ក្រសួង​អប់រំប្រកាសឱ្យ​គ្រឹះស្ថាន​​សិក្សា​ឯក​ជន​ និង​សា​ធា​រណៈឈប់​សម្រាក​វិស្សមកាល​​ធំ​រយៈ​ពេល​មួយ​​ខែ​ ក្នុង​អំឡុង​ពេល​កម្ពុ​ជា​រៀប​ចំ​ព្រឹត្តិ​ការណ៍​កី​ឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ និងអាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅខែឧសភា​​ខាង​មុខ​នេះ​។

ក្នុង​លិខិត​​​របស់​រដ្ឋមន្រ្តី​​ក្រសួង​អប់រំ ចេញ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២៣​បញ្ជាក់ថា ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​​ ក្នុង​នាម​កម្ពុ​ជា​​នឹង​​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ​​នៃ​​ការ​​ប្រកួត​​កី​ឡា​​​ស៊ី​​​ហ្គេម​​​លើក​​​​ទី​​​៣២​​​ និង​​អា​ស៊ាន​​​ប៉ា​​​​រ៉ា​​​ហ្គេម​​​លើក​​​​ទី​​​១២​​​ នា​​ពេល​​ខាង​​មុខ​​ ​ក្រសួង​​អប់រំ​​បាន​​​សម្រេច​ឱ្យ​​គ្រឹះ​ស្ថាន​​សិក្សា​ឯក​ជន​និង​សា​ធា​រណៈ​ទាំង​អស់​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​ ឈប់​សម្រាក​វិស្សមកាលធំ​រយៈពេល​មួយ​ខែ។

ក្នុងលិខិត​ដដែល​​​​បន្ថែម​ថា គ្រឹះ​ស្ថាន​អប់​រំ​កុ​មារ​តូច​ និង​សេវា​អប់​រំ​តូច​ គ្រឹះ​ស្ថាន​បឋម​សិក្សា​ គ្រឹះ​ស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូ​ទៅ​ គ្រឹះ​ស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូ​ទៅ​និង​ អប់រំ​បច្ចេក​ទេស​ ផ្នែក​សាធារណៈ និង​ឯកជន​​ទាំង​អស់​ ត្រូវ​​អនុ​វត្ត​វិ​ស្ស​ម​កាល​ធំ​ ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ២០២៣​ ដល់​​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៣។

រដ្ឋមន្រ្តី​ក្រសួង​អប់រំក៏​បាន​បន្ថែមក្នុង​លិខិត​នោះ​ថា ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​សាធារណៈ​និង​ឯក​ជន​ នឹង​ត្រូវ​ឈប់​សម្រាក​ ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០២៣ ដូច​គ្នា​ផង​ដែរ​។

កម្ពុ​ជានឹង​​រៀប​ចំ​ព្រឹត្តិ​ការណ៍​កី​ឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ និងអាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ពី​ថ្ងៃ​៥​ ខែឧសភា​ ឆ្នាំ​ដល់ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣៕​