រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​​​ជូន​ដំណឹង​​ពី​​ការ​ផ្អាក​​​ការផ្គត់ផ្គង់ទឹក​​ក្នុង​តំបន់​ខ្លះ​​នៃ​សង្កាត់​ទឹក​ថ្លា រាជធានី​​​​ភ្នំពេញ និងនៅ​សង្កាត់​តាខ្មៅ ​​ខេត្ត​កណ្តាល នៅ​យប់​ថ្ងៃ​ទី៣​ ខែមេសា​ ២០២៣ ដើម្បី​​កាត់ភ្ជាប់​តំឡើង​នាឡិកាទឹក​ និង​បំពង់​ចែក​ចាយ​ទឹក​ថ្មី​។​

យោង​តាម​លិខិត​ពីរ​ដាច់ដោយ​​ឡែក​​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​ដែល​បាន​​ដាក់ជូន​​​ទៅ​អភិបាល​ខណ្ឌ​សែនសុខ ​និង​អភិបាល​ក្រុង​តាខ្មៅ ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មីនា ឆ្នាំ​​២០២៣ ​បញ្ជាក់ថា ​រដ្ឋាករ​ទឹក​​​​គ្រោង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​នៅ​សង្កាត់ទឹក​ថ្លា​​​ ខណ្ឌ​​សែន​សុខ​ និង​នៅ​សង្កាត់​តា​ខ្មៅ​ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ ​នៅ​យប់​ថ្ងៃ​ទី៣​ មេសា​ ២០២៣​។

រដ្ឋាករ​ទឹក​បញ្ជាក់​ក្នុង​លិខិត​ដែល​ជូន​ទៅ​អភិបាល​ខណ្ឌ​សែន​សុខ​​ថា រដ្ឋាករទឹក​នឹង​កាត់​ភ្ជាប់​តំឡើងនាឡិកា​ទឹក​ថ្មី​ទំហំ​៨០​មម ចំនួន​១​ទីតាំង​លើ​ចិញ្ចើម​ផ្លូវ​​​លេខ​១១០ ដែល​នឹង​ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​ទឹករយៈពេលខ្លី ចាប់​ពី​ផ្លូវ​២៣B ដល់​ផ្លូវ​លេខ​៣៩B ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ​

លិខិត​ដដែល​នោះ​បញ្ជាក់​តាមន័យ​ដើម​ថា៖ «ការងារកាត់ភ្ជាប់​តំឡើង​នាឡិកា​ទឹក​ថ្មី​នេះ​តម្រូវ​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ ផ្អាក​ការ​ផ្គត់​ផ្គង់​ទឹក​មួយ​រយៈ​ពេល​ខ្លី​ប្រមាណជា​៤ម៉ោង​ គឺ​ចាប់​ពី​ម៉ោង​២០:០០​យប់ ដល់​ម៉ោង​២៤:០០​នាទី នឹង​អាច​ធ្វើ​ឱ្យ​គុណ​ភាព​ទឹក​មាន​ភាព​ល្អក់​កករ​​ក្នុង​រយៈពេល​ខ្លី​ ក្រោយ​ពេល​កាត​ភ្ជាប់​តំឡើង​រួច»។​

ក្នុង​លិខិត​ដែល​រដ្ឋាករ​ទឹក​ជូន​ទៅ​អភិបាល​ក្រុង​តាខ្មៅ​​បញ្ជាក់​ថា រដ្ឋាករទឹក​គ្រោង​កាត់​ភ្ជាប់​បំពង់​ចែក​ចាយ​ទឹក​​ថ្មីទំហំ​១១០​មម និង​ទំហំ​១៦០​មម ចំនួន​បី​ទីតាំង។​ ទីតាំង​ទី​១​ផ្លូវលេខ​TKM២១០​ ត្រូវ​ផ្អាក​ចាប់ពី​ផ្លូវ​TKM១១០​ ដល់​ផ្លូវ​លេខ​TKM១៨៤  ​ទីតាំង​ទី២​នៅ​លើផ្លូវ​TKM២១០ ​ត្រូវ​ផ្អាក​ចាប់​ពី​ផ្លូវលេខ​TKM១៩៥ ​ដល់ផ្លូវ​លេខ​TKM១១៥​ ទី​តាំង​ទី៣ ​នៅ​លើ​ផ្លូវ​លេខ​២០១​ ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​ចាប់ពី​ផ្លូវ​TKM១១០​ ដល់ផ្លូ​វ​TKM១៨៤​នៅ​សង្កាត់តាខ្មៅ​ ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ ​​ត្រូវ​ផ្អាក​រយៈ​ពេល​ប្រមាណ​៤ម៉ោង​ ចាប់​ពីម៉ោង​២២:០០យប់​ ដល់ម៉ោង២៤:០០​។

រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​ក៏​បាន​ស្នើ​ដល់​លោក​អភិបាល​ ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ ស្ថាប័ន​ រោងចក្រ​ សហគ្រាស ​ដែល​មាន​លំនៅដ្ឋាន​ដែលនឹង​ត្រូវ​រង​ការខ្វះ​ទឹក​រយៈពេល​ខ្លី​នេះ​ដើម្បី​ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​នៃ​ការ​ផ្អាកការ​ផ្គត់ផ្គង់​។

យោង​តាម​របាយការណ៍​​សិក្សា​តម្រូវការ​ទឹក​របស់​រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ (រ.ទ.ស.ភ) ​ឆ្នាំ​២0១៦​-២០៣០​ បាន​បង្ហាញ​ថា​ រាជធានី​ភ្នំពេញ​​មាន​និន្នាការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​ និង​ចាប់ផ្តើម​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ចាប់ពីឆ្នាំ​២០១៨ ​រហូត​ដល់​ឆ្នាំ​២០២៣​។ ​ជាក់​ស្តែង​ឆ្នាំ​២០២៣​នេះ​តម្រូវការ​ទឹក​បាន​កើន​ឡើង​ជាង​៨៩​ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ នៅ​ពេល​ដែល​សមត្ថភាព​​​ផលិត​​ទឹក​ជាក់ស្តែង​រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​មាន​ប្រមាណ​តែ​៦៤​ម៉ែត្រ​គូប​ក្នុ​ង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ មាន​ន័យថា​ រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​ខ្វះ​ទឹក​ផ្គត់​ផ្គង់​ចំ​នួន​២៤​ម៉ែត្រ​គូប​ក្នុ​ង​មួយ​ថ្ងៃ​៕​