យុវតីពិការភាពម្នាក់តស៊ូរៀន និងជំនះការរើសអើង ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ទោះបីជាពេលខ្លះត្រូវរងសម្ពាធពីមជ្ឈដ្ឋានជុំវិញយ៉ាងណា ក៏នៅតែបន្ដពុះពារឧបសគ្គ រហូតទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
យុវតី ស៊ិន ស្រីហង្ស អាយុ២០ឆ្នាំ និងមានពិការភាពតាំងពីកំណើត ដោយមិនមានកាយសម្បទាគ្រប់គ្រាន់ (ពិការដៃ និងជើងទាំងសង្ខាង) បានរៀបរាប់ពីខ្សែជីវិត និងការតស៊ូរបស់ខ្លួនថា ខ្លួនមានស្រុកកំណើតនៅភូមិសឹង្ហ១ ឃុំសឹង្ហ ស្រុកសំឡូត ខេត្ដបាត់ដំបង ហើយដោយសារតែមាននិស្ស័យជាអ្នកចង់រៀនចង់សូត្រ រូបនាងត្រូវងើបពីព្រឹកមុនគេដើម្បីរៀបចំខ្លួន និងជិះម៉ូតូទៅសាលារៀន ដោយមានម្ដាយជាអ្នកជូនទៅជារៀងរាល់ថ្ងៃ។ ដោយមានការតស៊ូនេះ បានធ្វើឱ្យកញ្ញា ប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២០ និងបានបន្ដការសិក្សានៅរាជធានីភ្នំពេញ។
អង្គុយលើរទេះ ទឹកមុខពោរពេញដោយក្ដីសង្ឃឹម កញ្ញាបានរៀបរាប់ពីដំណើរជីវិតបន្ដថា ការផ្លាស់ប្ដូរពីស្រុកស្រែជនបទមករស់នៅរាជធានីភ្នំពេញ រឹតតែធ្វើឱ្យកញ្ញាកាន់តែជួបការលំបាកបន្ថែមទៀត នោះគឺត្រូវទទួលរងនូវការរើសអើងជាច្រើនពីមនុស្សជុំវិញខ្លួន ដោយគេមើលងាយថាទោះប្រឹងដល់ណា ក៏មិនអាចទទួលបានការងារដូចមនុស្សមានរាងកាយគ្រប់គ្រាន់ដែរ។
យុវតីដែលមានសម្បុរស ស្លៀកសំពត់ពណ៌ខ្មៅ និងពាក់អាវពណ៌ផ្ទៃមេឃរូបនេះ បានបន្ដថា ពេលលឺពាក្យមើលងាយរបស់មនុស្សជុំវិញខ្លួនបែបនេះ រឹតតែធ្វើឱ្យកញ្ញាមានកម្លាំងចិត្ដបន្ថែមទៀត ក្នុងការតស៊ូរៀនសូត្រ ជាពិសេសមិនព្រមចុះចាញ់នឹងព្រហ្មលិខិតនោះទេ រហូតកញ្ញាទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
យុវតីមកខេត្ដបាត់ដំបងរូបនេះ បន្ដថា៖ «ទោះបីជាខ្ញុំមានពិការភាពពិតមែន តែខ្ញុំមិនបោះបង់ខ្លួនឯងចោលឡើយ។ ឪពុកម្ដាយខ្ញុំ មិនព្រមក៏មិនបានដែរ ព្រោះខ្ញុំចង់សម្រេចក្ដីបំណងខ្ញុំ»។
យុវតី ស៊ិន ស្រីហង្ស មកដល់ពេលនេះ បានក្លាយជានិមិត្ដរូបនៃការតស៊ូរបស់យុវវ័យជាច្រើន ព្រោះបើទោះរូបនាងមានពិការភាពក៏ពិតមែន តែនាងមិនព្រមបោះបង់ក្ដីស្រមៃឡើយ ហើយនេះក៏ជាការបង្ហាញទៅដល់មនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ត្រូវចេះតស៊ូ និងមិនត្រូវទុកខ្លួនឯងចោលនោះទេ។
កញ្ញា ស្រីហង្ស បន្ដថា ពេលខ្លួនមករៀននៅរាជធានីភ្នំពេញ ម្ដាយរបស់កញ្ញា បានមកជួយជ្រោមជ្រែង និងមើលថែរូបនាង ដោយសារតែម្ដាយរបស់នាងពេញចិត្តចំពោះការតស៊ូរបស់នាង។
អង្គុយលើរទេះរុញនៅមុខសកលវិទ្យាល័យកម្ពុជា យុវតី ស្រីហង្ស និយាយថា៖ «ពេលនៅភ្នំពេញ ម៉ែគាត់មកមើល ហើយគាត់ត្រូវដកឃ្លាចេញពីការងាររបស់គាត់មករស់នៅភ្នំពេញជាមួយនាងខ្ញុំ។ ពេលខ្ញុំមករៀនមានការលំបាកច្រើនដោយសារខ្ញុំមិនអាចចូលបន្ទប់ទឹក ឬក៏ទៅណាបាន គឺមានមិត្ដរៀនជាមួយគ្នាគេចាំជួយជូនទៅ ដោយសារគេអាណិតខ្ញុំ»។
ស្រីហង្ស បន្ដថា បើនិយាយពីការរើសអើងមានច្រើន កាលពីតូចគេមិនសូវលើកតម្កើងជនពិការប៉ុន្មានទេ គេថារៀនបានតែរៀនទេ អត់អាចធ្វើការងារអ្វីបាន ពេលខ្លះគេមិនចង់ឱ្យខ្លួនចូលរៀនផង ដោយសារតែគេគិតអវិជ្ជមាន។ មួយវិញទៀត កញ្ញាថា គេមិនសូវយកចិត្ដទុកដាក់ជាមួយ ប៉ុន្ដែខ្លួនមិនដែលបាក់ទឹកចិត្ដឬក៏តូចចិត្ដទេ។
ស្រីហង្ស បន្ដថា៖ «នៅពេលខ្ញុំពិបាកចិត្ដចឹង គឺខ្ញុំដកឃ្លានូវការងារអ្វីៗដែលខ្ញុំស្មុគស្មាញហ្នឹង ដូចជាទៅចំការជាមួយម៉ែ ទៅស្រូបខ្យល់អាកាស ឬក៏ស្ដាប់បទចម្រៀង និងធ្វើអ្វីដែលខ្ញុំចូលចិត្ដអ៊ីចឹងទៅ អាភាពស្មុគស្មាញខ្ញុំវាបាត់ ហើយខ្ញុំក៏បន្ដការសិក្សាទៀតទៅ»។
សព្វថ្ងៃនេះ យុវតី ស៊ិន ស្រីហង្ស កំពុងរៀនជំនាញសិល្បៈ និងការសិក្សាអំពីព័ត៌មាន នៅសកលវិទ្យាល័យកម្ពុជា ឆ្នាំទី១ ដោយទទួលបានអាហារូបករណ៍ ១០០% ពីសាលាផ្ទាល់តែម្ដង។ កញ្ញាថា នាពេលអនាគត កញ្ញាចង់ក្លាយជាអ្នកសារព័ត៌មានដ៌ល្បីម្នាក់ ដើម្បីជាចំណែកមួយនៅក្នុងវិស័យព័ត៌មាន។
ស្រីហង្ស និយាយថា៖ «យើងគិតថា យើងកើតពិបាក ចុះមានអ្នកខ្លះគាត់ពិបាកជាងយើងទៀត ម៉េចគេអាចតស៊ូបាន រឿងអីខ្ញុំមិនតស៊ូ អ៊ីចឹងកុំចុះចាញ់អី យើងត្រូវតស៊ូទាំងអស់គ្នា»។
ក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីខែកក្កដាឆ្នាំ២០០៩ ត្រង់មាត្រា២៩ ចែងថា ក្រសួងទទួលបន្ទុកវិស័យអប់រំ ត្រូវរៀបចំកម្មវិធីសម្រាប់គ្រឹះស្ថានសិក្សានានា ក្នុងការសម្របសម្រួលដល់សិស្ស-និស្សិតពិការនូវផ្នែកមួយចំនួន ដូចជា អគារ បន្ទប់ និងកន្លែងសិក្សា ភាសាសញ្ញា និងអក្សរស្ទាប បច្ចេកទេសអប់រំ និងគរុកោសល្យ ស្របទៅតាមប្រភេទពិការភាព សម្ភារៈសិក្សា ឬឧបករណ៍ផ្សេងៗសម្រាប់ជំនួយដល់សិស្ស-និស្សិតពិការ សម្ភារៈឧបទេសសម្រាប់គ្រូបង្រៀន ឬសាស្ត្រាចារ្យ និងផ្នែកផ្សេងៗទៀត តាមការជាក់ស្ដែងរបស់សិស្ស-និស្សិតពិការម្នាក់ៗ។
មាត្រា៣០នៃច្បាប់ដដែលនេះ ចែងថា ក្រសួងទទួលបន្ទុកវិស័យអប់រំ ត្រូវយកចិត្តទុកដាក់ជាពិសេសដល់សេចក្ដីត្រូវការផ្នែកអប់រំរបស់សិស្ស-និស្សិតពិការ។ ទោះបីជាមានច្បាប់ចែងបែបនេះក្តី ប៉ុន្តែក្រុមសិស្សនិស្សិតជាជនពិការ នៅតែមានបញ្ហាប្រឈមមួយចំនួន ហើយពួកគេលើកឡើងថា ដោយសារតែខ្វះការយកចិត្តទុកដាក់ពីក្រសួងអប់រំ និងរដ្ឋាភិបាល។
ស្រដៀងគ្នានេះដែរ អ្នកស្រី ឈឺន ឈុនលី អាយុ៥០ឆ្នាំ ត្រូវជាម្ដាយរបស់យុវតី ស៊ិន ស្រីហង្ស បាននិយាយថា ដោយសារតែកូនស្រីកើតមានពិការភាព ហើយចង់រៀនចង់សូត្រ ដូច្នេះអ្នកស្រីមិនចង់ជំទាស់ចិត្ដកូនខ្លួននោះទេ ទោះបីជាកូនខ្លួនទៅដល់ណាក៏តាមមើលថែដែរ ដោយសារតែអាណិត និងស្រឡាញ់កូន។ បើនិយាយពីអត្ដចរិតវិញ អ្នកស្រីថា យុវតី ស្រីហង្ស ជាមនុស្សម្នាក់ដែលមិនងាយនឹងបោះបង់ក្ដីស្រមៃចោលឡើយ ហើយតែងតែជួយពន្យល់មេរៀនដល់មិត្ដរួមថ្នាក់តាំងពីតូចមកម្ល៉េះ។
អ្នកស្រីថា៖ «ពេលនាំកូនមករៀននៅភ្នំពេញ មានអ្នករើសអើងច្រើនដែរ ដោយសារគេឃើញយើងពិការ មិនដឹងគេគិតអាម៉េចចឹង។ ប៉ុន្ដែខ្ញុំអត់ខ្វល់ ដោយសារទម្លាប់ខ្ញុំប៉ុណ្ណឹងហើយ កូនធ្លាប់ដើរឆ្ងាយៗដែរ ចឹងខ្ញុំអត់ខ្វល់គេពីការរើសអើង គេអត់និយាយរកយើង យើងធ្វើមិនដឹងមិនឮទៅ ខ្ញុំមិនដែលបាក់ទឹកចិត្ដទេ»។
អ្នកស្រីបន្ដថា ការរើសអើងដល់ជនពិការភាព ជារឿងមិនគួរឱ្យកើតមាននោះទេ ពីព្រោះសុទ្ធតែជាមនុស្សដូចគ្នា។ អ្នកស្រីថា ជនពិការគួរទទួលបានការលើកទឹកចិត្ដ និងការគោរពស្រឡាញ់ពីមនុស្សទូទៅដូចគ្នា។
យុវតីម្នាក់ជាមិត្ដភក្ដិរបស់យុវតី ស្រីហង្ស ឈ្មោះ ពោង ស្រីរ៉ា បានបង្ហាញពីអារម្មណ៍ និងការស្រឡាញ់របស់ខ្លួនទៅកាន់មិត្ដភក្ដិ ដោយថាកញ្ញាមិនដែលចាត់ទុកស្រីហង្ស ជាជនពិការទេ ហើយខ្លួនតែងតែជួយពេលនៅក្នុងសាលា ដូចជាជួយរុញរទេះ និងបញ្ចុកបាយដល់ស្រីហង្សជាដើម។
កញ្ញាបន្ដថា ស្រីហង្ស ជាមនុស្សតស៊ូណាស់ ទោះបីគាត់មានពិការភាពមែន ប៉ុន្ដែគាត់រៀនពូកែជាងអ្នកមានកាយសម្បទាគ្រប់គ្រាន់ទៅទៀត ហើយគាត់យកចិត្ដទុកដាក់នឹងការសិក្សា ជាពិសេសពេលគ្រូដាក់មេរៀនឱ្យធ្វើ គឺគាត់ធ្វើបានលឿន អត់យូរដូចសិស្សផ្សេងទេ។
ស្រីរ៉ា និយាយថា៖ «ខ្ញុំមានតែអាណិតគាត់ ដោយសារគាត់អត់មានកាយសម្បទាដូចយើង ប៉ុន្ដែអត់មានការរើសអើងទេ»។
ជុំវិញរឿងនេះដែរ លោក កៅ គឹមហួន សកលវិទ្យាធិការនៃសកលវិទ្យាល័យកម្ពុជា មានប្រសាសន៍ថា មូលហេតុដែលខាងសាលាផ្ដល់អាហារូបករណ៍ដល់យុវតី ស៊ិន ស្រីហង្ស ដោយសារតែមើលឃើញពីការតស៊ូរបស់យុវតីម្នាក់។ លោកបន្ដថា ខាងសាលាតែងតែលើកទឹកចិត្ដដល់យុវជនគ្រប់រូប ដែលមានបំណងចង់បន្ដការសិក្សា ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ជាពិសេសជនមានពិការភាព គឺខាងសាលាតែងតែលើកទឹកចិត្ដ។ លោកថា យុវតី ស៊ិន ស្រីហង្ស គឺជាសិស្សមា្នក់ដែលពូកែ និងមានអត្ដចរិតស្លូតបូត និងឧស្សាហ៍រៀនណាស់។
លោកបន្ដថា៖ «ពួកខ្ញុំរីករាយនឹងយុវតីម្នាក់ហ្នឹងណាស់។ យើងបន្ដផ្ដល់អាហារូបករណ៍បន្ដទៀតដល់សិស្ស ដែលគាត់គ្មានលទ្ធភាព និងមានពិការភាព គឺយើងតែងតែផ្ដល់ឱកាសឱ្យ។ ស្រីហង្ស គាត់ពិការភាពមែន ប៉ុន្ដែគាត់រៀនឆ្លាត ហើយគាត់ក៏បានក្លាយជានិស្សិតគម្រូដល់យុវជនផ្សេងទៀតឱ្យចេះតស៊ូដូចគាត់ដែរ»៕