យុវជនមួយក្រុមគ្រោង​​​ប្រារព្ធយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដី ក្នុងទិវា​លើកកម្ពស់សិទ្ធិនារី​ពិភពលោក ​​លើកទី១១២ ដែល​នឹងប្រព្រឹត្ដ​ទៅនៅសប្ដាហ៍ក្រោយ​​ ក្នុង​គោលបំណង​បង្ហាញ​ទៅ​កា​​ន់​​​​ពិភព​លោកថា នារីកម្ពុជាក៏មានសិទ្ធិស្មើនឹងបុរស ស្រ្ដីគួរត្រូវបានលើកទឹកចិត្ត​ឱ្យក្លាយជាអ្នកដឹ​​ក​​នាំ​​​​​ឱ្យបានច្រើន និងទប់​ស្កាត់កុំឱ្យមានអំពើហិង្សាលើស្ដ្រី។

យុទ្ធនាការ​នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។  

យុវតី​ ឌី រុចារ្យសុជិនី អាយុ២២ឆ្នាំ ជាតំណាងក្រុមយុវជន និងជានិស្សិតនៃសាកលវិទ្យាល័យមួយនៅរាជធានី​​ភ្នំពេញ បាន​ឱ្យដឹង​ថា មូលហេតុនៃការបង្កើតយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីនេះ ធ្វើឡើង​​ក្នុងគោលបំណងអបអរ​ទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា ​លើក​ទី​១១២​ផង​ និង​ដើម្បីផ្សព្វ​​ផ្សា​​យឱ្យសាធារណជនបាន​​យល់​ដឹង​ពីសិទ្ធិនារីឱ្យបានកាន់តែទូលំទូលាយជាងមុន ជាពិសេសការផ្តល់​​តម្លៃ លើកកម្ពស់សិទ្ធិ​ស្រ្ដី និង​ទប់ស្កាត់​ការ​ប្រើអំពើហិង្សា​ទៅលើស្ត្រី។

យុវតីរូបនេះ​បញ្ជាក់​ថា យុទ្ធនាការនេះនឹងមានអ្នកចូលរួមប្រមាណ​១០០នាក់។

កញ្ញាបន្តថា៖ «យុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីហ្នឹង គឺដើម្បីអបអរនូវទិវាសិទ្ធិនារីអន្ដរជាតិលើ​​ក​​ទី១១២។ ពួកខ្ញុំលើកយកមកធ្វើនៅចុងខែ ដោយសារមានមនុស្សចូលរួមច្រើន និងមិនអាចរៀប​ចំចំថ្ងៃ៨មីនាទាន់ ទើបពួកខ្ញុំលើកយកមកប្រារព្ធថ្ងៃទី២៤ខាងមុខនេះទៅ ណាមួយវាចំថ្ងៃចុង​​សប្ដាហ៍»

កញ្ញាបន្ដថា៖ «ពួកខ្ញុំចង់បង្ហាញការគោរពសិទ្ធស្រ្ដី មិនមែនតែថ្ងៃ៨មីនាទេ គឺមានគ្រប់ថ្ងៃទាំងអស់ ជាពិសេសក៏ជាសារមួយដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតឡើងដែរ ព្រោះយុទ្ធនា​ការនេះនឹងធ្វើឱ្យបុរសៗកាន់តែយល់ដឹងច្រើន និងអាចកាត់បន្ថយបញ្ហានេះ»

ជាមួយគ្នានេះដែរ យុវជន គឹម ជិលីន អាយុ២៣ឆ្នាំ ជាអ្នកស្រឡាញ់បរិស្ថាន បានលើកឡើងថា យុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីនេះ មិនមែនសម្រាប់តែស្រ្ដីនោះទេ គឺជាព្រឹត្ដិការណ៍រួមទាំ​​ង​អស់គ្នា ទាំងបុរស​​​ ទាំងស្រ្ដី គឺអាចចូលរួមអបអរទិវានារីអន្ដរជាតិ។ លោកថា លក្ខខណ្ឌវប្បធម៌ សង្គម និង​​គ្រួសារ បាន​ក្លាយ​ជារបាំង​យ៉ាង​ក្រាស់​​សម្រាប់ស្ដ្រីក្នុងការបង្ហាញនូវសំឡេងរបស់​ខ្លួន​​ទៅ​​លើកិច្ចការសង្គម និង​ក្រុមគ្រួសារ ដែលករណីនេះ លោកថា ក្នុងនាមជាយុវជន​គួរណាស់តែលើ​​កបញ្ហាទាំងអស់នេះ ដើម្បីឱ្យមានលំហនៃសំឡេងស្រ្ដីកាន់​តែកើនឡើង។

លោកបន្តថា៖ «បុរសមានភាពរឹងមាំជាងស្ដ្រី តែស្រ្ដីគាត់មានចំណុចពិសេសមួយខុសពីបុ​​រ​​ស គឺពួក​គាត់​មាន​ភាព​ទន់​ភ្លន់ និងអាចពរពោះបាន។ ខ្ញុំចង់ឱ្យស្រ្ដីអាចក្លាយជាអ្នកដឹកនាំក្នុងស្ថាប័​នឯកជន និងរដ្ឋឱ្យបានច្រើន​។ ខ្ញុំចូលរួមព្រឹត្ដិការណ៍នេះ គឺចង់លើកកម្ពស់ និងឱ្យតម្លៃស្ដ្រីក្នុងនា​​ម​ជាយុវជនម្នាក់»

អ្នក​នាំពាក្យក្រសួងកិច្ចការនារី លោក​ស្រី​ ម៉ាន ចិន្ដា មានប្រសាសន៍ថា រាល់សកម្មភាពរបស់យុវជនដើម្បីលើក​កម្ពស់សិទ្ធិស្ដ្រី គឺជារឿងដែលគួរធ្វើ ហើយក្រសួងគាំទ្ររាល់សកម្មភាពសង្គមទាំងអស់។

លោកស្រីបន្ដថា៖ «រឿងល្អ យើងស្វាគមន៍រាល់សកម្មភាពលើកកម្ពស់សិទ្ធិស្រ្ដី»

នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី​ ចក់ សុភាព​ បាន​ថ្លែង​ថា ការចូលរួមរបស់យុវជនជាទ្រង់​ទ្រាយ​ក្នុងការបញ្ចេញមតិ​​ ឬការជួបជុំសកម្មភាពបែបវិជ្ជមាន នឹង​មានផលជះដល់ការយល់ដឹងរបស់​យុវជ​នផង និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រផង ដែលករណីនេះ គួរ​មានការ​ចូលរួមឱ្យបាន​កាន់តែច្រើន។ លោកស្រីបន្ត​ថា បច្ចុប្បន្ន បើទោះបីជាមា​ន​ការ​ទទួល​នូវ​យន្ដ​ការសិទ្ធិមនុស្ស ឬលិខិត​តុបករណ៍សិទ្ធិអន្ដរជាតិដែលធានាបាននូវសមភាពយេនឌ័រ ប៉ុន្ដែ​ស្រ្ដីនៅតែរងនូវឧបសគ្គមួយចំនួន​ក្នុងការចូលរួមកិច្ចការសង្គម និងរងនូវអំពើហិង្សាគ្រប់ទម្រង់ផងដែរ។

លោកស្រីថ្លែង​ថា៖ «យុទ្ធនាការរបស់យុវជនសម្រាប់​លើកកម្ពស់ស្រ្ដី គឺជារឿងដែលយើងអបអរសាទរ ហើយស្រ្ដីគួរទទួលសិទ្ធិបន្ថែមទៀតពីរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម ដើម្បីឱ្យមានសមភាពយេនឌ័រឱ្យ​កាន់​​​តែ​ច្រើន»

កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្រុម​យុវជនពណ៌ស្វាយ ក៏​ធ្លាប់​បាន​បើក​វេទិកា​មួយ​ដើម្បី​ជំរុញ​ និង​លើកទឹក​ចិត្ដ​ស្រ្ដីម្ដ​ង​រួច​មក​ហើយ ដែល​ក្នុងវេទិកានោះមានការជជែកពិភាក្សាអំពីសិទ្ធិស្រ្ដី និងការទប់ស្កាត់អំពើហិង្សាលើស្រ្ដីងាយរងគ្រោះ ដែលមានអ្នកចូលរួមចំនួន៩០នាក់។ មាត្រា១៩​ នៃ​ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ចែងថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ណា​ដែល​មាន​ចរិត​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ មាន​លក្ខណៈ​ជា​បទ​ឧក្រិដ្ឋ​ ឬ​​​បទ​​ល្មើស​មជ្ឈិម​ធ្ងន់ធ្ងរ ​​ត្រូវ​​តែ​​ជា​កម្មវត្ថុ​នៃ​បណ្ដឹង​អាជ្ញា ​ទោះ​​អំពើ​ហិង្សា​នេះ​បាន​កន្លង​ផុត​ហើយ​ក៏​ដោ​​​យ​​។ បណ្ដឹង​អាជ្ញា​ ត្រូវ​​ធ្វើ​ឡើង​​តាម​​បែប​បទ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​ និង​តាម​ច្បាប់​ស្ដី​ពី​នីតិវិធី​​​ព្រ​​ហ្មទណ្ឌ​ជា​ធរមាន​៕