រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងចំនួន៣៤៥គ្រឿង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេលប្រាំថ្ងៃដោយមិនគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣សាលារាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង៣៤៥គ្រឿង សម្រាប់បម្រើក្នុងការដឹកជញ្ជូនសាធារណៈ រយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមេសា។ សាលារាជធានីបន្ថែមថា រថយន្តក្រុងចំនួន៧០គ្រឿង នឹងប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហើយ រថយន្តក្រុងចំនួន២៧៥គ្រឿងប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។
រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយមិនត្រូវតម្លើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ៕