យុវជន សកម្មជនសិទ្ធិមនុស្ស ​និងបរិស្ថានប្រមាណ២០នាក់​​យក​លិខិតថ្វាយព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម សីហមុនី ក្នុងគោលបំណងដើម្បីស្នើសុំព្រះបរមរាជានុញ្ញាតចូលគាល់​ដើម្បី​ថ្វាយ​សេចក្តី​កង្វល់​អំពី​ស្ថានភាព​បរិស្ថាន ព្រៃឈើ សិទ្ធិមនុស្ស។​

កញ្ញា មាន លីសា ជាសកម្មជនចលនាមាតាធម្មជាតិ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី ២៩ ខែមីនា  ឆ្នាំ២០២៣ថា ការជួបជុំ​គ្នានៅសួនវត្តបទុមវត្តីនេះ ដើម្បីដាក់លិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រ និង​ចូលគាល់ដល់ព្រះមហាក្សត្រ។

កញ្ញា មាន លីសា បញ្ជាក់ថា៖ «ទាក់ទងនឹងលិខិតនេះ គឺយើងចង់បង្ហាញសារយើងក្នុងនាមជាសមាគម ជា​យុវជន ជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ដែលមានបំណងចង់ចូលគាល់ព្រះមហាក្សត្រ ដោយ​សារ​តែយើង​មើលឃើញថា ព្រះអង្គមានតួនាទីយ៉ាងសំខាន់ក្នុងការធានាធិបតេយ្យជាតិ បូរណភាពទឹកដី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។

កញ្ញាបានបន្ថែមថា​៖ «ដូច្នេះគឺយើងមើលឃើញថា កន្លងមកគឺយើងអត់ដែលបានធ្វើសកម្មភាពបែបនេះនៅ​ក្នុង​ជំនាន់យើង។ យើងចង់​រំឮក​ឡើងវិញថា ព្រះអង្គនៅតែម្លប់ដ៏ល្អដល់ពួកយើង ក្នុងការ​ដែល​ព្រះអង្គ​អាច​ជួយ​សម្រួល​ដល់​យើង ក្នុងនាមជាសកម្មជន ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សផ្សេងៗ ហើយយើង​នឹងជម្រាប​ពី​បញ្ហា​ដល់​ព្រះអង្គ ក្នុងនាមយើង ដូចបានរៀបរាប់ បើសិនជាព្រះអង្គព្រះរាជា​នុញ្ញាត​ឱ្យ​ពួកយើងចូលគាល់»។

លោក កើត សារ៉ាយ ជាសមាជិកសមាគសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរថ្លែងថា រដ្ឋធម្មនុញ្ញចែងថាព្រះមហាក្សត្រ មិនកាន់អំណាចក៏ពិតមែន ប៉ុន្តែព្រះអង្គជាអ្នកធានាគ្រប់យ៉ាង បូរណភាពទឹកដី ការឯកភាពជាតិ ការផ្សះផ្សាជាតិ ផ្សះផ្សានយោបាយ ព្រោះព្រះអង្គជាមេអគ្គបញ្ជាការកំពូល។ ប្រទេសដែលមានព្រះមហាក្សត្រ គឺតែងតែទុកព្រះមហាក្សត្រដូចជាអាទិទេព ប្រៀបដូចជាទេវតា ដែលជាម្លប់សម្រាប់ប្រជានុរាស្រ្តគ្រប់រូប។

លោកបន្តថា៖ «ដូច្នេះយើងសង្ឃឹមថា ក្រោយតែពីការដាក់លិខិតទៅព្រះកូណាហើយនេះ នឹង​បាន​ទៅ​ដល់​ដៃ​ព្រះករុណាហើ​យ ព្រះករុណានឹងបានពិនិត្យនៅលិខិតនោះ ហើយនឹងអនុញ្ញាតឱ្យសង្គមស៊ីវិលយើង សកម្មជន​បរិស្ថានយើង សកម្មជនសង្គមយើង បានចូលថ្វាយព្រះពរ ក៏ដូចជា​បាន​ថ្វាយ​អំពី​បញ្ហា​ព្រៃឈើ​ដែលកំពុង​តែ​បាត់បង់ ជាពិសេសព្រៃឡង់ដែលជាព្រៃចុងក្រោយរបស់យើង កំពុងតែ​រងការបំផ្លាញយ៉ាងខ្លាំង  »។

លោកជឿជាក់ថា ព្រះបរមនាថ សីហមុនីទ្រង់នឹងដើរតាមមាគ៌ារបស់ព្រះបិតា ព្រះបរមរតនៈកោដ្ឋសីហនុ ដែល​ទ្រង់តែងតែបានធ្វើជា រឿយៗ ក្នុងការលើកទឹកចិត្តឱ្យនិសិ្សតយុវជនឱ្យចូលរួមក្នុងការដោះស្រាយ បញ្ហា​ជាតិ លោកសង្ឃឹមថាព្រះករុណា ជីវិតតម្គល់លើត្បូង ទ្រង់អនុញ្ញាត​ឱ្យកល្រុម​យុវជ​ន​​បាន​ចូល​គាល់​ទាំង​អស់​គ្នា។

លោក កើត សារ៉ាយ ថា កន្ល​ងម​កលោ​កបាន​ដាក់​លិខិត​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​រឿងព្រៃឈើ​ទៅ​កាន់​ក្រសួង​បរិស្ថាន ក្រសួងកសិកម្មជាដើម ប៉ុន្តែជា​លទ្ធផលមកដល់ពេលនេះ ព្រៃឈើ​នៅតែ​ត្រូ​វ​​បាន​កាប់​បំផ្លាញ ចំណែក​ក្រសួងកសិកម្ម​មិនមានការ​លើកទឹក​ចិត្ត​ឱ្យ​សកម្មជន ឬសង្គមស៊ីវិលចូលទៅការពារ ប៉ុន្តែ​បែរ​ជា​បង្ហាញ​ថា នរណាហ៊ានចូលនឹងមានបទល្មើស​ទៅវិញ​។

លោកបញ្ជាក់ថា៖ «អាហ្នឹងហើយដែលយើងអត់ជំនឿជឿជាក់ទៀតទេ យើងអត់មានការជឿជាក់ថា រឿង​ព្រៃឈើ​ក្ដី រឿងសិទ្ធិ ការសម្តែងមតិ ដូចយុវជនគ្នាសម្តែងមតិកន្លងមកតែងតែមានការចាប់ខ្លួន យុវជន​សង្គម​នាំគ្នា​និយាយ​អំពីបញ្ហាសង្គមក៏ចាប់ខ្លួន […] តែមកដល់ពេលនេះអត់ការអន្តរាគមន៍ណា ដែល​ចេញ​លទ្ធផល​ទេ ដូច្នេះយើងមានតែរំពឹងដល់ព្រះកូណា ដែលព្រះអង្គជាព្រះមហាក្សត្រជាម្លប់ដល់ពួកយើងជារាស្រ្ត»។

Newsroom Cambodia បានទាក់ទងទៅអ្នកនាំពាក្យព្រះបរមរាជវាំង លោក អ៊ំ ដារ៉ាវុធ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០២៣ នេះ លោកឆ្លើយថា​ លោកមិនមានការពាក់ព័ន្ធនឹងករណីនេះទេ ហើយលោក​ក៏បាន​ប្រាប់​ឱ្យទា​ក់​ទ​ង​សួរទៅខាងរដ្ឋបាលវិញ។

រដ្ឋបាលនៅព្រះបរមរាជវាំងឆ្លើយតបដោយសុំមិនបញ្ចេញឈ្មោះថា លោកទទួលបានលិខិតហើយ និង​កំពុង​តែឆ្លងខាងជំនាញ និងថ្នាក់ដឹកនាំ ចំពោះការឆ្លើយតបបែបណាអាស្រ័យលើថ្នាក់ដឹកនាំ និងព្រះមហាក្សត្រ។

លោកបញ្ជាក់​ថា៖ «ខ្ញុំមានតួនាទីទទួលឯកសារ​ឆ្លងថ្នាក់ដឹកនាំ និងទូលថ្វាយអ៊ីចឹង តែម៉េចទៀតខ្ញុំអត់ដឹងទេ ព្រោះខ្ញុំមិនមែនអ្នកសម្រេច»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ សកម្មជនចលនាមាតាធម្មជាតិ រួម​ជាមួយ​យុវជន យុវនារី និងសហគមន៍ការពារព្រៃឈើមូលដ្ឋានប្រារព្ធពិធី «បុណ្យសព» ជូនព្រៃឈើខ្មែរ ដែល​ត្រូវ​បាន​កាប់​យ៉ាងអនាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ក្នុងសកម្មភាពនេះពួកគេនាំគ្នាដើរដង្ហែរមជ្ឈូស​យកទៅជូនក្រសួងបរិស្ថាន និងដង្ហែរញាត្តិដាក់ជូនលោករដ្ឋមន្ត្រីដើម្បីទាមទារឱ្យសកម្មជនបរិស្ថាន និង​សហគមន៍​មូលដ្ឋានអាចចូលល្បាតព្រៃឡើងវិញ ព្រមទាំង​បញ្ឈប់​ការគៀប​សង្កត់​មក​លើ​ពួកគេ​ក្នុង​ការការពារ​ព្រៃឈើខ្មែរ៕​