ពលរដ្ឋចំនួនពីរភូមិនៅក្នុងស្រុកស្វាយជ្រំ ខេត្ដស្វាយរៀងស្នើឱ្យអាជ្ញាធរឃុំស្វាយយាជួយតបណ្ដាញអគ្គិសនីចូលក្នុងភូមិដើម្បីឱ្យមានអគ្គិសនីប្រើប្រាស់ដូចភូមិផ្សេងៗដែរ។
ពលរដ្ឋពីរភូមិនោះ មានដូចជាភូមិមហាសួន និងភូមិស្វាយជុំរៅ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។
លោក នង សុផល អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានប្រាប់ Newsroom Cambodia នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះថា សព្វថ្ងៃនៅក្នុងភូមិរបស់លោកមិនមានបណ្ដាញអគ្គិសនីប្រើប្រាស់ដូចនៅក្នុងភូមិផ្សេងៗនោះទេ។
លោកប្រាប់ថា នៅពេលអត់មានភ្លើងប្រើប្រាស់មានផលលំបាកខ្លាំងដូចជា មិនមានភ្លើងបំភ្លឺក្នុងផ្ទះគ្រប់គ្រាន់ មិនមានភ្លើងសម្រាប់បូមទឹកយកមកប្រើប្រាស់។ លោកថា នៅក្នុងផ្ទះរបស់លោករាល់ថ្ងៃប្រើប្រាស់ភ្លើងសូឡា ថ្ងៃខ្លះប្រើបានមួយយប់ពេញថ្ងៃខ្លះប្រើបានពាក់កណ្ដាលយប់ក៏អស់ភ្លើងប្រើប្រាស់។
លោកលើកឡើងថា៖ «នៅពេលស្អុះអត់មានភ្លើងដាក់កង្ហារ។ ខ្វះតាំងពីភ្លើងបំភ្លឺតាមផ្ទះខ្វះភ្លើងដាំបាយ បូមទឹក សុទ្ធតែតម្រូវការប្រចាំថ្ងៃ។ ខ្ញុំត្រូវការប្រើទាំងអស់ហ្នឹង ត្រូវការជាចាំបាច់។ ប្រើភ្លើងផ្ទាំងសូឡាជួនកាលបាត់ឃើញៗ ជួនកាលប្រើខ្លាំងវាអត់ [ភ្លើង] ក៏មានដែរ។ វាដាច់ភ្លើងបំភ្លឺផងកង្ហារផង ពាក់កណ្ដាលអធ្រាត្រអស់»។
លោកប្រាប់បន្ថែមថា នៅក្នុងភូមិរបស់លោកឃើញមានខាងអគ្គិសនីដើរដាក់បង្គោល និងខ្សែភ្លើងរយៈពេល២ឆ្នាំមកហើយ តែនៅមិនទាន់បានភ្លើងប្រើប្រាស់ទៀត។
ចំណែកលោក គាំ សាវ៉ន អាយុ៧៤ឆ្នាំ នៅភូមិមហាសួន បានប្រាប់ Newsroom Cambodia ថា លោកត្រូវការភ្លើងប្រើប្រាស់ដូចជាម៉ូទ័រសម្រាប់បូមទឹក ភ្លើងបំភ្លឺក្នុងផ្ទះ បញ្ចូលថ្មទូរស័ព្ទ កង្ហារ។ លោកថា រាល់ថ្ងៃលោកសុំភ្លើងពីផ្ទះអ្នកជិតខាងប្រើផង និងប្រើប្រាស់ភ្លើងពីផ្ទាំងសូឡាផង។
លោកលើកឡើងថា៖ «គេដាក់បង្គោលដាក់ខ្សែរយៈពេល២ឆ្នាំហើយ។ ផលលំបាកទីមូយបញ្ហាទឹក សម័យឥឡូវគេប្រើម៉ូទ័រសម្រាប់បូមទឹក សំខាន់ជាងគេប្រើភ្លើង [បំភ្លឺ] ក្នុងផ្ទះតែម្ដង។ សាក [បញ្ចូលថ្ម] ទូរស័ព្ទ កង្ហារ»។
លោក នង ហ៊ន់ អាយុ៥៣ឆ្នាំ ជាមេជាងផ្សាដែក ភូមិមហាសួន បានប្រាប់ Newsroom Cambodia ថា សព្វថ្ងៃនេះលោកប្រើម៉ាស៊ីនភ្លើងសម្រាប់បូមទឹកផ្សាដែកបំភ្លឺផ្ទះជារៀងរាល់ថ្ងៃ ដែលត្រូវចំណាយលុយច្រើនក្នុងមួយខែៗសម្រាប់ទិញប្រេង។ លោកថា ប្រសិនបើមានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់ការចំណាយលុយសម្រាប់ទិញប្រេងត្រូវបានកាត់បន្ថយ៥០%។
លោក នង ហ៊ន់ បន្ថែមថា កន្លងមករូបលោក និងពលរដ្ឋផ្សេងទៀតធ្លាប់បានទៅសួរនាំរឿងភ្លើងនេះជាមួយអាជ្ញាធរដែរ តែមិនមានលទ្ធផល។
លោកលើកឡើងថា៖ «ស្នើគាត់ហើយ [អាជ្ញាធរ ] គាត់ថាថ្ងៃនេះថ្ងៃនោះ ឆ្នាំនេះឆ្នាំនោះអ៊ីចឹងទៅខ្ញុំដូចអស់ជំនឿដល់អ៊ីចឹងរាល់ថ្ងៃ […] គាត់ថាភូមិយើងដាច់ [ឆ្ងាយ] ស្រយាលប៉ុន្តែភូមិគាត់ដាច់ [ឆ្ងាយ] ស្រយាលដូចយើងដែរគាត់មាន [ភ្លើង] ប្រើ គាត់មិនបានស្នើសុំឱ្យភូមិយើងគាត់ទាញទៅតែភូមិគាត់»។
មេឃុំស្វាយយាលោក សុខ សំអន បានប្រាប់ Newsroom Cambodia ថា ខាងអគ្គិសនីបានតបណ្ដាញអគ្គិសនីមកដល់ឃុំអង្គតាសូ ហើយលោកថាបន្តិចទៀតមកដល់ក្នុងឃុំរបស់លោក ប៉ុន្តែលោកមិនទាន់ដឹងថាពេលណាឱ្យពិតប្រាកដនោះទេ។
លោកលើកឡើងថា៖ «មិនទាន់ដឹងទេ។ ថ្នាក់ជាតិយើងបើកវេទិកាសារធាណៈសិន ព្រោះអាហ្នឹងមិនមែនធ្វើតែស្វាយយាទេ។ ៨០ឃុំទូទាំងខេត្ដ»។
បើតាមគេហទំព័ររបស់អគ្គិសនីកម្ពុជា គិតត្រឹមចុងឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន១៣,៧៩៨ភូមិ ស្មើនឹង៩៧,៣៩ភាគរយ ដែលមានអគ្គិសនីប្រើប្រាស់ ខណៈសល់ចំនួន៣៧០ភូមិទៀត ដែលស្មើនឹង២,៦១ភាគរយ មិនទាន់មានអគ្គិសនីប្រើប្រាស់៕