នៅឆ្នាំ ២០១៥ បរិមាណប្លាស្ទិកសរុបនៅទូទាំងសកលលោក កើនឡើងដល់ ៨,៣ ពាន់លានតោន ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន និង ៩១% ទៀតត្រូវបានគេយកទៅចោលនៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ដោយឡែកសម្រាប់ ប្រទេសកម្ពុជា សំណល់ប្លាស្ទិកបានកើនឡើងជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ននេះថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២, ០០០ ថង់ក្នុងមួយឆ្នាំ។
សំណល់ប្លាស្ទិកអាចបង្កឲ្យមានទឹកជំនន់ ដោយសារតែវាធ្វើឱ្យស្ទះផ្លូវទឹក និងស្ទះលូទឹកស្អុយ និងប្រព័ន្ធបង្ហូរទឹក។ ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិក បង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួរ ជីវចម្រុះ និងសុខភាពមនុស្ស។ បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។
សារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទេចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កំទេចប្លាស្ទិកទំាងនោះបានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។
យ៉ាងណា ជារឿយៗ នៅប្រទេសកម្ពុជា ប្លាស្ទិកត្រូវបានគេយកទៅដុតចោល ហើយផ្សែងដែលភាយចេញ ក៏បង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះវាបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុកស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។ នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កជំងឺមហារីក។ ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនោះបានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ។
បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩ ឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ ក្នុងមួយថ្ងៃ ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណ ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។
ដោយមើលឃើញពីបញ្ហាទាំងអស់នេះ បុរសម្នាក់មានស្រុកកំណើតនៅខេត្តកណ្ដាល បានសម្រេចបង្កើតអាជីវកម្មមួយប្រភេទដោយប្លាស្ទិកត្រូវបានយកធ្វើជាវត្ថុធាតុដើមក្នុងការផលិត ដែលអ្នកជំនាញបានចង្អុលបង្ហាញថាអាជីវកម្មនេះនឹងជួយកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងបរិស្ថាននិងទីលានចាក់សំរាម។
ជាម្ចាស់សិប្បកម្មផលិតឥដ្ឋអេកូមួយកន្លែងនៅឯក្រុងតាខ្មៅ ដែលជាក្រុងមួយនៅជាប់រាជធានីភ្នំពេញ លោក សុខ ធី វ័យ៤២ឆ្នាំ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការបង្កើតអាជីវកម្មនេះឡើង
បន្ទាប់ពីលោកសម្លឹងឃើញផលប៉ះពាល់នានាដល់មនុស្សនិងសត្វដែលបង្កឡើងដោយសំណល់ប្លាស្ទិក។
អស់រយៈពេល២ឆ្នាំ នៃការសិក្សានិងស្រាវជ្រាវពីវិធីសាស្រនៃការផលិតឥដ្ឋអេកូនៅសាលាតិចណូ ក្នុងយូធូប និងតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅដើមឆ្នាំ២០២១ លោក សុខ ធី បានចំណាយទុនចំនួន៥ម៉ឺនដុល្លារ ដើម្បីបង្កើតអាជីវកម្មផលិតឥដ្ឋអេកូនេះដោយវត្ថុធាតុដើម៣០%ក្នុង១ដុំនៃឥដ្ឋអេកូផ្សំពីសំណល់ប្លាស្ទិក ដែលលោកទទួលបានឥតគិតថ្លៃពីសាលារៀន ក្រុមហ៊ុនឯកជន និងអង្គការនានា។ ឥដ្ឋអេកូនេះត្រូវបានផលិតឡើងដោយមានរូបរាង៥ប្រភេទខុសគ្នា ហើយឥដ្ឋអេកូនីមួយៗមានរូបរាងវែង និងក្រាស់ជាងឥដ្ឋធម្មតា ព្រមទាំងមានលេចចេញនូវសំណល់ប្លាស្ទិល្អិតៗលៀនចេញនៅស្រទាប់ខាងក្រៅ។ សិប្បកម្មរបស់លោក សុខ ធី បច្ចុប្បន្នមានបុគ្គលិកចំនួន៧នាក់ និងមានលទ្ធភាពក្នុងការផលិតឥដ្ឋអេកូចន្លោះពី១០០០ទៅ១២០០ដុំក្នុងមួយថ្ងៃ។
យ៉ាងណាក៏ដោយ កត្តាមួយចំនួនបានបង្កផលវិបាកដល់សិប្បកម្មផលិតឥដ្ឋអេកូរបស់ លោក សុខ ធី ដោយសារអស្ថិរភាពនៃតម្លៃវត្ថុធាតុដើមមួយចំនួន ឬឈានដល់ការខ្វះវត្ថុធាតុដើមក្នុងការផលិត ហើយកត្តាភ្លៀងបណ្ដាលឱ្យសើមល្បាយនៃវត្ថុធាតុដើម ខណៈពេលខ្លះទឹកភ្លៀងហូរជ្រាបចូលដល់ទីតាំងផលិតកម្ម។
ឥដ្ឋអេកូនេះត្រូវបានដាក់លក់ជាលើកដំបូងក្នុងមួយការ៉េស្មើ៤០ដុំឥដ្ឋ ជាមួយនឹងតម្លៃ៨,៥ដុល្លារ ប៉ុន្តែបច្ចុប្បន្នតម្លៃនេះត្រូវបានឡើងដល់៩,៥ដុល្លារ ដោយសារវត្ថុធាតុដើមនៃការផលិតឥដ្ឋអេកូ បានកើនឡើងចន្លោះពី១០%ទៅ២០%។
ដោយពិបាកក្នុងការគ្រប់គ្រងនិងកង្វះទុនក្នុងការវិនិយោគនៅទីតាំងថ្មី លោក សុខ ធី បានលក់សិទ្ធិចែកចាយ ទៅកាន់សហគ្រិនមួយចំនួនដែលមានបំណងក្នុងការបើកអាជីវកម្មមួយនេះ ដែលមកទល់ពេលនេះមានចំនួន១០ទីតាំង ដោយស្ថិតនៅក្នុងខេត្តចំនួន៩ ហើយអតិថិជនអាចទាក់ទងទៅកាន់ទីតាំងដែលនៅក្បែរពួកគេសម្រាប់ការកម្មង់ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន។ យ៉ាងណា ឥដ្ឋអេកូរបស់លោក នៅពុំទាន់ទទួលបានការកម្មង់ទិញពីសំណាក់ក្រុមហ៊ុនសាងសង់លំនៅឋានធំៗដូចជាបុរីនៅឡើយទេ ខណៈការបញ្ជាទិញពីប្រជាពលរដ្ឋទូទៅដែលពួកគេទិញសម្រាប់សាងសង់ផ្ទះ ធ្វើរបង ឬភោជនីយដ្ឋាន មិនទទួលបានទៀងទាត់នោះទេ។ ទន្ទឹមនេះ វិបត្តិនៃជំងឺកូវីដ-១៩ក៏បណ្ដាលឱ្យការលក់ឥដ្ឋអេកូមានការធ្លាក់ចុះ។
លោក ធី បញ្ជាក់ថា៖ «យើងកំពុងស្វែងរកក្រុមហ៊ុនធំៗដែរប៉ុន្តែយើងមិនទាន់រកបាន មិនដឹងថាទាក់ទងទៅខាងណាចឹង»។
លោក បន្ថែមថា៖ «២ទៅ៣ខែខ្លះអត់ដាច់អត់មានអីសោះ មែនយើងលក់ចេញបានរាល់ថ្ងៃ ឬរាល់ខែចឹង ប៉ុន្តែពេលគេកម្មង់ម្ដងៗ ជូនកាល១០០ការ៉េ អ្នកខ្លះ កម្មង់៣០០ការ៉េ ខ្លះគេកម្មង់២០០ការ៉េ វាអត់ទៀង អត់ស្មើគ្នាទេ ខែខ្លះមានអ្នកកម្មង់រហូតដល់៥នាក់»។
មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ប្រាប់ថា សំណល់ប្លាស្ទិកមាន៨ពាន់លានតោនដែលនៅលើផែនដី ហើយចំនួននេះនឹងកើនឡើងរហូតដល់៣៤ពាន់លានតោនដែលជាចំនួនច្រើនជាងត្រីនៅក្នុងមហាសមុទ្រ ប្រសិនបើពុំមានការចាត់វិធានការទប់ស្កាត់។ មន្រ្តីរដ្ឋាភិបាលរូបនេះ បន្តលើកឡើងថា នៅប្រទេសកម្ពុជាក្នុងចំណោមកាកសំណល់១០០%ក្នុងនោះមានសំណល់ប្លាស្ទិក២០%។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងជំរុញឱ្យមានការវិនិយោគបន្ថែមលើការកែច្នៃ និងការផលិតប្លាស្ទិកដែលវត្ថុធាតុដើមផ្សំពីអង្ក ដំឡូង ដែលងាយនឹងរលាយក្នុងបរិស្ថាន ព្រមទាំងការប្រើប្រាស់ផលិតផលជំនួសឱ្យប្លាស្ទិក រួមមាន បំពង់ឫស្សី បំពង់ក្រដាស ដែលអាចយកមកជំនួសបំពង់ទុយោបឺតប្លាស្ទិកបាន។
លោក ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈការសិក្សាឥដ្ឋដែលឡាយជាមួយសារធាតុប្លាស្ទិកនៅតែមានគុណភាពល្អសម្រាប់ប្រើប្រាស់។
លោក និយាយថា៖ «ចឹងគឺអ្វីដែលខ្ញុំអំពាវនាវគឺសុំឱ្យប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន អង្គការដៃគូពាក់ព័ន្ធត្រូវធ្វើសកម្មភាពរួមគ្នាក្នុងការចូលរួមកាត់បន្ថយហើយការកាត់បន្ថយតាមរយៈ ការផ្លាស់ប្ដូរនៃឥរិយាបថរបស់យើង ដោយអនុវត្តនូវគោលការណ៍បួន អ័រ (R) ទី១ គឺប្រើប្រាស់ឡើងវិញ ទី២ កាត់បន្ថយការប្រើប្រាស់ ទី៣ ការកែច្នៃ និងទី៤ បដិសេធមិនប្រើប្រាស់ប្លាស្ទិកតែម្ដង»។
អ្នកស្រី សាន់ឌី កូតាន់ (Sandy Kotan) ម្ចាស់ក្រុមហ៊ុន Only One Planet បាននិយាយ ថារដ្ឋាភិបាលកម្ពុជាគួរអនុវត្តច្បាប់ទុកដាក់សំរាម ដំឡើងពន្ធលើប្លាស្ទិកដែលប្រើបានតែមួយដង និងលើកលែងពន្ធលើផលិតផលដែលប្រើជំនួសប្លាស្ទិក។ ចំណុចសំខាន់ក្នុងការដោះស្រាយបញ្ហាប្លាស្ទិក ដែលរដ្ឋាភិបាលមិនត្រូវចំណាយច្រើនលើសលុបលើការសម្អាត និងការផ្សព្វផ្សាយជាសាធារណៈពីផលប៉ះពាល់នោះគឺការប្រើប្រាស់ប្លាស្ទិកតិច៕