បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថា អាជ្ញាធរខេត្តព្រះវិហារ បានរឹតត្បិតពួកគេក្នុងការប្រារព្ធពិធីបុណ្យព្រៃឡង់ ក្រោមរូបភាពតាមឃ្លាំមើល ​និងបានហៅសកម្មជនព្រៃឈើចំនួន២នាក់ទៅសាលាឃុំ ដើម្បីបំភ្លឺជុំវិញការប្រារព្ធពិធីនេះ។

កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ តំណាងបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ពីររូប គឺលោក ខេម សុឃី និងលោក ឃុត សឿម ត្រូវបានអាជ្ញាធរចម្រុះនៃឃុំរួសរាន់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ហៅទៅបំភ្លឺក្នុងសាលាឃុំប្រមាណ៣ម៉ោង។

លោក ខេម សុឃី វ័យ៣៧ឆ្នាំ ជាបណ្តាញសហគមន៍ព្រៃឡង់ ដែលត្រូវបានអាជ្ញាធរហៅសាកសួរ បានឱ្យដឹងថា អាជ្ញាធរបានឱ្យលោកបំភ្លឺពីប្រភពហិរញ្ញវត្ថុដើម្បីទ្រទ្រង់ពិធីបុណ្យព្រៃឡង់ សមាសភាពអ្នកចូលរួម និងមូលហេតុដែលនៅពីក្រោយនៃការរៀបចំពិធីបុណ្យព្រៃឡង់នេះ។ លោកបន្ថែមថា ក្រោយមក អាជ្ញាធរចម្រុះដែលរួមមានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មន្រ្តីបរិស្ថាន អាជ្ញាធរស្រុករវៀង ជាដើម បានប្រាប់ឱ្យផ្អាកពិធីបុណ្យនេះជាបណ្តោះអាសន្ន ដោយថា​មិនទាន់មានការអនុញ្ញតពីស្ថាប័នពាក់ព័ន្ធនៅឡើយទេ។

លោកថា៖ «គាត់ [អាជ្ញាធរ] បាននិយាយថា ឱ្យយើងផ្អាកសិន កម្មវិធីបុណ្យហ្នឹង! ប៉ុន្តែពួកខ្ញុំថាមិនបានផ្អាកទេ ដោយសារសម្ភារអី ម្អូបអាហារអី បានទិញរួចរាល់អស់ហើយ! រៀបចំរួចរាល់អស់ហើយ! ហើយបុណ្យក៏មិនជាធំដុំដែរ»

លោក ខេម សុឃី ​ប្រាប់ថា លោកបានដាក់លិខិតស្នើសុំទៅក្រសួងបរិស្ថានរួចរាល់ហើយដើម្បីរៀបចំពិធីបុណ្យព្រៃឡង់ ប៉ុន្តែមិនមានការឆ្លើយតប។ លោកបន្តថា ក្នុងឆ្នាំ២០២៣នេះ ពិធីបុណ្យនេះបានប្រារព្ធឡើងនៅថ្ងៃទី១៣ ដល់ទី១៤ ខែមីនា ដោយមានអ្នកចូលរួមសរុបប្រមាណជាង១០០នាក់។ ចំណែកគោលបំណងនៃការធ្វើពិធីនេះ ដើម្បីដឹងគុណដល់ព្រៃឈើ ដែលបានផ្តល់គុណប្រយោជន៍ដល់មនុស្សជាតិ និងជារូបភាពមួយជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារធនធានធម្មជាតិ។

បន្ថែមលើនេះ លោកសង្កេតឃើញថា ស្ថានភាពព្រៃឈើនៅតំបន់ព្រៃឡង់កំពុងប្រឈមការកាប់បំផ្លាញដើមឈើប្រណិតៗ ពីសំណាក់ជនល្មើសជាបន្តបន្ទាប់។ លោកថា បញ្ហាទាំងនោះ កើតឡើងដោយសារតែអំពើពុករលួយរបស់អាជ្ញាធរមូលដ្ឋាន កម្សោយក្នុងការអនុវត្តច្បាប់ និងការហាមឃាត់មិនឱ្យបណ្តាញសហគម៍ព្រៃឡង់ចុះល្បាតក្នុងតំបន់ព្រៃឡង់ឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះ លោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបើកសិទ្ធិសេរីភាពឱ្យពួកគេបានប្រារព្ធពិធីបុណ្យព្រៃឡង់ និងសកម្មភាពចូលរួមការពារធនធានធម្មជាតិ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលបានកំណត់។

លោកថា៖ «បណ្តាញព្រៃឡង់មានការប្រារព្ធបុណ្យព្រៃឡង់ រម្លឹកគុណព្រៃ រម្លឹកគុណធនធានធម្មជាតិ ជារៀងរាល់ឆ្នាំ។ អាជ្ញាធរគួរតែជួយសម្រួលដល់ពួកខ្ញុំដែលជាបណ្តាញសហគមន៍ព្រៃឡង់ ឱ្យបានប្រារព្ធពិធី ឬក៏ចូលរួមប្រារព្ធពិធីទាំងអស់គ្នា កុំឱ្យមានការរារាំង»។

រដ្ឋធម្មនុញ្ញកម្ពុជា ​មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំង​​ឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន ដែលបានចូលរួមគាំទ្រសកម្មភាពក្នុងការរៀបចំពិធីបុណ្យព្រៃឡង់ បានចាត់ទុកការហាមឃាត់មិនឱ្យប្រារព្ធពិធីបុណ្យព្រៃឡង់ របស់អាជ្ញាធរខេត្តព្រះវិហារ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀត លោកថា ការហាមឃាត់នេះ គឺជារូបភាពមួយបំបិទមិនឱ្យឃើញពីការពិតនៅតំបន់ព្រៃឡង់ ដោយលោកថាកំពុងមានបទល្មើសកាប់ព្រៃឈើកើតមានជាបន្តបន្ទាប់។

លោកថា៖ «ការហៅសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ​ពីរនាក់ ទៅធ្វើការសាកសួរជុំវិញការរៀបចំពិធីបុណ្យព្រៃឡង់ ជាការគំរាមកំហែង ការរឹតត្បិតសិទ្ធិសេរីភាពសហគមន៍ចូលរួមក្នុងកិច្ចការពារព្រៃឡង់។ ឥរិយាបថរបស់អាជ្ញាធរដូច្នេះ មិនបង្ហាញពីកិច្ចសហការ កិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការពារព្រៃឈើនោះទេ»។

ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ គួររឹតបន្តឹងការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមាននៅក្នុងតំបន់ព្រៃឡង់ ជាជាងការតាមដានសកម្មភាពរបស់បណ្ដាញសហគមន៍ព្រៃឡង់។ លោកថា បណ្ដាញសហគមន៍ព្រៃឡង់ គឺជាក្រុមអ្នកស្ម័គ្រចិត្ត ដែលធ្វើការងារការពារព្រៃឈើដើម្បីជាផលប្រយោជន៍រួម។

លោក អូត ឡាទីន ឱ្យដឹងថា បណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានក្រសួងបរិស្ថានហាមឃាត់មិនឱ្យរៀបចំពិធីបុណ្យព្រៃឡង់ និងហាមឃាត់មិនឱ្យចុះល្បាតការពារព្រៃឡង់ ចាប់តាំងពីដើមពាក់កណ្ដាលខែមីនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ឆ្លើយតបករណីនេះ មេឃុំរួសរាន់ លោក ប្រាក់​ វេត ប្រាប់ថា ពិតជាមានការហៅបណ្តាញសហគមន៍ព្រៃឡង់ ២រូប ទៅសាលាឃុំពិតប្រាកដមែន ដើម្បីពិភាក្សា និងជួយសម្របសម្រួលក្នុងការរៀបចំកម្មវិធីនេះតែប៉ុណ្ណោះ។ លោកបន្តថា ការហៅនេះ ដោយសារពួកគេមិនមានលិខិតអនុញ្ញតពីក្រសួងបរិសា្ថនឱ្យរៀបចំពិធីបុណ្យព្រៃឡង់នេះ។ យ៉ាងណា លោកថា ក្រោយពិភាក្សាគ្នារួច អាជ្ញាធរក៏បានសម្របសម្រួលឱ្យមានការរៀបចំពិធីបុណ្យព្រៃឡង់ប្រារព្ធដល់ចប់ផងដែរ។

លោកថា៖ «ពិភាក្សាគ្នាទៅ វាមិនមានបញ្ហាអី ក៏យើងគាំទ្រកម្មវិធីរៀបចំ! [អាជ្ញាធរ] ក៏បានចាត់ចែងប្រជាការពារ ប៉ុស្តិ៍រដ្ឋបាល ទៅចូលរួមការពារសន្តិសុខ លោកមេភូមិ ក្រុមប្រឹក្សាឃុំអីទៅចូលរួមអបអរសាទរក្នុងពិធីបុណ្យហ្នឹងដែរ អត់មានបញ្ហាអីទេ! »

យ៉ាងណាក្តី ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ​ លោក​ សុង​ ច័ន្ទ​សុជាតិ មិនអាចសុំការបំភ្លឺបន្ថែមបានទេ ជុំវិញករណីនេះ ដោយទូរសព្ទចូលជាច្រើនដង មិនមានអ្នកទទួល។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឆ្លើយតបយ៉ាងខ្លីថា ក្រសួងបរិស្ថានមិនទទួលបានលិខិតរបស់បណ្តាញសហគមន៍ព្រៃឡង់ដែលបានដាក់ស្នើសុំប្រារព្ធពិធីបុណ្យព្រៃឡង់នោះទេ។

លោកថា៖ «ខ្ញុំអត់ទាន់មានព័ត៌មានហ្នឹងទេ! ខ្ញុំអត់ដឹងថាគាត់ដាក់ទៅតាមណា ហើយខ្ញុំអត់ទាន់មានព័ត៌មានហ្នឹងនៅឡើយទេ»

ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦ ដែលមានទំហំជាង៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង៕