ពលរដ្ឋចំនួន​ពីរ​ភូមិ​​នៅក្នុង​​ស្រុក​ស្វាយ​ជ្រំ​​ ខេត្ដ​ស្វាយ​រៀង​ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​ស្វាយ​យា​ជួយ​តបណ្ដាញ​អគ្គិសនី​ចូល​ក្នុង​ភូមិ​ដើម្បី​ឱ្យ​មាន​អគ្គិសនី​​​ប្រើ​ប្រាស់​ដូច​ភូមិ​ផ្សេង​ៗ​ដែរ​។

ពល​រដ្ឋ​ពីរភូមិ​នោះ​​ មាន​ដូចជា​​ភូមិ​មហា​សួន ​និង​ភូមិស្វាយ​ជុំ​រៅ​ ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដ​ស្វាយ​រៀង​​។

លោក​ នង​ សុ​ផល អាយុ​៦២​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​មហា​សួន​ ឃុំ​ស្វាយ​យា​​ ​ស្រុក​ស្វាយ​ជ្រំ​ ខេត្ដ​ស្វាយ​រៀង​ បាន​ប្រាប់ ​​Newsroom Cambodia នៅ​ថ្ងៃ​សៅរ៍ ​ទី​១៨ ​ខែ​មីនា ​ឆ្នាំ​២០២៣​នេះ​ថា ​​សព្វ​ថ្ងៃ​នៅ​ក្នុង​ភូមិ​​​របស់​លោក​មិនមាន​បណ្ដាញ​អគ្គិ​សនីប្រើ​ប្រាស់​ដូច​នៅ​ក្នុង​ភូមិ​ផ្សេងៗ​នោះ​​ទេ។

​លោក​ប្រាប់​ថា​ នៅ​ពេល​អត់​មាន​ភ្លើង​​ប្រើ​ប្រាស់​មាន​ផល​លំបាកខ្លាំង​ដូច​ជា​ មិន​មាន​ភ្លើង​បំភ្លឺ​ក្នុង​ផ្ទះ​គ្រ​ប់​គ្រាន់ ​​​​មិន​មាន​ភ្លើង​​សម្រា​ប់​បូ​ម​​ទឹក​​យក​មក​ប្រើប្រាស់។​ ​លោក​ថា ​នៅ​ក្នុង​ផ្ទះ​របស់​លោក​រាល់​ថ្ងៃ​ប្រើ​ប្រាស់​ភ្លើង​សូឡា ​ថ្ងៃ​ខ្លះ​ប្រើ​បាន​មួយ​យប់​ពេញ​ថ្ងៃ​ខ្លះ​ប្រើបាន​​ពាក់​កណ្ដាល​យប់​ក៏អស់​ភ្លើង​ប្រើ​ប្រាស់​។

លោក​លើក​ឡើង​ថា​៖ «នៅ​ពេល​ស្អុះ​អត់​មាន​ភ្លើង​ដាក់​កង្ហារ។​​ ខ្វះ​តាំង​ពី​ភ្លើង​បំ​ភ្លឺ​តាម​ផ្ទះ​​ខ្វះ​ភ្លើង​ដាំ​បាយ​ បូម​ទឹក​ សុទ្ធ​តែ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។​ ខ្ញុំ​ត្រូវ​ការ​ប្រើទាំង​អស់​ហ្នឹង ​ត្រូវ​ការ​ជា​ចាំ​បាច់​។ ប្រើភ្លើង​ផ្ទាំង​សូឡាជួនកាលបាត់ឃើញៗ ជួនកាល​ប្រើ​ខ្លាំងវា​អត់ ​[ភ្លើង] ក៏មា​ន​ដែរ។ ​វា​ដាច់ភ្លើង​បំ​ភ្លឺ​ផង​កង្ហារផង ពាក់កណ្ដាល​អធ្រាត្រអស់​​​​»។​

លោក​ប្រាប់​​បន្ថែម​ថា ​នៅ​ក្នុង​ភូមិ​របស់​លោក​ឃើញមាន​ខាង​អគ្គិសនី​ដើរ​ដាក់​បង្គោល​ និង​​ខ្សែ​ភ្លើង​រយៈ​ពេល​២ឆ្នាំមកហើយ​​ ​តែនៅ​មិន​ទាន់​បាន​ភ្លើង​ប្រើប្រាស់​ទៀត​។

ចំណែក​លោក​ គាំ សាវ៉ន​ អាយុ​៧៤​ឆ្នាំ​ នៅ​ភូមិ​មហាសួន បាន​ប្រាប់ ​Newsroom Cambodia ថា លោក​​ត្រូវ​ការ​ភ្លើង​ប្រើប្រាស់​ដូចជា​​​ម៉ូទ័រ​​សម្រាប់​បូម​ទឹក​ ភ្លើង​បំ​ភ្លឺ​ក្នុង​ផ្ទះ​ បញ្ចូលថ្ម​ទូរស័ព្ទ កង្ហារ។​ លោក​ថា ​រាល់​ថ្ងៃ​​លោក​សុំ​ភ្លើងពី​ផ្ទះអ្នក​ជិត​ខាង​ប្រើ​ផង​ និង​ប្រើ​ប្រាស់​ភ្លើងពី​ផ្ទាំង​សូឡា​ផង​។

លោក​លើកឡើង​ថា៖ «​​គេ​ដាក់​បង្គោល​ដាក់​ខ្សែរ​យៈ​ពេល​២ឆ្នាំ​ហើយ​។ ផល​លំបាក​ទី​មូយ​បញ្ហាទឹក​ សម័យ​ឥឡូវ​គេ​ប្រើ​ម៉ូទ័រ​សម្រាប់​បូម​ទឹក​ សំខាន់​ជាង​គេ​ប្រើ​ភ្លើង [បំភ្លឺ] ក្នុង​ផ្ទះ​តែម្ដង។ សាក [បញ្ចូលថ្ម​]​ ទូរស័ព្ទ កង្ហារ»។

​លោក​ នង ហ៊ន់ អាយុ៥៣​ឆ្នាំ​ ជា​មេជាង​ផ្សាដែក​ ភូមិមហាសួន បាន​ប្រាប់ ​Newsroom Cambodia ​ថា ​សព្វ​ថ្ងៃ​នេះ​លោកប្រើម៉ាស៊ីនភ្លើង​សម្រាប់​បូម​ទឹក​ផ្សា​ដែក​បំភ្លឺ​ផ្ទះ​ជារៀង​រាល់​ថ្ងៃ​ ដែល​​ត្រូវ​ចំណាយ​​លុយ​ច្រើនក្នុង​មួយ​ខែៗសម្រាប់​ទិញ​ប្រេង​។ លោក​ថា​ ប្រសិនបើ​​មាន​ភ្លើង​អគ្គិសនី​​​សម្រាប់​ប្រើ​ប្រាស់​ការ​ចំណាយ​លុយ​សម្រាប់​ទិញ​ប្រេង​ត្រូវបាន​កាត់​បន្ថយ​៥០%។

លោក នង ហ៊ន់ ​បន្ថែម​ថា​ កន្លង​មក​រូប​លោក ​និង​ពលរដ្ឋ​ផ្សេង​ទៀត​ធ្លាប់​បាន​ទៅ​សួរនាំរឿង​ភ្លើង​នេះ​ជា​មួយ​អាជ្ញាធរ​ដែរ តែមិនមាន​លទ្ធផល​​។

លោក​លើក​ឡើង​ថា៖ «ស្នើ​គាត់​ហើយ​ [អាជ្ញាធរ ] គាត់​ថា​ថ្ងៃនេះ​ថ្ងៃ​នោះ ​ឆ្នាំ​នេះ​ឆ្នាំ​នោះ​អ៊ី​ចឹង​ទៅ​ខ្ញុំដូច​អស់​ជំនឿ​ដល់អ៊ី​ចឹង​រាល់​ថ្ងៃ​ […] គាត់ថា​ភូមិ​យើង​ដាច់ [ឆ្ងាយ]​ ស្រយាល​ប៉ុន្តែ​​ភូមិ​​គាត់​​ដាច់ ​[ឆ្ងាយ] ស្រយាល​ដូច​យើង​ដែរ​គាត់មាន ​[ភ្លើង] ​ប្រើ​ គាត់មិនបាន​ស្នើ​សុំឱ្យ​ភូមិ​យើង​គាត់​ទាញ​ទៅ​តែភូមិ​គាត់​»។

មេ​ឃុំ​ស្វាយ​យា​លោក​ សុខ សំអន បាន​ប្រាប់​ Newsroom Cambodia ថា ​ខាង​អគ្គិ​សនី​បាន​​​​ត​បណ្ដាញ​អគ្គិ​សនី​មក​ដល់​ឃុំ​អង្គ​តា​សូ ​ហើយ​លោក​ថា​បន្តិច​ទៀត​មក​ដល់​ក្នុង​ឃុំ​របស់​លោក​ ​ប៉ុន្តែ​លោក​​​មិនទាន់​ដឹងថា​​ពេល​ណា​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ​។

លោក​លើកឡើងថា​៖​ «មិន​ទាន់​ដឹង​ទេ។ ​ថ្នាក់​ជាតិ​យើង​បើក​វេទិកាសារធាណៈសិន ​ព្រោះ​អាហ្នឹង​មិន​មែន​ធ្វើ​តែ​ស្វាយយាទេ។​ ៨០​ឃុំ​ទូទាំង​ខេត្ដ»។​​​

បើតាម​គេហទំព័ររបស់​អគ្គិសនី​កម្ពុជា គិតត្រឹម​ចុងឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ចំនួន​១៣,៧៩៨​​ភូមិ ស្មើនឹង​៩៧,៣៩ភាគរយ ដែល​មាន​អគ្គិសនី​ប្រើប្រាស់ ខណៈសល់​ចំនួន​៣៧០​ភូមិទៀត ដែល​ស្មើ​នឹង​២,៦១​ភាគ​រយ មិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់៕​