សហគមន៍ជនជាតិដើមភាគតិចកួយ ឱ្យ​ដឹងថា មន្រ្តីបរិស្ថានខេត្តព្រះវិហារ បានហៅ​ពួក​គេឱ្យ​​​​​នាំ​​ទៅ​មើល​បទ​ល្មើស​ជាក់​ស្តែង ដែលសហគមន៍អះអាងថា មាន​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រការ ក្រោយ​មន្ត្រីទាំងនោះចុះទៅរកមិនឃើញបទល្មើស។

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ សហគមន៍ជនជាតិដើមភាគតិច​គួយភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅខេត្តព្រះវិហារ បាន​ចេញ​​សេច​ក្តី​​ប្រកាស​​ព័ត៌​មាន​ ស្តីពី កា​រ​រកឃើញ​បទល្មើសព្រៃឈើចំនួន ១៩៨ករណី ​ក្តារឈើចំនួន​ ១៧៥ក្តារ និងគ្រឿងសរសរ ២៧ដើម ឈើតាប ១៦​សន្លឹក ចាប់​​​ពី​ថ្ងៃ​ទី២៣ ដល់២​៥ ខែ​មីនា ឆ្នាំ​២០២៣។ សេចក្តីប្រកាសព័ត៌មាននោះ​ បន្តថា សហគមន៍​នៅតែបន្តប្រទះឃើញករណីបទល្មើសជាហូរហែរ ក្នុងដែនជម្រកសត្វព្រៃព្រះរការ បើ​ទោះបីជាការរកឃើញទាំងនោះ ធ្លាប់បានចេញផ្សាយជាប្រចាំស្ទើរតែពេញ ១ឆ្នាំកាលពីឆ្នាំ​២០២២​យ៉ាងណាក្តី។

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ លោក ងន់ ហ៊ីម មានប្រសាសន៍ថា ក្រោយពីសហគមន៍​ចេញ​សេចក្តីប្រកាសព័ត៌មាន​នេះ គឺនៅថ្ងៃទី៣ ខែមេសា​ ឆ្នាំ២០២៣ ស្រាប់​តែ​មាន​​បុរ​ស​ម្នាក់​​ដែល​អះអាងថាជា​មន្រ្តីបរិស្ថាន បានទូរស័ព្ទទៅកាន់​រូបគាត់​ និង​បាន​ប្រាប់​​​ឱ្យ​សហគមន៍​ជូនមន្ត្រីបរិស្ថាន ​ទៅពិនិត្យ​មើល​ករណី​​ដែលសហគមន៍អះអាងថាមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃព្រះរការ។

លោកថា៖ «មានមន្រ្តីបរិស្ថានខលមកខ្ញុំ គាត់ថាគាត់ទៅរកមើលករណីការកាប់បំផ្លាញព្រៃឈើហ្នឹង ២ថ្ងៃហើយ​ រកមិន​ឃើញ អ៊ីចឹងចង់ឱ្យសហគមន៍ជូនទៅរកមើល។ ពិតជាក់ស្តែងដូចហ្នឹងអត់!»។

លោកបន្ថែមថា៖ «ខ្ញុំក៏ឆ្លើយជាមួយគាត់ថា ប្រសិនបើគាត់[មន្រ្តីបរិស្ថាន]ចង់បានទិន្នន័យ ឬក៏ព័ត៌មានអំពីករណីរកឃើញ​បទល្មើស​ព្រៃឈើ​ ចាំសហគមន៍ផ្តល់ជូន»។

បុរសវ័យ ២៤​ឆ្នាំរូបនេះ យល់ឃើញថា មន្រ្តីបរិស្ថានមួយចំនួន គួរតែ​ខិត​ខំព្យា​យាម​ការ​ពារ និង​ទប់ស្កាត់ករណីបទ​ល្មើស​ព្រៃឈើ ជាជាងការបង្ខំ និង​រករឿង​​សហគមន៍ និង​យុវជន ដែល​បានរកឃើញ​បទល្មើស។

លោក ងន់ ហ៊ីម និយាយថា៖ «ខ្ញុំសង្ឃឹមថា មន្រ្តីបរិស្ថានគិតគួរ បារម្ភបញ្ហាព្រៃឈើឱ្យល្អប្រសើរ ចូលរួមការពារព្រៃទាំងអស់គ្នា ទាំងសហគមន៍ និងមន្ទីរបរិស្ថានខេត្ត។ កុំបញ្ហាឈើដឹកចេញទាំងយប់ទាំងថ្ងៃ គាត់មិន​ឃើញ មក​ឃើញតែនិស្សិតចុះទៅការពារដោយមានការរារាំងយកឡានទៅបាំង ដេកចាំភ្លៀង បែរជាហាមនិស្សិតមិនឱ្យចុះទៅល្បាតទៅវិញ»។

តែយ៉ាងណា សហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ថាប់ សុខឃី បង្ហាញការស្វាគមន៍ចំពោះមន្ត្រីបរិស្ថានខេត្ត ដែលចង់ឱ្យ​សហគមន៍នាំពួកគាត់ទៅមើលបទល្មើស​ដែលសហគមន៍បានរកឃើញ ខណៈបទល្មើសព្រៃឈើនៅតំបន់ការពារមួយនេះ បាន​បន្ត​កើត​​មាន​ជា​​ហូរ​ហែនោះ។

លោកបន្តថា៖ «ប្រសិន​បើ​គាត់​ចង់​ទៅ​ឃើញ​មែន ពួកខ្ញុំ​អាច​ទៅ​ជូន​បាន​តើ។ អាចថាជិតបោះឆ្នោតហើយគាត់[មន្រ្តីបរិស្ថាន]មកឈឺឆ្អាលរឿងព្រៃឈើខ្លះ»។

លោក​បញ្ជាក់ថា ដើម្បីការពារព្រៃឈើឱ្យ​បាន​គង់​វង្ស និងជៀសវាងកុំឱ្យ​មាន​ករណីកាប់បំផ្លាញ​ព្រៃ​ឈើ ដូច​ការ​រក​ឃើញ​របស់​សហគមន៍នោះ​ មន្រ្តី​បរិស្ថាន ឬ​មន្រ្តីពាក់ព័ន្ធ គួរ​អនុញ្ញាតិឱ្យ​​សហគមន៍​ចូលរួមចុះល្បាតព្រៃទាំងអស់គ្នា។ លោកបន្តថា កិច្ច​ការ​​​ពារព្រៃឈើដែលសហគមន៍​តែងតែព្យាយាមចុះល្បាត​ និងថែរក្សានេះ មិនមែនជារឿងនយោបាយ ឬដើម្បីបម្រើឱ្យនិន្នាការ​គណបក្ស​​នយោបាយណាមួយឡើយ គឺធ្វើ​ដើម្បីផលប្រយោជន៍រួមទាំងអស់​គ្នា។

លោកថាប់ សុខឃី និយាយថា៖ «អាជ្ញាធរភូមិ ឃុំ ហ្នឹងគួរតែសហការជាមួយនឹងសហគមន៍រាល់ពេលដែលសហគមន៍ចុះល្បាតអី ឃើញករណីបទល្មើសអី ពួកគាត់[មន្រ្តី]គួរតែជឿសហគមន៍ថា​ ការកាប់បំផ្លាញព្រៃឈើសហគមន៍ពិតជារកឃើញច្បាស់[…] រាល់កិច្ចការសហគមន៍ធ្វើហ្នឹងមិនមែនជារឿងនយោបាយអ្វីទេ ជារឿងការពារព្រៃឈើឱ្យបានគង់វង្ស សម្រាប់មែនតែសហគមន៍អីណា៎ គឺសម្រាប់ប្រជាពលរដ្ឋទូទៅ»។

មិនខុសគ្នានេះដែរ សហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ថី ហុន មានប្រសាសន៍ដែរថា លោកសប្បាយចិត្តនៅពេល​​​ដែល​មន្រ្តីបរិស្ថាន ចង់​ឱ្យ​សហគមន៍ទៅចង្អុលបង្ហាញ​អំពី​ករណីការកាប់បំផ្លាញព្រៃឈើដល់ទីតាំងបែបនេះ។ តែយ៉ាងណា លោក​ហាក់​គ្មាន​ជំនឿ​ទុក​ចិត្ត​ថា មន្រ្តីបរិស្ថានទាំងនោះ អាចទប់ស្កាត់បទល្មើសព្រៃឈើបាននោះទេ ព្រោះបើទោះបីជាមានការអះអាងថាបង្ក្រាប​បទល្មើស​ ប៉ុន្តែ​សហគ​មន៍នៅតែបន្ត​រកឃើញករណីលួចកាប់​ឈើ​ជាហូរ​ហែ។

លោកថា៖ «បើឱ្យយើងទៅចង្អុលករណីទាំងនេះ តែគាត់អត់មានវិធានការទប់ស្កាត់ទេ នៅដដែលៗទេ។ រាល់ដែលសហគមន៍យើងចុះទៅ គាត់ទប់ស្កាត់មិនឱ្យសហគមន៍យើងចូលព្រៃឈើទេ ដល់ពេលសហគមន៍យើងចូលទៅបានឃើញ​បាន​អី យកមកបង្ហោះ[តាម​​ហ្វេសប៊ុក]ចាប់ផ្តើមខឹងនឹងសហគមន៍»។

បន្ថែមពីនេះ បុរសវ័យ ៤២ឆ្នាំ ដែលជាអ្នកភូមិប្រមេរុរូបនេះ ស្នើទៅរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលមន្រ្តីថ្នាក់ក្រោមរបស់ខ្លួន និងគួរមានវិធានការឱ្យមានប្រសិទ្ធិភាពជាងនេះដើម្បីធានាបានថាព្រៃឈើអាចថែរក្សាបានគង់វង្ស និងមិនមានបទល្មើសលួចកាប់បំផ្លាញបន្តទៅ​ទៀត។

លោក ថី ហុន ស្នើថា៖ «ខ្ញុំសំណូមពរដល់រដ្ឋាភិបាល ឬក៏អាជ្ញាធរដែនដី ជាពិសេសបរិស្ថាននៅក្នុងតំបន់​អភិរក្សព្រៃព្រះរការនេះ តួនាទីរបស់គាត់ជាបរិស្ថាន​ហើយ​ ហេតុអ្វីបានជាគាត់អត់គោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាលដែលប្រគល់ឱ្យគាត់ការពារព្រៃឈើ ដូច្នេះខ្ញុំសំណូមពរដល់រដ្ឋាភិបាល គិតពិចារណឡើងវិញដែលប្រគល់ឱ្យបរិស្ថានគ្រប់គ្រងព្រៃឈើ តែផ្ទុយទៅវិញគាត់អត់បានការពារទេគាត់បំផ្លាញទៅវិញ»។

ពាក់ព័ន្ធនឹងករណីនេះ ​មន្រ្តីឧទ្យានុរក្សនៃ​មន្ទីរ​​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក ហិម សុខន ឆ្លើយតប​ថា ក្រោយឃើញសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ លោក​បាន​ចុះ​ទៅ​ពិនិត្យ​ករណី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅទីតាំងដែលសហគមន៍បានលើកឡើង ប៉ុន្តែរកមិនឃើញបទល្មើសនោះទេ។

លោកថា៖ «អារឿងហ្នឹងឃើញដែរ ប៉ុន្តែដល់ពេលគាត់[សហគមន៍]ដាក់​លេខ UTM [ទីតាំងភូមិសាស្ត្រ​] ខ្ញុំទៅមើលលេខ UTM ហ្នឹងវាខុស ព្រៃ​វាធំ ខ្ញុំចង់និយាយថា​ទៅរកកន្លែងហ្នឹងវាអត់ឃើញ គាត់ដាក់លេខ UTM ឱ្យពួកខ្ញុំសុទ្ធតែនៅក្រៅដែន អ៊ីចឹងវាពិបាក»។

លោកបន្ថែមថា៖ «ទាក់ទងអ្នក​ខលទៅសហគមន៍នោះ បងម្នាក់ទៀតគឺ បងរ៉េត គាត់ខលទៅសហគមន៍ ខ្ញុំអត់ដឹងផង»។

Newsromm Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីមន្ត្រីបរិស្ថាន ឈ្មោះ រ៉េត, ប្រធាន​មន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ចន្ទសុជាតិ និង​​អ្នក​នាំពា​ក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ។

មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ថា ករណីដែលមន្រ្តីបរិស្ថានខេត្ត ទំនាក់ទំនងទៅសហគមន៍ដើម្បីឱ្យនាំពួកគាត់ទៅបង្ហាញ​ពីទីតាំងកើតមានបទល្មើស​​ព្រៃឈើនេះ មិនមែនជារឿងថ្មីនោះទេ គឺធ្លាប់បានកើតឡើង​​នាពេលកន្លង​មក​ដែរ។

លោកថា៖ «ការណ៍ដែលមន្រ្តីបរិស្ថាន មិនដែលជឿលើរបាយការណ៍របស់សហគមន៍ ព្រោះបញ្ហាទាំងនោះធ្វើឱ្យពួកគាត់មានក្ដីអាម៉ាស់​ចំពោះមហាជន ទើប​ពួក​គាត់​ចេះតែឆ្លើយថាមិនមានបទល្មើស ដើម្បីយកលេសរួចផុតពីការទទួលខុសត្រូវ។ បើពួកគាត់ចង់ទប់ស្កាត់បញ្ហាបទល្មើសពិតមែន ពួកគាត់គ្រាន់តែចុះទៅដោយសម្ងាត់ទៅ គាត់នឹងជួបបទល្មើសជាក់ស្ដែងជាមិនខាន​»។

រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ដែលមានទំហំ ៩៦ ០០០​ហិកតា នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ ជាតំបន់ដែន​​ជម្រកសត្វព្រៃ៕