាពេល​​ខាង​​មុខ ដោយ​ថាការបោះឆ្នោត​​នេះ​ជាការកំណត់ជោគវាសនាប្រទេសជាតិ និងពលរដ្ឋទាំងមូល។

យុវជន គឹម ជីលីន ជានិសិត្ស​នៅសាកល​វិទ្យា​ល័យ​មួយ​ក្នុងរាជធានីភ្នំពេញ ​បាន​និយាយថា ដំណើរការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា​​ ខាងមុខនេះ ពិត​ជាមានសារ​​សំខាន់​ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ​ទាំង​មូល ជាពិសេសគឺជាការកំណត់ជោគវាសនានៃប្រទេសជាតិមួយផងដែរ។ លោកបន្ត​​ថា ការចូលរួមរបស់យុវជនក្នុងការឃ្លាំមើលដំណើរការ​បោះឆ្នោត ជារឿងចាំបាច់ណាស់ ពីព្រោះយុវជនក៏ជាពលរដ្ឋរស់នៅក្នុងសង្គមដែរ ដូច្នេះរាល់កិច្ចការងារសង្គម យុវជនត្រូវតែចូលរួមនិងតាមដាន។

លោកបន្ដថា៖ «ការឃ្លាំមើលពីដំណើរការ​បោះឆ្នោតថ្នាក់ជាតិនេះជារឿងសំខាន់ ព្រោះជោគ​វាសនារបស់ព​​លរដ្ឋខ្មែរ គឺស្ថិតនៅលើរឿងហ្នឹងហើយ។ ខ្ញុំជាយុវជនសង្គមម្នាក់ ខ្ញុំមានកាតព្វកិច្ច​តាមដាន​ពី​បញ្ហានេះដែរ។ ដូច្នេះ គ.ជ.ប គួរតែអនុញ្ញាតឱ្យមានយុវជនអាចចូលរួមអង្កេត ឬឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិនេះ​ផង»

យុវតី ហុក លិកា អាយុ២១ឆ្នាំ និងជានិស្សិតផ្នែកច្បាប់ បានឱ្យអ្នកសារព័ត៌មានដឹងថា ចំពោះការបោះឆ្នោតជាតិខាងមុខ វាមានភាពចាំបាច់ ព្រោះក្នុងនាមជាយុវជនម្នាក់ ក៏ដូចជាពលរដ្ឋម្នាក់នៅក្នុងសង្គម មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនគិតថាពេញចិត្ដ និងអាចដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្ដិភាពសម្រាប់ពលរដ្ឋទាំងមូល។ យ៉ាងណាមិញ កញ្ញាថា កញ្ញា​ពិត​ជាចង់ចូលរួមសង្កេតការណ៍ និង​ឃ្លាំមើល​ពី​ដំណើរការបោះឆ្នោត ដើម្បី​បានដឹងពីកិច្ចការមួយចំនួនថាតើ​ការបោះឆ្នោតនេះ ប្រព្រឹត្ដ​ទៅ​ដោយរលូន ឬក៏មានភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។

យុវតីបន្តថា៖ «ខ្ញុំចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលក្នុងថ្ងៃបោះឆ្នោតដែរ ព្រោះវាជាកាតព្វ​កិច្ច​ក្នុង​នាម​ធន​ធាន​របស់​សង្គម»

ទន្ទឹមនឹងនេះដែរ កញ្ញា ម៉ែន ស្រីដាវ អាយុ២២ឆ្នាំ ដែលតែងតែចូលរួមកិច្ចការសង្គម បានលើកឡើងថា ក្នុងដំណើរ​ការបោះឆ្នោតថា្នក់ជាតិខាងមុខនេះ គឺរឿងចាំបាច់ណាស់ ដើម្បីកំណត់ជោគវាសនាប្រទេស​ជាតិ ហើ​​​យ​​​​ក្នុងនាមជាយុវតីម្នាក់ កញ្ញាចង់បានមេដឹកនាំណាដែលអាចផ្ដល់សិទ្ធិសេរីភាពពេញលេញសម្រាប់ពលរដ្ឋ។ កញ្ញា ស្រីដាវ បន្ដថា ខ្លួនក៏ចង់ចូលតាមដាន និងឃ្លាំមើលពីដំណើរបោះឆ្នោតនាពេល​ខាងមុខនេះ​ដែរ ថាតើប្រព្រឹត្តទៅដោយរលូន ​ត្រឹមត្រូវ និងយុត្តិធម៌ ឬយ៉ាងណា។​

កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំ ការបោះឆ្នោតថ្នាក់ជាតិជារឿងសំខាន់ណាស់ ក្នុងនាមជាយុវជនគួរតែចូលរួមតា​​ម​​លទ្ធភាព ព្រោះយើងជាធនធានរបស់សង្គមជាតិ»។

រដ្ឋាភិបាលកម្ពុជា​កំណត់​យក​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើ​​ស​​​​តាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលផ្សព្វ​​ផ្សា​​​យកាលពីចុង​ខែ​មិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ពុំអាចសុំការអត្ថាធិប្បា​​យ​​​​បានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល​។

តែយ៉ាងណា ​អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក ដារ៉ា ធ្លាប់​បាន​លើក​ឡើង​ថា យុវជន និងអ្នកសារព័ត៌​​មា​​ន ប្រមាណ៩០ភាគរយ​ មានការយល់ដឹង​ច្រើន​នៅពេលចុះទៅយកព័ត៌មាន និងសង្កេត​​ពីដំណើរការ​​បោះ​ឆ្នោត ខណៈ​យុវជន និងអ្នកសារព័ត៌មាន​មួយចំនួនតូច បាន​ប្រើប្រាស់សិទ្ធិរបស់ខ្លួនហួសព្រំដែន ដោ​​យ​​​មិន​​បា​ន​យល់​អំពី​ច្បាប់។ យ៉ាងណាមិញ លោកថា គ.ជ.ប កំពុង​គិត​គូរ​ពី​បញ្ហា​នេះ ដើម្បីឱ្យយុវជន និងអ្នកសារព័ត៌មាន អាចងាយស្រួលក្នុងការ​ចុះយកព័ត៌មានសម្រាប់ផ្សព្វផ្សាយដល់ពលរដ្ឋ។

លោកបន្តថា៖ «ខ្ញុំនឹងយកអ្វីដែលជាការសំណូមពរ​ទៅជជែកបន្ដ»

មន្ដ្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស បានលើកឡើងថា សម្រាប់អង្គការខុមហ្វ្រែល​ មិនបានកំណត់កូតាថាយុវជនប៉ុន្មានភាគរយដែលត្រូវចូលរួមសង្កេតការណ៍ និងប៉ុន្មានភាគរយមិនគួរយកនោះទេ ប៉ុន្តែ​លោក​នៅ​តែ​​លើកទឹកចិត្ដឱ្យយុវជនមានការចូលរួមក្នុងកិច្ចការនេះ​។

លោកបន្តថា៖ «យើងតែងតែមានការលើកទឹកចិត្ដឱ្យមានការចូលរួម ព្រោះវាមានសារៈសំខាន់ណាស់។ ពួ​​ក​គាត់​ជា​យុវជន ហើយ​ពួក​គាត់​គឺ​ជា​ទំពាំងស្នងឫស្សី។ សម្រាប់យើងមានការផ្ដល់ឱកាសច្រើនដល់គាត់ក្នុង​​ការឃ្លាំមើលដំណើរការបោះឆ្នោតខាងមុខនេះ»

បើតាមអ្នកជំនាញផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកទំនាក់ទំនងនិងសារព័ត៌មាន នៃអង្គការយូណេស្កូប្រចាំកម្ពុជា លោក មីគែល អាហ្គីវ៉េ អ៊ីឌីគេល ធ្លាប់មានប្រសាសន៍ក្នុងវេទិកាមួយកាលពីឆ្នាំ២០២២កន្លងមកថា លោកចង់ឱ្យអ្នកសារព័ត៌មាន និងយុវជន ទទួលបានសិទ្ធិពេញលេញក្នុងការចុះយកព័ត៌មាន​ដែលកើត​ឡើង​ពេលដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីបានផ្សព្វផ្សាយដល់ពលរដ្ឋ។

លោកបន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានក្នុងសង្គ​​ម​​​​ដល់ពលរដ្ឋ»

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​ចេញ​កាលប​រិច្ឆេទ​នៃ​ការ​ដាក់ និង​ការ​ទទួលពាក្យសុំចុះឈ្មោះ​ជា​អ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។  សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ ឆ្នាំ​២០២៣ ខាង​មុខ​នេះ គ.ជ.ប បាន​បញ្ជាក់​ថា មាន​អង្គការ​ចំនួន​៨ បា​ន​ចុះ​ឈ្មោះ និង​មាន​បេក្ខភាព​សរុប៣ ២៨៥នាក់​ ក្នុងនោះមានស្រី ១ ១០១នាក់ និង​ពី​សហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន២ ១៨៩នាក់ ក្នុងនោះមានស្រី ៧៨៨​នាក់៕