សហគមន៍ជនជាតិដើមភាគតិចកួយ ឱ្យដឹងថា មន្រ្តីបរិស្ថានខេត្តព្រះវិហារ បានហៅពួកគេឱ្យនាំទៅមើលបទល្មើសជាក់ស្តែង ដែលសហគមន៍អះអាងថា មានករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃព្រះរការ ក្រោយមន្ត្រីទាំងនោះចុះទៅរកមិនឃើញបទល្មើស។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ សហគមន៍ជនជាតិដើមភាគតិចគួយភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញបទល្មើសព្រៃឈើចំនួន ១៩៨ករណី ក្តារឈើចំនួន ១៧៥ក្តារ និងគ្រឿងសរសរ ២៧ដើម ឈើតាប ១៦សន្លឹក ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមីនា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននោះ បន្តថា សហគមន៍នៅតែបន្តប្រទះឃើញករណីបទល្មើសជាហូរហែរ ក្នុងដែនជម្រកសត្វព្រៃព្រះរការ បើទោះបីជាការរកឃើញទាំងនោះ ធ្លាប់បានចេញផ្សាយជាប្រចាំស្ទើរតែពេញ ១ឆ្នាំកាលពីឆ្នាំ២០២២យ៉ាងណាក្តី។
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ លោក ងន់ ហ៊ីម មានប្រសាសន៍ថា ក្រោយពីសហគមន៍ចេញសេចក្តីប្រកាសព័ត៌មាននេះ គឺនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ស្រាប់តែមានបុរសម្នាក់ដែលអះអាងថាជាមន្រ្តីបរិស្ថាន បានទូរស័ព្ទទៅកាន់រូបគាត់ និងបានប្រាប់ឱ្យសហគមន៍ជូនមន្ត្រីបរិស្ថាន ទៅពិនិត្យមើលករណីដែលសហគមន៍អះអាងថាមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃព្រះរការ។
លោកថា៖ «មានមន្រ្តីបរិស្ថានខលមកខ្ញុំ គាត់ថាគាត់ទៅរកមើលករណីការកាប់បំផ្លាញព្រៃឈើហ្នឹង ២ថ្ងៃហើយ រកមិនឃើញ អ៊ីចឹងចង់ឱ្យសហគមន៍ជូនទៅរកមើល។ ពិតជាក់ស្តែងដូចហ្នឹងអត់!»។
លោកបន្ថែមថា៖ «ខ្ញុំក៏ឆ្លើយជាមួយគាត់ថា ប្រសិនបើគាត់[មន្រ្តីបរិស្ថាន]ចង់បានទិន្នន័យ ឬក៏ព័ត៌មានអំពីករណីរកឃើញបទល្មើសព្រៃឈើ ចាំសហគមន៍ផ្តល់ជូន»។
បុរសវ័យ ២៤ឆ្នាំរូបនេះ យល់ឃើញថា មន្រ្តីបរិស្ថានមួយចំនួន គួរតែខិតខំព្យាយាមការពារ និងទប់ស្កាត់ករណីបទល្មើសព្រៃឈើ ជាជាងការបង្ខំ និងរករឿងសហគមន៍ និងយុវជន ដែលបានរកឃើញបទល្មើស។
លោក ងន់ ហ៊ីម និយាយថា៖ «ខ្ញុំសង្ឃឹមថា មន្រ្តីបរិស្ថានគិតគួរ បារម្ភបញ្ហាព្រៃឈើឱ្យល្អប្រសើរ ចូលរួមការពារព្រៃទាំងអស់គ្នា ទាំងសហគមន៍ និងមន្ទីរបរិស្ថានខេត្ត។ កុំបញ្ហាឈើដឹកចេញទាំងយប់ទាំងថ្ងៃ គាត់មិនឃើញ មកឃើញតែនិស្សិតចុះទៅការពារដោយមានការរារាំងយកឡានទៅបាំង ដេកចាំភ្លៀង បែរជាហាមនិស្សិតមិនឱ្យចុះទៅល្បាតទៅវិញ»។
តែយ៉ាងណា សហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ថាប់ សុខឃី បង្ហាញការស្វាគមន៍ចំពោះមន្ត្រីបរិស្ថានខេត្ត ដែលចង់ឱ្យសហគមន៍នាំពួកគាត់ទៅមើលបទល្មើសដែលសហគមន៍បានរកឃើញ ខណៈបទល្មើសព្រៃឈើនៅតំបន់ការពារមួយនេះ បានបន្តកើតមានជាហូរហែនោះ។
លោកបន្តថា៖ «ប្រសិនបើគាត់ចង់ទៅឃើញមែន ពួកខ្ញុំអាចទៅជូនបានតើ។ អាចថាជិតបោះឆ្នោតហើយគាត់[មន្រ្តីបរិស្ថាន]មកឈឺឆ្អាលរឿងព្រៃឈើខ្លះ»។
លោកបញ្ជាក់ថា ដើម្បីការពារព្រៃឈើឱ្យបានគង់វង្ស និងជៀសវាងកុំឱ្យមានករណីកាប់បំផ្លាញព្រៃឈើ ដូចការរកឃើញរបស់សហគមន៍នោះ មន្រ្តីបរិស្ថាន ឬមន្រ្តីពាក់ព័ន្ធ គួរអនុញ្ញាតិឱ្យសហគមន៍ចូលរួមចុះល្បាតព្រៃទាំងអស់គ្នា។ លោកបន្តថា កិច្ចការពារព្រៃឈើដែលសហគមន៍តែងតែព្យាយាមចុះល្បាត និងថែរក្សានេះ មិនមែនជារឿងនយោបាយ ឬដើម្បីបម្រើឱ្យនិន្នាការគណបក្សនយោបាយណាមួយឡើយ គឺធ្វើដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។
លោកថាប់ សុខឃី និយាយថា៖ «អាជ្ញាធរភូមិ ឃុំ ហ្នឹងគួរតែសហការជាមួយនឹងសហគមន៍រាល់ពេលដែលសហគមន៍ចុះល្បាតអី ឃើញករណីបទល្មើសអី ពួកគាត់[មន្រ្តី]គួរតែជឿសហគមន៍ថា ការកាប់បំផ្លាញព្រៃឈើសហគមន៍ពិតជារកឃើញច្បាស់[…] រាល់កិច្ចការសហគមន៍ធ្វើហ្នឹងមិនមែនជារឿងនយោបាយអ្វីទេ ជារឿងការពារព្រៃឈើឱ្យបានគង់វង្ស សម្រាប់មែនតែសហគមន៍អីណា៎ គឺសម្រាប់ប្រជាពលរដ្ឋទូទៅ»។
មិនខុសគ្នានេះដែរ សហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ថី ហុន មានប្រសាសន៍ដែរថា លោកសប្បាយចិត្តនៅពេលដែលមន្រ្តីបរិស្ថាន ចង់ឱ្យសហគមន៍ទៅចង្អុលបង្ហាញអំពីករណីការកាប់បំផ្លាញព្រៃឈើដល់ទីតាំងបែបនេះ។ តែយ៉ាងណា លោកហាក់គ្មានជំនឿទុកចិត្តថា មន្រ្តីបរិស្ថានទាំងនោះ អាចទប់ស្កាត់បទល្មើសព្រៃឈើបាននោះទេ ព្រោះបើទោះបីជាមានការអះអាងថាបង្ក្រាបបទល្មើស ប៉ុន្តែសហគមន៍នៅតែបន្តរកឃើញករណីលួចកាប់ឈើជាហូរហែ។
លោកថា៖ «បើឱ្យយើងទៅចង្អុលករណីទាំងនេះ តែគាត់អត់មានវិធានការទប់ស្កាត់ទេ នៅដដែលៗទេ។ រាល់ដែលសហគមន៍យើងចុះទៅ គាត់ទប់ស្កាត់មិនឱ្យសហគមន៍យើងចូលព្រៃឈើទេ ដល់ពេលសហគមន៍យើងចូលទៅបានឃើញបានអី យកមកបង្ហោះ[តាមហ្វេសប៊ុក]ចាប់ផ្តើមខឹងនឹងសហគមន៍»។
បន្ថែមពីនេះ បុរសវ័យ ៤២ឆ្នាំ ដែលជាអ្នកភូមិប្រមេរុរូបនេះ ស្នើទៅរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលមន្រ្តីថ្នាក់ក្រោមរបស់ខ្លួន និងគួរមានវិធានការឱ្យមានប្រសិទ្ធិភាពជាងនេះដើម្បីធានាបានថាព្រៃឈើអាចថែរក្សាបានគង់វង្ស និងមិនមានបទល្មើសលួចកាប់បំផ្លាញបន្តទៅទៀត។
លោក ថី ហុន ស្នើថា៖ «ខ្ញុំសំណូមពរដល់រដ្ឋាភិបាល ឬក៏អាជ្ញាធរដែនដី ជាពិសេសបរិស្ថាននៅក្នុងតំបន់អភិរក្សព្រៃព្រះរការនេះ តួនាទីរបស់គាត់ជាបរិស្ថានហើយ ហេតុអ្វីបានជាគាត់អត់គោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាលដែលប្រគល់ឱ្យគាត់ការពារព្រៃឈើ ដូច្នេះខ្ញុំសំណូមពរដល់រដ្ឋាភិបាល គិតពិចារណឡើងវិញដែលប្រគល់ឱ្យបរិស្ថានគ្រប់គ្រងព្រៃឈើ តែផ្ទុយទៅវិញគាត់អត់បានការពារទេគាត់បំផ្លាញទៅវិញ»។
ពាក់ព័ន្ធនឹងករណីនេះ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ហិម សុខន ឆ្លើយតបថា ក្រោយឃើញសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ លោកបានចុះទៅពិនិត្យករណីការកាប់បំផ្លាញព្រៃឈើនៅទីតាំងដែលសហគមន៍បានលើកឡើង ប៉ុន្តែរកមិនឃើញបទល្មើសនោះទេ។
លោកថា៖ «អារឿងហ្នឹងឃើញដែរ ប៉ុន្តែដល់ពេលគាត់[សហគមន៍]ដាក់លេខ UTM [ទីតាំងភូមិសាស្ត្រ] ខ្ញុំទៅមើលលេខ UTM ហ្នឹងវាខុស ព្រៃវាធំ ខ្ញុំចង់និយាយថាទៅរកកន្លែងហ្នឹងវាអត់ឃើញ គាត់ដាក់លេខ UTM ឱ្យពួកខ្ញុំសុទ្ធតែនៅក្រៅដែន អ៊ីចឹងវាពិបាក»។
លោកបន្ថែមថា៖ «ទាក់ទងអ្នកខលទៅសហគមន៍នោះ បងម្នាក់ទៀតគឺ បងរ៉េត គាត់ខលទៅសហគមន៍ ខ្ញុំអត់ដឹងផង»។
Newsromm Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីមន្ត្រីបរិស្ថាន ឈ្មោះ រ៉េត, ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ចន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ។
មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ថា ករណីដែលមន្រ្តីបរិស្ថានខេត្ត ទំនាក់ទំនងទៅសហគមន៍ដើម្បីឱ្យនាំពួកគាត់ទៅបង្ហាញពីទីតាំងកើតមានបទល្មើសព្រៃឈើនេះ មិនមែនជារឿងថ្មីនោះទេ គឺធ្លាប់បានកើតឡើងនាពេលកន្លងមកដែរ។
លោកថា៖ «ការណ៍ដែលមន្រ្តីបរិស្ថាន មិនដែលជឿលើរបាយការណ៍របស់សហគមន៍ ព្រោះបញ្ហាទាំងនោះធ្វើឱ្យពួកគាត់មានក្ដីអាម៉ាស់ចំពោះមហាជន ទើបពួកគាត់ចេះតែឆ្លើយថាមិនមានបទល្មើស ដើម្បីយកលេសរួចផុតពីការទទួលខុសត្រូវ។ បើពួកគាត់ចង់ទប់ស្កាត់បញ្ហាបទល្មើសពិតមែន ពួកគាត់គ្រាន់តែចុះទៅដោយសម្ងាត់ទៅ គាត់នឹងជួបបទល្មើសជាក់ស្ដែងជាមិនខាន»។
រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ដែលមានទំហំ ៩៦ ០០០ហិកតា នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ ជាតំបន់ដែនជម្រកសត្វព្រៃ៕