ធនាគារជាតិនៃកម្ពុជា​ អំពាវនាវ​​ឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់​ក្នុងការ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បីជៀសវាងការ​ឆបោកប្រាក់គ្រប់រូបភាព តាមរយៈបណ្តាញសង្គម និង​ប្រព័ន្ធ​ទូរស័ព្ទ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់​ថា  ជនខិលខូចបានឆបោកប្រាក់​ជន​រងគ្រោះ ដោយបើគណនី​បណ្តាញ​សង្គម​នៃ​សមាជិក​ណាមួយ​របស់​គ្រួសារ ញាតិសន្តាន មិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន បន្លំ​ដើម្បីសុំខ្ចីប្រាក់ ឬ​ផ្ទេរប្រាក់​យក​ទៅប្រើប្រាស់​បន្ទាន់​ក្នុង​រយៈពេល​ខ្លី។ ជនខិល​ខូច​ទាំងនោះ​ ​បាន​ប្រើប្រាស់​ការ​ប្រាប់ឱ្យ​​ផ្ទេរប្រាក់​ឱ្យ​ពួកគេ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ចល័ត គណនី ភ្នាក់ងាររបស់គ្រឹះស្ថានធគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «​ពេលថ្មីៗនេះមានជនខិពរខូចមួយចំនួន បានព្យាយាម​ឆបោក​ប្រាក់​តាម​គ្រប់រូបភាព នៅតាមបណ្ដាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេក​វិទ្យា​ឌីជីថលនៅកម្ពុជា កំពុង​មាន​ការរីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់»។

បើតាមសេចក្តីប្រកាសព័ត៌មានបន្ថែមថា ធនាគារជាតិនៃកម្ពុជាស្នើឱ្យសាធារណជន រក្សា​សុវត្ថិភាព​ព័ត៌មាន​នៃ​គណនីបណ្តាញសង្គមផ្ទាល់​ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្វចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕​