យុវជនមួយចំនួនថាការវិវត្ដនៃបច្ចេកវិទ្យាឌីជីថលបានជះឥទ្ធិពលទីផ្សារការងារ ធ្វើឱ្យពួកគេពិបាកក្នុងការស្វែងរកការងារធ្វើ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួនជាច្រើន ដោយសារខ្វះចំណេះដឹងឬអក្ខរកម្មនៃប្រព័ន្ធឌីជីថល ខណៈអ្នកជំនាញថាអត្រាអក្ខរកម្មនៃប្រព័ន្ធឌីជីថលរបស់យុវជននៅមានកម្រិត ទើបពិបាកស្វែងរកការងារធ្វើនាពេលបច្ចុប្បន្ន។

បើតាមលោក ជី សុផាត​ អ្នកជំនាញប្រព័ន្ធឌីជីថល បានថ្លែងថា ជាការមើលឃើញរបស់លោក ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល មិនបានធ្វើឱ្យអត្រានៃការអត់ការងារធ្វើកើនឡើងនោះទេ ប៉ុន្ដែវាបានជួយឱ្យយុវជនអាចដើរទាន់ និងងាយស្រួលក្នុងកិច្ចការងារមួយចំនួនថែមទៀត ហើយកម្រិតនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជាក៏នៅមានកម្រិត ដូច្នេះលោកថាមិនបានប៉ះពាល់អីដល់វិស័យការងារទេ។

លោកបន្ដថា៖ «បើនិយាយឱ្យប៉ះពាល់ ដូចជាអត់ទេ! តែវាបង្កភាពងាយស្រួលសម្រាប់វិស័យការងារទៅវិញទេ។ តែបើនិយាយថា អត្រានៃអក្ខរកម្មនៃប្រព័ន្ធឌីជីថលមានច្រើន អាហ្នឹងវាជះឥទ្ធិពលហើយ។ បើសិនក្នុងសង្គមហ្នឹងនិយាយពីឌីជីថល គឺត្រូវប្រើឌីជីថលក្នុងការអភិវឌ្ឍឬក៏វិវត្ដទៅមុខហើយ។ បើសិនជាយុវជនហ្នឹងអត់ចេះឌីជីថល អាហ្នឹងគឺអត់មានការងារធ្វើ តែបើយុវជនចេះឌីជីថល អាហ្នឹងស្រួលរកការងារធ្វើហ្មង»

ទន្ទឹមនឹងគ្នានេះដែរ កញ្ញា លួស ម៉ាស្ដុត អាយុ២៧ឆ្នាំ និងជាអ្នកបម្រើការងារមួយកន្លែងក្នុងទីក្រុងភ្នំពេញ បានឱ្យដឹងថា ការវិវត្ដនៃបច្ចេកវិទ្យាបានធ្វើឱ្យយុវជនមួយចំនួនអត់ការងារធ្វើ ដូចជារូបកញ្ញាផ្ទាល់ មុននឹងបានការងារធ្វើ គឺគេតម្រូវឱ្យចេះប្រើប្រាស់កម្មវិធីឌីជីថលមួយចំនួនដែរ ប៉ុន្ដែកញ្ញានៅមានកម្រិតក្នុងកិច្ចការឌីជីថលនេះ។ កញ្ញាបន្ដថា បញ្ហានេះ វាបង្កផលលំបាកដល់យុវជនក្នុងសង្គមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអត់ការងារ ដោយសារតែបញ្ហាអក្ខរកម្មនៃប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ននេះ​ ហើយយុវជនកំពុងតែជួបប្រទះដោយសារកង្វះចំណេះដឹងចំណុចអស់ហ្នឹង។ កញ្ញាបន្ដថា នៅតាមវិទ្យាល័យ គឺមិនបានបញ្ចូលមុខវិជ្ជាឌីជីថលហ្នឹង ដើម្បីឱ្យសិស្សានុសិស្សបានរៀនទេ ទាល់តែពេលឡើងដល់ថ្នាក់សាកលវិទ្យាល័យទើបអាចរៀនបាន ដូច្នេះវាធ្វើឱ្យយុវជនដើរអត់ទាន់នៃសម័យប្រព័ន្ធឌីជីថល។

កញ្ញាថា៖ «វាមានបញ្ហាច្រើនបង! ពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន វាធ្វើឱ្យយុវជនមួយចំនួនតាមអត់ទាន់ ហើយតម្រូវការក្រុមហ៊ុនមួយចំនួន គេតម្រូវឱ្យចេះពីរឿងអស់ហ្នឹង ដូចខ្ញុំជាដើម ទម្រាំបានការងារធ្វើគេរើសនេះ គេរើសនោះ។ ពេលខ្លះ ខ្ញុំចង់បោះបង់ចោលម្ដងម្កាលដែរ ព្រោះវាពិបាកពេក។ ខ្ញុំគិតថាមានតែរដ្ឋទេ ដែលគាត់អាចជួយដោះស្រាយបញ្ហានេះបាន បើមិនអ៊ីចឹងទេ យុវជននឹងអត់ការងារកើនឡើងច្រើន។ ខ្ញុំគិតថាគួរតែបញ្ចូលមុខវិជ្ជាហ្នឹងមួយ ដើម្បីឱ្យសិស្សរៀននិងអាចយល់ដឹងបានច្រើន»

អាត្រានៃការអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល គិតក្នុងឆ្នាំ២០២៣នេះ គឺមានចំនួនអ្នកប្រើប្រាស់ប្រមាណ៩៦% និងនៅសល់ ៤% គឺអ្នកដែលមានអាយុច្រើន ដែលពួកគាត់មិនអាចប្រើប្រាស់ប្រព័ន្ធឌីជីថលបានឡើយ ដោយការបញ្ជាក់ពីលោក ង៉ែត មូសេ អ្នកជំនាញប្រព័ន្ធឌីជីថល។

ស្របគ្នានេះដែរ យុវតី​ យ៉ាត់ ម៉ាឡៃ អាយុ២១ឆ្នាំ និងជានិស្សិតនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ បានលើកឡើងថា វាជាកត្តាសំខាន់ក្នុងការជួយជំរុញឱ្យយុវជនមានទំនុកចិត្តខ្លាំងជាងមុន ពីព្រោះថា ក្នុងបរិបទ​ប្រទេសរបស់យើងជាប្រទេសកំពុងអភិវឌ្ឍន៍ យុវជនត្រូវតម្រូវឱ្យរៀននូវជំនាញដែលទីផ្សារការងារចង់បាន ដូចជា មេកានិក​ បច្ចេកវិទ្យា ក៏ដូចជាវិស័យអប់រំនៅក្នុងប្រព័ន្ធអនឡាញ។ មួយវិញទៀត ការវិវត្តនេះដែរបានជួយឱ្យពួកគាត់អាចយល់ដឹងពីផលប៉ះពាល់និងអត្ថប្រយោជន៍ពីវា។ កញ្ញាបន្ដថា នៅពេលដែលពួកគាត់មានជំនាញផ្នែក​​ឌីីជីថល ពួកគាត់ងាយស្រួលរកការងារធ្វើ ពីព្រោះឥឡូវអ្វីៗគឺត្រូវការឌីជីថល ដូច្នេះចំនួនអ្នកប្រើប្រាស់កាន់តែច្រើន តម្រូវការទីផ្សារការងារក៏កាន់តែច្រើន។

ម៉ាឡៃ បន្ដថា​៖ «យុវជនទាំងអស់មានចំណង់ចំណូលចិត្តខុសគ្នាៗ ហើយបើចំពោះបុគ្គលដែលស្រឡាញ់និងចង់ធ្វើក្នុងវិស័យឌីជីថល ក៏ប៉ុន្តែគាត់ពុំមានចំណេះដឹង និងជំនាញនោះ គឺពួកគាត់អាចនឹងពិបាករកការងារធ្វើ ជាពិសេសគាត់នឹងពិបាកស្វែងរកឱកាស»

អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក សូ វិសុទ្ធី បានទេ ជុំវិញរឿងនេះ ដោយទាក់ទងជាច្រើនលើក ប៉ុន្ដែគ្មានការឆ្លើយតប។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ធ្លាប់អះអាងថា ​ប្រជាជន​កម្ពុជា​មិនដល់៣០ភាគរយ​ទេដែល​មានចំណេះដឹងផ្នែក​ឌីជីថល ឬបច្ចេកវិទ្យាអេឡិចត្រូនិច​​កម្រិត​មូលដ្ឋាន ហើយពលរដ្ឋប្រមាណ៧០ភាគរយទៀតគ្មានចំណេះដឹងមួយនេះឡើយ ​​ខណៈព័ត៌មាន​ក្លែងក្លាយ​កំពុង​​កើនឡើង​​និងគំរាមកំហែង​ដល់អ្នកប្រើប្រាស់​នាពេល​​បច្ចុប្បន្ន​។

ការថ្លែងនេះធ្វើឡើងក្នុងសិក្ខាសាលា​ចាប់ផ្ដើមការអនុវត្តគម្រោង​ «ការបង្កើត​ក្របខណ្ឌ និងយុទ្ធសាស្រ្ត អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល​ថ្នាក់ជាតិ» នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកលើកឡើងបន្ដថា ​ថ្មីៗ​​នេះ រដ្ឋាភិបាល​​បាន​ដាក់ចេញ​នូវ​គោលនយោបាយសេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល ឆ្នាំ២០៣៥​ ​តាម​រយៈការបង្កើតនូវ​មូលដ្ឋាន​សំខាន់ៗ​ ដើម្បីជំរុញ​ការ​ទទួលយកនិងការផ្លាស់ប្ដូរឌីជីថលគ្រប់ផ្នែកទាំងអស់ ទាំង​ផ្នែក​រដ្ឋាភិបាល អាជីវកម្ម និង​ប្រជាពលរដ្ឋ។

លោកថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យុទ្ធសាស្រ្តសំខាន់មួយ គឺការជំរុញ​ប្រែក្លាយ​ពលរដ្ឋកម្ពុជា​​ជាពលរដ្ឋឌីជីថល ​ដើម្បី​ចាប់យកប្រយោជន៍​អតិបរមា​ពីការវិវត្ត​របស់​បច្ចេកវិទ្យា​ គមនាគមន៍​ព័ត៌មាន ​ជំរុញ​ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច​ ព្រមទាំងជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ​។​

យ៉ាងណា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះថា សព្វថ្ងៃពលរដ្ឋកម្ពុជាតិចណាស់ដែលមានចំណេះដឹងមូលដ្ឋានផ្នែកឌីជីថលនេះ។

លោក ជា វ៉ាន់ដេត ថា៖ «​មកដល់​​សព្វថ្ងៃនេះ មានប្រជាជន​កម្ពុជា​មិនដល់ ៣០%​ ទេ ដែលមាន​អក្ខរកម្មឌីជីថល​កម្រិត​មូលដ្ឋាន។ សមត្ថភាពកម្រិតមូលដ្ឋាន ​​សំដៅដល់ការ​អាច​ចេះប្រើប្រាស់​អ៊ីនធឺណិត និងប្រព័ន្ធ​ឌីជីថល សម្រាប់ស្វែងរក​ និងចែករំលែកព័ត៌មាន ​​ជាដើម។ល។ ប្រជាពលរដ្ឋ​ប្រមាណ​ ៧០%​ ទៀត​​នៅមិនទាន់មានការយល់​ដឹងចេះប្រើប្រាស់​ប្រព័ន្ធនេះបាន​ល្អ​ប្រសើរ»៕