រដ្ឋបាលរាជធានីភ្នំពេញត្រៀម​រថយន្តក្រុងចំនួន៣៤៥គ្រឿង ដើម្បី​សម្រួលដល់​​ប្រជាពលរដ្ឋ​ក្នុងកា​រ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុកកំ​ណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ​​រយៈពេល​ប្រាំថ្ងៃ​ដោយ​មិនគិត​ថ្លៃ​។​ នេះ​បើ​តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។​

ក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ចេញ​នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣​សាលារាជធានី​ភ្នំពេញ​នឹងរៀបចំរថយន្ត​ក្រុង​៣៤៥គ្រឿង សម្រាប់បម្រើ​ក្នុងការដឹកជញ្ជូន​សាធារណៈ​ ​រយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមេសា។​ សាលារាជធានី​បន្ថែម​ថា រថយន្តក្រុងចំនួន៧០គ្រឿង នឹងប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំ​ពេញ ហើយ រថយន្តក្រុងចំនួន២៧៥គ្រឿង​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។

រដ្ឋបាលរាជធានីភ្នំពេញ​ក៏​បាន​​អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ឱ្យរក្សាតម្លៃដឹក​ជញ្ជូននៅដដែល ដោយមិនត្រូវ​តម្លើងថ្លៃក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណជាតិខ្មែរ​ខាងមុខនេះ ដើម្បី​សម្រួលដល់ជីវភាពរស់នៅ​របស់ ប្រជាពលរដ្ឋ៕​